-
ផ្អាកការងារបណ្តោះអាសន្ននគរបាល និងមន្ត្រីជាប់កិច្ចសន្យា ដែលបង្ករបួសដល់អ្នកជិះម៉ូតូ (Video Inside)

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ និងមន្រ្តីកិច្ចសន្យាម្នាក់ទៀត ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារបានធ្វើឱ្យម៉ូតូពលរដ្ឋកំពុងជិះបានដួល។ គ្រោះថ្នាក់នេះ បានកើតឡើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ គ្រាដែលមានសេចក្តីរាយការណ៍តាមបណ្តាញសង្គមនៅថ្ងៃទី២កក្កដាបានចោទថា មាននគរបាលចរាចរណ៍បានស្ទាក់ម៉ូតូ ដោយការចាប់ចង្កូតម៉ូតូ ពេលកំពុងជិះបណ្តាលឲ្យដួលរងរបួស។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យាទាំង ២នាក់នោះ មកសាកសួរ និងខណៈកំពុងធ្វើការស៊ើបអង្កេតនេះ មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំងពីររូបនោះ ត្រូវបានផ្អាកការងារបណ្តោះអាសន្នសិន។
-
ក្រសួងការពារជាតិព្រមានបណ្តេញមន្ត្រីក្រោមបង្គាប់បើរកឃើញពាក់ព័ន្ធគ្រឿងញៀន (Video Inside)

រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលព្រមានបណ្តេញចេញពីការងារនូវមន្ត្រីយោធាណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈក្រសួងមហាផ្ទៃ និងក្រសួងស៊ីវិលនានាមួយចំនួន បានអនុវត្តការបណ្តេញចេញនេះ ជាច្រើនខែមកហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ប្រសាសន៍ព្រមានរបស់រដ្ឋមន្រ្តីការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីនាំពាក្យដដែលបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការពារជាតិដែលបញ្ជាក់ថា «ករណីដែលរកឃើញយោធិនណាម្នាក់ ប្រើប្រាស់នូវគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែងឡើយ»។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅបានជំរុញឱ្យអង្គភាពទាំងអស់ចំណុះក្រសួងការពារជាតិ ត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យរកសារធាតុញៀន ក្នុងជួរកងទ័ពថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ ក្នុងរយៈពេល៦៩ថ្ងៃ គិតត្រឹមថ្ងៃទី២៩…
-
ខេត្តបន្ទាយមានជ័យបង្ក្រាបស្លឹកក្រាក់ថំ (Video Inside)

ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបសារធាតុញៀនម្យ៉ាង ដែលផ្សំមកពីស្លឹកក្រាក់ថំ។ ស្លឹកក្រាក់ថំ គឺជាប្រភេទរុក្ខជាតិម្យ៉ាង ដែលគេផលិតជាទឹកទទួលទាន និងអាហារប្រភេទនេះ បានធ្វើឱ្យមនុស្សញៀន។ ស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិតខាងថៃ និងម៉ាឡេស៊ី ធ្លាប់បានបង្ក្រាបជារឿយៗ និងក៏ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរ តាមព្រំដែនភាគខាងលិច ធ្លាប់បានបង្ក្រាបកន្លងមកនេះផងដែរ។ អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានថ្លែងនៅថ្ងៃទី២កក្កដាថា កម្លាំងចម្រុះដឹកនាំដោយលោកអភិបាលខេត្ត អ៊ុំ រាត្រី បានចុះទៅពិនិត្យ និងហាមឃាត់ទីតាំងផលិតទឹក នៃស្លឹកក្រាក់ថំនេះ នៅទីតាំងចំនួន ៥កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ សមត្ថកិច្ចដកហូតសម្ភារៈផលិត ជាមួយនឹងទឹកច្រកដបលិតពីស្លឹកក្រាក់ថំនោះ បានជាច្រើនផងដែរ ។ មិនមានសេចក្តីរាយការណ៍ថា តើស្លឹកក្រាក់ថំនោះ ត្រូវបានកម្ពុជាចាត់បញ្ចូលជាសារធាតុគ្រឿងញៀនដែរឬយ៉ាងណាឡើយ ខណៈដែលស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិត ខាងបានចាត់វិធានការបង្ក្រាបរួចមកហើយ។
-
អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងដាក់ប្រើប្រាស់នៅចុងខែសីហា (Video Inside)

មន្ត្រីអាកាសចរស៊ីវិលកម្ពុជាបានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាលើកដំបូង នៅចុងខែសីហា ឆ្នាំ២០២៤។ មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់សម្តី ដែលប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅថ្ងៃទី២កក្កដាថា គំរោងហោះហើរនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០មិថុនា ដែលបានស្នើសុំដាក់ដំណើរការការហោះហើរជាដំបូង នូវកម្រិតក្នុងស្រុក និងឈានជាបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម និងកម្រិតធំ ជាលក្ខណៈអន្តរជាតិនាពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាការបណ្តាក់ទុន របស់ក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ នៃដំណាក់កាលទី១។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បានដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។
-
សកម្មភាពក្មេងទំនើងនៅតែផុសផុល (Video Inside)

-
ខេត្តត្បូងឃ្មុំដែលអស់គ្រាប់មីន មានមនុស្សស្លាប់ដោយសារមីនតោនផ្ទុះ (Video Inside)

ខេត្តត្បូងឃ្មុំដែលប្រកាសជាខេត្តទី៦ ដែលអស់គ្រាប់មីន មានសេចក្តីរាយការណ៍ អំពីគ្រាប់មីនបានផ្ទុះសម្លាប់បុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលបានជីកដីប៉ះចំគ្រាប់មីនតោន។ ហេតុការណ៍ផ្ទុះគ្រាប់មីនតោននេះ បានកើតឡើងវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី១កក្កដា ស្ថិតនៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង នៃស្រុកពញាក្រែក។ ជនរងគ្រោះឈ្មោះ ឡេង ថាន បានប្រើប្រាស់ចបជីក ដើម្បីជីកដីដាក់បង្គោលធ្វើរបងចំការ និងក្នុងពេលកំពុងជីកនោះ ស្រាប់តែប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះឡើង បណ្តាលឱ្យបាត់បង់ជីវិត។ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ ជាខេត្តទី៦ ដែលអស់គ្រាប់មីន។អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ មានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
-
ការដ្ឋានព្រែកជីកហ៊្វូណនតេជោ ចាប់ផ្តើមបុកគ្រឹះនៅក្នុងចំណុចភូមិព្រែកតាកែវ (Video Inside)

-
តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានបន្ដកើនឡើងតិចតួចបន្ថែមទៀត សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាង ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺកើនឡើងមកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺបានកើន ឡើងចំនួន៥០រៀល។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់៩០០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
៦ខែរកចំណូលជាង ២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរ (Video Inside)

ការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារ។ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងប្រាក់ចំណូលបានថ្លែងថា តួលេខនេះមានការកើនឡើងជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានដដែលថ្ងៃទី១កក្កដា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែមកនេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ មានចំនួន ៥២ម៉ឺន ១ពាន់ ៩៥០នាក់ ដោយរកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន ៧ពាន់ ៦៩៥ម៉ឺនដុល្លារ។
-
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាសបន្តមិនយកពន្ធលើដីធ្វើកសិកម្ម (Video Inside)
