-
សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មប្រទេសណា ដែលហ៊ានលូកដៃក្នុងវិបត្តិនៅវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក រ៉ូប៊ឺត ផល្លាឌីណូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានលុបចោលការផ្ដល់ទិដ្ឋការដល់មន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡា និងសាច់ញាតិរបស់ពួកគេ២៥០នាក់ ដោយសារតែអ្នកទាំងនេះនៅតែបន្តគ្រាំទ្រលោកប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ស្របពេលជាមួយគ្នានោះដែរ បេសកជនពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡាក៏បានព្រមានដែរថា សហរដ្ឋអាម៉េរិកនឹងមិនកំណត់ការដាក់ទណ្ឌកម្មប្រឆាំងតែទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ ពោលគឺទណ្ឌកម្មអាចនឹងពង្រីកដល់បណ្ដាប្រទេសទាំងឡាយណា ដែលគាំទ្ររបបដឹកនាំទីក្រុងការ៉ាកាស់។ សូមជម្រាបផងដែរថា សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកាលពីខែមករាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិជាង៧ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA៕ម.ន
-
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងតែងតំាងរដ្ឋមន្ត្រីថ្មីជាច្រើនរូបនៅក្នុងសប្តាហ៍នេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅថ្ងៃសុក្រនេះ នឹងធ្វើការតែងតាំងរដ្ឋមន្រ្តីថ្មីជាច្រើនរូប នៅក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីដែលត្រូវបានគេរំពឹងថា នឹងជំនួសរដ្ឋមន្រ្តីមួយចំនួន ដែលរួមមានទាំងអ្នកការទូតទទួលបន្ទុកកិច្ចការងារកូរ៉េខាងជើង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា បញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែងថ្មី នឹងត្រូវប្រកាសនៅម៉ោង១១ និង ៣០ នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដោយការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថា នឹងជំនួសរដ្ឋមន្រ្តីយ៉ាងហោចណាស់ចំនួន៦ រួមទាំងរដ្ឋមន្ត្រីបង្រួបបង្រួមលោក ឆូ ម្យុងគ្យុង ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងមាននៅក្នុងការបោះឆ្នោតទូទៅដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ប៉ុន្តែរដ្ឋមន្រ្តីរបស់លោក មូន ជេអ៊ីន នឹងខិតខំប្រឹងប្រែងជំរុញការកែទម្រង់របស់ខ្លួន នៅក្នុងពាក់កណ្តាលចុងក្រោយនៃរយៈពេល៥ឆ្នាំរបស់ខ្លួន៕ម.ន
-
លោក មហាធៀ មហាម៉េដ៖ ម៉ាឡេស៊ីនឹងឈរនៅខាងចិន ជាជាងចាប់យកសហរដ្ឋអាម៉េរិក

ម៉ាឡេស៊ី៖ បើសិនជាស្ថិតនៅក្នុងកាលៈទេសៈបង្ខំឲ្យជ្រើសរើស នោះម៉ាឡេស៊ីនឹងឈរនៅខាងចិនដែលជាអ្នកមាន ជាជាងចាប់យកសហរដ្ឋអាម៉េរិកដែលនិយាយបាតដៃខ្នងដៃ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ។ នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន South China Morning Post នាសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា អំណាចរបស់សហរដ្ឋអាម៉េរិក គឺជាកតា្តអវិជ្ជមាន ហើយថា សង្រ្គាមជាមួយចិនគឺគ្រាន់តែជាយុទ្ធសាស្ត្រមួយមិនបានផ្ដល់ប្រយោជន៍អ្វីក្រៅតែពីភាពអវិជ្ជមាន និងជម្លោះឡើយ។ ទន្ទឹមគ្នានោះដែរ លោក មហាធៀ មហាម៉េដ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នម៉ាឡេស៊ីបានទទួលស្គាល់ថា មានទំនាក់ទំនងកាន់តែខិតទៅរកប្រទេសចិន ដែលជាទីផ្សារដ៏ធំ ហើយថា ប្រទេសរបស់លោកចង់ទាញយកប្រយោជន៍ពីការរីករើននៃសេដ្ឋកិច្ចចិន៕ម.ន
-
គ្រោះរញ្ជួយដីក្នុងកម្រិត២.១រ៉ិចទ័រវាយប្រហារប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើង៖ គ្រោះរញ្ជួយដីក្នុងកម្រិត២.១រ៉ិចទ័របានវាយប្រហារទីក្រុងព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈត្រូវបានគេជឿជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារមនុស្ស ស្របពេលដែលក្រសួងឧតុនិយមកូរ៉េ (KMA) បញ្ជាក់ថា គ្រោះរញ្ជួយដីនេះ បណ្តាលមកពីការផ្ទុះមួយ។ គ្រោះរញ្ជួយដ៏ខាងលើនេះ បានកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបាននឹងកំពុងកសាងឡើងវិញនូវទីតាំងបាញ់សាកល្បងមីស៊ីលមួយ ដែលត្រូវបានរុះរើចោលនៅតំបន់ សូហេ នេះបើតាមសារព័ត៌មាន Korea Times ។ ប្រភពបន្តថា គ្រោះធម្មជាតិនេះដែរ បានកើតមានឡើងបន្ទាប់ពីកិច្ចជំនួបកំពូលមួយរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ខណៈសហរដ្ឋអាម៉េរិកបានគំរាមដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបន្ថែមទៀតផងដែរ៕ម.ន
