-
យោធាអាហ្វហ្កានីស្ថានសម្លាប់ពួកឧទ្ទាម៣៩នាក់ នៅខេត្តភាគខាងជើងប្រទេស

អាហ្វហ្កានីស្ថាន៖ យោងតាមប្រភពរបស់កម្លំាងទាហានអាហ្វហ្កានីស្ថាន បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ពួកឧទ្ទាមច្រើនជាង៣៩នាក់ ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រតិបត្តិការបោះសម្អាតក្រុមភេវរករនៅខេត្ត Faryab និងខេត្ត Kunduz ស្ថិតនៅភាគខាងជើងប្រទេស។ បើតាមប្រភពបានឱ្យដឹងទៀតថា កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុងអំឡុងប្រតិបត្តិយោធាទំាងផ្លូវអាកាស និងផ្លូវគោកខាងលើនេះ ក៏រឹបអូសបានគ្រាប់រំសេវផ្ទុះ និងម៉ូតូរបស់ក្រុមសកម្មប្រយុទ្ធជាច្រើនគ្រឿងផងដែរ។ ស្របពេលជាមួយគ្នានេះដែរ មិនមានសេចក្តីរាយការណ៍អំពីកងកម្លាំងសន្តិសុខ ឬជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិត ឬក៏រងរបួសនោះទេ ហើយក៏គ្មានការអះអាងរបស់ក្រុមភេវរករតាលីបង់នៅក្នុងប្រតិបត្តិការនេះដែរ៕ធ.ដ
-
តេនញ៉ាជ្រូកកំពុងរាតត្បាតក្មេងៗនៅខេត្តភាគខាងជើងប្រទេសវៀតណាម

វៀតណាម៖ ក្មេងៗប្រមាណ២០៩នាក់នៅខេត្ត Bac Ninh ភាគខាងជើងប្រទេស ត្រូវបានអាណាព្យាបាលនាំទៅធ្វើតេស្តរកឃើញថា មានផ្ទុកតេនញ៉ាជ្រូក (Pork Tapeworm) ខណៈប្រភពពិតប្រាកដនៃការឆ្លង មិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់ពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។ ក្មេងៗប្រមាណ២,០០០នាក់ ជាពិសេសនៅស្រុក Thuan Thanh ខេត្ត Bac Ninh ត្រូវបានឪពុកម្តាយនាំយកទៅធ្វើតេស្តរកឃើញវត្តមានតេនញ៉ា នៅរដ្ឋធានីហាណូយ បន្ទាប់ពីសាច់ជ្រូកដែលសង្ស័យថាមានផ្ទុកពពួកបរាសិតនេះ ត្រូវបានរកឃើញនៅតាមផ្ទះបាយនៃសាលាមត្តេយ្យរបស់ពួកគេ។ តេនញ៉ាជ្រូក ឆ្លងមកកាន់មនុស្សតាមរយៈការបរិភោគអាហារដែលខូច ហើយនៅពេលឆ្លង ពួកវាអាចរាលដាលទៅដល់កន្លែងខុសគ្នាក្នុងរាងកាយយើង រួមមានសាច់ដុំ កែវភ្នែក និងខួរក្បាលជាដើម។ រីឯរោគសញ្ញាវិញ មានដូចជា ស្កន់ជាន់ ខ្វិន ឈឺក្បាលខ្ទាំៗ និងបាត់បង់ការចងចាំជាដើម ប្រសិនបើពពួកបរាសិតនេះ ជ្រៀតចូលទៅដល់ខួរក្បាល ឬខ្វាក់ បើសិនពួកវាចូលដល់ភ្នែក។ ដើម្បីសម្លាប់តេនញ៉ា ដែលមានធំពេញវ័យ គេត្រូវចំណាយពេលត្រឹម១ថ្ងៃ ហើយដើម្បីកម្ទេចរាល់ស៊ុតរបស់វាទាំងអស់នៅក្នុងរាងកាយយើងត្រូវប្រើពេល០២សប្តាហ៍៕ធ.ដ
-
មនុស្ស៣នាក់ស្លាប់ និង៩នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅហូឡង់

ហូឡង់: ហេតុការណ៍បាញ់ប្រហារនៅក្នុងទីក្រុង យូត្រេក នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បានធ្វើឲ្យមនុស្ស៣នាក់ បានបាត់បង់ជីវិត និង៩នាក់ផ្សេងទៀត រងរបួស។ នេះបើតាមសេចក្តី ថ្លែងការណ៍របស់អភិបាលក្រុង យូត្រេក។ បើតាមអាជ្ញាធរក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង10និង45 នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយឆ្លើយ តបនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ។ បើតាមមន្ត្រីប៉ូលិសហូឡង់ បច្ចុប្បន្នពួកគេកំពុងស្វែងរកតាមចាប់ខ្លួនឈ្មោះ Gökmen Tanis មានអាយុ 37 ឆ្នាំ កើតនៅក្នុងប្រទេសតួកគី ដោយសង្ស័យថា ជាអ្នកនៅពីក្រោយហេតុការណ៍ បាញ់ប្រហារខាងលើនេះ៕ម.ន
-
រុស្ស៊ីបញ្ចេញខ្សែអាត់វីដេអូមួយ បង្ហាញពីអនុភាពមីស៊ីលជំនាន់ថ្មីរបស់ខ្លួន

