-
ប្រធានរដ្ឋនៃប្រទេសវៀតណាមនឹងបំពេញទស្សនកិច្ច២ថ្ងៃក្នុងសប្តាហ៍នេះ (Video Inside)

-
កម្ពុជាបណ្ដេញជនជាតិវៀតណាមចំនួន ២១នាក់ ចេញពីប្រទេស

ជនជាតិវៀតណាមចំនួន ២១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៩កក្កដា។ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃអង្គារនេះ បានសរសេរថា ជនជាតិវៀតណាមទាំង ២១នាក់ ដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជានោះ គឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់, គ្មានលិខិតឆ្លងដែន និងមានការជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនផងដែរ។
-
សត្វគោបីក្បាលមេកូន ត្រូវរន្ទះបាញ់សម្លាប់ នៅស្វាយរៀង (Video Inside)

សត្វគោ៣ក្បាលមេ និងកូន ត្រូវបានរន្ទះបាញ់ងាប់ទាំងអស់ នៅក្នុងហេតុការណ៍មួយនាខេត្តស្វាយរៀង។ ករណីរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី៨ ខែកក្កដា ក្នុងពេលដែលមេឃមានពពកខ្មៅ និងមានភ្លៀងរលឹមស្រិចៗ ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ នៃស្រុកស្វាយជ្រំ។ គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា តែងសម្លាប់មនុស្ស និងសត្វពាហនៈជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ដោយសារកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងនៅទូទាំងប្រទេសឡើយ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ បាតុភូតគ្រោះរន្ទះបាញ់ បានកើតឡើង ៨២លើក ក្នុងនោះបានសម្លាប់មនុស្ស ៤៥នាក់, របួស ៣៦នាក់, ងាប់គោក្របី ២៦ក្បាល និងខូចខាតផ្ទះពលរដ្ឋចំនួន ២២ខ្នង។
-
ក្រសួងសុខាភិបាលអំពាវនាវសាជាថ្មី ខណៈអ្នកស្លាប់ដោយសារសត្វត្រីក្រពតមានបន្ត (Video Inside)

-
យុវតីបីនាក់បងប្អូនស្លាប់ដោយលង់ទឹកនៅបឹង ក្នុងក្រុងតាខ្មៅ (Video Inside)

យុវតី៣នាក់ជាបងប្អូនដែលបាត់ចេញពីផ្ទះជាច្រើនម៉ោង ត្រូវបានសមត្ថកិច្ចរកឃើញសាកសពលិចនៅក្នុងទឹកបឹងមួយកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្មេងស្រីទាំងបីដែលគេមិនបញ្ចេញអត្តសញ្ញាណ ត្រូវក្រុមគ្រួសារបានថ្លែងថា ពួកគេទាំងបីបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៨កក្កដា។ យោងតាមកាមេរ៉ាសុវត្ថិភាព ក្មេងស្រីទាំងបីដែលរស់នៅក្នុង «បុរីរណបសុភមង្គល» ក្នុងក្រុងតាខ្មៅ បាននាំគ្នាដើរចេញពីផ្ទះវេលាម៉ោងប្រមាណ ៨កន្លះព្រឹក។ ក្រុមគ្រួសារក្រោយមិនឃើញក្មេងស្រីទាំងបីវិលត្រឡប់មកបាយថ្ងៃត្រង់ បានចាប់ផ្តើមដើររក និងក្រោយមកបានប្រទះឃើញសម្ភារៈស្បែកជើង និងសម្លៀកបំពាក់របស់ពួកគេ នៅក្បែរមាត់បឹងមួយ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ជាមួយនឹងការសន្និដ្ឋានថាក្មេងស្រីទាំងបីអាចលង់ទឹកក្នុងបឹងនោះ សមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយអភិបាលខេត្តថ្មី លោក គួច ចំរើន បានបញ្ជាកម្លាំងចុះរាវរកក្មេងស្រីទាំងបី។ អស់ពេលជាច្រើនម៉ោងតាំងពីល្ងាច រហូតដល់ម៉ោង១០កន្លះយប់ ទើបសមត្ថកិច្ចអាចរកឃើញសាកសពយុវតីទាំង៣នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងទឹកបឹងនោះ។ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពក្មេងស្រីទាំងបី និងបានបញ្ជាក់ថា ពួកគេពិតជាបានស្លាប់ដោយសារលង់ទឹកនោះមែន។
-
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បកស្រាយភាពចម្រូងចម្រាស់ នៃការប្រើប្រាស់ប្រព័ន្ធសូឡា (Video Inside)

ភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងតម្រូវការឱ្យប្រកាសប្រើប្រាស់ប្រព័ន្ធសូឡាណា ដែលភ្ជាប់ចរន្តអគ្គីសនីរបស់រដ្ឋ បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ត្រូវចេញមុខបកស្រាយដោយផ្ទាល់។ ប៉ុន្មានថ្ងៃមកនេះ ក្រោយមានសន្និសីទសារព័ត៌មានរបស់មន្ត្រីក្រោមឱវាទរបស់ក្រសួងរ៉ែ និងថាមពល រួចមក ក៏មានមតិរិះគន់ជាច្រើន បានលើកជាបញ្ហាសូឡានេះឡើង និងសូម្បីតែបណ្តាញផ្សព្វផ្សាយខ្លះ ដែលយល់មិនទាន់ច្បាស់ ក៏ចូលរួមការផ្សាយមិនច្បាស់របស់ខ្លួនថែមទៀត ដែលប្រញាប់ឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខបកស្រាយដោយផ្ទាល់។ តើលោករដ្ឋមន្ត្រី កែវ រតនៈ ធ្វើការបកស្រាយជុំវិញចម្ងល់ពាក់ព័ន្ធនឹងរឿងប្រព័ន្ធសូឡានេះ យ៉ាងណាខ្លះ? សូមទស្សនាដូចតទៅ
-
ព្រះមហាក្សត្រខ្មែរយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅខេត្តតាកែវ (Video Inside)