-
ចិនទទួលបានវត្ថុបុរាណចំនួន៣៦១បំណែកពីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានប្រកាសបញ្ជូនសម្បត្តិវប្បធម៌ និងវត្ថុបុរាណចិនចំនួន៣៦១បំណែកឲ្យទីក្រុងប៉េកាំងវិញ នៅឯពិធីប្រគល់មួយកាលពីពេលថ្មីៗកន្លងទៅនេះ។ មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិនបានចូលរួមក្នុងពិធីប្រគល់មួយដែលប្រព្រឹត្តទៅនៅឯសារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) រដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាម៉េរិក។ នៅអំឡុងពិធីប្រគល់វត្ថុបុរាណនោះដែរ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងការិយាល័យស៊ើបអង្កេតអាម៉េរិក FBI ក៏បានចុះហត្ថលេខា និងផ្លាស់ប្ដូរគ្នាទៅវិញទៅមកផងដែរ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹងធ្វើឱ្យប្រសើរឡើងការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណទៅឱ្យចិន។ ការធ្វើមាតុភូមនិវត្តន៍នេះ នឹងក្លាយជាការប្រគល់វត្ថុបុរាណក្នុងទ្រង់ទា្រយធំបំផុតឱ្យចិនវិញ ពីសំណាក់ទីក្រុងវ៉ាស៊ីន តោនចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលប្រទេសទាំង២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការពង្រឹងទំនាក់ទំនាក់ទំនងពាក់ព័ន្ធនឹងបញ្ហានេះ៕ម.ន
-
មានអ្នកគ្រងតំណែងបុគ្គលវ័យក្មេងមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោក ពីស្ថាបនិកFacebookហើយ

កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីធុរកិច្ច Forbes បានចេញផ្សាយពីសមាសភាពបុគ្គលវ័យក្មេង២រូប ដែលមានប្រាក់ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មានទាំងអ្នកសិល្បៈ និងស្ថាបនិកFacebookផងដែរ។ យោងតាម Forbes បានចុះផ្សាយកាលពីថ្ងៃអង្គារថា Kylie Jenner ជាតារាសម្តែង និងបង្ហាញម៉ូត បានឡើងមកឈរចំណាត់ថ្នាក់កំពូល នាមជាសេដ្ឋីប្រាក់ពាន់លានវ័យក្មេងជាងគេបង្អស់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់កំពូលក្នុង ពិភពលោក។ ស្ត្រីវ័យ២១ឆ្នាំរូបនេះ កំពុងក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ១ពាន់លានដុល្លារ ផ្តួលកំណត់ត្រាចាស់របស់ស្ថាបនិក Facebook លោក Mark Zuckerberg ដែលត្រូវចំណាយពេលដល់វ័យ ២៣ ឆ្នាំទើបឈានមកដល់ចំណុចប៉ុណ្ណេះបាន។ ចំណូលពាន់លានរបស់ស្រីស្អាតសញ្ជាតិអាម៉េរិករូបនេះ កើតចេញពីក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics របស់នាងដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Ultra Beauty។ តាមការប៉ាន់ប្រមាណពី Forbes ក្រុមហ៊ុនរបស់នាងបច្ចុប្បន្នមានតម្លៃប្រមាណ៩០០លានដុល្លារ ហើយក្នុងនោះ Jenner កាន់កាប់ភាគហ៊ុនម្នាក់ឯងទាំង១០០ភាគរយ៕ម.ន
-
លោក ចន បូលតុន៖ លោក ត្រាំ នៅតែរក្សាគោលជំហរបើកកិច្ចចរចាថែមទៀតជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែរក្សាជំហរបើកទូលាយសម្រាប់កិច្ចចរចាបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ លោកបានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន FOX News នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បន្ទាប់ពីអ្នកស្រាវជ្រាវអាម៉េរិកមួយក្រុមបានរាយការណ៍ថា តាមរយៈរូបភាពថតដោយផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបាននឹងកំពុងលួចលាក់សាងសង់ធ្វើតេស្តមីស៊ីលរបស់ខ្លួនឡើងវិញ ដែលស្ថិតនៅភាគពាយ័ព្យប្រទេស។ គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បានព្រមានថា ប្រទេសកូរ៉េខាងជើងអាចនឹងប្រឈមនូវការដាក់ទណ្ឌកម្មថ្មីទៀត ខណៈណារដ្ឋកុម្មុយនីស្តមួយនេះ មិនយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ៕ធ.ដ
