-
អភិបាលខេត្ត វី សំណាង ព្យាយាមបង្កើតស្នាដៃថ្មី បំបាត់ផ្សាយពាណិជ្ជកម្ម ប៉ះពាល់សុខភាព លើខេត្តតាកែវ (Video Inside)

លោកអភិបាលខេត្ត វី សំណាង ដែលធ្លាប់មានស្នាដៃជោគជ័យ លើការបំបាត់ផ្សាយពាណិជ្ជកម្មប៉ះពាល់សុខភាព នៅក្នុងខេត្តកំពង់ស្ពឺ បានបញ្ចេញស្នាដៃដូចគ្នានេះទៀត នៅក្នុងខេត្តតាកែវ។ លោក វី សំណាង ត្រូវបានផ្លាស់ចេញពីខេត្តកំពង់ស្ពឺ មកកាន់ជាអភិបាលខេត្តតាកែវ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវជាលើកដំបូង នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤ លោក វី សំណាង បានណែនាំមន្ត្រីក្រោមឱវាទ ក្នុងខេត្តតាកែវ «ត្រូវជជែកជាមួយក្រុមហ៊ុនទាំងអស់ ដែលមានដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម លើដីសាធារណៈរបស់រដ្ឋ ត្រូវងាកមកផ្សាយពាណិជ្ជកម្មទឹកសុទ្ធ ឬផ្ទាំងខ្លឹមសារអប់រំជំនួសវិញ»។ លោកបានថ្លែងថា «យើងហាមដាច់ខាតចំពោះការផ្សាយពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលបញ្ហាទាំងបីនេះ មិនត្រូវមានក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»។
-
៦នាក់ពុលត្រីក្រពតនៅកំពង់ឆ្នាំង (Video Inside)

-
ការប្រកួតយុទ្ធគុនចម្រុះអាស៊ីនៅកម្ពុជាបើកឲ្យមហាជនចូលទស្សនាឥតគិតថ្លៃ (Video Inside)

