-
ព្យុះស៊ីក្លូន Kirrily វាយប្រហារអូស្រ្តាលី ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់

កង់បេរ៉ា៖ ព្យុះស៊ីក្លូនប្រភេទទី៣ ដ៏មានឥទ្ធិពលមួយ បោកបក់ចូលភាគឦសានប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ ធ្វើឱ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ ព្យុះស៊ីក្លូនត្រូពិច Kirrily បានបោកបក់ក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាវាយប្រហារលើទីក្រុង Townsville ដែលជាផ្ទះរបស់មនុស្សប្រមាណ ១៨០,០០០នាក់ មុនពេលថមថយកម្លាំងវិញយ៉ាងឆាប់រហ័ស។ សេវាសង្គ្រោះបន្ទាន់និយាយថា ទោះបីធ្វើឱ្យមានខ្យល់បក់ខ្លាំងក៏ដោយ ក៏ព្យុះស៊ីក្លូននេះ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ និងមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ។ ប៉ុន្តែផ្ទះសម្បែងប្រហែល ៦៤,០០០កន្លែងគ្មានអគ្គិសនីប្រើប្រាស់ ហើយអ្នកស្រុកត្រូវបានអាជ្ញាធរណែនាំឱ្យដាំទឹក ដើម្បីធានាថា វាមានសុវត្ថិភាពក្នុងការបរិភោគ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន ព្យុះស៊ីក្លូនត្រូពិច Jasper បានវាយប្រហារភាគឦសាននៃប្រទេសអូស្ត្រាលី ដោយបានជន់លិចផ្លូវហាយវេធំៗ និងបាក់រលំដើមឈើជាច្រើន។ អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រមុខការទូតអាមេរិកអំពាវនាវសាជាថ្មី ឱ្យអ៊ីស្រាអែលការពារជីវិតជនស៊ីវិលនៅហ្គាហ្សា

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ បានអំពាវនាវជាថ្មីឱ្យអ៊ីស្រាអែលការពារអាយុជីវិតជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើជំរុំរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ធ្វើឱ្យមានការថ្កោលទោសដ៏កម្រពីសហរដ្ឋអាមេរិក។ អង្គការសហប្រជាជាតិនិយាយថា គ្រាប់ផ្លោងចំនួនពីរគ្រាប់បានវាយប្រហារជំរុំរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២៤ ខែមករានេះ ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់។ ជុំវិញបញ្ហានេះដែរ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា ប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានថា ជំរុំរបស់អង្គការសហប្រជាជាតិមានសារៈសំខាន់ណាស់ ហើយត្រូវតែការពារ។ លោក ប្លីងគែន និយាយថា យើងបានបញ្ជាក់ជាថ្មីអំពីការការពារអាយុជីវិតជនស៊ីវិលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ហើយលោកក៏បានសរសើរទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយមនុស្សដែលត្រូវការជំនួយជាបន្ទាន់។ លោក ប្លីងគែន បានអះអាងថា ការងារដែលអង្គការសហប្រជាជាតិកំពុងធ្វើនៅហ្គាហ្សា គឺជាការសង្គ្រោះជីវិតពិត ហើយគ្មាននរណាម្នាក់អាចធ្វើវាបានឡើយ។ គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូទី បានវាយប្រហារមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា សម្លាប់មនុស្សប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាឥតឈប់ឈរលើតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥,៧០០នាក់បានស្លាប់…
-
តៃវ៉ាន់ចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាមួយឆ្នាំ

