-
២១ តុលា ២០២១

១. អាជ្ញាធរ រកឃើញស្ថានីយប្រេងអន្ធនៈជិតពាក់កណ្តាលនៃស្ថានីយសរុបជាង ៨០០ បានប្រព្រឹត្តអំពើកេងចំណេញទាំងបរិមាណ និងគុណភាពពីអតិថិជន ខណៈអាជ្ញាធរព្រមានពីការព្យួរ ឬដកហូតអាជ្ញាបណ្ណ – RFI ២. ៣សប្ដាហ៍នៃខែតុលា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៥ នៅក្នុងវិស័យឧស្សាហកម្មនិងរោងចក្រ ដែលមានទុនសរុបជាង ១៩.១ លានដុល្លារ និងបង្កើតការងារជាង ៦ពាន់កន្លែង – AMS Economy ៣. មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង កំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក និងមុខម្ហូប ដូចជា ឡាប ភ្លា ដែលសុទ្ធសឹងតែជាមរតកប្រចាំខេត្តស្ទឹងត្រែង – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកជាថ្មីម្តងទៀតបានថា ប្រើប្រាស់ស្តង់ដារទ្វេ និងមានប្រតិកម្មហួសហេតុទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ – Yahoo ៥. អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងបើកដំណើរការកម្មវិធីបណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះថា TRUTH Social ដើម្បីតតាំង ជាមួយក្រុមហ៊ុនធំៗ ដូចជា Twitter និង Facebook ដែលរារាំងគាត់ពីវេទិការបស់ពួកគេ…
-
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត ខណៈពេលដែលមានការព្រួយបារម្ភថាសេតវិមានបានលាយឡំសាររបស់ខ្លួន ព្រមទាំងកំពុងមានការបែកបាក់ផ្ទៃក្នុងជុំវិញការអនុម័តច្បាប់នេះផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អត្រាគាំទ្ររបស់លោក Biden បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសមាជិកសភាមកពីគណបក្សរបស់លោកចាប់ផ្ដើមឈ្លោះប្រកែកគ្នាជុំវិញព័ត៌មានលម្អិតនៃសេចក្ដីព្រាងច្បាប់។ ជម្លោះជុំវិញសេចក្ដីព្រាងច្បាប់នេះក៏បានគំរាមកំហែងដល់សេចក្ដីព្រាងច្បាប់មួយផ្សេងទៀត ដែលគ្រោងចំណាយទឹកប្រាក់ចំនួន ១,២ទ្រីលានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធកំពុងទ្រុឌទ្រោមរបស់អាមេរិក។ ជម្លោះបែបនេះអាចធ្វើឱ្យមានការបរាជ័យការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ ហើយបង្កឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតសភាអាមេរិកនៅឆ្នាំក្រោយ។ ការស្ទង់មតិសាធារណជនបានបង្ហាញថាមានប្រជាពលរដ្ឋតិចណាស់ដែលយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីសង្គមដែលច្បាប់នេះនឹងបង្កើត។ ក្រុមអ្នកវិភាគលើកឡើងថា ដើម្បីពង្រឹងការគាំទ្រសាធារណៈ គណបក្សប្រជាធិបតេយ្យត្រូវតែកាត់បន្ថយការឈ្លោះប្រកែកគ្នាជាសាធារណៈ ហើយបង្កើតសារទំនាក់ទំនងមួយដែលខ្លីៗ ងាយយល់ សម្រាប់អប់រំដល់ពលរដ្ឋរបស់ខ្លួន។ ប្រភព៖ Insider Voice
-
មនុស្សជាង ១៥០នាក់ក្នុងប្រទេសឥណ្ឌា និងនេប៉ាល់បានស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបោកបក់ផ្ដាច់ផ្លូវ និងផ្ទះសម្បែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

មនុស្សជាង ១៥០នាក់ក្នុងប្រទេសឥណ្ឌា និងនេប៉ាល់បានស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបោកបក់ផ្ដាច់ផ្លូវ និងផ្ទះសម្បែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេស បានបង្កឱ្យមានការបាក់ដី និងបំផ្លាញសំណង់អគារជាច្រើនខ្នង។ មនុស្ស ៤៦នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងរដ្ឋ Uttarakhand ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៣៩នាក់នៅរដ្ឋ Kerala។ រីឯប្រទេសនេប៉ាល់វិញ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៧នាក់គិតត្រឹមថ្ងៃទី២០ តុលា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបីថ្ងៃជាប់គ្នានៅតំបន់ភាគខាងកើត និងខាងលិចក្បែរព្រំដែនឥណ្ឌា។ នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងជោគជាំនៅតំបន់ភាគខាងជើង ហើយអាជ្ញាធរបានបិទសាលារៀន និងហាមឃាត់រាល់សកម្មភាពសាសនា និងទេសចរណ៍នៅក្នុងរដ្ឋ។ ការរអិលបាក់ដីតែងកើតមាននៅក្នុងតំបន់ហិមាល័យ និងកើតមានកាន់តែញឹកញាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ការរលាយផ្ទាំងទឹកកក ការសាងសង់ទំនប់វារីអគ្គីសនី និងការកាប់បំផ្លាញព្រៃឈើផងដែរ។ ប្រភព៖ Aljazeera
-
ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook Inc គ្រោងនឹងប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួននៅសប្តាហ៍ក្រោយ

