-
ជំនួបថ្ងៃទី២នៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក-កូរ៉េខាងជើង នៅប្រទេសវៀតណាម ចាប់ផ្ដើមជាផ្លូវការហើយ

វៀតណាម៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍តនេះ ជាកិច្ចចាប់ផ្ដើមជំនួបថ្ងៃទី២នៃកិច្ចប្រជុំកំពូលនៅឯសណ្ឋាគារ Hotel Metropole ក្នុងទីក្រុងហាណូយ។ សូមជម្រាបថា ក្រោយបញ្ចប់ជំនួបកំពូលជាលើកទី២នេះ លោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃព្រហស្បត្តិ៍ដដែល មុននឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំណែកលោក គីម ជុងអ៊ុន អាចនឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចំពោះការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំប្រទេសទាំងពីរ៕ធ.ដ
-
ក្នុងជំនួបកំពូលថ្ងៃដំបូង លោក ដូណាល់ត្រាំ ហៅលោក គីម ជុងអ៊ុន ថា ជាមេដឹកនាំដ៏អស្ចារ្យ

វៀតណាម: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុនថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់ នៅអំឡុងពេលបើកកិច្ចប្រជុំកំពូលលើកទី២ជាផ្លូវការនៅល្ងាចថ្ងៃពុធនេះ។ ថ្លែងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរូបនេះ លោក ត្រាំ បានថ្លែងថា «ខ្ញុំគិតថាអ្នក (លោក គីម ជុងអ៊ុន) នឹងស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសរបស់អ្នក ហើយអ្នកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ។ យើងនឹងជួយឱ្យរឿងនេះ កើតឡើង» ។ សូមបញ្ជាក់ថា ជំនួបកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធនេះ រហូតដល់ ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថានឹងនៅតែជារបៀបវារៈសំខាន់ សម្រាប់មេដឹកនាំទំាង២ ៕
-
ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរចាប់ផ្តើមជាផ្លូវការហើយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

វៀតណាម: ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានចាប់ផ្តើមប្រារព្ធឡើងជាផ្លូវការហើយ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែលមានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយអាជ្ញាធរវៀតណាម ។ជំនួបកំពូលបានចាប់ផ្តើមនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធនេះ ក្រោយពីលោក ត្រាំ និងលោក គីម ព្រមទាំងមន្ត្រីអមដំណើររៀងៗខ្លួន បានធ្វើដំណើរមកដល់សណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល។ ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមានរយៈពេល២ម៉ោង ដោយមេដឹកនាំទាំងពីរចាប់ផ្ដើមជំនួប និងស្វាគមន៍គ្នាទៅវិញមក ហើយរយៈពេល១០នាទីបន្ទាប់ មេដឹកនាំទាំងពីរនឹងជួបគ្នាមួយទល់នឹងមួយ ដោយតែអ្នកបកប្រែប៉ុណ្ណោះនៅអម (មានលក្ខណៈបិទទ្វារ)។ព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា នៅម៉ោង ៧៖០០នាទីយប់ថ្ងៃពុធដដែលនេះ ប្រមុខដឹកនាំទាំងពីរ និងមន្ត្រីអមដំណើររៀងៗខ្លួននឹងត្រូវចូលរួមផងដែរក្នុងពិធីទទួលទានអាហារពេលល្ងាច ១ម៉ោង និង៣៥នាទី ដែលរៀបចំជាផ្លូវការដោយអាជ្ញាធរវៀតណាមជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់បញ្ជីរាយនាមមុខម្ហូប ដូចកាលជំនួបកំពូលលើកទី ១ ដែលប្រារព្ធឡើងនៅសិង្ហបុរីនោះឡើយ។សូមបញ្ជាក់ថា ជំនួបកំពូលជាលើកទីពីររវាងលោក…
-
លោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម មុនពេលចូលរួមជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន

វៀតណាម៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាកចេញពីសណ្ឋាគារដែលលោកស្នាក់នៅ និងបានជួបជាមួយមេដឹកនាំវៀតណាម មុនពេលចូលរួមជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ប្រភពបន្តថា លោក ដូណាល់ ត្រាំ បានជួបជាមួយមន្រ្តីជាន់ខ្ពស់វៀតណាមនៅឯវិមានប្រធានាធិបតី ដោយរូបលោកក៏បានចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយនាយករដ្ឋមន្រ្តីវៀតណាមផងដែរ។ សូមបញ្ជាក់ថា ជំនួបកំពូលរបស់លោក ត្រំា ជាមួយមេដឹកនំាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា នឹងត្រូវប្រព្រឹត្តទៅនាល្ងាចថ្ងៃពុធនេះ នៅឯសណ្ឋាគារ Frence Quarter ក្នុងទីក្រុងហាណូយ ចំពោះ សន្តិសុខត្រូវបានរឹតបន្តឹងខ្លំាងនៅបរិវេណទីនោះ៕ធ.ដ
-
តុលាការកំពូលវេណេស៊ុយអេឡា៖ មេបក្សប្រឆាំងវេណេស៊ុយអេឡានឹងប្រឈមមុខការជាប់ពន្ធនាគារ៣០ឆ្នាំ

