-
២៥ វិច្ឆិកា ២០២១

១. ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី សម្រេចបាន២៧%ហើយ ក្រោមទឹកប្រាក់សរុប ៣៥៨លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដី – AMS Central ២. រយៈកាល ១៥ឆ្នាំ កម្ពុជាសម្រេចបានលទ្ធផល ក្នុងការរំដោះផ្ទៃដីចំការមីនទំហំជាង ២៧៥គីឡូម៉ែត្រក្រឡា ព្រមទាំងកំទេចចោលនូវកាកសំណល់សង្គ្រាមជាច្រើនតោន – រស្មីកម្ពុជា ៣. សិល្បៈរបត់ស្លឹកចេក និងផ្កាភ្ញីខ្មែរ ចេញជារូបភាពជាច្រើនប្រភេទ នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងបន្តដង្ហោយហៅសិស្សចូលរៀន – RFI ៤. មហាសន្និបាត UN ទទួលស្គាល់ថាបង់ក្លាដែស ឡាវ និងនេប៉ាល់ ងើបចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច – Xinhua ៥. ក្រសួងការពារជាតិចិន៖ គ្មានឱកាសដែលចិនធ្វើការស្រុះស្រួលទេអំពីបញ្ហាតៃវ៉ាន់ ហើយអាមេរិកមិនគួរមានការយល់ច្រឡំណាមួយអំពីបញ្ហានេះឡើយ – Al Jazeera
-
ជនភៀសខ្លួន និងជនអន្ដោប្រវេសន៍យ៉ាងហោចណាស់ ២៧នាក់ ក្នុងនោះមានស្ត្រី៥នាក់ និងក្មេងស្រីម្នាក់បានស្លាប់នៅថ្ងៃទី២៤ វិច្ឆិកា ក្រោយលិចទូក នៅពេលឆ្លងកាត់ច្រកសមុទ្រ English Channel នៅចន្លោះប្រទេសបារាំង និងអង់គ្លេស

អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) ចាត់ទុកឧបទ្ទវហេតុនេះថាជាការបាត់បង់ជីវិតដ៏ធំបំផុតនៅក្នុងច្រកសមុទ្រ English Channel ចាប់តាំងពីអង្គការរបស់ខ្លួនផ្តើមប្រមូលទិន្នន័យនៅឆ្នាំ២០១៤។ ចំនួនមនុស្សប្រើប្រាស់ទូកតូចៗដើម្បីឆ្លងច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនមមាញឹក និងមានចរន្ដទឹកខ្លាំង ហើយក៏ជាផ្លូវសម្រាប់ពួកអ្នករត់គេចពន្ធប្រើប្រាស់ កើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ យោងតាមអាជ្ញាធរបារាំង មនុស្សជាង ៣១ ៥០០នាក់បានព្យាយាមឆ្លងសមុទ្រចាប់តាំងពីដើមឆ្នាំ២០២១ ហើយមនុស្ស ៧ ៨០០នាក់ត្រូវបានជួយសង្គ្រោះពីគ្រោះថ្នាក់ ដែលតួលេខនេះកើនឡើងទ្វេដង។ លោក Peter Humi អ្នកកាសែត និងអ្នកសិក្សាស្រាវជ្រាវនិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលជំរុញឱ្យមានការឆ្លងកាត់ដ៏ច្រើននេះ គឺអសន្តិសុខដែលបណ្ដាលពីសង្គ្រាមក្នុងមជ្ឈិមបូព៌ា អាហ្វហ្កានីស្ថាន រួមទាំងបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្ត។ ប្រភព៖ Al Jazeera
-
ជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ អាល្លឺម៉ង់នឹងមានអធិការបតីថ្មី លោក Olaf Scholz នៃគណបក្សប្រជាធិបតេយ្យសង្គម (SDP) ដែលជាអ្នកស្នងតំណែងពីមេដឹកនាំជើងចាស់ លោកស្រី Angela Markel

គេរំពឹងថា លោក Scholz នឹងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការកើនឡើងយ៉ាងរហ័សនៃជំងឺកូវីដ១៩ និងវិបត្តិព្រំដែននៅបេឡារូស និងអ៊ុយក្រែន បន្ទាប់ពីធ្វើសម្បថចូលកាន់តំណែងនៅដើមខែក្រោយ។ បន្ថែមលើនេះ អ្នកវិភាគភាគច្រើនរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តដំណើរតាមផ្លូវដែលកំណត់ដោយអ្នកកាន់តំណែងមុន ចំពោះបញ្ហាជាច្រើនចាប់ពីបញ្ហាក្នុងសហភាពអឺរ៉ុប រហូតដល់គោលនយោបាយពាណិជ្ជកម្ម និងការបរទេស លើកលែងតែបញ្ហាជុំវិញការចូលរួមជាមួយអាមេរិកក្នុងការដាក់សម្ពាធលើចិន និងរុស្សី ដែលអាចបង្ខំឱ្យរដ្ឋាភិបាលថ្មីនេះ ផ្លាស់ប្ដូរគោលនយោបាយចាស់ៗរបស់ខ្លួនមួយចំនួន។ ប្រភព៖ New York Times
-
ក្រុមហ៊ុន Apple បានចេញសារដាស់តឿនសកម្មជនថៃ និងអ្នកស្រាវជ្រាវមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលថា ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល

សកម្មជន និងអ្នកស្រាវជ្រាវប្រឆាំងនឹងរដ្ឋាភិបាល បានបង្ហោះរូបភាពនៃសារដែលទទួលបានពីក្រុមហ៊ុន Apple នៅក្នុងបណ្ដាញសង្គមរបស់ពួកគេ។ សារដែលបង្ហាញថា ទូរស័ព្ទរបស់ពួកគេអាចស្ថិតក្រោមការតាមដាននោះមានខ្លឹមសារថា៖ “បើទូរស័ព្ទរបស់អ្នកស្ថិតក្រោមការវាយប្រហារ ដោយភ្នាក់ងាររបស់រដ្ឋាភិបាលនោះ គេអាចប្រមូលយកទិន្នន័យសម្ងាត់ ការឆ្លើយឆ្លងរបស់អ្នក ហើយថែមទាំងអាចភ្ជាប់ចូលប្រព័ន្ធកាមេរ៉ា និងមីក្រូហ្វូនផងដែរ”។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃបានបដិសេធនឹងការអះអាងទាំងនេះ។ ប្រភព៖ Reuters
-
តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជាទៅតារាបាល់ទាត់ Ronaldo និងសង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន

-
សារសំឡេង សម្ដេចតេជោ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”

-
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលតំបន់អាស៊ី និងអឺរ៉ុប បញ្ជាក់ពីគោលបំណងទាំង៦ នៃកិច្ចប្រជុំ

ទី១៖ ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា ទី២៖ លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បីអភិបាលកិច្ចសកល ទី៣៖ លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់ ទី៤៖ ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី៥៖ ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM ទី៦៖ ដោះស្រាយបញ្ហាពហុវិស័យដូចជាការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាឆ្លងដែន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ាន។ ២៥ វិច្ឆិកា ២០២១
-
កម្ពុជា៖ ទឹកដីបេតិកភណ្ឌ វប្បធម៌ និងធនធានធម្មជាតិ 🇰🇭

-
សុន្ទរកថាសម្ដេចតេជោ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”

-
កិច្ចប្រជុំពេញអង្គរដ្ឋសភាបានបោះឆ្នោតគាំទ្រ លោក ឈាង វុន ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងលោក សួស យ៉ារ៉ា ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