តៃប៉ិ៖ ក្រុមទាហានថ្មីចំនួន ៦៧០នាក់ដំបូងចុះពីលើឡានក្រុង ដើរឆ្ពោះទៅកាន់ជួរក្រុមជាងកាត់សក់ ដែលកំពុងរង់ចាំកាត់សក់ពួកគេ ដើម្បីត្រៀមចូលបម្រើយោធារយៈពេលមួយឆ្នាំ។ អ្នកជ្រើសរើសថ្មីដែលមកដល់ទីក្រុង Taichung ភាគខាងលិចកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ គឺជាក្រុមទាហានដំបូងដែលចូលរួមក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំរបស់កោះតៃវ៉ាន់ ខណៈពីមុន មានរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ។ ការអូសបន្ថាយរយៈពេលបំពេញកាតព្វកិច្ចនេះ ត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ២០២២ ហើយក៏ជាផ្នែកមួយនៃផែនការរបស់អតីតប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ្ស អ៊ីងវិន ក្នុងការពង្រឹងការការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅចំពោះមុខការគំរាមកំហែងកើនឡើងផ្នែកយោធាពីប្រទេសចិន។ យោងតាមផែនការប្រកាសកន្លងមក ក្រុមអ្នកដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា នឹងឆ្លងកាត់វគ្គហ្វឹកហាត់ ដែលលំបាក និងសកម្មខ្លាំងជាងមុន ក្នុងនោះមានទាំងការហាត់បាញ់អាវុធ ការសិក្សាមេរៀនសមរភូមិ ដែលប្រើប្រាស់ដោយយោធាអាមេរិក និងការធ្វើប្រតិបត្តិការអាវុធដែលមានអានុភាពខ្ពស់ ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះជាដើម។ ទោះបីជាកោះតៃវ៉ាន់មានរដ្ឋាភិបាល រូបិយប័ណ្ណ និងយោធាផ្ទាល់ខ្លួនក៏ដោយ ក៏ប្រទេសចិនបានទាមទារកោះនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនវោហាសាស្ត្រនៃ “ការបង្រួបបង្រួម” ជារឿងជៀសមិនរួច។ ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីព្យាយាម និងនាំយកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបានរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រុមហ៊ុន GM ចាយទុន ១.៤ពាន់លានដុល្លារ អភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនីនៅប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ ក្រុមហ៊ុន General Motors នៅថ្ងៃពុធទី២៤ ខែមករានេះ ប្រកាសថា ខ្លួននឹងបោះទុនវិនិយោគជាង ១.៤ពាន់លានដុល្លារនៅប្រទេសប្រេស៊ីល ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនី នៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិកឡាទីន។ ប្រធានក្រុមហ៊ុន General Motors International លោក Shilpan Amin និយាយថា ការវិនិយោគក្នុងទំហំទឹកប្រាក់ ១.៤ពាន់លានដុល្លារនេះ នឹងផ្តោតសំខាន់លើបច្ចេកវិទ្យាថ្មី ដើម្បីជំរុញឱ្យមាននិរន្តរភាព និងបង្កើតរថយន្តអគ្គិសនីជំនាន់ក្រោយ។ លោក Amin បន្ថែមថា ផែនការអនាគតរបស់យើង គឺការផលិតរថយន្តអគ្គិសនីទាំងអស់ វាគឺជាផ្លូវទៅកាន់ការបំភាយឧស្ម័នសូន្យ។ ទន្ទឹមគ្នា ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា ដែលរដ្ឋបាលរបស់គាត់បានជំរុញក្រុមហ៊ុនរថយន្តក្នុងស្រុក ឱ្យផលិតរថយន្តអគ្គិសនី ជាជាងនាំចូល បានស្វាគមន៍ការប្រកាសនេះ។ អ្នកឆ្វេងនិយមជើងចាស់រូបនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា ការវិនិយោគនេះ កើតឡើងស្របពេលដែលកំណើនសេដ្ឋកិច្ចប្រេស៊ីលវិលត្រឡប់មកវិញ។ នៅថ្ងៃពុធសប្តាហ៍នេះដែរ លោក លូឡា ក៏បានជួបជាមួយតំណាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ដែលគ្រោងនឹងសាងសង់រោងចក្រតម្លៃជាង ៦០០លានដុល្លារនៅរដ្ឋ Bahia…
-
មេដឹកនាំតួកគី និងអ៊ីរ៉ង់ ប្តេជ្ញាទប់ស្កាត់អំពើហិង្សានៅតំបន់ហ្គាហ្សា

