-
ស្ត្រីអាយុ២១ឆ្នាំស្លាប់ដោយសារឆ្លងជម្ងឺផ្តាសាយបក្សី (Video Inside)

ស្ត្រីអាយុ ២១ឆ្នាំដែលឆ្លងជម្ងឺផ្តាសាយបក្សី ត្រូវគេរាយការណ៍នៅថ្ងៃនេះថា បានបាត់ជីវិតទៅហើយ។ ស្ត្រីអាយុ២១ឆ្នាំនោះ បានឆ្លងជម្ងឺផ្តាសាយបក្សីនៅក្នុងភូមិត្រពាំងឬស្សី, ឃុំដំណាក់សុក្រំ នៃស្រុកដងទង់ ខេត្តកំពត និងត្រូវបានបញ្ជូនមកព្យាបាលក្នុងរាជធានីភ្នំពេញតាំងពីថ្ងៃទី២៣វិច្ឆិកា។ ក្រុមគ្រូពេទ្យបាននិយាយថានាងបានបាត់បង់ជីវិតនៅថ្ងៃទី២៦វិច្ឆិកា។ ដោយឡែកកុមារីអាយុ ៤ឆ្នាំម្នាក់ ដែលបានឆ្លងជម្ងឺផ្តាសាយបក្សីនេះនៅក្នុងភូមិត្រពាំងឬស្សីផងដែរនោះ ត្រូវបានគេបញ្ជូនចេញមន្ទីរពេទ្យបង្អែកខេត្តកំពត ទៅមន្ទីរពេទ្យរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី២៨វិច្ឆិកា។ នៅក្នុងប្រទេសកម្ពុជារវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ មនុស្សដែលឆ្លងវីរុសបក្សីនេះចំនួន ៥៦ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន ៣៧នាក់។ ការស្លាប់របស់ស្ត្រីអាយុ ២១ឆ្នាំ ដោយសារជម្ងឺផ្តាសាយបក្សីនេះ គឺជាការស្លាប់លើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ។ ការស្លាប់លើកទី១ បានកើតលើកុមារីអាយុ ១១ឆ្នាំម្នាក់នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីខែកុម្ភៈកន្លងមកនេះ។
-
ស្លាប់២២នាក់ និងរបួស ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ នៃបុណ្យអុំទូក (Video Inside)

គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក មានមនុស្សស្លាប់២២នាក់ និងរងរបួសធ្ងន់ និងស្រាលចំនួន ៦៩នាក់។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថានៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ដោយមានមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ថ្ងៃទី២៧ ខែវិច្ឆិកា ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៨នាក់។ ចំណែកនៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ១៨លើក ដោយមានមនុស្សស្លាប់ ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណការរៀបចំបុណ្យអុំទូកប្រព្រឹត្តដោយជោគជ័យ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរការប្រព្រឹត្តទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃកន្លងមកនេះ បានទទួលជោគជ័យ និងមានភាពរលូនប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។ សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការ នៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។ សម្តេចធិបតីបានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក ដែលមានមនុស្សចូលរួមជាច្រើនលាននាក់នេះ បានធ្វើឱ្យពលរដ្ឋមានភាពរីករាយ និងបានបង្ហាញ «ការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប, បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី»។ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ សំ វិច្ឆិកា នៅថ្ងៃទី២៩ វិច្ឆិកានេះ បានថ្លែងរៀបរាប់ដំណើរការប្រព្រឹត្តទៅរបស់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គម «ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ពាន់ ៦១៧ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៦១៧ករណី ដែលបន្តកើនឡើងច្រើនដល់ចំនួន ១ពាន់ ៤០៩ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសសឹង្ហបុរី មានអ្នកឆ្លងចំនួន ១ពាន់ ១៩២ករណីច្រើនជាងគេ, ហ្វីលីពីន មាន ២០៨ករណី, ម៉ាឡេស៊ី មាន ១២១ករណី, ប្រុយណេ មាន ៩៥ករណី និងប្រទេសកម្ពុជា មានអ្នកឆ្លង ចំនួន ១ករណី តិចជាគេ ក្នុងចំណោមប្រទេសទាំង៥។ អាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៧ម៉ឺន ៩ពាន់ ២៧៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៨៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង…
-
ភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានអគារសិក្សាថ្មីមួយខ្នងបីបន្ទប់ (Video Inside)

ភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានអគារសិក្សាថ្មីមួយខ្នង ដែលមានបីបន្ទប់ ដែលអាចទទួលសិស្សានុសិស្សចូលរៀនបានចំនួនជិត ២០០នាក់។ ស្រុកស្វាយលើ គឺជាអតីតសមរភូមិដ៏ក្តៅគគុកមួយក្នុងជំនាន់អតីតកាលសង្គ្រាមស៊ីវិល ប៉ុន្តែក្នុងសម័យសន្តិភាពរបស់សម្តេចតេជោសែន ស្រុកស្វាយលើ បានក្លាយជាស្រុក ដែលមានសុខសន្តិភាព និងមានការរៀបចំភូមិឃុំអភិវឌ្ឍន៍គូរកត់សម្គាល់។ សូមទស្សនាសេចក្តីរាយការណ៍
-
ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)

ខ្យល់ទិសឥសាននៅបន្តធ្លាក់ ខណៈកម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម ក្នុងសប្ដាហ៍នេះ។ យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងមាន រវាងពី២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា នឹងមានរវាងពី៣០ទៅ ៣២អង្សាសេ។ ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២១ទៅ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី២៩ទៅ៣១ អង្សាសេ។ ដោយឡែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមានឹងមានរវាងពី២៤ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០ទៅ៣២ អង្សាសេ ។ នៅតំបន់ មាត់សមុទ្ទ រលកសមុទ្ទ នឹងមានកម្ពស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។
-
ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៤វិច្ឆិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផល របស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយក នៃក្រសួងដែលបានជ្រើសរើស ដើម្បីអនុវត្តន៍កំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យ របស់អាជ្ញាធរសវនកម្មជាតិ។ ធនាគារ ADB ថ្លែងថា «កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម នៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ»។ នាយិកា ADB ប្រចាំប្រទេសកម្ពុជាលោកស្រី Jyotsana Varma បានមានថ្លែងថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា»។
-
ខេត្តបួនគ្រោងប្រកាសជាខេត្តអស់គ្រាប់មីននាចុងឆ្នាំនេះ (Video Inside)

កម្ពុជាគ្រោងនឹងប្រកាសដាក់ខេត្ដចំនួនបួនទៀត ជាខេត្តអស់មីននៅចុងឆ្នាំ២០២៣នេះ។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅក្នុងពិធីបិទវគ្គជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់លើកទី៦ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានថ្លែងថាខេត្ដទាំង៤ ដែលគ្រោងនឹងប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្ដក្រចេះ ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងខេត្ដរតនគិរី។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ទៀតថាក្នុងទិសដៅឆ្នាំ២០២៤-២០២៥ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន៧ដទៃទៀត ជាខេត្តអស់គ្រាប់មីន គឺខេត្ដកោះកុង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្តរមានជ័យ និងខេត្ដព្រះវិហារ។ គិតរហូតមកទល់ពេលនេះ រាជធានីនិងខេត្តចំនួន១៤ហើយ ដែលត្រូវបានប្រកាសដាក់ជាខេត្ដគ្មានមីន ក្នុងនោះមាន៖ ខេត្តកែប ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ កម្ពុជាបានដាក់ចេញនូវគម្រោងបំបាត់គ្រាប់មីនក្នុងដីឱ្យអស់ក្នុងឆ្នាំ២០២៥។
-
រដ្ឋមន្ត្រីធនធានទឹកកម្ពុជា រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវជួបគ្នា (Video Inside)

រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជាលោក ថោ ជេដ្ឋា បានជួបជាមួយរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ លោកស្រី ប៊ូនខាំ វរៈ ដែលកិច្ចពិភាក្សាបានជំរុញលើកិច្ចសហប្រតិបត្តិការគម្រោងនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។ កម្ពុជានិងឡាវ គឺជាប្រទេសដែលមានអាងទន្លេមេគង្គរួមគ្នា និងប្រទេសទាំង២ តែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចិរភាពទន្លេមេគង្គ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីទាំង២ បានធ្វើនៅថ្ងៃទី២៤វិច្ឆិកា ក្នុងឱកាសបំពេញទស្សនកិច្ចខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨។ រដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរបស់ភាគី ឡាវ ក្នុងអាណត្តិកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គក្នុងឆ្នាំ២០២៣នេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលបន្តធ្វើកិច្ចសហការជាមួយប្រទេសឡាវ និងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀត ក្នុងក្របខណ្ឌទន្លេមេគង្គតែមួយ, ស្មារតីមេគង្គតែមួយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាននូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។
-
ស្ត្រីអាយុ២១ឆ្នាំឆ្លងផ្តាសាយបក្សីនៅកំពត (Video Inside)