ព័ត៌មាននៃការកែប្រែឈ្មោះនេះ បានលេចឡើងខណៈពេលដែលក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលអាមេរិកកាន់តែច្រើនឡើងៗ អំពីការអនុវត្តអាជីវកម្មរបស់ខ្លួន។ អ្នកតាក់តែងច្បាប់មកពីគណបក្សទាំងពីរក្នុងសភាអាមេរិកតែងបង្ហាញពីការមិនពេញចិត្តចំពោះក្រុមហ៊ុនហ្វេសប៊ុក ដោយបន្តរិះគន់ក្រុមហ៊ុននេះរហូតមក។ ការផ្លាស់ប្តូរឈ្មោះថ្មីនេះ ក៏បានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់ហ្វេសប៊ុកលើការបង្កើត Metaverse ដែលជាពិភពអនឡាញមួយដែលអ្នកប្រើប្រាស់អាចប្រើឧបករណ៍ផ្សេងៗដើម្បីផ្លាស់ទី និងទំនាក់ទំនងគ្នាក្នុងមជ្ឈដ្ឋានបែបនិម្មិតបាន។ ប្រភព៖ Aljazeera
-
អង់គ្លេស និងអាឡឺម៉ង់ កំពុងរងគ្រោះដោយសារកង្វះសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន

អង់គ្លេស និងអាឡឺម៉ង់ កំពុងរងគ្រោះដោយសារកង្វះសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។ ក្រុមពាណិជ្ជកម្មក្រុងឡុងដ៍ បានព្រមានថាវិបត្តិសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនឹងបន្តដល់ឆ្នាំ២០២៣ ឬយូរជាងនេះ។ កំឡុងវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការកើនឡើងសម្រាប់ការដឹកទំនិញតាមផ្លូវអាកាស ហើយវាជាឱកាសដ៏ល្អសម្រាប់ឧស្សាហកម្មផ្នែកអាកាសចរណ៍។ ការដឹកជញ្ជូនតាមយន្តហោះ ជាវិធីសាស្ត្រមួយរហ័ស ប៉ុន្ដែវាត្រូវចំណាយច្រើនសម្រាប់វត្ថុធ្ងន់ៗ។ ទំនិញដឹកតាមអាកាសភាគច្រើនរក្សាទុកនៅក្នុងផ្នែកខាងក្រោមរបស់យន្ដហោះដឹកអ្នកដំណើរតែប៉ុណ្ណោះ។ ការកើនឡើងនេះឆ្លុះបញ្ចាំងមិនត្រឹមតែតម្រូវការខ្ពស់នោះទេតែវាក៏បញ្ជាក់ថាសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ក៏នៅខ្វះសមត្ថភាពដែរ។ តម្លៃដឹកជញ្ជូនគឺជាសមាសធាតុសំខាន់មួយនៃថ្លៃដើមពាណិជ្ជកម្ម ដូច្នេះការឡើងថ្មីនៃតម្លៃនេះបង្កជាបញ្ហាប្រឈមមួយបន្ថែមទៀតចំពោះសេដ្ឋកិច្ចពិភពលោក។ ដើម្បីកាត់បន្ថយស្ថានភាពនេះ UNCTAD បានគូសបញ្ជាក់ពីបញ្ហាចំនួនបីដែលត្រូវការ ការយកចិត្តទុកដាក់គឺ៖ ១. កែទម្រង់ការសម្របសម្រួលពាណិជ្ជកម្ម និងឱ្យប្រសើរឡើងនូវការតាមដាន ២. ការព្យាករណ៍ពាណិជ្ជកម្មតាមសមុទ្រ ៣. ពង្រឹងលទ្ធភាពប្រកួតប្រជែងថ្នាក់ជាតិ។ ប្រភព៖ UNCTAD
-
សេចក្តីសម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល

-
ចេញព្រះវស្សា

ចេញព្រះវស្សា គឺការផុតកំណត់ចាំព្រះវស្សាបីខែនៃការចូលវស្សាហើយដើម្បីចេញព្រះវស្សា នៅថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ អស្សុជ ឆ្នាំនេះ ត្រូវនឹងថ្ងៃទី២១ តុលា ភិក្ខុសង្ឃ ត្រូវធ្វើកិច្ចចេញព្រះវស្សារបស់ខ្លួនវិញដែលហៅថា “បវរណាចេញវស្សា”។ ពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯងរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គង ឬលើសបញ្ញត្តិណាមួយ ក្នុងការចាំព្រះវស្សា ៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តី និងការរង្កៀសក្តី ក៏សួមឱ្យលើកឡើង និងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បីភិក្ខុប្រព្រឹត្តខុសនោះ បានកែប្រែឱ្យប្រសើរឡើងវិញ ហើយកិច្ចនេះហៅថា “សម្តែងអាបត្តិ”។ 📸 Mardy Suong
-
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកសាលារៀនឡើងវិញគ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២១

-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ

-
រដូវប្រាំងស្នេហ៍ផ្កា រដូវវស្សាថែស្រូវ ជិះគយគន់តាមដងផ្លូវ សំដៅឆ្ពោះទៅរង្វង់មូលបន្ទាយស្រី
