-
យន្តហោះដឹកមនុស្ស២២៥នាក់១គ្រឿង ចុះចតបន្ទាន់ សង្ស័យថាមានគ្រាប់បែក

សារព័ត៌មានរយធឺបានចេញផ្សាយ នៅថ្ងៃទី១១ មីនា ២០១៩ថា យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍រុស្ស៊ី Ural Airlines បានដែលមានគោលដៅធ្វើដំណើរឆ្ពោះមកកាន់ក្រុងម៉ូស្គូ ដោយចេញពីប្រទេសបារ៉ែន ជាមួយមនុស្សចំនួន២២៥នាក់ជិះនៅលើនោះ បានចុះចតយ៉ាងតក់ក្រហល់ នៅព្រលានយន្តហោះក្នុងទីក្រុង Baku នៃប្រទេសអាហ្សឺបៃសង់ ដោយសារការសង្ស័យថាមានគ្រាប់បែកលើយន្តហោះ។ យន្តហោះជើងហោះហើរ U6-116 គឺកំពុងឆ្ពោះមកកាន់អាកាសយានដ្ឋាន Domodedovo របស់ទីក្រុងម៉ូស្គូ នៅពេលដែលក្រុមការងាររលើយន្តហោះ ទទួលបានព័ត៌មានអំពីវត្ថុហាមឃាត់ ដែលអាចជាគ្រឿងផ្ទុះ នៅលើយន្តហោះ។ បន្ទាប់មក ក្រុមការងារយន្តហោះ Airbus A-321 បានស្នើសុំធ្វើការចុះជាបន្ទាន់ នៅព្រលានយន្តហោះដែលនៅកៀកបំផុតដើម្បីឆ្លងកាត់ការឆែកឆេរ ហើយក៏បានសម្រេចចុះនៅទីក្រុង Baku តែម្តង នេះបើតាមអ្នកនាំពាក្យអាកាសចរណ៍។ បើតាមប្រភពព័ត៌មានមួយបង្ហើបថា មិនមានវត្ថុសង្ស័យណាមួយត្រូវបានរកឃើញនៅលើយន្តហោះឡើយ តែអ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ៕ធ.ដ
-
ថៃហាមលក់គ្រឿងស្រវឹង២ថ្ងៃ មុនការបោះឆ្នោត

ថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាការបោះឆ្នោតសកលដំបូង ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ កាលពីឆ្នាំ២០១៤។ ពេលដែលការបោះឆ្នោតក្នុងប្រទេសថៃកាន់តែខិតជិតមកដល់ អាជ្ញាធរបានចេញសេចក្ដីប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងនៅចុងសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃឲ្យដឹងថា ការហាមឃាត់គ្រឿងស្រវឹងនឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ទី១៦នេះ ពីម៉ោង៦ល្ងាចដល់៦ល្ងាចថ្ងៃអាទិត្យទី ១៧សប្ដាហ៍នេះ។ សម្រាប់សប្ដាហ៍ក្រោយ ការហាមឃាត់នឹងធ្វើឡើងចាប់ពីម៉ោង៦ល្ងាចថ្ងៃសៅរ៍ទី ២៣ដល់ម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ក្រោយប្រជាជននាំគ្នាបោះឆ្នោតរួច៕ធ.ដ
-
វៀតណាមនាំចេញផលិតកាត់ដេរកើនដល់ជិត៥ពាន់លានដុល្លារអាម៉េរិក ត្រឹម២ខែនៃឆ្នាំ២០១៩

ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរវាយនភណ្ឌប្រទេសវៀតណាមបានទំហំ៤,៨៩ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ កើនឡើង១៩ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស ចុះផ្សាយតាមរយៈសារព័ត៌មាន Vietnamnews។ ក្រសួងអះអាងថា ទំហំនេះគឺជាសញ្ញាវិជ្ជមាន ដោយបង្ហាញថា អាជីវកម្មជាច្រើនទទួលបានការបញ្ជាទិញ សម្រាប់រយៈពេល៦ខែដំបូង ឬ ពេញមួយឆ្នាំ។ ទំហំពាណិជ្ជកម្មនៃឧស្សាហកម្មនេះ ត្រូវបានរំពឹងថា នឹងឈានដល់២០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩ ខណៈដែលមានអ្នកធ្វើការលើឧស្សាហកម្មនេះមានប្រមាណជិត៣លាននាក់។ សូមរម្លឹកថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរវាយនភណ្ឌប្រទេសវៀតណាម កាលពីឆ្នាំ២០១៨ មាន៣៦ពាន់លានដុល្លារអាម៉េរិក៕ធ.ដ
-
ប្រជាជាតិជប៉ុនរម្លឹកខួប៨ឆ្នាំនៃមហាសោកនាដកម្មដ៏ធ្ងន់បំផុតសម្រាប់ប្រទេសខ្លួន

