-
តុលាការថៃសម្រេចរំលាយគណបក្ស Raksa Chart ចោលហើយ

គណបក្ស Raksa Chart ត្រូវបានតុលាការធម្មនុញ្ញសម្រេចរំលាយចោលហើយ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបំណងឲ្យព្រះរាមរបស់ព្រះមហាក្សត្រថៃ ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី។ គណបក្សថៃ Raksa Chart ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោលបន្ទាប់ពីគណបក្សមួយនេះ បានស្នើឈ្មោះ ព្រះនាងម្ចាស់ Ubolratana Mahidol ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៤ ខែមីនាខាងមុខនេះ។ ការស្នើឈ្មោះរបស់ព្រះនាងម្ចាស់ Ubolratana Mahidol ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវបានព្រះបរមរាជវាំងរិះគន់ថាជាទង្វើមិនស័ក្តិសម បំពានច្បាប់រាជវាំង ច្បាប់រដ្ឋធម្មនុញ្ញ និងខុសពីទំនៀមទម្លាប់ ដែលសែរាជវង្សមានឋានៈខ្ពស់ជាងនយោបាយ។ បន្ទាប់ពីការរំលាយចោល សមាជិកទាំង១៣នៃគណៈគ្រប់គ្រងរបស់គណបក្សនេះ ត្រូវហាមឃាត់មិនឱ្យចូលប្រឡូកក្នុងការបោះឆ្នោតរយៈពេល១០ឆ្នាំ៕ធ.ដ
-
មេបក្សប្រឆាំងនៅវេណេស៊ុយអេឡាថា ប្រធានាធិបតីម៉ាឌូរ៉ូ កំពុងសម្រុកនាំមាសចេញ ដើម្បីដូរយកលុយ

មេបក្សប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ បានចេញមុខបង្ហើបព័ត៌មានថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិងកំពុងព្យាយាមដឹកនាំមាសចេញពីធនាគារកណ្តាលវេណេស៊ុយអេឡា ដើម្បីយកទៅដោះដូរចេញជាលុយឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ជាការដោះដូរ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេសកាន់តែផុយស្រួយដោយសារតែសហរដ្ឋអាម៉េរិកកំពុងបង្ហាញការគាំទ្រកាន់តែខ្លាំងទៅលើមេបក្សប្រឆាំង។ បក្សប្រឆាំងថា រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានប្រើប្រាស់ប្រទេសក្រិក ធ្វើជាកន្លែងប្តូរមាសយកលុយអឺរ៉ូយ៉ាងបន្ទាន់ និងឡើងយន្តហោះត្រឡប់ទៅទីក្រុងការ៉ាកាស់វិញ។ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះរដ្ឋាភិបាលវេណេស៊ុយអេឡា គឺមានគោលដៅទៅប្រទេសក្រិកជាពិសេស ព្រោះមានតែប្រទេសក្រិកមួយទេ ដែលនៅបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនេះ ខណៈប្រទេសអឺរ៉ុបផ្សេងៗទៀត គឺលែងស្វាគមន៍រដ្ឋាភិបាលវេណេស៊ុយអេឡាទៀតហើយ៕ម.ន
-
កូរ៉េខាងជើងជួបវិបត្តិខ្វះស្បៀងខ្លាំងបំផុត ក្នុងរយៈពេល១០ឆ្នាំមកនេះ

របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយថា នៅឆ្នាំ២០១៩នេះ កូរ៉េខាងជើងកំពុងជួបវិបត្តិខ្វះស្បៀងអាហារដ៏អាក្រក់បំផុត នៅរយៈពេល១ទសវត្សរ៍មកនេះ។ របាយការណ៍របស់ UN ចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី៦ មីនាម្សិលមិញថា ផលិតកម្មស្បៀងអាហាររបស់កូរ៉េខាងជើង ត្រូវបានធ្លាក់ចុះក្នុងកម្រិតមួយទាបបំផុតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់ មិនបានបរិភោគគ្រប់គ្រាន់។ ប្រភពថា ផលិតកម្មអាហារធ្លាក់ចុះ ៩% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៩ ដោយថយចុះពី ៥,៤៥លានតោន ទៅ ៤,៩៥លានតោន។ ការថយចុះនេះកើតឡើងដោយសារ កង្វះនៃដីកសិកម្ម កង្វះនូវឧបករណ៍កសិកម្មទំនើបៗ និងជី ព្រមទាំងគ្រោះធម្មជាតិដែលកើតឡើងជាញឹកញយ។ ប្រភពបន្ថែមទៀតថា មនុស្សប្រមាណ១១លាននាក់ (ត្រូវនឹងជាង៤៤%នៃប្រជាជនសរុប) រស់នៅដោយខ្វះអាហារូបត្ថម្ភ។ កូរ៉េខាងជើងបានជួបប្រទះនូវគ្រោះទុរ្ភិក្សជាច្រើនសា ដោយប្រជាជនប្រមាណ១០% ត្រូវបានប៉ាន់ស្មានថា បាត់បង់ជីវិត។ កង្វះអាហារនេះ ត្រូវបានពិភពលោក ជាពិសេស លោកខាងលិច ចោទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងអតីតមេដឹកនាំមុនៗមិនយកចិត្តទុកដាក់លើស្ថានភាពប្រជាជន ហើយចំណាយទឹកប្រាក់សន្ធឹកសន្ធាប់លើកម្មវិធីអាវុធនុយក្លេអ៊ែរច្រើន។ គួរបញ្ជាក់ថា របាយការណ៍នេះបានចេញផ្សាយ ក្រោយពេលដែលមេដឹកនាំអាម៉េរិក និងមេដឹកនាំកូរ៉េខាងជើងបរាជ័យក្នុងជំនួបកំពូលលើកទីដោយគ្មានការចុះកិច្ចព្រមព្រៀង នៅវៀតណាម៕ម.ន …
-
អ្នកកើតជំងឺអេដស៍ម្នាក់ទៀតបានជាសះស្បើយ ក្រោយព្យាបាលដោយផ្សាំកោសិកា

អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់នៅអង់គ្លេស បានជាសះស្បោយពីជំងឺមួយនេះ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ដោយវាគឺជាករណីទី២ហើយ ដែលមានអ្នកជាពីជំងឺអេដស៍ នេះបើតាមរបាយការណ៍វេជ្ជបណ្ឌិត ចុះផ្សាយក្នុងទស្សនាវត្តី Nature កាលពីដើមសប្តាហ៍នេះ។ អ្នកផ្ទុកមេរោគអេដស៍រស់នៅក្នុងទីក្រុងឡុងដ៏ ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកផងដែរនោះ ពេលនេះលែងមានវីរុសហ៊ីវ ក្នុងខ្លួនទៀតហើយ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា១៨ខែ ហើយលោកក៏លែងទទួលទានថ្នាំពន្យារអាយុទៀតដែរ។ អ្នកជំងឺមិនត្រូវបានប្រាប់ឈ្មោះរូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍កាលពីឆ្នាំ២០០៣ និងបានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ២០១២។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ។ រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយ ដែលជាសះស្បើយពីជំងឺតាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់៕ម.ន
-
យានអវកាសខូចពីអតីតសហភាពសូវៀត ត្រូវគេរំពឺងថា នឹងធ្លាក់មកលើផែនដីវិញនៅឆ្នាំ២០១៩នេះ