-
កូរ៉េខាងជើងថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាថ្មីរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍តនេះ បានចេញមុខថ្កោសទោសការធ្វើសមយុទ្ធយោធារួមគ្នាថ្មីរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដោយនិយាយថា វាផ្ទុយពីកិច្ចប្រឹងប្រែងដើម្បីឆ្ពោះទៅរកការកសាងសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា សកម្មភាពគួរឲ្យសង្ស័យរបស់យោធាអាម៉េរិក និងកូរ៉េខាងត្បូង គឺជាការរំលោភលើសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ព្រមទាំងសេក្តីប្រកាសកូរ៉េខាងត្បូង-កូរ៉េខាងជើង ដែលបានប្តេជ្ញារួមគ្នាឆ្ពោះទៅរកការបញ្ចប់សកម្មភាពបង្កហេតុនានា និងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា។ សូមរំលឹកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូលកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានឯកភាពគ្នាយកការធ្វើសមយុទ្ធយោធាថ្មីមានឈ្មោះថា Dong Maeng (Alliance) ដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ជំនួសឲ្យសមយុទ្ធទ្រង់ទ្រាយធំចំនួន០២ គឺ Foal Eagle និង Key Resolve ដែលតែងប្រារព្ធឡើងរួមគ្នា ក្នុងចន្លោះខែមីនា និងខែមេសា ជារៀងរាល់ឆ្នាំ ខណៈការសម្រេចចិត្តនេះ គឺដើម្បីបន្តបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង៕ធ.ដ
-
ចិនជំរុញឱ្យសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងចាត់វិធានការជាជំហានៗ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ចិន៖ បញ្ហាតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េមិនអាចដោះស្រាយបានទេ ក្នុងរយៈពេលតែមួយថ្ងៃ ហើយថា ចំណុចសំខាន់គឺភាគីទំាងសងខាងត្រូវតែដោះសា្រយនូវការព្រួយបារម្ភ ដែលសមហេតុសមផល ដើម្បីបង្កើនការទុកចិត្តគ្នាទៅវិញទៅមក និងសមិទ្ធិផលនានា ក៏ដូចជាបើកផ្លូវដើម្បីដោះស្រាយបញ្ហា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដោយលោក កាង បានអះអាងថា ទីក្រុងប៉េកំាងតែងតែជឿជាក់ថា គោលនយោបាយធ្វើកិច្ចពិភាក្សា និងចរចាគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង គឺនៅតែរបៀបវារៈយ៉ាងសំខាន់ ក្នុងការដោះសា្រយវិបត្តនៅក្នុងតំបន់ទ្វីបកូរ៉េ។ លោក លូ កាង បានបន្ថែមទៀតថា យើងទំាងអស់គ្នាបានឃើញយ៉ាងច្បាស់ថា មេដឹកនាំមកពីភាគីទាំងពីរបានសម្តែងឆន្ទៈក្នុងការរក្សាកិច្ចសន្ទនាគ្នា ហើយយើងសង្ឃឹមថា ប្រទេសទាំងពីរអាចដាក់ឆន្ទៈនេះឲ្យអនុវត្ត៕ធ.ដ
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីសន្យាទម្លាយអាថ៌កំបាំង ក្នុងឱកាសខួប៥ឆ្នាំនៃការបាត់ខ្លួនរបស់យន្តហោះ MH370

ម៉ាឡេស៊ី៖ នាឱកាសខួប០៥ឆ្នាំនៃការបាត់ខ្លួនដោយអាថ៌កំបាំងបំផុតរបស់យន្តហោះ MH370 នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ បានសន្យាថា នឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាពអាថ៌កំបាំងនៅពីក្រោយករណីនេះឲ្យបាន។ ថ្លែងជាលើកដំបូងនៅចំពោះមុខវត្តមាននៃគ្រួសារសាច់ញាតិជនរងគ្រោះ នៅក្នុងសប្ដាហ៍នេះ លោក មហាធៀ បានបញ្ជាក់ថា ដរាបណាក្តីសង្ឃឹមនៅតែមាន យើងនឹងបន្តរិះរកវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីរកឲ្យឃើញការពិតអំពីជោគ វាសនានៃយន្តហោះនេះ។ លោកបានសង្កត់ធ្ងន់ថា ការបាត់បង់យន្តហោះគឺជារឿងមួយ តែការបាត់បង់មនុស្សគឺជារឿងផ្សេងទៀត ព្រោះថា អ្នកមិនអាចគេងលក់ស្រួលឡើយ ដោយសារការគិតពីអ្វីដែលបានកើតឡើង ហើយអ្នកនៅបន្តសួរខ្លួនឯងនូវសំណួរមួយនេះ តែអ្នកគ្មានចម្លើយនោះទេ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃសុក្រនេះ គឺជាថ្ងៃរំលឹកខួប០៥ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ការបាត់ខ្លួនដោយអាថ៌កំបាំងបំផុតនេះ បានក្លាយជាសោកនាដកម្មដ៏ធំមួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើន ត្រូវបានគេប្រទះឃើញក៏ដោយ៕ធ.ដ