-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាត់ចោលសេចក្តីសម្រេចរបស់សហរដ្ឋអាម៉េរិក និងរុស្ស៊ី ស្តីពីប្រទេសវ៉េណេស៊ុយអេឡា

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានច្រានចោលសេចក្តីសម្រេចប្រជែងគ្នាអំពីវ៉េណេស៊ុយអេឡា ដែលធ្វើឡើងដោយអាម៉េរិក និងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ខណៈរុស្ស៊ី និងចិនបានបោះឆ្នោតវ៉េតូការអំពាវនាវរបស់អាម៉េរិកឱ្យមានការបោះឆ្នោតជាថ្មី និងសំណើរបស់រុស្ស៊ីបរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់។ ការឆ្នោតជំទាស់ ឬ វ៉េតូ នេះ បានឆ្លុះបញ្ចាំងពីការបែកបាក់នៅក្នុងស្ថាប័នដ៏មានអំណាចបំផុតរបស់អង្គការសហប្រជាជាតិ ជុំវិញជម្លោះនយោបាយនៅវ៉េណេស៊ុយអេឡារវាងប្រធានាធិបតីលោកនីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានគាំទ្រដោយរុស្ស៊ី និងចិន ចំណែក មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាលោក ចូអាន់ ហ្គៃដូ ដែលត្រូវបានគំាទ្រដោយអាម៉េរិក និងបណ្តាប្រទេសដទៃទៀតជាង៥០។ គួរបញ្ជាក់ផងដែរថា ជម្លោះនយោបាយនេះ បានបង្កឡើងដោយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ និងការដួលរលំសេដ្ឋកិច្ចនៅក្នុងប្រទេសសម្បូរប្រេងមួយនេះ ដោយបានបង្ខំឱ្យប្រជាជនវ៉េណេស៊ុយអេឡាចំនួនប្រហែល១ភាគ១០ភៀសខ្លួនចេញពីប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ម.ន
-
លោក ដូណាល់ ត្រាំ ថ្លែងថា ចិនជាប្រទេសជួយជ្រោមជ្រែងដ៏ធំសម្រាប់ការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ

ចិន៖ ប្រទេសចិនបានជួយយ៉ាងច្រើន និងពោលពេញដោយឥទ្ធិពល ក្នុងការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលលោកឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន CGTN ដែលសួរពាក់ព័ន្ធនឹងតួនាទីរបស់ប្រទេសចិន ក្នុងអំឡុងធ្វើសន្និសិទសារព័ត៌មានមួយ ក្រោយជំនួបកំពូលលើកទី២របស់លោកជាមួយលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។ ដោយឡែកនៅក្នុងសន្និសិទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានថ្លែងអះអាងថា ទីក្រុងប៉េកំាងមានឆន្ទៈក្នុងការដើរតួនាទីប្រកបដោយការស្ថាបនា ហើយសង្ឃឹមថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងអាចរក្សាការចរចា ក៏ដូចជាគោរពការព្រួយបារម្ភរបស់គ្នាទៅវិញទៅមកផងដែរ៕ម.ន
-
លោក ត្រាំ ប្រាប់លោក មូន ថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើងទៀត

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងសាជាថ្មីនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ អំពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈការបន្តធ្វើកិច្ចចរចា។ ការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងក្រោយជំនួបកំពូលលើកទី២រវាងលោក និងលោក គីម នៅវៀតណាម បញ្ចប់ទៅយ៉ាងតក់ក្រហល់ និងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្នុងអំឡុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ស្របពេលដែលលោក ត្រាំ ជិះនៅលើយន្តហោះ Air Force One តាមផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។ បើតាមសារព័ត៌មានដដែលនេះ ក្នុងអំឡុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទខាងលើ លោក ត្រាំ បានធ្វើការអំពាវនាវឲ្យសមភាគីកូរ៉េខាងត្បូង ចាត់វិធានភ្លាមៗនាពេលអនាគត ដើម្បីធ្វើការចរចាជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈលោក មូន បានលើកឡើងដែរថា លោក និងលោក ត្រាំ នឹងជួបគ្នានាពេលឆាប់ៗខាងមុខនេះ សំដៅបន្តការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាខាងលើ ចំណែកឯលោក ត្រាំ ក៏បានយល់ព្រមផងដែរ៕ម.ន …
-
ប្រមុខការទូតកូរ៉េខាងជើងបំភ្លឺអំពីមូលហេតុនាំទៅរកការបរាជ័យ នៃកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅវៀតណាម

វៀតណាម៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ បានធ្វើការបកស្រាយហេតុផល ដែលស្ថិតនៅពីក្រោយភាពបរាជ័យនៃកិច្ចប្រជុំកំពូលលើកទីពីរ រវាង លោក ត្រាំ និងលោក គីម ដែលអន្តរជាតិកំពុងចង់ដឹងបំផុត។ លោក រី បាននិយាយថា កូរ៉េខាងជើងបានស្នើឲ្យមានដកទណ្ឌកម្មចំនួន៥ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង១១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា ទណ្ឌកម្មទាំង០៥នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ លោកបន្តថា បើអាម៉េរិកព្រមទទួលយកសំណើរនេះ ទីក្រុងព្យុងយ៉ាងនឹងបំផ្លាញចោលរាល់មូលដ្ឋានផលិតវត្ថុធាតុនុយក្លេអ៊ែរក្នុងតំបន់ យ៉ុងប្យុន នៅចំពោះមុខក្រុមអ្នកជំនាញអាម៉េរិកចោលទាំងស្រុង និងជាអចិន្រ្តៃយ៍តែម្តង។ លោកបន្ថែមថា កូរ៉េខាងជើងក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសរសេរជាលាយលក្ខណ៍អក្សរនូវការផ្អាកជាអចិន្រ្តៃយ៍នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនថែមទៀតផង ប៉ុន្តែអាម៉េរិកបានបោះចោលឱកាសទាំងនេះ ដែលប្រហែលជានឹងគ្មានថ្ងៃទទួលបានម្តងទៀតឡើយ។ លោកសង្កត់ធ្ងន់ថា គោលជំហររបស់កូរ៉េខាងជើងនឹងមិនប្រែប្រួលឡើយ បើទោះបីជាអាម៉េរិកបន្តព្យាយាមស្វែងរកកិច្ចចរចាទៅមុខទៀតក៏ដោយ ហើយថា លោក គីម ប្រហែលជានឹងលែងមានឆន្ទៈចង់បន្តកិច្ចចរចាក៏ថាបានដែរ។ សូមបញ្ជាក់ថា ហេតុផលរបស់លោក រី យ៉ុងហូ គឺផ្ទុយពីអ្វីដែលលោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បតិ៍តម្សិលមិញ ដែលធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំទាំងពីរ បានបិទបញ្ចប់ទៅយ៉ាងតក់ក្រហល…
-
អាល្លឺម៉ង់ផ្តល់ជំនួយជិត៥៧លានដុល្លារអាម៉េរិកដល់ឡាវ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព

អាល្លឺម៉ង់បានព្រមព្រៀងផ្តល់ថវិកាជាង២៨៧ពាន់លានគីប ឬ៥០លានអឺរ៉ូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព នេះបើតាមប្រភពពីសារព័ត៌មាន vientianetimes។ គម្រោងផ្តល់ជំនួយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ត ទី២៨ កុម្ភៈម្សិលមិញ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ថវិកា៥០លានអឺរ៉ូ ឬជិត៥៧លានដុល្លារអាម៉េរិកនេះ នឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងលើវិស័យ ដូចជា ការអភិវឌ្ឍជនបទ ធនធានធម្មជាតិ និងបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Attapeu។ ការចុះកិច្ចព្រមព្រៀងផ្តល់កញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពេលមានដំណើរទស្សនកិច្ចរបស់សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការសហប្រតិបត្តិការអាល្លឺម៉ង់ លោក Norbert Barthle នៅប្រទេសឡាវ៕ធ.ដ
-
អនុប្រមុខការទូតកូរ៉េខាងជើង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

