-
លោក ត្រាំ ព្រមានថានឹងដំឡើងពន្ធលើទំនិញរបស់ចិនតម្លៃ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត នៅឆ្នាំក្រោយ
សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថា ការដំឡើងពន្ធលើទំនិញរបស់ចិននាំចូលទៅអាម៉េរិកទំនងជាត្រូវបង្កើនទៀត ជាការលើកឡើង នៅមុនប៉ុន្មានថ្ងៃដែលនឹងមានជំនួបកំពូលរវាងលោកត្រាំ និងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ លោក ដូណាល់ ត្រាំបាននិយាយកាលពីម្សិលមិញថា ប្រសិនបើលោក និងលោកស៊ីមិនអាចចរចាគ្នារកដំណោះស្រាយលើបញ្ហាសង្គ្រាមពាណិជ្ជកម្មបានទេ លោកជឿជាក់ថា រដ្ឋបាលរបស់លោកនឹងបង្កើនពន្ធរាប់រយពាន់លានដុល្លារអាម៉េរិកទៀត លើទំនិញរបស់ចិននាឆ្នាំក្រោយ។ រដ្ឋបាលលោកត្រាំ មកទល់ពេលនេះ បានដំឡើងពន្ធលើមុខទំនិញរបស់ចិនតម្លៃជាង២៥០ពាន់លានដុល្លារអាម៉េរិករួចមកហើយ ជាការដំឡើងក្នុងគោលដៅដាក់សំពាធឲ្យប្រទេសនេះផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្មរបស់ខ្លួន។ ថ្លែងប្រាប់សារព័ត៌មាន The Wall Street Journal លោក ត្រាំ ថា ប្រសិនបើយើងមិនមានដំណោះស្រាយណាមួយទេ នោះខ្ញុំនឹងបន្ថែមពន្ធ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត។ ដោយលោកចង់សំដៅលើមុខទំនិញផ្សេងៗទៀតរបស់ចិន ដែលមិនទាន់ស្ថិតក្នុងការដំឡើងពន្ធ។ លោកបន្ថែមទៀតថា ដំណោះស្រាយតែមួយគត់ គឺចិនត្រូវតែបើកចំហឲ្យប្រទេសរបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក។ ក្នុងករណីដូចលោក ត្រាំ ព្រមានមែននោះ ការដំឡើងពន្ធនេះគេជឿថា នឹងឈាមដល់ការប៉ះពាល់លើផលិតផល Apple ដែលកំពុងមានរោងចក្រផលិតនៅប្រទេសចិន៕ម.ន
-
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅទីប្រជុំជនក្នុងរដ្ឋធានីនៃប្រទេសតួកគី ស្លាប់មនុស្ស៤នាក់
តួកគី៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចំទីប្រជុំជនក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បណ្តាលឲ្យនាយទាហានយ៉ាងតិច៤នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងការសង្គ្រោះបន្ទាន់ កាលពីម្សិលមិញ។ ឧទ្ធម្ភាគចក្រ UH-1 បានធ្លាក់ទៅលើដងផ្លូវមួយខ្សែដែលសម្បូរទៅដោយលំនៅឋានក្នុងសង្កាត់ Sancaktepe នៃតំបន់មានជនជាតិអាស៊ីរស់នៅច្រើន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ បើតាមសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង ឧទ្ធម្ភាគចក្រយោធាបានធ្លាក់ក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនមួយ។ ឧទ្ធម្ភាគចក្រដែលមិនត្រូវបានបញ្ជាក់ថា តើជាធុនអ្វីនោះ បានធ្លាក់បន្ទាប់ពីប៉ះជាមួយដំបូលអគារមួយខ្នង ស្របពេលព្យាយាមធ្វើការចុះចតនៅលើផ្លូវ ដោយសារតែមានបញ្ហា។មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ។ បើតាមកាសែតមួយឈ្មោះថា Hurriyet បានចេញផ្សាយថា នេះគឺជាហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រលើកទី៥ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ៕ម.ន
-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម
នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕ម.ន
-
ព្យុះ យូសាជី វាយប្រហារភាគខាងត្បូងប្រទេសវៀតណាម សម្លាប់មនុស្ស បំផ្លាញផ្ទះ និងផ្លូវជាច្រើន ហើយសាលារៀនត្រូវបិទទ្វារ
វៀតណាម៖ ព្យុះសង្ឃរា យូសាជី ដែលបានបង្កឲ្យមានការបាក់ដី នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើន ខណៈដែលកាណូត និងផ្លូវថ្នល់ជាច្រើនទៀតត្រូវបានបំផ្លិចបំផ្លាញដែរ នេះបើតាមការរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្មនៃប្រទេសវៀតណាម ចេញផ្សាយកាលពីម្សិលមិញ ចុះផ្សាយតាមរយៈសារព័ត៌មានហ្ស៊ីនហួរ។ ព្យុះសង្ឃរាដែលបានវាយប្រហារភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ ពីខេត្ត Ba Ria Vung Tau ទៅខេត្ត Ben Tre មុនពេលវិវត្តន៍ទៅជាវិសម្ពាធត្រូពិកនោះ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅក្នុងទីក្រុងហូជីមិញ ខណៈដែលកំពុងបើកម៉ូតូ ហើយក៏ត្រូវបានដើមឈើដ៏ធំរលំបាក់សង្កត់លើតែម្តង។ ប្រភពបន្តថា ព្យុះយូសាជីនេះបានបំផ្លាញផ្ទះចំនួន៥១ខ្នង នាវានិងកាណូត៤៦គ្រឿង ជនលិចដីដាំស្រូវ៧១៨ហិកតា និងដំណាំផ្សេងៗទៀត៣៨០ហិកតា ព្រមទាំងប៉ះពាល់ដល់ផ្លូវជាតិជាង១គីឡូម៉ែត្រ និងផ្លូវលំជិត៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក៏បានធ្វើឲ្យដើមឈើ១១៩ដើមដួលរលំទៀតផង។ សាលារៀនជាច្រើនក្នុងក្រុងហូជីមិញ និងខេត្ត Ninh Thuan បានបិទទ្វារដោយសារតែភ្លៀងខ្លាំង និងទឹកជំនន់។ សូមរម្លឹកថា កាលពីឆ្នាំ២០១៧ ព្យុះសង្ឃរាបានសម្លាប់មនុស្ស៣៨៦នាក់ នៅវៀតណាម បំផ្លាញផ្ទះច្រើនជាង៦០ម៉ឺនខ្នង ទំហំខូចខាតគិតជាប្រាក់មានប្រមាណ៦០លានលានដុង ឬ ២,៦ពាន់លានដុល្លារអាម៉េរិក នេះបើតាមការក្រសួងកសិកម្មរបស់វៀតណាម៕ម.ន
-
លោក ដូណាល់ ត្រាំ ជំរុញឱ្យម៉ិកស៊ិកបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងអំពាវនាវជាថ្មីទៀតលើមូលនិធិជញ្ជាំងព្រំដែន
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ម៉ិកស៊ិកគួរតែបញ្ជូនជនចំណាកស្រុកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិកនោះ វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអាម៉េរិក បានសម្រេចចិត្តបិទច្រកព្រំដែនខាងត្បូងដ៏មមាញឹកបំផុត ហើយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមជនអន្តោប្រវេសន៍។ លោក ត្រាំ បានប្តេជ្ញាថា អ្នកស្វែងរកសិទ្ធិជ្រកកោននឹងមិនអាចចូលក្នុងទឹកដីសហរដ្ឋអាម៉េរិកបានយ៉ាងងាយស្រួលនោះឡើយ ហើយបានព្រមានជាថ្មីទៀតនៅថ្ងៃច័ន្ទនេះ នឹងបិទព្រំដែនអាម៉េរិក-ម៉ិកស៊ិកដែលមានប្រវែង៣,២០០គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានធ្វើការអំពាវនាវម្តងទៀតទៅកាន់សភា ដើម្បីផ្តល់មូលនិធិសាងសង់ជញ្ជាំងព្រំដែន ដែលជាការសន្យាជាយូរមកហើយរបស់លោក ខណៈសមាជិកសភាអាម៉េរិកបានវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Thanksgiving ជាមួយមូលនិធិរដ្ឋាភិបាលសហព័ន្ធដែលនឹងផុតកំណត់នៅថ្ងៃទី០៧ ខែធ្នូខាងមុខ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ថែមទាំងគំរាមម្តងហើយម្តងទៀត ក្នុងការបិទរដ្ឋាភិបាលសហព័ន្ធ រហូតទាល់តែការសាងសង់ជញ្ជាំងព្រំដែនត្រូវបានផ្តល់មូលនិធិ៕ម.ន
-
យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA ចុះចតលើភពអង្គារដោយជោគជ័យជាប្រវត្តិសាស្ត្រ
សហរដ្ឋអាម៉េរិក៖ នៅទីបំផុតយានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការចុះចតដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ ក្រោយការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ៧ ទៅ ១០នាទីប៉ុណ្ណោះ។ យានរុករកផ្ទៃក្នុងភពអង្គារ InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ផ្ទៃភពព្រះអង្គារ Mars នៅម៉ោងប្រមាណ៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីការធ្វើដំណើរសរុបចម្ងាយ៤៨០លានគីឡូម៉ែត្រពីផែនដី។ តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល២ឆ្នាំតាមការគ្រោងទុក។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats ៕ម.ន
-
រថយន្តស្រោចកៅស៊ូ វ៉ាជែងជ្រុលទៅបុករថយន្តដឹកដែក បណ្តាលឲ្យរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្តស៊ីទែនស្រោចកៅស៊ូមួយគ្រឿង អ្នកបើកបរខ្វះការប្រុងបរយ័ត្ន បើកជែងត្រង់ចំណុចគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តកុងទីន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ និងបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ក្បែរនោះរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កជារថយន្តស្រោចកៅស៊ូពណ៌លឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6126 បើកបរល្បឿនលឿន ស្របពេលដែលមេឃកំពុងភ្លៀងរលឹម បោះពួយយ៉ាងលឿន ទៅដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកពីក្រោយ រថយន្តកុងទីន័រ ដឹកដែក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-4469 កំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត ខ្ទេចរថយន្តបង្ក និងខ្ទាតទៅប៉ះនឹងអ្នកជិះម៉ូតូធ្វើដំណើរក្បែរនោះរងរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុ តំណាងក្រុមហ៊ុនសងខាង ចេញមុខមកដោះស្រាយ សម្របសម្រួលគ្នា ដោយដឹងនូវកំហុសខ្លួនឯង បើកបរព្រហើនពេក ខ្វះការប្រុងប្រយ័ត្ន ទើបឯកភាពគ្នា…