រុស្ស៊ី៖ យោងតាមគេហទំព័រព័ត៌មានអវកាស ស្ពេស បានឱ្យដឹងថា យានអវកាសមួយគ្រឿង ដែលសូវៀតមានគោលដៅបញ្ជូនទៅកាន់ភពសុក្រ (Venus) កាលពីទសវត្សរ៍១៩៧០ អាចនឹងធ្លាក់ចូលក្នុងផែនដីនាឆ្នាំ២០១៩នេះ ប៉ុន្តែគេពុំទាន់មានការបញ្ជាក់ច្បាស់លាស់នោះឡើយ។ បើតាមការទស្សទាយរបស់ក្រុមអ្នកជំនាញនោះ ឆាប់បំផុតគឺខ្មោចយានអវកាស ខូសស្មូស ៤៨២ (Cosmos 482) អាចនឹងធ្លាក់ចូលមកក្នុងបរិយាកាសផែនដីនៅចុងឆ្នាំនេះ ឬក៏ពាក់កណ្តាលឆ្នាំក្រោយ។ យាននេះមានទម្ងន់សរុប១,១៨០គីឡូក្រាម ដែលអាចធ្លាក់ចូលទៅក្នុងមហាសមុទ្រជាជាងលើដី ហើយបំណែករបស់វាជាច្រើនត្រូវគេរំពឹងថា មិនងាយនឹងឆេះរលាយក្នុងបរិយាកាស ដូចយានមួយចំនួននោះឡើយ ព្រោះវាជាយានពិសេស ដែលប្រើសម្រាប់ស្រាវជ្រាវភពសុក្រ។ សូមរំលឹកថា កាលពីអំឡុងការរត់ប្រណាំងវិស័យអវកាសនៃសម័យសង្រ្គាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាម៉េរិក សូវៀតបានបាញ់បញ្ជូនយានអវកាសមួយគ្រឿងមានឈ្មោះថា ខូសស្មូស ៤៨២ (Cosmos 482) ដើម្បីឆ្ពោះទៅកាន់ភពសុក្រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧២ ប៉ុន្តែយាននេះបានជួបបញ្ហាផ្នែកម៉ាស៊ីនរ៉ុក្កែត ដែលធ្វើឲ្យវាមិនអាចចេញផុតពីគន្លងកម្រិតទាបរបស់ផែនដី ហើយក៏នៅជាប់ក្នុងគន្លងនៃភពរបស់យើងរហូតមកដល់សព្វថ្ងៃនេះ៕ម.ន
-
លោក ស៊ីន ជិនពីង ព្រមានប្រឆាំងនឹងការលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ៍នេះ បានធ្វើការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាដំណោះស្រាយជាយុទ្ធសាស្រ្ត ក្នុងការបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ហើយលោកថែមទាំងព្រមានប្រឆំាងនឹងនិន្នាការនៃការលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច។ លោក ស៊ី ជិនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន និងជាប្រធានគណៈកម្មការយោធាកណ្តាលផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅពេលរួបលោកអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមសមាជិកសភារបស់លោក មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅក្នុងសម័យប្រជុំទីពីរនៃមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣។ ជាមួយគ្នានោះដែរ លោក ស៊ី បានធ្វើការអំពាវនាវយ៉ាងទទូចនៅក្នុងតំបន់ មិនឱ្យលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច នៅពេលជួបប្រទះការលំបាកបន្តិចបន្តួច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឡើយ៕ម.ន
-
ក្រុមស្រាវជ្រាវអាម៉េរិកបញ្ជាក់ថា កូរ៉េខាងជើងបានសាងសង់ផ្នែកមួយចំនួនឡើងវិញ នៃទីតាំងបាញ់គ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាប់រុះរើ

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកស្រាវជ្រាវអាម៉េរិកនិយាយថា កូរ៉េខាងជើងបានសាងសង់ផ្នែកមួយចំនួនឡើងវិញនៃទីតាំងបាញ់គ្រាប់មីស៊ីល ដែលខ្លួនបានចាប់ផ្តើមរុសរើចោល បន្ទាប់ពីខ្លួនធ្លាប់បានសន្យាថា មិនធ្វើដូច្នោះក្នុងអំឡុងជំនួបកំពូលលើកទីមួយ ជាមួយលោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលឆ្នាំមុន។ ការសាងសង់នេះ ត្រូវគេអះអាងថា ទំនងជាធ្វើឡើងកាលពីចន្លោះថ្ងៃទី១៦ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា រីឯទីតាំងបាញ់មីស៊ីលនោះមានឈ្មោះថា តុងឆាង។ ទន្ទឹមនឹងសេចក្តីរាយការណ៍ខាងលើនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួននឹងគិតគូរដាក់ទណ្ឌកម្មថែមទៀតលើប្រទេសកូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ នេះបើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន។ ការកត់សម្គាល់បែបនេះរបស់លោក ចន បូលតុន បានកើតមានបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈរវាងលោក ត្រាំ និងលោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ដោយសារភាពមិនចុះសម្រុងគ្នា ជុំវិញឆន្ទៈរបស់កូរ៉េខាងជើងក្នុងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងឆន្ទៈរបស់សហរដ្ឋអាម៉េរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម៕ម.ន
-
ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឲ្យចាត់វិធានជាបន្ទាន់ ដើម្បីទប់ទល់នឹងការបំពុលបរិយាកាសក្នុងកម្រិត PM2.5