វៀតណាម៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Kil-Song បានចាកចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសចិន ក្រោយកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ លោក Ri Kil-Song បានដឹកនាំប្រតិភូកូរ៉េខាងជើងចេញទៅប្រទេសចិន បន្ទាប់ពីជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ នៅរដ្ឋធានីហាណូយ ត្រូវបានបញ្ចប់ទៅទាំងតក់ក្រហល់មុនការព្រាងទុក និងពុំមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមអ្វីទាំងអស់។ សូមបញ្ជាក់ថា លោក Ri Kil-Song ព្រមទាំងក្រុមមន្រ្តីដែលលោកដឹកនាំចេញទៅចិន សុទ្ធតែបានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ តាមរថភ្លើងជាមួយលោក គីម ជុងអ៊ុន ដោយចំណាយពេលជាង៦០ម៉ោង ឬជិត០៣ថ្ងៃ ក្រោយចាកចេញពីរដ្ឋធានីព្យុងយ៉ាង។ យ៉ាងណាមិញ ទោះជំនួបកំពូលជាមួយ លោក…
-
សហរដ្ឋអាម៉េរិកប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារ សម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួនកូនប្រុស Osama bin Laden

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសថា នឹងផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួន Hamza bin Laden ដែលជាកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden។ ក្រសួងការបរទេសអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ Hamza គឺជាមេដឹកនាំម្នាក់របស់ក្រុមអាល់កៃដា ហើយចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក គាត់បានបញ្ចេញខ្សែអាត់សំឡេង និងសារវីដេអូជាច្រើននៅលើបណ្ដាញអ៊ីនធើណិត ដោយអំពាវនាវឱ្យអ្នកស្មោះស័្មគ្ររបស់ខ្លួនបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាម៉េរិក រួមទាំងបណ្ដាប្រទេសលោកខាងលិច។ សូមរំលឹកថា អតីតមេដឹកនាំអាល់កៃដា Osama bin Laden ត្រូវបានកងកម្ម៉ង់ដូរពិសេសអាម៉េរិកបាញ់សម្លាប់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ ក្នុងប្រទេសប៉ាគីស្ថាន ហើយសាកសពរបស់គាត់ត្រូវគេយកទៅបោះចោលនៅក្នុងសមុទ្រ។ រីឯកូនប្រុសរបស់លោក គឺ Hamza bin Laden ក៏បានចេញសារព្រមានផងដែរថា នឹងតាមសងសឹកសហរដ្ឋអាម៉េរិកឱ្យឪពុករបស់លោកវិញ៕ធ.ដ
-
សេដ្ឋកិច្ចអាម៉េរិកមានកំណើនយឺត ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨

សេដ្ឋកិច្ចអាម៉េរិកមានកំណើន២,៦ភាគរយ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៨ ពោលគឺធ្លាក់ពី៣,៤ភាគរយ កាលពីត្រីមាសទី៣ នេះបើតាមការក្រសួងពាណិជ្ជកម្មអាម៉េរិកចេញផ្សាយរបាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ ចុះផ្សាយនៅសារព័ត៌មានស៊ីនហួរ។ ប្រភពថា ផលិតផលក្នុងស្រុកសរុប ឬ GDP មានកំណើន២,៩ភាគរយ ខុសពីការប៉ាន់ស្មានទុករបស់ខ្លួនកាលពីខែធ្នូ ថាមាន៣ភាគរយនោះ។ រដ្ឋាភិបាលសហព័ន្ធបានរំពឹងផងដែរថា នឹងមានកំណើន២,៣ភាគរយ ក្នុងឆ្នាំ២០១៩។ របាយការណ៍ថា កំណើនយឺតយ៉ាវនេះ បណ្តាលមកពីការបង្អន់ល្បឿននៃការវិនិយោគឯកជន និងការចំណាយរបស់ប្រជាពលរដ្ឋក៏ថយចុះ ស្របពេលដែលការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធក៏បង្អន់ល្បឿនផងដែរ។ ក្រៅពីនេះ ការធ្លាក់ចុះនៃចំណាយរដ្ឋាភិបាលក្នុងតំបន់ និងតាមបណ្តារដ្ឋ ក៏ជាមូលហេតុដែរ។ ប្រភពបានឲ្យដឹងដែរថា អ្នកវិភាគសេដ្ឋកិច្ចភាគច្រើនបង្ហាញពីការព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលអាម៉េរិកបច្ចុប្បន្ន ដោយបង្ហាញក្តីកង្វល់ថា ឱនភាពថវិកាសហព័ន្ធអាចបន្តកើនឡើង៕ធ.ដ
-
ក្រោយបញ្ចប់សន្និសីទព័ត៌មាន លោក ដូណាល់ ត្រាំ រៀបចំចាកចេញពីប្រទេសវៀតណាមហើយ

វៀតណាម៖ សារព័ត៌មានវៀតណាមបានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមន្រ្តីអមដំណើរបានរៀបចំចាកចេញពីរដ្ឋធានីហាណូយ នៅម៉ោង៣រសៀលថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយកិច្ចប្រជុំលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលបរាជ័យ។ ប្រភពបន្តថា យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងធ្វើហោះចេញពីទីក្រុងហាណូយ នៅម៉ោងប្រហែល៤រសៀលថ្ងៃព្រហស្បតិ៍តនេះ ដែលដំបូងឡើយប្រធានាធិបតីអាម៉េរិករូបនេះ គ្រោងនឹងឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ នៅម៉ោង៦ល្ងាចថ្ងៃដដែលនេះ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាននោះ ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ បានបញ្ចប់ទៅ មុនការគ្រោងទុក ដោយពុំមានកិច្ចព្រមព្រៀងអ្វីនោះឡើយ ខណៈលោក ត្រាំ នឹងចាកចេញទៅសហរដ្ឋអាម៉េរិកវិញនៅថ្ងៃព្រហស្បត្តិ៍នេះ រីឯលោក គីម ត្រូវគេរំពឹងថា នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្រោមការអញ្ជើញរបស់មេដឹក នាំវៀតណាម៕ធ.ដ
-
ដូណាល់ ត្រាំ អះអាងថា បច្ចុប្បន្នមិនមានគម្រោងរៀបចំជំនួបកំពូលជាលើកទី៣ ជាមួយលោក គីម នោះទេ

វៀតណាម៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ចប់សន្និសីទសារព័ត៌មានរបស់លោក នៅម៉ោង២និង៥៦នាទីរសៀលថ្ងៃពុធនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ បានបិទបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា បច្ចុប្បន្នលោកមិនមានគម្រោងរៀបចំជំនួបកំពូលជាលើកទី៣ ជាមួយលោក គីម នោះទេ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា យើងនឹងបានឃើញ បើសិនជារឿងនេះកើតឡើង។ លោក គីម នឹងមិនធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលជាថ្មីទៀតនោះដែរ ហើយលោកជឿជាក់លើលោក គីម នឹងជឿថា វាគឺជាការពិត។ ដោយឡែករដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏បានបញ្ជាក់ដែរថា លោក គីម ជុងអ៊ុន ហាក់ដូចជាមិនទាន់ត្រៀមខ្លួនទទួលយកសំណើរបស់សហរដ្ឋអាម៉េរិកនោះទេ ខណៈលោក ត្រាំ អះអាងថា កិច្ចចរចាបរាជ័យដោយសារតែជជែកមិនត្រូវគ្នារឿងដកទណ្ឌកម្មពីកូរ៉េខាងជើង៕ធ.ដ