-
អ៊ីរ៉ង់ព្រមានថា បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ត្រូវបំផ្លាញនោះ ផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាននឹងផ្ទុះឡើង
អ៊ីរ៉ង់៖ សហភាពអឺរ៉ុបទំនងជាជួបផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាន បើបណ្ដោយឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញដោយសារតែសហរដ្ឋអាម៉េរិក។ នេះបើតាមការព្រមានរបស់ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Akbar Salehi នៅក្នុងថ្ងៃច័ន្ទម្សិលមិញ។ ទោះបីយ៉ាងណាក៏ដោយ ប្រទេសជាហត្ថលេខីដូចជាអង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចិន ធ្លាប់បានបង្ហាញក្ដីសង្ឃឹមថា ពួកគេអាចនឹងបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់នៅតែគោរពតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់រូបនេះ បាននិយាយទៀតថា បើទោះជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ ព្រមទាំងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញក៏ដោយ តែសហភាពអឺរ៉ុបគួរតែជួយសង្គ្រោះកិច្ចព្រមព្រៀងមួយនេះ៕
-
មេដឹកនាំអ៊ុយក្រែនសម្រេចប្រើច្បាប់អាជ្ញាសឹក ក្រោយប៉ះទង្គិចគ្នាជាមួយរុស្ស៊ី
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃច័ន្ទនេះ បានធ្វើការចុះហត្ថលេខាលើច្បាប់អាជ្ញាសឹក ដែលការសម្រេចចិត្តនេះ ធ្វើឡើងក្រោយទូកអ៊ុយក្រែនបីគ្រឿងត្រូវបានឆ្មាំសមុទ្ររុស្ស៊ីរឹបអូសនៅឯតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនបីគ្រឿងបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ចំណែកអាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថា ទូកប្រដាប់ដោយកាំភ្លើង២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស ដោយការបាញ់ប្រហារពីភាគីរុស្ស៊ី ខណៈប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក។ សូមជម្រាបផងដែរថា ច្បាប់អាជ្ញាសឹកខាងលើ នឹងត្រូវអនុវត្តសម្រាប់រយៈពេល២ខែ ប៉ុន្តែមុននឹងត្រូវចូលជាធរមាន ទាល់តែមានការអនុម័តពីសភាអ៊ុយក្រែនជាមុនសិន ហើយគេក៏រំពឹងដែរថា ក្រុមតំណាងរាស្ត្រអ៊ុយក្រែន នឹងអនុម័តលើការប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងពេលឆាប់ៗនេះ៕
-
ក្រុមសង្គមងងឹតចិនជាង២០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបាននៅខេត្តតាកែវ
តាកែវ៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនឹងកងកម្លាំងនាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០ កម្លាំងនគរបាលខេត្ត បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ លើការឡោមព័ទ្ធគោលដៅចំនួន០៤ ស្ថិតក្នុងស្រុកពីរផ្សេងគ្នានៃខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី។ ក្នុងប្រតិបត្តិការនោះ គឺកងកម្លាំងនគរបាលបានប្រើប្រាស់កម្លាំងជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាដំបូងខេត្ត និងលោក ឃុន ភឿន ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ ធ្វើការឡោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាពក្លែងបន្លំប្រព័ន្ធគមនាគមន៍ បានចំនួនជាង២០០នាក់។ លោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា សកម្មភាពឡោមព័ទ្ធចាប់ជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណិតក្នុងពេលនេះ គឺជាសកម្មភាពធំមួយ ដោយមានការរួមគ្នាបើកប្រតិបត្តិការបង្ក្រាបលើគោលដៅចំនួន ៤ ក្នុងពេលតែមួយ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបានជនជាតិចិនទាំង៤ទីតាំង នៅក្នុងស្រុកត្រាំកក់ ២ទីតាំង និងស្រុកបាទី ២ទីតាំង សរុបមានចំនួន ២៣៥នាក់ ក្នុងនោះមានស្រី ចំនួន៣៦នាក់ ។ ទីតាំងទាំង៤…