រុស្ស៊ី៖ ស្ថានីយទូរទស្សន៍រុស្ស៊ី 1tv.ru បានបញ្ចេញវីដេអូមួយ ដើម្បីបង្ហាញពីអានុ ភាពរបស់មីស៊ីល Zircon ដែលត្រូវបានលាតត្រដាងកាលពីខែមុន ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន។ ខ្សែអាត់វីដេអូនេះ បង្កើតឡើងដោយកុំព្យូទ័រដើម្បីបង្ហាញពីសមត្ថភាពរបស់មីស៊ីល ដែលត្រូវបាញ់ចេញពីនាវាចម្បាំង ដោយវាអាចគេចពីប្រព័ន្ធប្រឆាំងមីស៊ីល និងបាញ់ចំគោលដៅដែលនៅលើទឹក ដូចជានាវាដឹកយន្តហោះចម្បាំងជាដើម ខណៈមីស៊ីល Zircon របស់រុស្ស៊ី មានល្បឿនលឿនជាងសំឡេង៩,៦៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពូទីន បានធ្វើការបង្ហាញនូវមីស៊ីលថ្មីឈ្មោះថា Zircon ដែលមានល្បឿនលឿនជាងសំឡេង៩ដង និងអាចបាញ់ទៅលើគោលដៅដែលមានចម្ងាយ១ពាន់គីឡូម៉ែត្រ ហើយបើតាមសារព័ត៌មាន TASS រុស្ស៊ីនឹងធ្វើតេស្តសាកល្បងមីស៊ីល Zircon នៅចុងឆ្នាំ២០១៩នេះ ខណៈផលិតកម្មនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំបន្ទាប់៕ធ.ដ
-
សហរដ្ឋអាម៉េរិកកំពុងពិចារណារក្សាទុកកងទ័ពរបស់ខ្លួន១,០០០នាក់ នៅស៊ីរី

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា យោធាសហរដ្ឋអាម៉េរិកកំពុងពិចារណារក្សាទុកកងកម្លាំងរបស់ខ្លួនចំនួន១,០០០នាក់ នៅលើទឹកដីប្រទេសស៊ីរី ដែលវាគឺកាន់តែឃ្លាតឆ្ងាយទៅៗពីគម្រោងដើមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលចង់ដកទ័ពចេញទាំងអស់។ កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ សេតវិមានបានប្រកាសថា សហរដ្ឋអាម៉េរិកនឹងរក្សាទុកកងទ័ពប្រហែល២០០នាក់នៅស៊ីរី ក្រោយការប្រកាសដកទ័ពចេញពីប្រទេសនេះ ហើយនៅថ្ងៃបន្ទាប់លោក ដូណាល់ ត្រាំ ផ្ទាល់ ក៏បានបញ្ជាក់ផងដែរថា កងទាហានអាម៉េរិកមួយចំនួនតូច នឹងរក្សាវត្តមាននៅស៊ីរី ជាមួយកងទ័ពនៃបណ្តាប្រទេសដទៃទៀត។ បើតាមប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាលអាម៉េរិក កងទ័ពចំនួន១,០០០នាក់ខាងលើនេះ នឹងត្រូវដាក់ពង្រាយពីខាងជើងទៅដល់ខាងត្បូងប្រទេសស៊ីរី ដើម្បីបន្តកិច្ចការងារជាមួយក្រុមអ្នកប្រយុទ្ធឃើដ។ ប៉ុន្តែការដកទ័ពនេះ នឹងធ្វើឡើងបន្ទាប់ពីមូលដ្ឋានចុងក្រោយបំផុតរបស់ក្រុមភេរវករ ISIS នៅស៊ីរី ត្រូវបានដណ្តើមយកវិញ ដោយវានឹងស្របទៅតាមគម្រោងដើមរបស់លោក ត្រាំ៕ធ.ដ
-
កូរ៉េខាងត្បូង៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង មិនចង់វិលទៅរកភាពតានតឹងកាលពីអតីតកាលឡើយ

កូរ៉េខាងត្បូង៖ ភាគីទាំងពីរ គឺកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក មិនចង់វិលត្រលប់ទៅកាន់អតីតកាលវិញឡើយ ដែលជាពេលប្រឈមមុខដាក់គ្នា ក៏ដូចជាភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើតាមការលើកឡើងរបស់ការិយាល័យវិមានខៀវនៃប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ម្សិលមិញ។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ទាំងអស់គ្នាសុទ្ធតែមិនចង់ងាកទៅរកការប្រឈមមុខដាក់គ្នា និងភាពតានតឹងកាលពីអតីតនោះឡើយ ពោលគឺស្ថានភាពដ៏ចម្រូងចម្រាសមួយ នៅមុនឆ្នំា២០១៧។ គួរបញ្ជាក់ថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចូលរួមក្នុងជំនួបកំពូលជាលើកទី២របស់ពួកលោក កាលពីចុងខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ប៉ុន្តែកិច្ចប្រជុំនាពេលនោះ ត្រូវបានបញ្ចប់ទៅមុនការគ្រោងទុក និងគ្មានកិច្ចព្រមព្រៀង ក៏ដូចជាសេចក្តីថ្លែងការណ៍រួមឡើយ៕ធ.ដ
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខក្រៀមក្រំដល់ជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌូណេស៊ី

