-
ដូណាល់ ត្រាំ៖ កិច្ចចរចាជាមួយលោក គីម ត្រូវបរាជ័យ ដោយសារតែទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង

វៀតណាម៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃព្រស្បត្តិ៍នេះថា ជំនួបនៃកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបរាជ័យមិនអាចឈានដល់ការចុះកិច្ចព្រមព្រៀងបាន គឺដោយសារតែទីក្រុងព្យុងយ៉ាង ទាមទារឲ្យដកទណ្ឌកម្មរបស់អន្តរជាតិដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបកំពូលជាមួយលោក គីម លោក ត្រាំ បានគូសបញ្ជាក់ថា ដំណាក់កាលដំបូង ពួកគេ (កូរ៉េខាងជើង) ចង់ឲ្យដកទណ្ឌកម្មចេញពីប្រទេសរបស់ពួកគេ ប៉ុន្តែយើងមិនអាចធ្វើដូច្នេះឡើយ ដូច្នេះយើងត្រូវតែដើរចេញពីវា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ប៉ុន្តែជាមួយគ្នានោះ នៅពុំទាន់មានការបញ្ជាក់ពីសំណាក់លោក គីម ជុងអ៊ុន នៅឡើយទេ ពាក់ព័ន្ធនឹងមូលហេតុដែលជំនួបកំពូលជាលើកទី២នេះ មិនអាចឈានដល់ការចុះកិច្ចព្រមព្រៀង ក៏ដូចជាសេចក្តីថ្លែងការណ៍រួម៕ធ.ដ
-
ជំនួបកំពូលរវាងមេដឹកនំាអាម៉េរិក-កូរ៉េខាងជើង នៅវៀតណាម បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ

វៀតណាម៖ សេតវិមានសហរដ្ឋអាម៉េរិកបានប្រកាសថា នៅក្នុងជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ ហើយថា ជំនួបផ្សេងទៀតអាចនឹងកើតមាននៅថ្ងៃអនាគត។ សេចក្តីប្រកាសរបស់សេតវិមាននាពេលនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា កាលវិភាគនៃជំនួបរវាងមេដឹកនាំទាំងពីរត្រូវបានផ្លាស់ប្ដូរភ្លាមៗ រីឯជំនួបទទួលទានអាហារពេលល្ងាចក៏ត្រូវបានលុបចោលដោយមិនបញ្ជាក់មូលហេតុថែមទៀត។ មិនតែប៉ុណ្ណោះ សេចក្តីរាយការណ៍ដ៏រសើបបំផុតមួយទៀត នោះគឺទិន្នន័យរបស់ក្រុមហ៊ុនដឹកជញ្ជូន Refinitiv អំពីនាវាដឹកប្រេងមួយគ្រឿងរបស់វៀតណាម បានដឹកជញ្ជូនប្រេងសាំង២,០០០តោន ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ដែលនេះអាចជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាម៉េរិកប្រឆាំងទីក្រុងព្យុងយ៉ាង៕ធ.ដ
-
កាលវិភាគនៃកិច្ចប្រជុំកំពូលរវាងមេដឹកសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង ត្រូវបានផ្លាស់ប្ដូរភ្លាមៗ

វៀតណាម៖ កម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវលុបចោលភ្លាមៗ ខណៈកំពុងមានសំណួរជាច្រើនជុំវិញពិធីចុះហត្ថលេខា។ ព័ត៌មានពីការប្ដូរកាលវិភាគខាងលើ ធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders ដោយលោកស្រីបានបញ្ជាក់ថា លោក ត្រាំ នឹងត្រូវត្រឡប់ទៅសណ្ឋាគាររបស់លោកវិញ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយនៅម៉ោង២រសៀលនេះ។ យ៉ាងណាមិញ លោកស្រី Sanders បានបដិសេធឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងពិធីចុះហត្ថលេខារវាងលោក ត្រាំ និងលោក គីម ដែលដំបូងឡើយគ្រោងនឹងធ្វើនៅម៉ោង២រសៀលនេះ៕ធ.ដ
-
រដ្ឋមន្ត្រីដឹកជញ្ជូនអេហ្ស៊ីបសម្រេចចិត្តលាលែងពីតំណែង ក្រោយករណីឆេះស្ថានីយរថភ្លើង ស្លាប់២០នាក់ និងរបួសជាង៦០នាក់