វេណេស៊ុយអេឡា៖ ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាម្នាក់ លោក ជូអាន ខាឡូស វ៉ាល់ឌែស បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំគណបក្សប្រឆាំង លោក ជូអាន ហ្គៃដូ ទំនងជាត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈ ពេល៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុងប្រទេសវេណេស៊ុយអេឡាវិញ ដើម្បីឲ្យអាជ្ញាធរទីក្រុងការ៉ាកាស់អនុវត្តន៍តាមនីតិវិធី។ ការលើកឡើងរបស់ចៅក្រុមតុលាការកំពូលវេណេស៊ុយអេឡាខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តពីតុលាការកំពូល ដែលហាមលោក ហ្គៃដូ ចាកចេញពីប្រទេស ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែធ្វើដំណើរ ទៅកាន់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបង្ខំដឹកនាំជំនួយអាម៉េរិកចូលក្នុងប្រទេស។ មិនតែប៉ុណ្ណោះ លោក ហ្គៃដូ បានចូលរួមក្នុងកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ភែន និងមេដឹកនាំនៅក្នុងតំបន់ជាច្រើនទៀតនៅប្រទេសកូឡុំប៊ី ក្នុងគោលបំណងស្វែងរកការដាក់សម្ពាធ និងទណ្ឌកម្មរហូតដល់ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ព្រមចុះចេញពីតំណែង៕ធ.ដ
-
លោក ដូណាល់ ត្រាំ៖ កូរ៉េខាងជើងនឹងក្លាយជាប្រទេសមានសក្តានុពលខ្លំាង បើសិនយល់ព្រមបោះចោលអាវុធនុយក្លេអ៊ែរ

វៀតណាម៖ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃពុធនេះថា កូរ៉េខាងជើងនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចប្រកបដោយសក្តានុពលខ្ពស់ និងអស្ចារ្យ បើសិនជាទីក្រុងព្យុងយ៉ាងឯកភាពរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ ប្រភពបន្តថា តាមរយៈបណ្តាញសង្គមធ្វីតធើត លោក ត្រាំ បានសរសេរសារបង្ហោះថា ប្រទេសវៀតណាមកំពុងតែរីកចម្រើន ដូចទៅនឹងកន្លែងមួយចំនួនតូចប៉ុណ្ណោះនៅលើផែនដី ហើយថា កូរ៉េខាងជើងនឹងអាចដូចគ្នា ហើយលឿនមែនទែន ប្រសិនបើបោះបង់ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល និងឱកាសដ៏កម្រអស្ចារ្យមួយសម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ។ សូមជម្រាបជូនថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទីពីររបស់លោកជាមួយប្រមុខដឹកនំាកូរ៉េខាងជើងលោក គីម នាល្ងាចថ្ងៃពុធនេះ តាមរយៈការជួបសន្ទនាមួយទល់មួយ រយៈពេល២០នាទី និងការទទួលទានអាហារជាមួយគ្នា ដែលមានរយៈពេលជាង០១ម៉ោងនិង៣០នាទី ហើយមេដឹកនាំទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃព្រហស្បត្តិស្អែកនេះ៕ធ.ដ
-
សេតវិមាន៖ ជំនួបកំពូលថ្ងៃដំបូងរវាងលោក ត្រាំ និងលោក គីម នឹងមានរយៈពេល២ម៉ោង

វៀតណាម៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបពិភាក្សាគ្នារយៈពេល២ម៉ោងនៅក្នុងថ្ងៃពុធនេះ ក្នុងថ្ងៃដំបូងនៃជំនួបកំពូលជាលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ជំនួបកំពូលជាលើកទីពីររវាងលោក ត្រាំ និងលោក គីម នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធនេះដល់ថ្ងៃព្រហស្បតិ៍តស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងការស្នើសុំដកទណ្ឌកម្មពីកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទាំងពីរ ប៉ុន្តែវានឹងត្រូវតែធ្វើឲ្យមានភាពប្រាកដប្រជា ជាងកាលពីក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី។ សេតវិមានបញ្ជាក់ទៀតថា នៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ និងលោក គីម នឹងត្រូវជួបធ្វើការស្វាគមន៍គ្នាទៅវិញទៅមកនៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល ក្នុងទីក្រុងហាណូយ ហើយ១០នាទីបន្ទាប់ មេដឹកនាំទាំងពីរនឹងជួបគ្នាក្នុងជំនួបមួយទល់នឹងមួយតាមរយៈអ្នកបកប្រែ។ សេតវិមានបន្ថែមទៀតថា នៅម៉ោង៧យប់ថ្ងៃដដែលនេះ ប្រមុខដឹកនាំទាំងពីរក៏នឹងត្រូវចូលរួមផងដែរ ក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងរយៈពេល១ម៉ោង និង៣៥នាទី៕ធ.ដ
-
ក្រុមអ្នកជំនាញព្រមានថា ជប៉ុនអាចនឹងរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងនៅ៣០ឆ្នាំខាងមុខ