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់អាយុជីវិតមនុស្សជាច្រើន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាការជម្លៀសខ្លួនប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ដោយសារតែគ្រោះទឹកជំនន់ ការបាក់ដី និងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិ គឺលោក ស្វេរហ្វេន ឌូហ្ស៊ារីគ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានលើកឡើងថា ទន្ទឹមនឹងគ្រោះថ្នាក់ដ៏អាក្រក់ខាងលើ លោក ហ្គូដទើរ៉េស សូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ក៏ដូចជាប្រជាជន និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ហើយថា អង្គការសហប្រជាជាតិត្រៀមខ្លួនរាល់ហើយ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដែលបង្កឡើងពីគ្រោះមហន្តរាយធម្មជាតិនេះ។ សូមជម្រាបផងដែរថា រហូតមកទល់ពេលនេះ សាកសពមនុស្សដែលត្រូវបានរកឃើញ ក្រោយការវាយលុកពីទឹកជំនន់នៅខេត្ត ប៉ាពូ ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន បានកើនដល់៧៧នាក់ហើយ ខណៈប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅដដែល ដោយសារនៅមានមនុស្សមួយចំនួនទៀតបាត់ខ្លួន៕ធ.ដ
-
អ្នកទេសចរ៣នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់នៅថ្ងៃច័ន្ទនេះ បានរាយការណ៍ថា អ្នកទេសចរ៣នាក់ បានបាត់បង់ជីវិត ក្នុងនោះមានជនបរទេស២នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកមួយបានវាយប្រហារតំបន់រមណីយដ្ឋានទេសចរណ៍មួយកន្លែងនៅលើកោះ Lombok ខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូណេស៊ី៕ធ.ដ
-
ស្លាប់មនុស្ស៧០នាក់ ដោយសារបាក់ដី និងទឹកជំនន់ នៅខេត្តមួយក្នុងប្រទេសឥណ្ឌូនេស៊ី

មនុស្ស៧០នាក់ ត្រូវបានបាត់បង់ជីវិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ក្រោយមានគ្រោះទឹកជំនន់ និងការបាក់ដី។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីឲ្យដឹងថា មនុស្ស៧០នាក់ បានស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ពេលដែលមានភ្លៀងធ្លាក់ជោគជាំ បណ្ដាលឲ្យមានការបាក់ដី និងគ្រោះទឹកជំនន់នៅខេត្ត Papua។ ផ្លូវជាច្រើន ត្រូវបានបិទដោយសារការបាក់ដី និងដើមឈើដួលរលំ ហើយទឹកជំនន់បង្កឲ្យស្ពានចំនួនពីររងការខូចខាត និងផ្ទះជាង១០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ ក្រោយកើតហេតុ ក្រុមការងារកំពុងធ្វើការរុករក និងជួយសង្គ្រោះនៅតាមតំបន់ដែលរងការវាយប្រហារពីគ្រោះធម្មជាតិ ខណៈមនុស្សជាង ៦០នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួននៅឡើយ៕ធ.ដ
-
ទីក្រុងមួយនៅអាម៉េរិកសម្រេចហាមលក់ដបប្លាស្ទិក ដើម្បីចូលរួមដោះស្រាយបញ្ហាបំពុលបរិស្ថាន

ទីក្រុង San Francisco នៃសហរដ្ឋអាម៉េរិក បានក្លាយជាទីក្រុងដំបូងបង្អស់ដែលហាមឃាត់ការលក់ដបប្លាស្ទិកដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកដែលបំពុលបរិស្ថាន នេះបើតាមការចេញផ្សាយរបស់ Scienceinsanity កាលពីពេលថ្មីៗនេះ។ ប្រភពថា នេះគឺជាការចាប់ផ្តើមនៃចលនាជាដែលនឹងកាត់បន្ថយបរិមាណសំណល់ប្លាស្ទិកជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងរយៈពេល៤ឆ្នាំមុន ការហាមឃាត់នេះ ត្រូវបានគ្រោងនឹងស្នើសុំដោយយុទ្ធនាការ Think Outside the Bottle ដែលជំរុញឲ្យមានការរឹតបន្ដឹងការលក់ផលិតផលប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះទៀត ការផាកពិន័យសម្រាប់អ្នកល្មើសនឹងការហាមឃាត់នេះអាចឈានដល់ ១០០០ ដុល្លារ ហេតុដូច្នេះហើយ វាជំរុញឲ្យប្រជាជនទិញដបទឹកដែលអាចប្រើប្រាស់ឡើងវិញបានជាជាងដបប្លាស្ទិក៕ធ.ដ