-
ប្រជុំគោលគំនិតដឹកនាំ និងប្រជុំគណៈកម្មការបុណ្យខួប២០ឆ្នាំ ជាមួយនឹងការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោក
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងគោលគំនិតដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក និងប្រជុំគណៈកម្មការក្នុងការត្រៀមរៀបចំអបអរសាទរខួបគម្រប់២០ឆ្នាំ ថ្ងៃកំណើតបញ្ជាដ្ឋានកងទ័ពជើងគោក នៃ ខ ភ ម ព្រមទាំងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា សារ៉ន អាននូវរបាយការណ៏សង្ខេបអំពីភារកិច្ចចំពោះមុខដែលក្នុងនោះរួមមានពង្រាងគោលគំនិតដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក ការផ្តល់ទស្សនៈ និងការផ្តល់យោបល់នូវទស្សនៈរួមមួយចំនួន ដែលពាក់ព័ន្ធគម្រោងផែនការ សកម្មភាពលើការពង្រាងគោលគំនិតដឹកនាំអនុវត្តន៍ការងារ យោធា សន្តិសុខឆ្នាំ២០១៩ របស់កងទ័ពជើងគោក ដើម្បីឲ្យការអនុវត្តភារកិច្ចចំទិសដៅ ស្របតាមទិសដៅផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការត្រៀមរៀបចំការអបអរសាទខួបអនុស្សាវរីយ៏គម្រប់ខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏បានធ្វើការពិភាគ្សាគ្នា ដើម្បីត្រៀមលក្ខណៈ រៀបចំការប្រារព្ធខួបអនុស្សាវរីយ៏គម្រប់ខួប២០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងគោក ឲ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ដួង ថ្លា នាយរងការិយាយ័យទី១ កងទ័ពជើងគោក បានអានព្រះរាជ្យក្រឹត្យ របស់ព្រះមហាក្សត្រ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល…
-
នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យចំនួន១១នាក់ ទៅតុលាការថ្ងៃនេះ
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន១១នាក់ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា ទៅកាន់តុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃ ទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ ករណីទី១ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០៩នាក់ ករណីទី២ ពាក់ព័ន្ធនឹងករណីរំលោភទំនុកចិត្តចំនួន១នាក់ និងករណីទី៣ ពាក់ព័ន្ធនឹងអំពើលួចចំនួន១នាក់ផងដែរ។ សមត្ថកិច្ចខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១១នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕
-
ប្រទេសអាល្លឺម៉ង់ផលិតដើមណូអែលធ្វើពីមាសសុទ្ធតម្លៃជាង២,៦លានដុល្លារ
អាល្លឺម៉ង់៖ ក្រុមហ៊ុនជួញដូរមាសនៅក្រុងមួយនិច ប្រទេសអាល្លឺម៉ង់ឈ្មោះថា Pro Aurum បានសម្រេចបង្កើតដើមណូអែល ដោយការផ្គុំកាក់មាស២០១៨ដុំ ឬស្មើនឹង៦៣គីឡូក្រាមនៃមាសសុទ្ធ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យណូអែល នាពេលខាងមុខនេះ។ តំណាងក្រុមហ៊ុនបញ្ជាក់ថា ដើមដើមណូអែលនេះ មានកម្ពស់៣ម៉ែត្រនេះ មានតម្លៃ២,៣លានអឺរ៉ូ ឬ ២,៦លានដុល្លារអាម៉េរិក។ វាត្រូវបានចាត់ទុកថាជា ដើមណូអែលដ៏មានតម្លៃបំផុតនៅក្នុងទ្វីបអឺរ៉ុប៕
-
ការលក់រថយន្តរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៩ភាគរយកាលពីខែមុន ដោយសារមិនសូវមានតម្រូវការ
កូរ៉េខាងត្បូង៖ ការលក់ឡានលើពិភពលោករបស់បណ្តាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ កាលពីខែមុន ដោយសារតែធ្លាក់ចុះតម្រូវការពីក្រៅប្រទេស នេះបើតាមទិន្នន័យឧស្សាហកម្មរថយន្តប្រទេសនេះ ចេញផ្សាយកាលពីម្សិលមិញ។ សរុបការលក់របស់ Hyundai Motor, Kia Motors, GM Korea, Ssangyong Motor និង Renault Samsung បានធ្លាក់ចុះមកត្រឹម៧២០៨៩២គ្រឿង កាលពីខែវិច្ឆិកា នៅក្នុងប្រទេស និងក្រៅប្រទេស ធ្លាក់ចុះ៤,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការលក់ក្នុងស្រុកធ្លាក់ចុះ០,៣៤ភាគរយ មកនៅត្រឹម១៣៩៨៦២គ្រឿង ហើយនាំចេញទៅក្រៅប្រទេសវិញ ធ្លាក់ចុះ៦ភាគរយ មកនៅត្រឹម ៥៨១០៣០ គ្រឿង។ ប្រភពថា ការនាំចេញធ្លាក់ចុះ ដោយសារតែមិនសូវមានការបញ្ជាទិញពីបណ្តាប្រទេសនានា ដូចជាសហរដ្ឋអាម៉េរិកផងដែរ៕