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី រយៈពេលបីថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដានេះ នឹងត្រូវបើកឱ្យមហាជនចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី រវាងពីថ្ងៃទី១១ដល់១៣កក្កដា នឹងប្រព្រឹត្តទៅនាពហុកីឡដ្ឋានជាតិអូឡាំពិក។ យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមុននេះ គណៈកម្មការរៀបចំការប្រកួត បានកំណត់ឲ្យមានការលក់សំបុត្រចូលទស្សនាសម្រាប់មហាជន ដើម្បីឲ្យស្របទៅតាមគោលការណ៍របស់កីឡាអន្តរជាតិ ពីព្រោះគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡា គឺត្រូវតែលក់សំបុត្រ។ ទោះបីជាយ៉ាងណា ពិធីបើកថ្ងៃទី១១កក្កដាចាប់ពីវេលាម៉ោង២រសៀល នឹងមិនអនុញ្ញាតឲ្យមហាជនចូលទស្សនាផ្ទាល់ឡើយ។ កីឡាយុទ្ធគុនចម្រុះ គឺជាយុទ្ធគុនដែលមានក្បាច់បញ្ចូលប្លែកៗពីគ្នា ដែលរួមមានការវាយឈរ, វាយដេក, វាយអង្គុយ, វិធីចាប់ឱបបោកចម្បាប់និងវិធីផ្សេងៗចម្រុះពីក្នុងពិភពលោក។ កម្ពុជាដែលសម្រិតសម្រាំងយកកីឡាករពូកែៗ ដើម្បីចូលរួមប្រកួតប្រជែងនោះ នឹងមិនដាក់ជើងឯកអ្នកប្រដាល់គុនខ្មែរលោក ធឿន ធារ៉ា ដើម្បីចូលរួមប្រកួតប្រជែង លើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី នៅក្នុងថ្ងៃប្រកួតទាំងបីថ្ងៃនោះឡើយ។
-
ស្នងការដ្ឋាននគរបាលរាជធានី បង្កើនការតាមដានត្រួតពិនិត្យបទល្មើសគ្រឿងញៀន (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបង្កើនការពង្រឹងតាមដានត្រួតពិនិត្យ បទល្មើសគ្រឿងញៀន ជ្រកក្រោមតាមបណ្តាក្លិប និងខារ៉ាអូខេ ក្នុងមូលដ្ឋានរបស់ខ្លួន នៅអធិការដ្ឋានក្នុងខណ្ឌទាំង១៤ ទូទាំងរាជធានី ខណៈសកម្មភាពគ្រឿងញៀន ហាក់ដូចជាមានសកម្មភាពកើនឡើងគួរកត់សម្គាល់។ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា សកម្មភាពគ្រឿងញៀនកាន់តែកើនឡើង ដោយក្នុងរយៈពេល៦ខែដើមឆ្នាំនេះ គេបានចាប់គ្រឿងញៀនចំនួនជាង ៥តោន និងបានឃាត់ជនសង្ស័យពាក់ព័ន្ធជាង ១ម៉ឺននាក់ ដែលតួលេខនេះបានកើនឡើង ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អ្នកនាំពាក្យស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងនៅថ្ងៃទី៥កក្កដានេះថា កិច្ចប្រជុំមួយរវាងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ត្រូវបានធ្វើឡើងជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីពង្រឹងការបង្ក្រាបគ្រឿងញៀនឱ្យកាន់តែខ្លាំងក្លាថែមទៀត។
-
សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដល់ស្ថាបនិកបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីស (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព អតីតស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោក រ៉ូឡង់ ឌូម៉ាស់ ដែលជាអតីតរដ្ឋមន្ត្រីការបរទេសក្នុងជំនាន់រដ្ឋាភិបាលលោក ហ្វ្រង់ស្វ័រ មីតេរ៉ង់ និងក្រោយមកគឺជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសបារាំង បានទទួលមរណភាព ក្នុងជន្មាយុ១០១ឆ្នាំ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤។ លោក រ៉ូឡង់ ឌូម៉ាស់ គឺជាអ្នកខ្នះខ្នែងដ៏ខ្លាំងក្លាបំផុតមួយ ដែលជួយកម្ពុជាបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតចូលរួមមរណទុក្ខ ទៅកាន់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង លោក ឡូរ៉ង់ ហ្វាបៀស Laurent Fabius បានថ្លែងថា «ប្រជាជនកម្ពុជា ភ្ជាប់ឈ្មោះឯកឧត្តម Roland Dumas ទៅនឹងភាពជោគជ័យ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩១»។ លិខិតបន្តថាសកម្មភាពប្តូរផ្តាច់របស់ «ឯកឧត្តម រ៉ូឡង់ ឌុយម៉ាស់ បានអនុញ្ញាតបង្កើតមានឡើង នូវលក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងបង្កើតក្របខណ្ឌ សម្រាប់កសាងប្រទេសរបស់ខ្ញុំឡើងវិញ បន្ទាប់ទទួលរងការបំផ្លិចបំផ្លាញ ដោយសង្គ្រាមជាង ២១ឆ្នាំ និងជម្លោះហែកហួរគ្នា»។…
-
សម្តេចធិបតីណែនាំការធ្វើសកម្មភាពអបអរសាទរព្រមៗគ្នាថ្ងៃ៥សីហាបើកការដ្ឋានសំណង់ ព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសាជាថ្មីនូវការត្រៀមធ្វើសកម្មព្រមៗគ្នា ទូទាំងប្រទេស នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសំណង់ ព្រែកជីកហ៊្វូណនតេជោ។ ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៥កក្កដា សម្តេចធិបតីបានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗ នៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរជាដើមព្រមៗគ្នា វេលាម៉ោង៩ព្រឹក នៅថ្ងៃទី៥សីហានោះ ស្របពេលដែលសម្តេចចុចប៊ូតុងសម្ពោធ បើកការដ្ឋានអបអរសមិទ្ធផលដ៏អស្ចារ្យនេះ។ សម្តេចធិបតីបានចាត់ទុកថ្ងៃបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោនោះគឺជា «ព្រឹត្តិការណ៍ជាតិដ៏ធំមួយ»។ ដោយឡែកនៅយប់ថ្ងៃទី៥សីហាដដែលនោះដែរ គេនឹងមានការរៀបចំប្រគំតន្ត្រី និងការបាញ់កាំជ្រួចនៅទូទាំងប្រទេស តាមដែលអាចធ្វើទៅបានថែមទៀត។ យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ការអុជកាំជ្រួច នឹងត្រូវធ្វើនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត នាវេលាម៉ោង ៧យប់ថ្ងៃទី៥សីហានោះ។
-
ទូកនេសាទលិចនៅកណ្តាលសមុទ្ទ (Video Inside)

