-
ភូមិសាស្រ្តនយោបាយ៖ តើឆ្នាំ២០២៤នេះ ពិភពលោកអាចចៀសផុតពីសង្រ្គាមបានឬទេ? (មានវីដេអូ)

-
៧មករា ពន្លឺនៃសន្តិភាព (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៤០៤ករណី ក្នុងនោះកម្ពុជាមានឆ្លងថ្មី១ករណីផងដែរ។ តួលេខឆ្លងថ្មីថ្ងៃនេះ បានថយចុះមកវិញច្រើនដល់ចំនួន ២ពាន់ ៩២០ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ រួមមាន ប្រទេសហ្វីលីពីន ដែលមានការឆ្លង ២៩២ករណី, ប្រទេសថៃ មាន៨៥ករណី, មីយ៉ាន់ម៉ា ២៦ករណី និងប្រទេសកម្ពុជាមានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ៣ពាន់ ៦៥៨ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៥៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕
-
២១ឆ្នាំបោលសំអាតចម្ការមីនបានទំហំ ១ពាន់ ៧៣៥គីឡូម៉ែត្រក្រឡា និងប្រមូលគ្រាប់បានជាង ៣លាន (Video Inside)

អង្គការស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១ពាន់ ៧៣៥គីឡូម៉ែត្រក្រឡានិងប្រមូលគ្រាប់សរុបជាង ៣លានគ្រាប់ហើយ ក្នុងរយៈពេល ២១ឆ្នាំកន្លងមក គិតត្រឹមចុងឆ្នាំ២០២៣។ គួរបញ្ជាក់ថាប្រតិបត្តិបោសសំអាតគ្រាប់មីន និងការរំដោះផ្ទៃដីនេះ បានធ្វើចាប់តាំងពីឆ្នាំ១៩៩២នោះមក។ សេចក្តីរាយការណ៍រៀបរាប់ថា ក្នុងចំណោមគ្រាប់ទាំងជាង ៣លានគ្រាប់នោះ រួមមាន មីនប្រឆាំងមនុស្សជាង ៥៨ម៉ឺនគ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១ម៉ឺន ១ពាន់គ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២លាន ៤សែនគ្រាប់, គ្រាប់បែកទម្លាក់ពីយន្តហោះរួម និងគ្រាប់បែកចង្កោមចំនួន ១សែន ២ម៉ឺនគ្រាប់ផងដែរ។ ក្រៅពីកិច្ចការទាំងនេះ, ក្រុមដោះមីនស៊ីម៉ាក់ នៅបានចូលរួមធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋ ជុំវិញគ្រោះថ្នាក់គ្រាប់មីន និងបានផ្តល់បទពិសោធន៍ ដោះគ្រាប់មីនរបស់ខ្លួន ដល់ប្រទេសមួយចំនួនដូចជា ដល់ប្រទេសឡាវ វៀតណាម ថៃ ស្រីលង្កា អ៊ីរ៉ាក់ អង់ហ្គោឡា អ៊ុយក្រែន បណ្តាប្រទេសនៅទ្វីបអាហ្វ្រីក និងប្រទេសកូឡុំប៊ី ជាដើម។ អង្គភាពស៊ីម៉ាក់បានរាយការណ៍ថាសម្រាប់ទិសដៅឆ្នាំ២០២៤ គេបានដាក់ចេញនូវផែនការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមលើផ្ទៃដីទំហំប្រមាណ ២៨៤គីឡូម៉ែត្រក្រឡា និងផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់មីនដល់ប្រជាជនគោលដៅប្រមាណ ២លាននាក់រួម និងផែនការស្រាវជ្រាវថ្មីឡើងវិញផងដែរ។ កម្ពុជាបានដាក់ចេញនូវផែនការសំអាតគ្រាប់មីនសេសសល់ ពីអតីតកាលសង្គ្រាមស៊ីវិល ឱ្យអស់ក្នុងឆ្នាំ២០២៥។
-
រដ្ឋមន្ត្រីក្រសួងការងារ ហៅតេឡេក្រាមផ្សាយការជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែល ថាជាអំពើខុសច្បាប់ (Video Inside)