ជប៉ុន៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជាតិជប៉ុនបានរៀបចំការរម្លឹកខួប០៨ឆ្នាំនៃមហាសោកនាដកម្មរញ្ជួយផែនដី-រលកយក្សស៊ូណាមិ និងមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់នៅឯតំបន់ឆ្នេរភាគឦសានប្រទេស និងធ្វើឱ្យមនុស្សប្រមាណ១៨,៥០០នាក់ស្លាប់ និងបាត់ខ្លួន។ ក្រៅពីផ្តាច់ជីវិតមនុស្ស និងបង្កការបំផ្លិចបំផ្លាញ រលកយក្សស៊ូណាមិថែមទាំងបានបង្កមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងទីក្រុង Okuma ខេត្ត Fukushima ទៀតផង ដែលជាមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុតនៅលើពិភពលោក គិតចាប់តាំងតែពីគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl របស់សហភាពសូវៀត កាលពីឆ្នាំ១៩៨៦។ ដោយឡែកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ រួមទាំងសមាជិកសភា និងសមាជិកគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងមហាគ្រោះមហន្តរាយខាងលើ បានសម្តែងការឱនគោរព និងបួងសួងក្នុងពិធីមួយនៅទីក្រុងតូក្យ នាម៉ោង២និង២៦នាទីរសៀលថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់) ជាពេលដែលគ្រោះរញ្ជួយដីយ៉ាងកក្រើកកម្រិត៩រ៉ិចទ័រ បានវាយប្រហារជប៉ុន ហើយបង្កជារលកយក្សដ៏អាក្រក់ ខណៈពិធីរម្លឹកខួបស្រដៀងគ្នានេះ ក៏បានប្រព្រឹត្តទៅនៅតាមតំបន់ដែលបានទទួលរងគ្រោះផងដែរ៕ម.ន
-
ឥណ្ឌាធ្វើតេស្តមីស៊ីលដោយជោគជ័យ

ឥណ្ឌា៖ មីស៊ីលទំនើបរបស់ឥណ្ឌា ដែលបំពាក់នៅលើរថយន្តអាចចល័តបានគ្រប់ទិសទី បានបញ្ជូនទៅដល់ព្រំដែនប៉ាគីស្ថាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយកងទាហានឥណ្ឌាបានធ្វើតេស្តដោយជោគជ័យ ដែលប្រការនេះ បានធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹងទ្វេដង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កម្លាំងទាហានកាំភ្លើងធំឥណ្ឌាបានបញ្ជូនអាវុធធុនធ្ងន់ប្រភេទ Pinaka ទៅកាន់ព្រំដែន Pokharan ជាប់ប៉ាគីស្ថាន ដើម្បីសាកល្បង។ នៅក្នុងការសាកល្បងនោះ ប្រព័ន្ធអាវុធ Pinaka បានបាញ់ជិត២០គ្រាប់ ទៅលើគោលដៅមានចម្ងាយចាប់ពី២០ដល់៩០គីឡូម៉ែត្រ ដោយបំផ្លាញគោលដៅទាំងស្រុង ក្នុងបរិវេណ៩០០គីឡូម៉ែត្រក្រឡា។ ឥណ្ឌាបានផ្តល់អាទិភាពដល់ការបំពាក់មីស៊ីលខាងលើ នៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងចិន ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។ សូមបញ្ជាក់ថា អាវុធ Pinaka បានបាញ់សាកល្បងទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៥ ហើយបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពឥណ្ឌា។ អាវុធទាំងនោះបានបំពាក់នៅលើរថយន្ត Tatra ដោយរថយន្តនីមួយៗអាចបំពាក់ជើងទម្របាញ់បានដល់ទៅ២ មាន១២គ្រាប់ អាចបាញ់ចេញទាំងអស់ក្នុងរយៈពេល៤៤វិនាទីក្នុងចម្ងាយ៩០គីឡូម៉ែត្រ៕ម.ន
-
សហរដ្ឋអាម៉េរិកមិនព្រមទទួលយកសំណើលុបបំបាត់នុយក្លេអ៊ែរបន្តិចម្តងៗរបស់កូរ៉េខាងជើងឡើយ