មនុស្ស៣នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេបានលិចក្នុងសមុទ្ទ ក្នុងហេតុការណ៍ដែលមានអាកាសធាតុមិនល្អ បណ្តាលអោយមានភ្លៀង, ខ្យល់កន្ត្រាក់ និងរលកបោកបក់។ យោងតាមសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ហេតុការណ៍នេះបានកើតឡើងវេលារសៀលថ្ងៃទី៣ ខែកក្កដា ខណៈទូកនេសាទប្រវែងបណ្តោយ ១២ម៉ែត្រ និងទទឹង ២.៨ម៉ែត្រ ផ្ទុកមនុស្ស ៣នាក់នៅលើនោះ ត្រូវបានលិចចូលទៅក្នុងទឹក។ អ្នកនេសាទទាំងបីឈ្មោះ ពេជ វី អាយុ ៤៥ឆ្នាំ, ឈ្មោះ យ៉ិន ណិត អាយុ ៣២ឆ្នាំ និងឈ្មោះ ទើប ផៃ អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានជួយសង្គ្រោះក្នុងពេលនោះ។
-
បុគ្គលិកឆ្មបពេទ្យស្ទឹងត្រង់រកការពិន័យ ក្រោយយកលុយអ្នកជម្ងឺ ៣០ម៉ឺនរៀល (Video Inside)

បុគ្គលិកឆ្មបម្នាក់ នៃមន្ទីរពេទ្យបង្អែកហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម បានរងការពិន័យ ក្រោយការយកលុយ ៣០ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ ដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។ ការយកប្រាក់ពីស្ត្រីក្រីក្រឈ្មោះ ញ៉ែម សុខនាត ដែលមានកូនស្លាប់ក្នុងផ្ទៃ ក្នុងពេលនាងបានចូលសម្រាកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤ បានរងការរិះគន់តាមបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ថ្ងៃទី៤កក្កដាបានបញ្ជាក់ការរកឃើញថា ស្ត្រីជាបុគ្គលិកឆ្មបនោះ គឺពិតជាបានយកលុយពីស្ត្រីអ្នកជម្ងឺនោះមែន និងថាបុគ្គលរូបនោះត្រូវបានមន្ទីរ «ណែនាំកែលម្អដល់បុគ្គលិកឆ្មប ដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យ ដើម្បីរៀនសូត្រ និងកែប្រែខ្លួនឱ្យបានល្អ ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ»។
-
កងទ័ពមួកខៀវកម្ពុជា ២៤៤នាក់ ចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

កងទ័ពមួកខៀវកម្ពុជាចំនួន ២៤៤នាក់ ត្រូវបានបញ្ចូនទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ការចេញដំណើរនៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព នាយឧត្តមសេនីយ សែម សុវណ្ណនី បានថ្លែងក្នុងពិធីជូនដំណើរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩ពាន់ ៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន ១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស រួមមានសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
-
សម្តេចធិបតីបង្ហាញគុណភាពគ្រូបង្រៀន និងការជ្រើសរើសមនុស្សចូលបំរើការងារ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ការជ្រើសរើសមនុស្សចូលបំរើការងារ ឬគ្រប់អង្គភាព និងស្ថាប័នជំនាញណាមួយ មិនមែនចេះតែរើសដោយគ្មានការកំណត់ស្តង់ដាឡើយ។ កម្ពុជាក្នុងសម័យអតីតកាលដែលប្រទេសប្រឈមនឹងភាពខ្សត់ខ្សោយផ្នែកធនធានមនុស្ស ការរើសមនុស្សចូលបំរើការ បានធ្វើដោយមិនបានតម្រែតម្រង់ទិសដៅឱ្យបានត្រឹមត្រូវឡើយ។ ការជ្រើសរើសមនុស្សចូលបំរើការខុសជំនាញរបស់ខ្លួននោះ បានធ្វើឱ្យដំណើរអភិវឌ្ឍន៍ទៅមុខរបស់ជាតិ មានសភាពយឺតយ៉ាវ។ ថ្លែងក្នុងពិធីចូលរួមប្រគល់សញ្ញាបត្រដល់គរុនិស្សិតនាវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០២៤, សម្តេចធិបតីបានបង្ហាញសាជាថ្មី នូវការតម្រែតម្រង់ទិសជ្រើសរើសមនុស្សចូលធ្វើការងារ ក្នុងអង្គភាព ជាពិសេសការរើសនាយកសាលាបំរើក្នុងវិស័យអប់រំ។ ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាកិច្ចការអាទិភាព នៃគោលនយោបាយបញ្ចកោណទី១។ ចំណុចអាទិភាពដំបូងគេ ក្នុងចំណោមអាទិភាព៥ នៃបញ្ចកោណទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា និងការពង្រឹងការអប់រំកាយ និងកីឡា។