-
រដ្ឋមន្ត្រីការពារជាតិនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ចប់ទស្សនកិច្ចនៅវៀតណាម (Video Inside)

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងប្រទេសវៀតណាម រយៈពេលបីថ្ងៃ បានបញ្ចប់នៅថ្ងៃទី១៤វិច្ឆិកានេះហើយ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រវាងពីថ្ងៃទី១២ ដល់១៤វិច្ឆិកា ដែលនៅទីនោះលោកបានជួបពិភាក្សាទ្វេភាគីជា មួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជួបនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាមថែមទៀត ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ត្រីទឹកសាបកម្ពុជាបំបែកឯកទ្ទគ្គកម្មពិភពលោក (Video Inside)

ត្រីទឹកសាបរបស់កម្ពុជា បានបំបែកឯកទ្ទគ្គកម្មពិភពលោក និងបានទទួលវិញ្ញាបនបត្រថែមទៀត ពីក្រុមធ្វើកំណត់ត្រាពិភពលោក GUINNESS WORLD RECORDS នៅថ្ងៃទី១៤វិច្ឆិកា។ កម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៣ បានចាប់ត្រីបបែលយក្ខទឹកសាបមួយ ដែលមានទម្ងន់ ៣០០គីឡូក្រាម ក្នុងដែនទឹកទន្លេមេគង្គរបស់ខ្លួន ដែលជាប្រភេទត្រីទឹកសាបធំជាងគេបង្អស់ មិនធ្លាប់មានលើពិភពលោក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
តុលាការឃុំខ្លួនផ្កាយ២ នគរបាលគ្រឿងញៀន (Video Inside)

តុលាការបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចំពោះឧត្ដមសេនីយ៍ទោ នៃនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ថា ឈ្មោះ វ៉ាន់ កុសល និងបក្ខពួក៤នាក់ទៀត ពីជំរិតទារប្រាក់ជនជាតិចិន ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។ បក្ខពួក៤នាក់ទៀតដែលបានសហការក្នុងអំពើខុសច្បាប់នេះរួមមានឈ្មោះ ជួន លឹមហេង, អុន សំអូន, នេត សុខុម និងឈ្មោះ ឈាវ ស៊ីដេត។
-
រាជរដ្ឋាភិបាលដាក់អនុវត្តចំណុចអទិភាព២ នៅមុនដំណាច់ឆ្នាំ២០២៣ (Video Inside)

កម្មវិធីនៃចំណុចគោលនយោបាយអទិភាពចំនួន២ ក្នុងនោះរួមមាន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១លាន ៥សែននាក់ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៤វិច្ឆិកានេះហើយ។ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» គឺជាចំណុចអទិភាព នៃគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រខ្មែរធ្វើព្រះរាជសវនាការជាមួយប្រធានាធិបតីបារាំង (Video Inside)

ព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសវនាការជាមួយនឹងប្រធានាធិបតីបារាំង ក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចរយៈពេល៦ថ្ងៃលើទឹកដី នៃប្រទេសបារាំង។ ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ ក្នុងប្រទេសបារាំង គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងជាការយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ សម្រាប់ការការពារ និងអភិវឌ្ឍន៍អង្គរ ដែលប្រព្រឹត្តទៅក្នុងទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងក្រុងប៉ារីស។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៥១៥ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៥១៥ករណី ដែលថយចុះមកវិញចំនួន ៣៧ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃ នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧នៅអាស៊ាន លើកលែងតែប្រទេសចំនួន៣ទៀត ដែលមិនមានការឆ្លង រួមមានប្រទេសម៉ាឡេស៊ី, វៀតណាម និងប្រទេសសឹង្ហបុរី។ ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង៧ គឺប្រទេសហ្វីលីពីនដែលមានចំនួន ១៩៦ករណី ខណៈប្រទេសកម្ពុជា មានអ្នកឆ្លង ១ករណីតិចជាងគេ។ អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។
-
តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានថយចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ ក្រោយការឡើងតិចតួចរយៈពេលកន្លងមកនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន.. ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការថយចុះចំនួន២០០ រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់រៀល និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់ ៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ទូកចូលរួមប្រកួតក្នុងរាជធាណិមាន៣៣៨ទូក និងមនុស្សកីឡាករជាង២ម៉ឺននាក់ (Video Inside)