ព្រះមហាក្សត្រខ្មែរ បានយាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅក្នុងខេត្តតាកែវ។ ពិធីរុក្ខទិវា៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតរាយការណ៍
-
ស្លាប់ដោយសារទទួលទានត្រីក្រពតនៅកំពង់ឆ្នាំង (Video Inside)

បុរសវ័យ៦០ឆ្នាំម្នាក់ បានស្លាប់ដោយសារសង្ស័យថា បានពុលត្រីក្រពត បន្ទាប់ពីបានយកត្រីនោះ មកចំអិនហូបនៅខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិទី៣ នៃសង្កាត់ខ្សាម ដែលជនរងគ្រោះមានឈ្មោះ ចាន់ រដ្ឋា។ មន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានជូនដំណឹងឲ្យដឹងថា ត្រីក្រពតមានយ៉ាងហោច ៩ប្រភេទផ្សេងគ្នា ក្នុងនោះត្រីក្រពត ៥ប្រភេទ គឺជាប្រភេទត្រីដែលមានជាតិពុល។ យោងតាមក្រុមគ្រួសារជនរងគ្រោះ ការយកត្រីក្រពតមួយចំនួនបានធ្វើម្ហូបនោះ ត្រូវគេសង្ស័យថា អាចមានត្រីក្រពតមួយ ក្នុងចំណោមត្រីដែលមានជាតិពុល និងត្រូវបានគេបានហាមឃាត់។ បុរសអាយុ៦០ឆ្នាំ ក្រោយការទទួលទានរួចមក ក៏មានអាការៈវិលមុខ ក្អួតចង្អោរ វង្វេងវង្វាន់ ដៃជើងស្ពឹក និងពិកបាកក្នុងការដកដង្ហើម។ ក្រុមគ្រួសារបានប្រញាប់បញ្ជួនរូបគាត់ទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែនៅតែមិនធូរស្រាល ត្រូវបញ្ជូនបន្តមករាជធានីភ្នំពេញ។ គាត់បានបាត់បងជីវិតនៅតាមផ្លូវ ក្នុងពេលកំពុងបញ្ជូនមកពេទ្យ នៅរាជធានីភ្នំពេញនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤កក្កដាកន្លងមក នៅក្នុងខេត្តកំពង់ឆ្នាំងដដែលនោះ ក៏មានមនុស្ស ៧នាក់ ក្នុងមួយគ្រួសារបានបរិភោគត្រីក្រពតនេះ និងបានរងការពុល ប៉ុន្តែត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា នៅមន្ទីរពេទ្យបង្អែកខេត្ត។
-
ក្រុមគ្រួសារសម្តេចតេជោរៀបចំបុណ្យទៀនវស្សានៅវត្តក្តីល្វា (Video Inside)

បុណ្យទៀនព្រះវស្សាដែលមានការដុតទៀន ឬប្រទីប សម្រាប់ថ្ងៃចូលព្រះវស្សា កាន់តែរំកិលកៀកមកជាលំដាប់។ នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤, ទៀនព្រះវស្សាខ្នាតធំចំនួន ៤ដើម រួមនឹងចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគជាច្រើន ត្រូវបានយកទៅប្រគេនជូនព្រះសង្ឃ គង់ក្នុងវត្ត តាមរយៈឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន។ សូមទស្សនាសេចក្តីរាយការណ៍
-
នគរបាលហៅសារសម្លេងអះអាងការប្រើប្រាស់ Power Bank ដើម្បីលួចទិន្នន័យឯកជន តាមទូរស័ព្ទថា ជាការ «ប្រឌិតព័ត៌មានបំពុលបង្កប៉ះពាល់ដល់សន្តិសុខជាតិ» (Video Inside)

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រញាប់បដិសេធនូវសម្លេងរបស់ស្ត្រីម្នាក់ តាមរយៈប្រព័ន្ធបណ្តាញសង្គម Telegram ដែលអះអាងថា ការប្រើប្រាស់ Power Bank នឹងនាំឱ្យមានការលូចយកទិន្នន័យ ឬការលួចលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ Power Bank គឺជាឧបករណ៍សម្រាប់សាកថ្មទូរសព្ទ ដែលក្រុមជំនាញនិយាយថា វាមិនជាប់ពាក់ព័ន្ធនឹងការលួចយកទិន្នន័យការលួចលុយពីគណនីធនាគារឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៨ កក្កដាថា ការប្រើប្រាស់ Power Bank មិនអាចលួចយកទិន្នន័យ ឬលួចលុយពីគណនីធនាគារ តាមទូរសព្ទបានឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់ទុកសារសម្លេងនោះ គឺជាការ «ប្រឌិតព័ត៌មានបំពុល នាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ»។ អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវសាធារណជន មិនត្រូវចែកចាយសារសម្លេង ដែលនិយាយប្រឌិតរឿងមិនពិតនោះ បង្កឱ្យមានការភ័ន្តច្រឡំក្នុងសង្គមឡើយ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក ដែលប្រឌិតព័ត៌មាននោះ។