សហរដ្ឋអាម៉េរិក៖ មន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានលើកឡើងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាម៉េរិកនឹងមិនយល់ព្រមទៅនឹងសំណើរបស់កូរ៉េខាងជើង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរបន្តិចៗម្តងនោះទេ។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយស្តីពីគោលនយោបាយនុក្លេអ៊ែរ ដែលបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Steve Biegun បានអះអាងថា យើងនឹងមិនទទួលយកការលុបបំបាត់អាវុធនុយក្លេអ៊ែរបន្តិចម្តងៗនេះទេ ហើយថា លោកប្រធានាធិបតីមានគោលជំហរច្បាស់លាស់ចំពោះបញ្ហានេះ ហើយនេះគឺជាគោលជំហរជារួមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ លោក Biegun បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាម៉េរិកនឹងមិនដកទណ្ឌកម្មចេញពីប្រទេសកូរ៉េខាងជើងឡើយ រហូតទាល់តែដំណើរការរំសាយអាវុធនុយក្លេអ៊ែរបានបញ្ចប់សព្វគ្រប់ ហើយថា ក្រៅពីទណ្ឌកម្ម សហរដ្ឋអាម៉េរិកអាចនឹងផ្តល់ឲ្យកូរ៉េខាងជើងនូវសំណើផ្សេងទៀត៕ម.ន
-
ប្រធានាធិបតីចិនបង្ហោះសាររំលែកទុក្ខទៅកាន់ប្រទេសអេត្យូពី និងកេនយ៉ា ក្រោយកើតមានករណីធ្លាក់យន្តហោះផ្តាច់ជីវិតមនុស្ស១៥៧នាក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះ បានបង្ហោះសាររំលែកទុក្ខជូនប្រធានាធិបតីអេត្យូពីលោកស្រី Sahle-Work Zewde ក៏ដូចជាសមភាគីកេនយ៉ា លោក Uhuru Kenyatta ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ សូមបញ្ជាក់ថា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា របស់ប្រទេសអាហ៊្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បណ្តាលឱ្យមនុស្ស១៥៧នាក់ស្លាប់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ០៨នាក់។ បើតាមការសន្និដ្ឋានបឋម បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីន ឬប្រព័ន្ធបញ្ជាទិសអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មនេះ ហើយវាក៏ជាលើកទី២ផងដែរ ដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ បន្ទាប់ពីយន្ដហោះប្រភេទនេះលើកដំបូង បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ដោយបានផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់។ ដោយឡែកបើតាមស្ថានីយទូរទស្សន៍រដ្ឋអេត្យូពីនៅថ្ងៃចន្ទនេះ ប្រអប់ខ្មៅមួយរបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines…
-
ទីបំផុតយានអវកាសរបស់ជប៉ុន ចុះចតនៅលើអាចម៍ផ្កាយដោយជោគជ័យ