ការផ្សាយតាមបណ្តាញសង្គមតេឡេក្រាមមួយ ដែលផ្សព្វផ្សាយការជ្រើសរើសពលករ ទៅបំរើការនៅក្នុងប្រទេសអ៊ីស្រាអែល បានប្រញាប់ឱ្យក្រសួងការងារ បានបញ្ជាក់ប្រាប់ថាជាអំពើក្លែងបន្លំខុសច្បាប់។ លោករដ្ឋមន្ត្រី ហេង សួរ បានឱ្យដឹងនារសៀលថ្ងៃទី៣មករាថា តេឡេក្រាមឈ្មោះ MEAN Sodara និងឈ្មោះ Israel Work 2024 ដែលផ្សព្វផ្សាយការជ្រើសរើសពលករ ទៅធ្វើការក្នុងប្រទេសអ៊ីស្រាអែលនោះ គឺជាអំពើខុសច្បាប់។ លោករដ្ឋមន្ត្រី ហេង សួរ ថ្លែងថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយទេ។ លោកថាគេកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែល តាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើស នៃការជួញដូរមនុស្ស»។ លោករដ្ឋមន្រ្ដី បានអំពាវនាវដល់សាធារណជន មិនត្រូវចាញ់បោកការផ្សាយតាមបណ្តាញសង្គមទាំង២នោះឡើយ។
-
មន្ត្រីខេត្តកែបបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំ (Video Inside)

មន្ត្រីខេត្តកែបបានថ្លែងថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំមួយ។ សេចក្តីបដិសេធរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង នៅថ្ងៃទី២មករា បានធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍ឆោឡោរបស់មន្ត្រីខេត្តកែប ជុំវិញការចាប់ខ្លួនលោកអភិបាលក្រុង ខេង យ័ន និងនាយករដ្ឋបាលលោក អ៊ិន ហុន កាលពីវេលាម៉ោង ១១កន្លះព្រឹក នាថ្ងៃទី២ខែមករានៅក្នុងសាលាក្រុងកែប។ គ្រាដែលមានអំពើឆោឡោកើតឡើងភា្លមនាពេលនោះ, មានសេចក្តីរាយការណ៍បង្ហាញថា មន្ត្រីជាន់ខ្ពស់ខេត្តទាំង២នាក់នោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងនឹងអំពើពុករលួយ។ប៉ុន្តែក្រោយមកទៀត មានសេចក្តីរាយការណ៍ថា ការចាប់ខ្លួននោះ គឺជារឿងមិនពិតឡើយ។ សេចក្តីរាយការណ៍បាននិយាយថា មន្ត្រីខេត្តទាំង២ ត្រូវបានគេឃើញវិលត្រឡប់មកផ្ទះវិញ វេលាម៉ោង ៧កន្លះយប់ថ្ងៃដដែល។ អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដែលបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងនោះ គឺជាការភាន់ច្រឡំ។ អង្គភាពប្រឆាំងនឹងអំពើពុករលួយ នៅមិនទាន់បានបញ្ជាក់ ជុំវិញករណីដែលនិយាយអំពីការចាប់ខ្លួនមន្ត្រីខេត្តកែបទាំង២នាក់នោះឡើយ។
-
ព្រឹត្តិការណ៍ «Miss Global 2023» វគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅក្នុងប្រទេសកម្ពុជាថ្ងៃទី១៨មករា (Video Inside)

ព្រឹត្តិការណ៍ «Miss Global 2023» នឹងត្រូវរៀបចំធ្វើវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន នៅថ្ងៃទី១៨មករាខាងមុខនេះ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងកិច្ចសហការពីប្រទេសវៀតណាម។ អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ នឹងមានការចូលរួមពីបេក្ខនារី ៨២រូប មកពី ៨២ប្រទេសលើពិភពលោក។ អ្នករៀបចំកម្មវិធីដដែលបានថ្លែងថា គោលដៅសំខាន់ នៃការរៀបចំកម្មវិធីនេះ គឺ «ចង់ចូលរួមផ្សព្វផ្សាយពីវិស័យទេសចររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកឲ្យបានច្រើន, ការផ្សព្វផ្សាយពីវប្បធម៌សិល្បៈ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដើម្បីឲ្យពិភពលោក បានស្គាល់កម្ពុជាកាន់តែច្រើន ពីព្រោះកម្ពុជាជាប្រទេសតូចប៉ុន្តែមានបេះដូងធំ ជាពិសេសតាមរយៈវិស័យបវរកញ្ញានេះតែម្ដង»។
-
ពលរដ្ឋ និងនិស្សិតខ្មែរ បន្តរាយការណ៍ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយរញ្ជួយដីនៅជប៉ុន (Video Inside)

ពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងប្រទេសជប៉ុន បានរាយការណ៍ពីសុវត្ថិភាពរបស់ខ្លួនជាបន្តទៀត ក្រោយការគេចរួចផុត នៃគ្រោះថ្នាក់រញ្ជួយផែនដី ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦២នាក់ហើយ។ គ្រោះរញ្ជួយដីមួយនារសៀលថ្ងៃទី១មករាឆ្នាំ២០២៤ ក្នុងកម្រិត៧ចុច៦រីច្ឆតឺ បានបណ្តាលឱ្យផ្លូវថ្នល់, ផ្ទះសម្បែង និងអគារជាច្រើនម៉ឺនខ្នង បានរងការបាក់ស្រុត និងដួលរលំ, មនុស្សជាច្រើនបានបង់ទីជំរក និងក្រុមសង្គ្រោះ កំពុងតែបន្តស្វែងរកមនុស្សខ្លះដែលបាត់ខ្លួននៅឡើយទេ។ ក្នុងចំណោមខេត្ត៦ ដែលរងគ្រោះនឹងករណីរញ្ជួយដីនេះ សេចក្តីរាយការណ៍បានឱ្យដឹងថា មានពលរដ្ឋខ្មែររស់នៅទីនោះប្រមាណជាង ១ពាន់ ៦០០នាក់។ ក្រុមនិស្សិត និងពលរដ្ឋខ្មែរ ដែលស្ថិតក្នុងតំបន់ដែលរងគ្រោះ បានបន្តការផ្ញើសារតាមបណ្តាញសង្គមបញ្ជាក់ អំពីសុវត្ថិភាពរបស់ខ្លួន។ ខេត្តអ៊ីស៊្ហីកាវ៉ា និងខេត្តណូតូ គឺជាខេត្តដែលមានករណីរងគ្រោះថ្នាក់រញ្ជួយដីខ្លាំងជាងគេ និងក៏មានសេចក្តីរាយការណ៍អំពីរលកយក្ខដែលមានកម្ពស់ប្រមាណជាង ១ម៉ែត្រ កើតឡើងផងដែរ។ គិតត្រឹមថ្ងៃពុធទី៣មករាឆ្នាំ២០២៤, មនុស្សស្លាប់ដោយគ្រោះរញ្ជួយដី បានកើនចំនួនដល់ ៦២នាក់, អ្នករងរបួសជាង ៣០០នាក់ និងតួលេខនេះ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ ដោយឡែកមនុស្សជាង ៣ម៉ឺន ១ពាន់ ៨០០នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ទីជំរក និងកំពុងស្នាក់នៅក្នុងកន្លែងជំរំថែរក្សារបស់រដ្ឋ។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គី ស៊្ហីដា បានថ្លែងនៅថ្ងៃពុធនេះ…
-
ចាប់ខ្លួនជនបរទេស ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់សម្លាប់គ្នានៅអគារប៊ូយ៉ុង (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចិន និងវៀតណាម ចំនួន ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់គ្នា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបណ្តាលឱ្យជនជាតិចិនម្នាក់បានស្លាប់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣កន្លះទាបភ្លឺឈានចូលថ្ងៃទី៣មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ របាយការណ៍បានរៀបរាប់ថា ជនបរទេសប្រុសស្រីជាច្រើនសិបនាក់ បានធ្វើការផឹកស៊ីជួបជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនផងទៀត។ នៅក្នុងហេតុការណ៍នោះ ស្រាប់តែមានទំនាស់ រឿងលុយជំពាក់ ក៏កើតជាជម្លោះដេញវាយគ្នាពេញក្នុងអាគារ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ បុរសម្នាក់ត្រូវគេនិយាយថា បានដកកាំបិតចាក់ទៅលើជនរងគ្រោះម្នាក់ បានស្លាប់រួចជនដៃដល់នោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចទៅសំងំនៅជាន់ខាងលើ។ អ្នកយាមប្រចាំការក្នុងអគារ បានរាយការណ៍ទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៣៦នាក់ និងជនជាតិវៀតណាម ២នាក់ រួមនឹងវត្ថុតាង កាំភ្លើងខ្លីមួយដើម, កាំបិត, ដំបងឆក់, ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមជុំវិញចំណាត់ការបង្ក្រាបអំពើខុសច្បាប់នេះ (សម្លេងវិច្ឆិកា)
-
សម្តេចធិបតី និងលោកជំទាវ គ្រោងបំពេញទស្សនកិច្ចនៅបារាំង នាពាក់កណ្តាលខែមករា (Video Inside)

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងក្នុងសារលិខិតមួយមកកាន់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ជាមួយការអញ្ជើញទៅបំពេញទស្សនកិច្ច និងចាត់ទុកថា លោកចង់ឱ្យដំណើរទស្សនកិច្ចនោះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា កាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលពិភពលោកកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គ្រោងនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសបារាំង នាពាក់កណ្តាលខែមករានេះ ដែលជាការឆ្លើយតបចំពោះការអញ្ជើញ របស់ប្រធានាធិបតីបារាំង និងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីសផងដែរ។ អប្សរាណិតរាយការណ៍