-
ខេត្តឧត្តរមានជ័យចាប់ខ្លួនជនសង្ស័យដើរជ្រើសរើសទ័ពខុសច្បាប់ (Video Inside)

បុរសម្នាក់ដែលបន្លំខ្លួនជាមន្ត្រីយោធាដើរជ្រើសរើសមនុស្សចូលបំរើកងទ័ពខុសច្បាប់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ។ ជនសង្ស័យអាយុ ៤៧ឆ្នាំឈ្មោះ យ័ន្ត ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤កុម្ភៈ យោងតាមដីការរបស់អយ្យការអមតុលាការយោធាពាក់ព័ន្ធ នឹងករណីដើរជ្រើសរើសមនុស្ស ដើម្បីចូលបម្រើកងទ័ពដោយខុសច្បាប់ និងគំរាមកំហែងលើទ្រព្យសម្បត្តិពលរដ្ឋ។ ជនសង្ស័យឈ្មោះ យ័ន្ត ដារ៉ា នោះ ត្រូវគេបញ្ជាក់ថា ជាភ្នាក់ងារសន្តិសុខមួយ ប៉ុន្តែមិនបានបញ្ជាក់ថា ធ្វើការនៅកន្លែងណាមួយឡើយ។ យោងតាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក លី ដារិទ្ធ ជនសង្ស័យរូបនេះ កំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មុននឹងបញ្ជូនកាត់ទោសនៅតុលាការ។
-
គ្រួសារកុមារស្លាប់ក្នុងរថយន្តដឹកសិស្សបដិសេធសំណង (Video Inside)

ការព្យាយាមចង់សម្រុះសម្រួលផ្តល់សំណងប្រាក់ដល់កុមារាអាយុ ៤ឆ្នាំ ដែលបានស្លាប់នៅក្នុងរថយន្តដឹកសិស្សសាលា នៅក្នុងខេត្តកំពង់ធំនោះ មិនទទួលបានការយល់ព្រមពីគ្រួសារកុមាររងគ្រោះឡើយ។ កុមារាអាយុ ៤ឆ្នាំ យ៉ុម រ៉ៃយ៉ា នៃសិស្សមតេយ្យសាលាឯកជន «អន្តរជាតិកុលបុត្របញ្ញា» បានស្លាប់នៅក្នុងរថយន្តដឹកសិស្ស ក្នុងហេតុការណ៍មួយ កុមារនោះបានជាប់ក្នុងរថយន្តរយៈពេលប្រមាណជាង ៤ម៉ោងកាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៤។ ស្ត្រីជាម្ចាស់រថយន្តឈ្មោះ ឡុង ស៊ីណែត ដែលជាអ្នកបើកបរបានគេចរត់គេចខ្លួន។ ឳពុករបស់កុមារឈ្មោះ អួច យ៉េត បានថ្លែងថាខាងភាគីម្ចាស់រថយន្តកាលពីថ្ងៃទី១០កុម្ភៈ បានចាត់តំណាងចង់សុំបញ្ចប់ការប្តឹងផ្តល់នោះ ដោយការសងសំណង ៩ពាន់ដុល្លារ ប៉ុន្តែក្រុមគ្រួសាររបស់កុមារមិនយល់ព្រមឡើយ។ ស្នងការរងនគរបាលខេត្តកំពង់ធំ លោក ញ៉ែម ឈុនលី បានថ្លែងថា សមត្ថកិច្ចកំពុងតែបន្តនីតិវិធីស្នើសុំដីកា ដើម្បីតាមចាប់ខ្លួនជនសង្ស័យក្នុងករណីនោះ។
-
ប្រាក់រង្វាន់សម្តេចតេជោ ៣៤ម៉ឺន ប្រគល់ជូនកីឡាករជនពិការ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៤ម៉ឺនដុល្លារដល់គ្រូបង្វឹក, គ្រូជំនួយ និងអត្តពលិក នៃជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ត្រូវបានធ្វើក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២២។ ក្នុងការប្រកួតនាពេលនោះ ក្រុមកីឡាជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមាស ៧គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១១គ្រឿង ដែលនាំឱ្យកម្ពុជា បានស្ថិតក្នុងលំដាប់លេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស។ ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៤ម៉ឺនដុល្លារនោះ ត្រូវបានប្រគល់ឱ្យកីឡាករ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការពារជាតិ។
-
ស្នងការដ្ឋាននគរបាលរាជធានីចាត់វិធានការប្រឆាំងល្បែងផ្សងសំណាងអនឡាញខុសច្បាប់ (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រញាប់ចាត់វិធានការភ្លាមៗ ប្រឆាំងភាពផុសផុល នៃការរីកសាយល្បែងផ្សងសំណាងអនឡាញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤កុម្ភៈ បានដាក់ចេញនូវបទបញ្ជាឱ្យរាជធានី និងខេត្តទូទាំងទាំងប្រទេស ធ្វើការទប់ស្កាត់ជាបន្ទាន់នូវល្បែងផ្សងសំណាងអនឡាញនោះ។ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥កុម្ភៈនេះ, អធិការដ្ឋាននគរបាលទាំង ១៤ខណ្ឌ ត្រូវបានកោះហៅប្រជុំជាមួយនឹងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានី លោកឧត្តមសេនីយឯក ជួន ណារិន្ទ។ មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ជាង ៤០០ករណី និងមនុស្សជាង ៩០០នាក់ ត្រូវបានបង្ក្រាបក្នុងរយៈពេល៥ខែចុងក្រោយនេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងថា គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤, សមត្ថកិច្ចនគរបាល បានបង្ក្រាបល្បែងស៊ីសងសរុបចំនួន ៤២៧ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២នាក់ ក្នុងនោះរួមមាន ស្រី ៤០៤នាក់។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលត្រូវបង្ក្រាប រួមមានបញ្ហាគ្រឿងញៀន, ចរាចរណ៍, បទល្មើសព្រហ្មទណ្ឌ, ក្មេងទំនើង, ការជួញដូរមនុស្ស និងបញ្ហានានា តាមបន្ទាត់ព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក។
-
ក្រសួងបរិស្ថានបង្ហាញគម្រោងអភិវឌ្ឍសត្វខ្លាធំ នៅក្នុងព្រៃកម្ពុជា (Video Inside)