ជប៉ុន៖ យានអវកាសជប៉ុនមួយគ្រឿង បានចុះចតនៅលើអាចម៌ផ្កាយមួយ ស្ថិតក្នុងគោលបំណងប៉ុនប៉ងប្រមូលគំរូដុំថ្មពីលើផ្ទៃរបស់វា។ យានអវកាសរបស់ជប៉ុនមានឈ្មោះ ហាយ៉ាប៊ូសា ធូ (Hayabusa-2) បានព្យាយាមកើបយកគំរូដុំថ្មពីកន្លែង ដែលបានកំណត់ជាមុននៅលើអាចម៍ផ្កាយឈ្មោះ រីយូហ្គូ (Ryugu) កាលពីពេលថ្មីៗនេះ។ យានអវកាសខាងលើ បានធ្វើដំណើរទៅកៀកអាចម៍ផ្កាយ រីយូហ្គូ កាលពីខែមិថុនាឆ្នាំ ២០១៨ បន្ទាប់ពីធ្វើដំណើររយៈពេល៣ឆ្នាំ និង៦ខែពីផែនដី ខណៈគេរំពឹងថា វានឹងវិលត្រឡប់មកភពផែនដីវិញ ជាមួយនឹងដុំថ្មប្រមូលបានក្នុងឆ្នាំ២០២០ខាងមុខនេះ។ ក្នុងអំឡុងពេលប្រមូលគំរូដុំថ្ម យានអវកាសរបស់ជប៉ុននេះ នឹងឆ្ពោះទៅរកអាចម៍ផ្កាយប្រវែង១គីឡូម៉ែត្រនេះ ជាមួយឧបករណ៍មួយហៅថា សាំផ្លើ ហ៊ន (Sampler Horn) ។ នៅពេលចុះចតនៅលើអាចម៍ផ្កាយ គ្រាប់ទម្ងន់ចំនួន៥គ្រាប់ដែលផលិតពីដែកតានតាលុម នឹងត្រូវបាញ់ចូលទៅក្នុងផ្ទាំងថ្មក្នុងល្បឿន៣០០ម៉ែត្រក្នុងមួយវិនាទី។ ភាគល្អិតដែលបែកខ្ចាយ ដោយសារការបាញ់នេះ នឹងត្រូវប្រមូលយកដោយឧបករណ៍ សាំផ្លើ ហ៊ន (Sampler Horn)៕ធ.ដ
-
គណបក្សដែលលោក ប្រាយុទ្ធ ចាន់អូចា ជាបេក្ខជននាយករដ្ឋមន្រ្តី ដឹកនាំការឃោសនាលើកដំបូង

ថៃ៖ មនុស្សរាប់រយនាក់ស្រែក និងបក់ទង់ដាក់រូបប្រមុខរបបសឹកថៃ ក្នុងការជួបជុំឃោសនាបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងទឹកដីដែលធ្លាប់តែជាមូលដ្ឋានអំណាចរបស់ក្រុមស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា។ គណបក្សដែលមានទំនាក់ទំនងជាមួយយោធាឈ្មោះថា ផាឡាង ប្រាចារ៉ាត ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជាបេក្ខជននាយករដ្ឋមន្ត្រី បានធ្វើយុទ្ធនាការពាសពេញតំបន់ខាងជើង និងឦសានកាលពីចុងសប្តាហ៍មុននេះ ក្នុងគោលបំណងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត។ ដោយឡែកគណបក្ស ភឿថៃ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នៅតែរំពឹងថាទទួលបានការគាំទ្រច្រើនពីអ្នកបោះឆ្នោតនៅតំបន់ខាងជើង និងឦសាននេះដែរ ប៉ុន្តែយ៉ាងណាមិញ គណបក្សនេះ មិនរំពឹងទទួលបានសំឡេងភាគច្រើនដាច់ខាត ដូចការបោះឆ្នោតមុនៗទេ ដូច្នេះគណបក្សនេះ ក៏ដូចគណបក្សនានាកំពុងសម្លឹងរកដៃគូបង្កើតសម្ព័ន្ធភាព ដើម្បីបានសំឡេងភាគច្រើនក្នុងសភាល្មមបង្កើតរដ្ឋាភិបាល៕ធ.ដ
-
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក៖ លោក ត្រាំ នៅតែរក្សាជំហរស្វាគមន៍សម្រាប់ជំនួបកំពូលជាថ្មីទៀតជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែរក្សាគោលជំហរស្វាគមន៍សម្រាប់កិច្ចប្រជុំកំពូលលើកទី៣ ជាមួយប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជានិច្ច ប៉ុន្តែពេលវេលាមួយចំនួនបានកន្លងផុតទៅ មុនពេលដែលវាបានកើតឡើង នេះបើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ។ នៅក្នុងបទសម្ភាន៍មួយជាមួយសារព័ត៌មាន ABC ទីប្រឹក្សាសន្តិសុខអាម៉េរិករូបនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមានការស្រមើស្រមៃ អំពីសមត្ថភាពរបស់កូរ៉េខាងជើងឡើយ ប៉ុន្តែលោក ត្រាំ នៅតែមានទំនុកចិត្តលើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក គីម ។ ការកត់សម្គាល់បែបនេះរបស់លោក ចន បូលតុន បានកើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានរាយការណ៍ថា កូរ៉េខាងជើងបាននឹងកំពុងសាងសង់ទីតំាងធ្វើតេស្តបាញ់រ៉ុក្តែតឡើងវិញ ដែលត្រូវបានរុះរើចោលនៅតំបន់ សូហេ ភាគខាងលិចប្រទេស៕ម.ន