អេហ្ស៊ីប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែក និងបង្កទៅជាអគ្គិភ័យឆាបឆេះស្ថានីយរថភ្លើងធំបំផុតនៅទីក្រុងគែរ ផ្តាច់ជីវិតមនុស្ស២០នាក់ និងរបួសជាង៦០នាក់កាលពីថ្ងៃពុធសប្តាហ៍នេះ បានធ្វើឱ្យរដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនអេហ្ស៊ីបលោក ហេហ្សាម អារ៉ាហ្វាត់ សម្រេចចិត្តលាលែងចេញពីតំណែង។ គ្រោះអគ្គីភ័យនេះ បានកើតឡើងនៅពេលរថភ្លើងមួយខ្សែបានជ្រុលបុកខឿនផ្លូវនៅក្នុងស្ថានីយ រ៉ែមសែស ហើយក្រោយពេលកើតហេតុភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ ទៅកាន់ស្ថានីយរថភ្លើងនេះជាបន្ទាន់។ បើតាមប្រភពពីក្រុមគ្រូពេទ្យ អ្នករងរបួសភាគច្រើនស្ថិតក្នុងសភាពធ្ងន់ខ្លាំង ដែលជាហេតុធ្វើឲ្យតួលេខនៃអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ជាងនេះទៀត។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ដ៏អាក្រក់នេះភ្លាមៗ នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក ម៉ូស្តាហ្វា ម៉េដបួលី បានចុះទៅកាន់ទីកន្លែងកើតហេតុ អមដំណើរដោយមន្ត្រីពាក់ព័ន្ធនានា ក្នុងនោះក៏មានរដ្ឋមន្ត្រីដឹកជញ្ជូនលោក អារ៉ាហ្វាត់ ផងដែរ ប៉ុន្តែក្រោយពីបញ្ចប់ការត្រួតពិនិត្យស្ថានភាពជាក់ស្តែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក អារ៉ាហ្វាត់ ក៏បានប្រកាសលាលែងពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវ ទោះបីជាលោកមិនទាន់ទទួលបានការស្តីបន្ទោស ពីប្រជាជន ឬ ថ្នាក់ដឹកនំា៕ធ.ដ
-
នាយករដ្ឋមន្រ្តីប៉ាគីស្ថានអញ្ជើញភាគីឥណ្ឌាមកចរចាគ្នា

ប៉ាគីស្ថាន៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ នៅថ្ងៃពុធនេះ បានអញ្ជើញភាគីឥណ្ឌាមកធ្វើកិច្ចពិភាក្សាគ្នាស្តីពីការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្ម ក៏ដូចជាការកាត់បន្ថយភាពតានតឹងរវាងប្រទេសភូមិផងរបងជាប់គ្នា ទំាងពីរនេះ ។ ការលើកឡើងបែបនេះរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានកើតមានឡើងស្របពេលដែលលោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងសារថ្នាក់ជាតិតាមរយៈទូរទស្សន៍រដ្ឋ នៅចំពោះមុខភាពតានតឹងរវាងប្រទេសទំាងពីរ (ប៉ាគីស្ថាន-ឥណ្ឌា) បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់អត្តឃាតកាលពីពេលថ្មីៗនេះ ទៅលើមន្រ្តីឥណ្ឌានៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ការថ្លែងរបស់មេដឹកនំាប៉ាគីស្ថានខាងលើទៀតសោត ត្រូវបានធ្វើឡើងបន្ទាប់ពីយោធាប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាចំនួន២គ្រឿង និងបានចាប់ខ្លួនពីឡុតឥណ្ឌាម្នាក់ផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិក និងចិន បានធ្វើការអំពាវនាវឱ្យប្រទេសទាំងពីររក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រោះប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ និងធ្លាប់មានប្រវត្តិទាស់ទែងគ្នាជាច្រើទសវត្សរ៍មកហើយ នៅតាមតំបន់ព្រំដែន ជាពិសេសគឺតំបន់កាស្មៀរ៕ធ.ដ
-
អ្នកជំនាញនយោបាយម្នាក់អះអាងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងមិនអាចដោះស្រាយវិបត្តិនុយក្លេអ៊ែរបានឡើយ បើគ្មានកិច្ចសហការពីចិន និងរុស្ស៊ី