ជប៉ុន៖ នៅក្នុងរបាយការណ៍ស្តីពីសកម្មភាពរញ្ជួយដី ក្រុមអ្នកជំនាញរដ្ឋាភិបាលជប៉ុនបានបង្ហាញនៅសប្តាហ៍នេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្លាំងរញ្ជួយដីក្នុងកម្រិត៧ ឬ៨ រ៉ិកទ័រ អាចនឹងកើតឡើងនៅប្រទេសជប៉ុនក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ គណៈកម្មាធិការស្រាវជ្រាវរញ្ជួយដីរបស់រដ្ឋាភិបាលជប៉ុន បានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះថា មានឱកាសច្រើនដែលថាចំណុចរញ្ជួយដីនេះនឹងស្ថិតនៅតំបន់ក្រោមសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន Japan Trench ដែលជាផ្នែកមួយនៃកងភ្លើងសមុទ្រប៉ាស៊ីហ្វិក នៅឯនាយប្រទេសជប៉ុនភាគឦសាន។ បណ្តោយឆ្នេរសមុទ្រដែលមានប្រវែង៤០,០៧២គីឡូម៉ែត្រ នៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ នឹងមានការរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងដ៏ខ្លាំង ហើយបើតាមសារព័ត៌មានSputnik បានរាយការណ៍កាលពីមុនថា ប្រហែល៩០ភាគរយនៃការរញ្ជួយដីនៅលើពិភពលោក ត្រូវបានពិនិត្យមើលឡើងវិញរហូតដល់តំបន់ជាក់លាក់នេះ។ យ៉ាងណាមិញ គណៈកម្មាធិការស្រាវជ្រាវនេះ បានបង្ហាញថា អាចមានប្រហែល០ភាគរយ(សូន្យភាគរយ) នៃការរញ្ជួយដីដែលមានកម្លាំងប្រហែល៩រ៉ិកទ័រ ដែលវាយប្រហារប្រទេសជប៉ុន ដោយសារតែរញ្ជួយដីដ៏ខ្លាំងបែបនេះបានវាយប្រហារប្រទេសជប៉ុនកាលពីខែមីនា ឆ្នាំ២០១១៕ធ.ដ
-
ជំនួបកំពូលត្រាំ-គីម គឺជាឱកាសទាក់ទាញវិនិយោគបរទេស សម្រាប់វៀតណាម

សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃទី២៧កុម្ភៈនេះថា ការរៀបចំព្រឹត្តិការណ៍នយោបាយពិភពលោកក្នុងឆ្នាំ២០១៩នេះ ដែលចង់សំដៅលើជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើង នឹងក្លាយជាឱកាសដ៏អស្ចារ្យ សម្រាប់ប្រទេសវៀតណាម ជាពិសេស ក្រុងហាណូយ ដើម្បីបង្ហាញពីភាពរឹងមាំ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងឆ្នាំ២០១៩នេះ។ ប្រភពថា ជំនួបកំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន គឺជាការបើកទំព័រថ្មី ក្នុងសមាហរណកម្មអន្តរជាតិ បន្ទាប់ពីវៀតណាមសម្រេចបានកិច្ចព្រមព្រៀង CPTPP ឬ កិច្ចព្រមព្រៀងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០១៩នេះ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ដែលបានចូលជាធរមាន ដើមឆ្នាំនេះដែរ។ សារព័ត៌មាន Vietnamnews បានបន្ថែមទៀតថា សារព័ត៌មានអន្តរជាតិបានកោតសរសើរវៀតណាមថា ជាប្រទេសជោគជ័យដ៏ខ្លាំងមួយ សម្រាប់ការទាក់ទាញ និងការវិនិយោគបរទេស៣៥,៥ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨៕ធ.ដ
-
ចិនជំរុញឲ្យប៉ាគីស្ថាន និងឥណ្ឌា ចាត់វិធានបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ

ចិន៖ ក្រសួងការបរទេសចិន បានធ្វើការអំពាវនាវយ៉ាងទទូចឲ្យភាគីពាក់ព័ន្ធ ក្នុងនោះរួមមានទាំងប៉ាគីស្ថាន និងឥណ្ឌា ចាត់វិធានការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ការអំពាវនាវរបស់ក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពីនៅថ្ងៃអង្គារនេះ យន្ដហោះចម្បាំងឥណ្ឌាជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសប៉ាគីស្ថាន សំដៅបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងមូលដ្ឋានក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថាជាជំរំពួកភេរវករ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បានចោទប្រកាន់ឥណ្ឌាថា កំពុងធ្វើសកម្មភាពបំផ្លាញដល់ស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយថា ប៉ាគីស្ថានមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពរបស់ឥណ្ឌា។ សូមជម្រាបជូនថា ភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា បានផ្ទុះឡើងក្រោយកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ត្រូវបានសម្លាប់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯតំបន់កាស្មៀ ពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន៕ធ.ដ