ទូកដែលត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនាចុងខែវិច្ឆិកាខាងមុខនេះ នឹងមានចំនួន៣៣៨ទូក។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា។ ដោយឡែកប្រទីបនឹង ចូលរួមដង្ហែរនៅតាមដងទន្លេឆ្នាំនេះ មានចំនួន៣០ប្រទីប។ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិលោក ឈិន កេតនា បានថ្លែងថា ក្នុងចំណោមទូកចូលរួមប្រកួតទាំង៣៣៨ រួមមានប្រភេទទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងមានកីឡាករចំណុះទូកបុរស នារី សរុបចំនួន ២ម៉ឺន ៤៤៤នាក់ មកពីរាជធានី ខេត្ត និងពីក្រសួងស្ថាប័ននានា។
-
សម្តេចធិបតីបញ្ជាក់អ្វីដែលត្រូវការ និងអ្វីដែលមិនត្រូវការ (Video Inside)

សម្តេចធិបតីបានថ្លែងប្រាប់វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នៅថ្ងៃចន្ទនេះ នូវអ្វីដែលរដ្ឋត្រូវការ និងអ្វីដែលរដ្ឋមិនត្រូវការពាក់ព័ន្ធលើដំណើរការជំរុញវិស័យសេដ្ឋកិច្ច និងការបណ្តាក់ទុន។ សម្តេចធិបតីបានថ្លែងគោលការណ៍របស់រាជរដ្ឋាភិបាល គឺការបង្កើនភាពប្រកួតប្រជែង, បង្កើនទីផ្សារការងារ, បង្កើនចំណូល និងជំនាញដល់ពលរដ្ឋ ប៉ុន្តែត្រូវចៀសវាង «ពេលខាតរដ្ឋជាអ្នកចេញ, ពេលចំណេញឯកជនអ្នកទទួល»។ សម្តេចធិបតីបានថ្លែងថា ការអភិវឌ្ឍន៍វិស័យឯកជន គឺជារបៀបវារៈគោលនយោបាយរាជរដ្ឋាភិបាលជាចំបង ដែលបានកំណត់យ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ គួរបញ្ជាក់ថា «ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ» គឺជាជ្រុងទី៣ នៃជ្រុងទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។
-
រាជរដ្ឋាភិបាលដាក់ទិសដៅរកកំណើនទេសចរណ៍បរទេសមកខេត្តសៀមរាប (Video Inside)

រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យខេត្តសៀមរាបមានកំណើនទេសចរណ៍សាឡើងវិញ បានដាក់ចេញនូវ «កម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤»។ ខេត្តសៀមរាប គឺជាខេត្តមួយដែលល្បីល្បាញលើពិភពលោក ដោយសារប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ប៉ុន្តែក្រោយមានវិបត្តិកូវីដ១៩នោះមក លំហូរទេសចរណ៍បរទេសបានធ្លាក់ចុះ និងវិស័យនេះ បានងើបឡើងមកវិញតិតតួច មិនដូចមុនការផ្ទុះឡើងនូវជម្ងឺរាតត្បាតនោះឡើយ។ សម្តេចធិបតី ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាថ្ងៃចន្ទនេះ បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាបក្លាយជាខេត្តដែលសម្បូរណ៍ដោយទេសចរបរទេសសាឡើងវិញ រាជរដ្ឋាភិបាលគ្រោងដាក់ចេញកម្មវិធីពិសេសមួយ គឺ «ទស្សនាសៀមរាបឆ្នាំ២០២៤»។ តើកម្មវិធីពិសេសនោះនឹងមានអ្វីខ្លះ? សម្តេចធិបតីបានស្នើក្រសួងទេសចរណ៍ ត្រូវរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ឱ្យរួចរាល់ក្នុងដំណាច់ឆ្នាំ២០២៣នេះ។ សម្តេចធិបតីបានប្រាប់ក្រសួងទេសចរណ៍ ត្រូវតភ្ជាប់ជើងហោះហើរដោយត្រង់ ពីគោលដៅទេសចរណ៍ល្បីៗ មកខេត្តសៀមរាប ក្នុងនោះរួមមានការហោះហើរដោយត្រង់ពីតំបន់ភូកេត នៃប្រទេសថៃ មកសៀមរាប, ពីតំបន់បាលី នៃប្រទេសឥណ្ឌូណេស៊ី មកខេត្តសៀមរាប, ពីដាណាំង នៃប្រទេសវៀតណាម មកសៀមរាប ឬពីសេប៊ូ នៃប្រទេសហ្វីលីពីន មកខេត្តសៀមរាបជាដើម។