-
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅបីសូន្យ នៅត្រឹមឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅបីសូន្យ គឺគ្មានការឆ្លងជំងឺអេដស៍ថ្មី គ្មានការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងគ្មានស្លាប់ដោយសារជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា បានដំណើរការរយៈពេលមួយព្រឹកពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចូលរួមផងដែរ។ អង្គប្រជុំបានពិនិត្យពិភាក្សាលើសមិទ្ធផល ស្ថានភាពរាលដាលមេរោគអេដស៍ ឧបសគ្គ ឱកាស ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្ត្រពិភពលោក ព្រមទាំងគោលដៅ និងការតាំងចិត្តជាយុទ្ធសាស្ត្រជាតិ។ ក្នុងគោលបំណងនៃការសម្រេចជោគជ័យខាងលើ កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖ ១)អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។…
-
សហរដ្ឋអាម៉េរិក និងចិន ផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក និងសមភាគីចិន បានព្រមព្រៀងគ្នាផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃដើម្បីចរចាគ្នា។ យោងតាមសារព័ត៌មានរដ្ឋចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងយល់ព្រមមិនដាក់ពន្ធគយពាណិជ្ជកម្មថ្មីណាមួយទៀតនោះទេបន្ទាប់ពីថ្ងៃទី១ ខែមករា ដើម្បីបន្ដកិច្ចចរចាជាមួយអាម៉េរិក។ កិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធភាពរយៈពេល៩០ថ្ងៃ ក្រោយមេដឹកនាំមហាអំណាចទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង បានជួបគ្នាជាលើកដំបូងនៅទីក្រុង Beunos Aires បន្ទាប់ពីកិច្ចប្រជុំ G20 ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងកាលពីដើមឆ្នាំ។ គួរឲ្យដឹងថា មុនកិច្ចប្រជុំ G20 លោក ត្រាំ បានប្រាប់សារព័ត៌មានថា លោកគ្រោងនឹងបន្ដដំឡើងពន្ធ២០០ពាន់លានដុល្លារលើទំនិញចិនពី ១០% ទៅ ២៥% ប្រសិនបើកិច្ចចរចាជាមួយចិនមិនមានផ្លែផ្កានោះទេ៕
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឲ្យបង្រួបបង្រួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ប៉ូឡូញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គាដទើរ៉េស បានធ្វើការអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្រួបបង្រួមគ្នា ប្រឆាំងនឹងការកើនឡើងកំដៅសកលលោក។ ប្រមុខដឹកនាំរូបនេះបានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលថ្លែងសន្ទករថារបស់លោក នៅឯវេទិកាបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលគេស្គាល់ឈ្មោះថា COP24 ដែលបានប្រារព្ធឡើងក្នុងទីក្រុងកាតូវីស ប្រទេសប៉ូឡូញ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមានបណ្តាមេដឹកនាំចំនួន២០ប្រទេសចូលរួម ក្នុងនោះមានទាំងអូទ្រីស និងនីហ្សេរីយ៉ាផងដែរ។ នាឱកាសនោះដែរ លោក ហ្គាដទើរ៉េស បានលើកឡើងថា ការប្រមូលផ្តុំគ្នាគឺជាកត្តាដ៏សំខាន់បំផុត ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ចាប់តំាងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥កន្លងទៅ ដោយលោក ហ្គាដទើរ៉េស ថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្ទុះដូចគ្នានឹងកាលពី៣ឆ្នាំមុន សំដៅរក្សាការទុកចិត្តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាក្របខណ្ឌអន្តរជាតិមួយ ដើម្បីដោះស្រាយការកើនឡើងកំដៅរបស់ផែនដីនៅឆ្នំា២០២០ខាងមុខ៕
-