ចិន៖ អ្នកជំនាញនយោបាយចិនម្នាក់បានលើកឡើងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងមិនអាចដោះស្រាយបញ្ហានុយក្លេអ៊ែរនេះបានឡើយ បើពុំមានការសហការពីបណ្តាប្រទេសនៅអាស៊ីខាងកើត។ ការអះអាងនេះ កើតមានឡើងស្របពេលលោក ត្រាំ និងលោក គីម កំពុងបើកកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីជំរុញកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។ អ្នកជំនាញនយោបាយចិន លោក ជីហ្គ័ង យីន (Zhiguang Yin) បានបន្ថែមថា គ្រប់គ្នាគួរតែផ្តោតសំខាន់លើកូរ៉េខាងជើង ហើយនិងអាស៊ីខាងកើត ជាជាងទៅលើទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងតែមួយមុខ ។ លោកបានសង្កត់ធ្ងន់ទៀតថា និយាយរួមទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នឹងពុំអាចដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបាននោះទេ បើគ្មានការសហការជាមួយបណ្តាប្រទេសអាស៊ីខាងកើត ដែលស្ថិតនៅក្បែរខាងរបស់កូរ៉េខាងជើង ជាពិសេសចិន និងកូរ៉េខាងត្បូង ហើយក៏រួមមានជប៉ុន និងរុស្ស៊ីផងដែរ ៕ធ.ដ
-
ក្រុងហាណូយនាំចេញទំនិញកើនដល់២,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង២១ភាគរយ

រដ្ឋធានីហាណូយរបស់វៀតណាម នាំចេញទំនិញទៅក្រៅប្រទេសក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានតម្លៃប្រមាណ២,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការិយាល័យស្ថិតិក្រុងហាណូយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៧កុម្ភៈ។ កំណើននាំចេញនេះ សំដៅលើផលិតផលសំខាន់ៗផងដែរ ដូចជាគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ និងសម្ភារ ផលិតផលសម្លៀកបំពាក់កាត់ដេរ និងវាយនភណ្ឌ ទូរសព្ទ និងគ្រឿងបង្គុំផ្សេងៗ។ កាលពីឆ្នាំមុន ក្រុងហាណូយបាននាំចេញទំនិញទៅក្រៅប្រទេសតម្លៃ១៤,២៣ពាន់លានដុល្លារអាម៉េរិក កើនឡើង២១,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ អាម៉េរិក ជប៉ុន និងចិន នៅតែទីផ្សារដ៏ធំរបស់ក្រុងហាណូយ មានតម្លៃប្រមាណ១៦ភាគរយ សម្រាប់អាម៉េរិក ១៣ភាគរយសម្រាប់ជប៉ុន និង ១២ភាគរយសម្រាប់ចិន៕ធ.ដ
-
លោក គីម ជុងអ៊ុន បង្ហាញទំនុកចិត្តថា កិច្ចជំនួបកំពូលលើកនេះនឹងផ្តល់លទ្ធផលវិជ្ជមាន