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅថ្ងៃពុធទី២៤ ខែមករានេះ ថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីអង់ការ៉ា បានព្រមព្រៀងគ្នាលើតម្រូវការបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ពីការលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូល។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ៃស៊ី ទៅជួបសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ កើតឡើងស្របពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សា ចាប់ផ្តើមបង្កើតភាពតានតឹង និងបង្កើនការប្រយុទ្ធគ្នានៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ តួយ៉ាង សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនៅយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេ លើផ្លូវដឹកជញ្ជូនសមុទ្រក្រហម។ លោក អឺដូហ្កាន់ ថ្លែងថា លោក និងលោក រ៉ៃស៊ី បានព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពីការវាយលុកតំបន់មជ្ឈិមបូព៌ាទាំងមូល។ លោក អឺដូហ្កាន់ បន្តថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើតម្រូវការ ក្នុងការទប់ស្កាត់អំពើហិង្សានៅហ្គាហ្សា និងបង្កើនការប្រយុទ្ធប្រឆាំងនឹង “អំពើភេរវកម្ម”។ លោក រ៉ៃស៊ី បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាសាធារណៈរបស់គាត់ថា វាចាំបាច់សម្រាប់ប្រជាជាតិទាំងអស់ ដើម្បីកម្រិតទំនាក់ទំនងរបស់ពួកគេជាមួយរបបអ៊ីស្រាអែល…
-
រុស្ស៊ីចោទអ៊ុយក្រែនបាញ់ទម្លាក់ ក្រោយមនុស្សលើយន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែនសរុប ៧៤នាក់ស្លាប់ទាំងអស់

មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធទី២៤ ខែមករានេះ ចោទប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿង មានផ្ទុកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ដែលទីក្រុងមូស្គូនិយាយថា នឹងត្រូវដោះលែងសម្រាប់ការដោះដូរអ្នកទោស។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា យន្តហោះយោធាប្រភេទដឹកជញ្ជូនមួយគ្រឿងធុន IL-76 ធ្វើដំណើរពីមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុងព្រំដែន Belgorod បានរងការវាយប្រហារដោយមីស៊ីលប្រឆាំងយន្តហោះ បណ្តាលឱ្យមនុស្សនៅលើយន្តហោះទាំងនោះបាត់បង់ជីវិត។ ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅម៉ោងប្រហែល១១និង១៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) របបអ៊ុយក្រែននៅទីក្រុងគៀវ បានប្រព្រឹត្តអំពើភេរវកម្ម ដោយការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី។ យន្តហោះនេះ បាញ់ទម្លាក់ដោយកងទ័ពអ៊ុយក្រែនចេញពីភូមិ Lyptsi ក្នុងតំបន់ Kharkiv ដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។ មីស៊ីលអ៊ុយក្រែនចំនួនពីរគ្រាប់ ត្រូវចាប់បានដោយប្រព័ន្ធរ៉ាដារបស់រុស្ស៊ី។ បើតាមក្រសួងការពារជាតិរុស្ស៊ី យោងតាមកិច្ចព្រមព្រៀងថ្មីៗនេះ ការដោះដូរឈ្លើយសឹកនឹងត្រូវធ្វើឡើងនារសៀលថ្ងៃពុធ នៅប៉ុស្តិត្រួតពិនិត្យ Kolotylivka ស្ថិតនៅតាមតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ រុស្ស៊ីនិយាយថា អ៊ុយក្រែនមិនបានខ្វល់ខ្វាយពីអាយុជីវិតពលរដ្ឋខ្លួនឡើយ ទើបបើកវាយប្រហារបែបនេះ។ យ៉ាងណាមិញ អ្នកឃ្លាំមើលសិទ្ធិអ៊ុយក្រែន លោក Dmytro Lubinets ដែលស្ថិតក្នុងចំណោមមន្ត្រីទទួលខុសត្រូវ ចំពោះការដោះដូរអ្នកទោសនិយាយថា ការិយាល័យរបស់គាត់កំពុងស៊ើបអង្កេតលើរឿងនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ភាសាអង់គ្លេស គឺជាភាសាដែលមានប្រជាជននិយាយច្រើនបំផុត