លោក ដូណាល់ ត្រាំ៖ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានឆន្ទៈក្នុងការចាប់ផ្តើមធ្វើកិច្ចពិភាក្សាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធនាថ្ងៃអនាគត ជាមួយសមភាគីចិន និងរុស្ស៊ីរបស់លោក។ លោក ត្រាំ បានសរសេរសារបង្ហោះតាមបណ្តាញសង្គមធ្វីតធើ នៅថ្ងៃច័ន្ទនេះថា រូបលោកផ្ទាល់ជឿជាក់ថា លោក និងលោក ស៊ី ជិនពីង ព្រមទាំងលោក វ៉្លាឌីមៀ ពូទីន នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាអំពីការកាត់បន្ថយនូវអ្វីដែលបានក្លាយទៅជាបញ្ហាដ៏ធំបំផុតមួយ និងការប្រកួតប្រជែងផ្នែកសព្វាវុធដែលមិនអាចគ្រប់គ្រងបាន ខណៈសហរដ្ឋអាម៉េរិកបានចំណាយប្រាក់រហូតដល់៧១៦ពាន់លានដុល្លារនៅឆ្នាំនេះ។ សូមរំលឹកថា កាលពីខែតុលាកន្លងទៅ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ហៅកាត់ថា INF ដោយអះអាងថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញាអន្តរជាតិនេះ។ យ៉ាងណាមិញ រុស្ស៊ីបានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជុំវិញបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈជំនួបរវាងលោក ពូទីន និងលោក ត្រាំ នោះ គ្រោងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅអាហ្សង់ទីន។ ប៉ុន្តែលោក…
-
ប្រមុខដឹកនាំអង្គការណាតូ ស្នើឱ្យរុស្ស៊ីបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន
បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូធែនប៊ឺគ នៅថ្ងៃច័ន្ទនេះ បានទាមទារឱ្យប្រទេសរុស្ស៊ី និងកងទ័ពជើងទឹករបស់ខ្លួន បញ្ឈប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន ហើយថែមទាំងបានបដិសេធក្នុងការសន្យាផ្តល់ជំនួយថ្មីដល់ទីក្រុងគៀវ ខណៈសម្ព័ន្ធមិត្តកំពុងព្យាយាមទប់ស្កាត់ភាពតានតឹង។ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសម្ព័ន្ធចំនួន២៩ នឹងត្រូវជួបពិភាក្សាជាមួយប្រមុខការទូតអ៊ុយក្រែននៅថ្ងៃអង្គារ៍នេះ ដើម្បីប្រឹក្សាគ្នាពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុននៅឯតំបន់ដែនសមុទ្រអាហ្សូវ ដែលជាលទ្ធផលនោះ រុស្ស៊ីបានចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែនចំនួន២៤នាក់ ហើយថែមទាំងរឹបអូសយកនាវារបស់ពួកគេចំនួន៣គ្រឿងទៀត។ ជាមួយគ្នានោះដែរ បណ្តារដ្ឋមន្ត្រីទាំងអស់ក៏នឹងធ្វើកិច្ចពិភាក្សាផងដែរ ទាក់ទិននឹងសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ស្របពេលដែលអាម៉េរិកបានប្រកាសថា ខ្លួននឹងបោះបង់ចោលវា ដោយសំអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញានេះ។ យ៉ាងណាមិញ លោក ស្តូធែនប៊ឺគ បានសន្យាថា នឹងដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព ហើយថែមទាំងអំពាវនាវជាថ្មីម្តងទៀតឲ្យរុស្ស៊ីដោះលែងក្រុមនាវិករបស់អ៊ុយក្រែន និងនាវារបស់ពួកគេ ក៏ដូចជាអនុញ្ញាតឱ្យមានការធ្វើដំណើរនៅចំណតកំពង់ផែរបស់អ៊ុយក្រែន នៅឯតំបន់ដែនសមុទ្រអាហ្សូវ៕
-
លោក មូន ជែអ៊ីន៖ លទ្ធភាពសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងមកកាន់ទីក្រុងសេអ៊ូលបានបើកចំហហើយ
កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល ត្រូវបានបើកចំហហើយ។ លោក មូន បានធ្វើការកត់សម្គាល់ដូច្នេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយជាមួយអ្នកយកព័ត៌មានក្នុងតំបន់ ស្របពេលធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសញ៊ូហ្សឺឡែន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីជាលោកប្រធាន គីម នឹងធ្វើដំណើរទស្សនកិច្ចទៅវិញទៅមកទីក្រុងសេអ៊ូលនៅក្នុងឆ្នំានេះក៏ពិតមែន ក៏ប៉ុន្តែការបំពេញទស្សនកិច្ចនេះ អាចកើតឡើងទៅបាន ក៏អាស្រ័យលើការប្តេជ្ញាចិត្តរបស់លោក គីម ផ្ទាល់ផងដែរ។ សូមរំលឹកឡើងវិញថា ក្នុងអំឡុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ លោក គីម ធ្លាប់បានសន្យាថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលវិញ ដើម្បីឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់លោក មូន មកកាន់ទីក្រុងព្យុងយ៉ាង៕