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ ដូចជាសត្វប្រើស, ខ្ទីង និងជ្រូកព្រៃជាដើម។ គួរបញ្ជាក់ថាក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក, ទ្រុងដែក, អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី និងការបន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនការលែងចូលតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ។ យោងតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានបណ្ឌិត អ៊ាង សុផល្លែត, គេគ្រោងដាក់ម៉ាស៊ីនថត ស្ថិតក្នុងចន្លោះប្រមាណមួយគីឡូម៉ែត្រពីគ្នា ដើម្បីប្រព័ន្ធកាមេរ៉ាអាចចាប់រូបភាព ដើម្បីឱ្យអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់សត្វខ្លាធំ។ គួរបញ្ជាក់ថារវាងពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៣, កាមេរ៉ាដែលបានបំពាក់មាន ចំនួន ៣៨២ទីតាំង នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាវត្តមានសត្វព្រៃ ក៏ដូចជាក្នុងគោលបំណង រៀបចំកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។ ការបំពាក់កាមេរ៉ានេះនឹងជួយផ្តល់នូវទិន្នន័យជាក់លាក់ នៃធនធានសត្វព្រៃ តើអាចមានចំនួនគ្រប់គ្រាន់សម្រាប់សត្វខ្លាធំដែរឬទេ? ឬបើក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់, តើគេត្រូវបង្កាត់ពូជសត្វព្រៃជាបន្ថែម ឬត្រូវផ្តល់សត្វគោ ឬក្របីស្រុកជំនួសជាអាហារ ក្នុងការរៀបចំផែនការអភិរក្សសត្វខ្លាធំ ក្នុងព្រៃនៃប្រទេសកម្ពុជានេះដែរឬយ៉ាងណា។ គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះ ចេញពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក…
-
កម្មវិធី Verify.gov.kh បង្កើតដោយកម្ពុជាទទួលបានជោគជ័យលេខ១ ក្នុងតំបន់ (Video Inside)