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យចាត់វិធានការបន្ទាន់ ដើម្បីស្វះស្វែងរកដំណោះស្រាយប្រឆាំងនឹងការបំពុលខ្យល់ ដែលឈានដល់ការបង្កគ្រោះថ្នាក់ក្នុងកម្រិតខ្ពស់នៅក្នុងទីក្រុងសេអ៊ូល និងបណ្តាតំបន់ផ្សេងទៀត។ ការចេញបញ្ជារបស់លោក មូន ជែអ៊ីន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថានបានរាយការណ៍មកកាន់កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយភ្លាមៗនោះ លោក មូន បានចេញបញ្ជាឱ្យមានជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយដល់សាលាមតេ្តយ្យ និងសាលារៀនបានដំឡើងម៉ាស៊ីនសម្អាតខ្យល់ ដោយលោកបានអះអាងថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់បញ្ហានេះ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានអនុវត្តបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ និងរោងចក្រថាមពលក្នុងទីក្រុងសេអ៊ូល ព្រមទំាងបណ្តាតំបន់ផ្សេងៗដទៃទៀតផងដែរ៕ម.ន
-
ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនអាម៉េរិកភាគច្រើនមិនចង់ឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែងប្រធានាធិបតីឡើយ

សហរដ្ឋអាម៉េរិក៖ ពលរដ្ឋអាម៉េរិកភាគច្រើនមិនចង់ឲ្យមានការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីនោះឡើយ នេះបើយោងតាមលទ្ធផលស្ទង់មតិថ្មីមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី។ ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមការស្ទាបស្ទង់មតិថ្មីនេះ ពលរដ្ឋអាម៉េរិកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៥៩ភាគរយ បានជំទាស់នឹងការបើកនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈប្រមាណ៥៨ភាគរយទៀតយល់ស្របថា សភាគួរតែធ្វើការស៊ើបអង្កេតលើរឿងអាស្រូវចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗរបស់ប្រធានាធិបតីអាម៉េរិករូបនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមតំណាងរាស្រ្តបក្សប្រជាធិបតេយ្យជាច្រើន បន្ទាប់ពីបានដណ្តើមកាន់កាប់សភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក កាលពីខែមករាកន្លងនេះ បានប្តេជ្ញាថា នឹងបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវការសំឡេងអនុម័ត២ភាគ៣នៅក្នុងព្រឹទ្ធសភាអាម៉េរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕ម.ន
-
Facebook នឹងបង្កើតមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសថា ខ្លួនកំពុងសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការមួយនៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅទ្វីបអាស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការចេញផ្សាយសារព័ត៌មាន Channelnewsasisa។ Facebook បានបញ្ជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ជាពិសេសអំឡុងយុទ្ធនាការឃោសនាត្រៀមការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសក្នុងតំបន់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីប្រមាថលើអ្នកដទៃ ការគាបសង្កត់លើអ្នកបោះឆ្នោត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត។ Facebook បន្តថា គេនឹងធ្វើការជាមួយអ្នកនយោបាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត អ្នកត្រួតពិនិត្យភាពត្រឹមត្រូវ អ្នកស្រាវជ្រាវ សិស្សនិស្សិត និងសង្គមស៊ីវិល ដើម្បីសម្រេចគោលដៅខាងលើ៕ធ.ដ