វៀតណាម៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានភាពជឿជាក់ខ្ពស់ថា ជំនួបកំពូលលោកជាមួយលោក ដូណាល់ត្រាំ នៅទីក្រុងហាណូយ លើកនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន។ ប្រភពបានឱ្យដឹងទៀតថា លោក គីម បានប្រាប់លោក ត្រាំ ថា លោកជឿជាក់ថា លទ្ធផលជាវិជ្ជមានដ៏អស្ចារ្យនឹងសម្រេចបាននៅពេលនេះ ដែលជាលទ្ធផលទទួលបានការស្វាគមន៍ដោយមនុស្សទាំងអស់ ហើយថា លោកនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យលទ្ធផលល្អកើតឡើង។ លោក គីម ត្រូវបានប្រភពដកស្រង់សម្តីទៀតថា យើងបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីអាចជួបគ្នានៅទីក្រុងហាណូយម្តងទៀត ហើយថា មួយរយៈកន្លងមកវាជាពេលដែលត្រូវគិតពិចារណា ខិតខំប្រឹងប្រែង និងភាពអត់ធ្មត់ខ្ពស់ជាងពេលណាៗទាំងអស់។ ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺចង់សំដៅទៅលើរយៈពេលប្រាំបីខែ នៅចន្លោះរវាងកិច្ចប្រជុំទាំងពីរលើក៕ម.ន
-
ជំនួបថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង បិទបញ្ចប់ដោយជោគជ័យ

វៀតណាម៖ ជំនួបថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលជាលើកទី២ នៅសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល ក្នុងទីក្រុងហាណូយ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទបញ្ចប់នៅម៉ោង៨យប់ ថ្ងៃពុធម្សិលមិញនេះ។ ថ្លែងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរូបនេះ លោក ដូណាល់ ត្រាំ បានចាត់ទុកថា លោក គីម គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ចំណែករីឯលោក គីម វិញ ក៏បានសរសើរ និងបង្ហាញពីទំនុកចិត្តផងដែរថា ជំនួបជាមួយលោក ដូណាល់ ត្រាំ នឹងលេចចេញនូវលទ្ធផលផ្លែផ្កា។ បន្ទាប់មក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាកចេញពីសណ្ឋាគារសូហ្វីតែល លីជែន មេត្រូផូល ក្នុងទីក្រុងហាណូយ ក្នុងរយៈពេល១ម៉ោង និង៤២នាទី បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕ម.ន
-
ថៃសម្រេចផ្អាកជើងហោះហើរទៅអឺរ៉ុប ដោយសារតែភាពតានតឹងប៉ាគីស្ថាន-ឥណ្ឌា

ថៃសម្រេចផ្អាកការហោះហើរទៅកាន់ទ្វីបអឺរ៉ុប បណ្តោះអាសន្ន ក្រោយពេលប្រទេសប៉ាគីស្ថានបិទចរាចរណ៍តាមអាកាស ក្នុងពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌាកាន់តែខ្លាំង។ ក្រុមហ៊ុន Thai Airway International កាលពីថ្ងៃពុធ ទី២៧កុម្ភៈ ម្សិលមិញបានប្រកាសលុបចោលជើងហោះហើរទាំងអស់ ទាំងទៅនិងមក ប៉ាគីស្ថាន និងអឺរ៉ុប ក្រោយពេលដែលប៉ាគីស្ថាន បានសម្រេចបិទលំហរអាកាស ដោយសារតែមានភាពតានតឹងកាន់តែធ្ងន់ជាមួយប្រទេសឥណ្ឌា។ ជើងហោះហើរទាំងអស់ត្រូវត្រលប់មកចំណតអាកាសយានដ្ឋាន Suvarnabhumi ក្នុងរាជធានីបាងកកវិញ។ ដោយសារតែបារម្ភពីសុវត្ថិភាព ក្រុមហ៊ុននេះក៏បានលុបចោលជើងហោះហើរទាំង១១លើក ពីបាងកក ទៅអឺរ៉ុប។ គួរជម្រាបថា នាថ្ងៃពុធនេះយោធាប៉ាគីស្ថានបានអះអាងថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន០២គ្រឿង ដែលហោះចូលដែនអាកាសប្រទេសប៉ាគីស្ថាន ហើយចាប់បានអាកាសយានិកឥណ្ឌា ខណៈឥណ្ឌាបានអះអាងថា យោធាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងវិញរបស់ប៉ាគីស្ថាន តែខាតបង់យន្តហោះចម្បាំង MiG-21 ហើយបាត់ខ្លួនពីឡុតម្នាក់។ ហេតុការណ៍ខាងលើបានកើតឡើង នៅចំពោះមុខស្ថានការណ៍ដែលកំពុងតានតឹងស្រាប់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ក្រោយមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់កាស្មៀរ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈនេះ៕ធ.ដ