-
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បដិសេធការផ្សាយថាមួយថ្ងៃមានអ្នកឆ្លងអេដស៍ជាងមួយពាន់នាក់ (Video Inside)

ការផ្សាយតាមបណ្តាញសង្គមដែលនិយាយថាក្នុងមួយថ្ងៃមានមនុស្សឆ្លងនឹងជម្ងឺអេដស៍ ដល់ជាងមួយពាន់នាក់ បានប្រញាប់ឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញលិខិតបដិសេធ។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ឈឹម ឃិនដារ៉េត ត្រូវបានគេដកស្រង់សម្តីដែលបានផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា មានការផ្សាយព័ត៌មានមិនពិតរឿងផ្ទុះឆ្លងជម្ងឺអេដស៍នោះ តាមបណ្តាញហ្វេសប៊ុកឈ្មោះថា NX Vanlyda។ លោកបានបដិសេធជុំវិញការផ្សាយព័ត៌មានដែលគ្មានការទទួលខុសត្រូវនោះ និងបានព្រមានម្ចាស់គណនីត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះភ្លាម។ លោកបានថ្លែងកម្ពុជារយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២២ មានអ្នកឆ្លងមេរោគអេដស៍ចំនួនសរុប ១ពាន់ ៤០០នាក់នោះ គឺក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីតែ៤នាក់ប៉ុណ្ណោះ។ លោកបានថ្លែងរំពឹងថាតួលេខក្នុងឆ្នាំ២០២៣ នឹងអាចមានភាពប្រហាក់ប្រហែលគ្នា។ យោងតាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២២ នៅកម្ពុជា មានមនុស្សប្រមាណ ៧ម៉ឺន ៦ពាន់នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧ម៉ឺន ៤ពាន់នាក់ ជាយុវជនពេញវ័យ និងប្រមាណ២ពាន់នាក់ទៀត គឺជាកុមារ។
-
ទំនិញកសិផលធ្លាក់ចុះរយៈពេល៧ខែដើមឆ្នាំ (Video Inside)

ទំនិញកសិផលនាំចេញទៅក្រៅប្រទេសក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា មានការធ្លាក់ចុះ។ យោងតាមក្រសួងកសិកម្ម, ចំណូលបានមកពីការនាំចេញទំនិញកសិកម្ម រវាងពីខែមករាដល់ខែកក្កដា មានទឹកប្រាក់ជាង២ពាន់៦០០លានដុល្លារ ដែលធ្លាក់ចុះ ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ មិនមានសេចក្តីរាយការណ៍បញ្ជាក់នូវផលប៉ះពាល់ ដែលនាំឱ្យទំនិញកសិផលបានធ្លាក់ចុះក្នុងការនាំចេញទៅក្រៅប្រទេសនេះឡើយ ខណៈដែលពិភពលោកបានរងនឹងវិបត្តិសេដ្ឋកិច្ចនេះដូចគ្នា ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ អ្នកនាំពាក្យក្រសួងកសិកម្ម ការលោកស្រី អ៊ឹម រចនា បានថ្លែងថា «ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស មាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថាមានកំណើនចំនួន ៣.៣២% ដែលនេះជាសញ្ញាណវិជ្ជមាន ឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ»។ លោកស្រីបានថ្លែងថាការកើនឡើងនេះ គឺដោយសារតែប្រទេសឥណ្ឌាបច្ចុប្បន្ន បានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន»។ លោកស្រីបានបន្តថាតម្លៃអង្ករលើទីផ្សារអន្តរជាតិ បាននិងកំពុងតែហក់ឡើង។ លោកស្រីបន្តថា កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាព ឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក, បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕
-
កម្ពុជាត្រៀមនាំចេញបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យងចូលទីផ្សារប្រទេសចិន (Video Inside)

ផលិតផលជលផលរបស់កម្ពុជាចំនួន ៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដែលរំពឹងថានឹងជួយជម្រុញកំណើនជីវភាព និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋខ្មែរ។ យោងស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី៧សីហា, ផលិតផលជលផលរបស់កម្ពុជាទាំង៤មុខនោះ រួមមានបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យង។ ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃទី៨សីហាថា ផលិតផលជលផលរបស់កម្ពុជាទាំងបួនបន្ថែម ចូលទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។ ក្រសួងកសិកម្មចាត់ទុកថានេះ គឺជាជោគជ័យថ្មីមួយទៀត នៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដែលនឹងជួយបង្កើនជីវភាព កាន់តែធូរធាដល់ប្រជាពលរដ្ឋខ្មែរ។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទរួចមកហើយ ដែលបាននាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ផលិតផលទាំងនោះ រួមមានកំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។
-
ក្រុមគ្រួសារត្រកូលហ៊ុនបន្តធ្វើបុណ្យចូលព្រះវស្សាតាមបណ្តាវត្ត (Video Inside)

ពុទ្ធបរិស័ទបានបន្តការធ្វើពិធីបុណ្យចូលព្រះវស្សាក្នុងរដូវធ្លាក់ភ្លៀង រយៈពេល៣ខែនេះ នៅតាមទីវត្តអារាមនានា ដែលជាប្រពៃណី និងទំនៀមទំលាប់របស់បុព្វបុរសខ្មែរតាំងពីសម័យដើមរៀងមក។ ក្រុមគ្រួសាររបស់ត្រកូលហ៊ុនដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានធ្វើពិធីបុណ្យចូលវស្សានេះ នៅតាមបណ្តាវត្តនានា ដែលជាបណ្តាំរបស់បុព្វបុរសដែលចែកស្ថាននោះ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក។ សូមទស្សនាសេចក្តីរាយការណ៍
-
ពលរដ្ឋជាង១០០គ្រួសារប្តឹងឧកញ៉ា ហ៊ី គឹមហុង ពីបទបោកប្រាស់លុយពលរដ្ឋច្រើនម៉ឺនដុល្លារ (Video Inside)

ប្រជាពលរដ្ឋជាង១០០គ្រួសារ បានប្តឹងឧកញ៉ារកស៊ីលក់ដីឈ្មោះ ហ៊ី គឹមហុង ក្រោយសមត្ថកិច្ចបានចាប់ខ្លួន ក្នុងហេតុការណ៍មួយ ដែលមានអ្នកក្រោមបង្គាប់បានប្រើកម្លាំងហិង្សាដាក់លើសមត្ថកិច្ច។ ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង បានចោទថាឧកញ៉ាដែលជាអគ្គនាយកក្រុមហ៊ុនដីមាសនោះ បានបោកប្រាស់ពួកគេច្រើនម៉ឺនដុល្លារដោយសារតែជំនួញដីទុច្ចរិត។ អប្សរាណិតរាយការណ៍
-
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មោទនភាពនឹងសមត្ថភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី (Video Inside)

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាក្នុងអាណ្ណត្តិ៥ឆ្នាំទៅមុខទៀតនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនឹងដាក់ចេញគោលការណ៍បញ្ចកោណ ដែលនឹងត្រូវអនុវត្តដោយគណរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ លោកបានថ្លែងថា សមាសភាពជួរអ្នកដឹកនាំរាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាមនុស្សមានសមត្ថភាព ដែលប្រសូតចេញពីជួរចង្កោមទំពាំងស្នងឫស្សី របស់គណបក្សប្រជាជនកម្ពុជា។ អប្សរាណិតរាយការណ៍
-
ពលរដ្ឋខ្មែរក្រៅប្រទេសបន្តការអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ភាពអបអរសាទររបស់ពលរដ្ឋក្នុង និងក្រៅប្រទេស ដែលគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជានៅតែបន្តថែមទៀតក្នុងថ្ងៃទី៨ សីហា ឆ្នាំ២០២៣។ ពលរដ្ឋខ្មែរដែលជាពលករបំរើការក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើសារតាមបណ្តាញសង្គមរៀងៗខ្លួន ស្វាគមន៍ដល់នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងកាន់តែវិវត្តន៍រកភាពរីកចម្រើនថ្មីថែមទៀត ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ បណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ គឺជាជនជាតិខ្មែរលើកដំបូងគេបំផុត ដែលបានប្រឡងជាប់ចូលសិក្សានៅសាលាបណ្ឌិតយោធា West Point សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស។ យុវជនពីក្រៅស្រុក បានអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាមេដឹកនាំប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីពេញលេញនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលជាថ្ងៃនៃថ្នាកដឹកនាំរបស់គណរដ្ឋមន្ត្រីថ្មី ត្រូវចូលស្បថឡើងកាន់តំណែង។
-
ថ្នាក់ដឹកនាំប្រទេសឡាវអបអរសាទរ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានអបអរបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានការត្រាស់បង្គាប់តែងតាំងពីព្រះមហាក្សត្រខ្មែរ ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ លោក ថងលុន ស៊ីសុលីត ដែលជាប្រធានរដ្ឋនៃប្រទេសឡាវ ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយនឹងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៣ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងនោះ គឺជាប្រវត្តិសាស្ត្រដែលមាន «ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា»។ លោកបានថ្លែងថាគណបក្សប្រជាជនបដិវត្តន៍ឡាវ «ជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត»។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូនោះរួចមក, ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ បានសន្យា និង «ប្តេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស, រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២»។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបទៅវិញ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ «ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី «ដែលនឹងដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត និងថា «ជាការឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំង២»។
-
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» ដល់បណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់ផ្តល់គោរមងារបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត»។ ព្រះរាជបន្ទូលត្រាស់បង្គាប់នេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ សីហា ឆ្នាំ២០២៣។ ព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ថា «ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមបំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់»។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ គឺនៅមួយថ្ងៃ បន្ទាប់ពីព្រះអង្គបានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
-
សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលកោតសរសើរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

សម្តេចម៉ែ បានធ្វើព្រះរាជសារកោតសរសើរបណ្ឌិត ហ៊ុន ម៉ាណែត និងរំពឹងថា ក្នុងរយៈពេលដឹកនាំ៥ឆ្នាំខាងមុខនេះ, ប្រទេសកម្ពុជាកាន់តែទទួលបានជោគជ័យបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាថានឹងខិតខំអស់ពីសមត្ថភាព ដើម្បីការពារព្រះរាជបល្ល័ង្គ, ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ អប្សរាណិតរាយការណ៍