ភាពប្រកួតប្រជែងក្នុងបរិវត្តកម្មឌីជីថលក្នុងតំបន់ បានធ្វើឱ្យកម្ពុជាបានទទួលពានរង្វាន់ នៃកម្មវិធី Verify.gov.kh។ ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលបំរើការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីជោគជ័យមួយ នៃស្នាដៃបង្កើតរបស់កម្ពុជា ដែលបានជោគជ័យ និងទទួលពានរង្វាន់ក្នុងតំបន់អាស៊ានថែមទៀត។ សង្គ្រាមជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេស នៃបាតតារាងរបស់សកលលោក។ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដ នាចុងឆ្នាំ១៩៩៨ និងកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯងបន្តិចម្តងៗ ក្នុងការនាំប្រទេសចេញពីអនក្ខរភាព នៃបច្ចេកវិទ្យា និងបោះជំហានបន្តិចម្តងៗរហូតបានដូចសព្វថ្ងៃ។ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលកំពុងក្រេបជញ្ជក់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ចំណេះដឹងបច្ចេកវិទ្យា គឺជាចំណេះដឹងមួយដ៏មានសារៈសំខាន់ ពីព្រោះពិភពលោកកំពុងតែធ្វើដំណើរក្នុងរបត់បច្ចេកវិទ្យា ដែលមនុស្សម្នាក់ៗត្រូវតែរៀននូវបច្ចេកវិទ្យានេះ មិនអាចមើលរំលងចោលបានឡើយ។ សម្តេចធិបតីបានលើកទឹកចិត្តការសិក្សារៀនសូត្រ ដើម្បីបង្កើនធនធានមនុស្ស ក្នុងការជួយនាំប្រទេសជាតិ ដើម្បីសម្រេចបាននូវមហិច្ឆិតាឆ្នាំ២០៥០ នៃប្រទេសដែលមានចំណូលខ្ពស់។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គមដោយបានដាក់ចេញនូវក្របខណ្ឌនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២១-២០៣៥ ដែលមានចក្ខុវិស័យកសាងសង្គមសេដ្ឋកិច្ចឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជម្រុញការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និងធុរជន ដើម្បីជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម។…
-
សម្តេចធិបតី និងលោកជំទាវ ត្រៀមបំពេញទស្សនកិច្ចនៅអូស្ត្រាលី (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ត្រៀមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី រយៈពេល ៤ថ្ងៃ នាដើមខែមីនាខាងមុខនេះ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី២ ដល់ ៦មីនា សម្តេចធិបតីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន និងមានគម្រោងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងទៀត។
-
គជបព្រមានចាត់វិធានការច្បាប់ដល់គណបក្សមួយដែលគំរាមសមាជិកក្នុងការបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានចាត់វិធានការច្បាប់ ចំពោះគណបក្សនយោបាយមួយ ដែលគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ខណៈការបោះឆ្នោតព្រឹទ្ធសភា នឹងមកដល់នៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។ សេចក្តីថ្លែងការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១៥ កុម្ភៈ មិនបានបញ្ជាក់ចំឈ្មោះថា តើគណបក្សនយោបាយមួយណា ដែលបានប្រព្រឹត្តអំពើគំរាមកំហែងនេះឡើយ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានទម្លាយឈ្មោះថា គឺជាគណបក្សភ្លើងទៀន ដែលជាគណបក្សមិនបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ប៉ុន្តែតែងនិយាយបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ធ្វើការបោះឆ្នោតឱ្យគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងពេលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាន់តែឈានជិតមកដល់នេះទៀត, សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនមួយចំនួន ត្រូវគេរាយការណ៍ថា បានរងនឹងការគំរាមកំហែង ដើម្បីឱ្យបោះឆ្នោតដល់គណបក្សដែលគេណែនាំ បើពុំដូច្នោះទេ នឹងត្រូវប្រឈមការបណ្តេញចេញ។ សេចក្តីថ្លែងការណ៍របស់គជប បានសរសេរថា យោងតាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា «គ្រប់គណបក្សនយោបាយ, បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ»។ សេចក្តីថ្លែងការណ៍គជប បានសរសេរព្រមានថា «…ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់…ក្នុងករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
-
សម្តេចធិបតីរៀបរាប់ពីគម្រោងរៀបចំ «កម្ពុជាឌីជីថល» (Video Inside)

អគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលបំរើការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្ពុជា និងពិភពលោក កំពុងស្ថិតក្នុងសម័យរីកចំរើនជឿនលឿន នៃបច្ចេកវិទ្យាឌីជីថល ក្នុងនោះបច្ចេកវិទ្យាថ្មីៗ ត្រូវបានបញ្ជ្រាបចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម, ប្រព័ន្ធកំណត់ទីតាំងសកល GPS រហូតដល់បច្ចេកវិទ្យាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Digital Twins ដែលបាននិងកំពុងធ្វើឱ្យពិភពលោកមានការប្រែប្រួលជាខ្លាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញនូវមូលហេតុ ដែលកម្ពុជាត្រូវធ្វើសមាហរណកម្មក្នុងបច្ចេកវិទ្យាឌីធីថល និងអ្វីៗទាំងអស់ គឺដើម្បីទិសដៅឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់សម្រាប់ឆ្នាំ២០៥០។ បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរពិភពលោកស្ទើរតែគ្រប់កន្លែងអស់ទៅហើយ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក មិនចាំបាច់ការធ្វើដំណើរចុះឡើងដូចពីមុនទៀតឡើយ ដោយគ្រាន់តែមានទូរស័ព្ទ Smart មួយជាមួយនឹងការភ្ជាប់ទំនាក់ទំនង នៃប្រព័ន្ធ Internet គឺគេអាចធ្វើការប្រាស្រ័យទាក់ទងគ្នាភ្លាមៗបានទៅហើយ។ ម្យ៉ាងទៀតបច្ចេកវិទ្យាឌីជីថលក៏អាចកត់ត្រានូវទិន្នន័យរបស់មនុស្សម្នាក់ៗ ឬមនុស្សច្រើននាក់ និងអាចប្រើប្រាស់លើវិស័យផ្សេងជាច្រើនទៀត ដែលធ្វើឱ្យពិភពលោក លែងក្លាយជាកន្លែងដ៏អាថ៌កំបាំងដូចមុនទៀតឡើយ។
-
ស្ថានការណ៍នយោបាយលើពិភពលោក មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក (វីដេអូ)