ពោលគឺមានរហូតដល់ ១,១៣ លាននាក់ក្នុងពិភពលោក ខណៈភាសាចិន (Mandarin) មានអ្នកនិយាយប្រមាណ ១,១១ លាននាក់។ ទោះបីជាភាសាចិនមានចំនួនអ្នកប្រើប្រាស់ប្រហាក់ប្រហែលទៅនឹងភាសាអង់គ្លេស ប៉ុន្ដែភាសាអង់គ្លេសជាភាសាទី ២ ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសប្រមាណ ៦៧ ក្នុងពិភពលោក ខណៈភាសាចិន ត្រូវបានប្រើប្រាស់តែក្នុង ៥តំបន់តែប៉ុណ្ណោះ។ ក្រៅពីភាសាទាំងពីរខាងលើ គេក៏ឃើញមានភាសាផ្សេងៗទៀតដែលទទួលបានការពេញនិយមក្នុងការប្រើប្រាស់ ដូចជាភាសាហិណ្ឌូ ភាសាអេស្ប៉ាញ និងភាសាបារាំង – Ethnologue via Voronoi #ams1minute
-
លោក ដូណាល់ ត្រាំ បន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ខិតជិតទៅប្រជែងតទល់ជាមួយលោក ចូ បៃឌិន

លោក ដូណាល់ ត្រាំ (Donald Trump) កាន់តែមានភាគរយច្រើន ទៅប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក តទល់ចុងក្រោយជាមួយលោក ចូ បៃឌិន ដណ្តើមយកការកាន់កាប់សេតវិមានឡើងវិញ បន្ទាប់ពីលោកបានបន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ដែលជារដ្ឋដ៏សំខាន់មួយ។ លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។ ការណ៍នេះបានធ្វើឲ្យបេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះ មានតម្រុយកាន់តែច្បាស់ដែល អាចនឹងទៅប្រជែងតទល់ ក្នុងនាមជាបេក្ខភាពប្រធានាធិបតី ជាមួយលោក ចូ បៃឌិន បេក្ខភាពនៃគណបក្សប្រជាធិបតេយ្យ អំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋ New Hampshire គឺជារដ្ឋទី២ហើយ ដែលលោកដូណាល់ ត្រាំ បានយកឈ្នះបេក្ខភាព ក្នុងបក្សសាធារណរដ្ឋដូចគ្នា អំឡុងការបោះឆ្នោតបឋមនេះ ពោលគឺបន្ទាប់ពី លោកបានឈ្នះ នៅក្នុងរដ្ឋ lowa កាលពីសប្តាហ៍មុន។ បេក្ខភាពដែលបានចាញ់លោក ត្រាំ គឺលោកស្រី Nikki…
-
មនុស្ស ៣នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតំបន់ព្រំដែនចិន-កៀហ្សុីសុីស្ថាន

ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតាមបណ្តោយតំបន់ជួរភ្នំព្រំដែនរវាងប្រទេសចិន-កៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃអង្គារទី២៣ ខែមករានេះ ធ្វើឱ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួស។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ រាយការណ៍ថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនកងកម្លាំងមួយក្រុមទៅកាន់ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ខណៈដែលមនុស្សប្រហែល ៨០០នាក់ ត្រៀមខ្លួនបំពេញបេសកកម្មសង្គ្រោះគ្រោះមហន្តរាយដ៏ធំណាមួយ។ គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមករានេះ ក្នុងជម្រៅ ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Aksu។ ដោយឡែកនៅក្បែរប្រទេសកាហ្សាក់ស្ថានឯណោះវិញ ក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានរាយការណ៍ពីករណីរញ្ជួយដីថ្មីចុងក្រោយកម្រិត ៦.៧រ៉ិចទ័រ។ អ្នកស្រុកនៅទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន គឺអាល់ម៉ាទី បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយប្រមូលផ្តុំនៅខាងក្រៅ ទោះបីជាមានអាកាសធាតុត្រជាក់ក្តី។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍អំពីការខូចខាតនោះទេ។ ក្រោយមកប្រហែល ៣០នាទីក៏មានការរញ្ជួយដីនៅប្រទេសអ៊ូសបេគីស្ថានផងដែរ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តំបន់ Xinjiang បានរងនូវការវាយប្រហារដោយការរញ្ជួយដីក្នុងកម្រិតខុសៗគ្នាប៉ុន្មានលើករួចមកហើយ។ ការរញ្ជួយដីនៅថ្ងៃអង្គារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការរអិលបាក់ដីបានកប់មនុស្សរាប់សិបនាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់នៅភាគនិរតីនៃប្រទេសចិន។ សូមរម្លឹកថា ការរញ្ជួយដីនៅខែធ្នូ នៅភាគពាយព្យនៃប្រទេសចិន បានសម្លាប់មនុស្ស ១៤៨នាក់ និងរាប់ពាន់នាក់ទៀតផ្លាស់ទីលំនៅ នៅក្នុងខេត្ត កានស៊ូ។ ការរញ្ជួយដីកាលនោះ មានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសចិន…
-
ព្យុះ Isha វាយប្រហារអង់គ្លេស កាត់ផ្តាច់ចរន្តអគ្គិសនី និងផ្អាកជើងហោះហើរជាច្រើន

ឡុងដ៍៖ មនុស្សរាប់ម៉ឺននាក់នៅទូទាំងចក្រភពអង់គ្លេស និងអៀរឡង់គ្មានអគ្គិសនីប្រើប្រាស់ នៅថ្ងៃចន្ទទី២២ ខែមករានេះ បន្ទាប់ពីព្យុះ Isha បានបោកបក់លើបណ្តាប្រទេសជាច្រើន ដោយពាំនាំខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ព្យុះ Isha បានធ្វើដំណើរក្នុងល្បឿន ១៥៩គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្លងកាត់ភាគឦសានចក្រភពអង់គ្លេស ខណៈដែលប្រទេសនេះទាំងមូល បានទទួលការព្រមានអំពីអាកាសធាតុអាក្រក់ បង្កពីព្យុះទី៩ ចាប់តាំងពីខែកញ្ញាមក។ ព្យុះ Isha ស្រដៀងគ្នានឹងព្យុះ Storm Henk ដែលបានវាយប្រហារអង់គ្លេសកាលពីដើមខែនេះ បង្កឱ្យមានទឹកជំនន់ និងការរំខានដល់សេវាកម្មរថភ្លើង និងផ្លូវថ្នល់។ ចំណែកនៅប្រទេសអៀរឡង់វិញ ព្យុះ Isha បានធ្វើឱ្យផ្ទះសម្បែងប្រហែល ២៣៥,០០០ខ្នងដាច់ចរន្តអគ្គិសនីប្រើប្រាស់។ រីឯមនុស្សប្រមណ ៤៥,០០០នាក់ផ្សេងទៀតដាច់ចរន្តអគ្គិសនីប្រើប្រាស់នៅអៀរឡង់ខាងជើង ជាទីដែលអ្នកជិះម៉ូតូម្នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យ។ខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគរព្យាករណ៍ងថា នឹងបន្តកើតមាននៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលព្យុះបន្ទាប់ក្នុងរដូវកាលនេះ មានឈ្មោះថា Jocelyn។ ចំណែកអ្នកជំនាញអាកាសធាតុនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យរដូវរងាក្នុងតំបន់កាន់តែក្តៅ និងសើម ដែលបង្កើនលទ្ធភាពកើតមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា