-
តម្លៃប្រេងសាំងធ្លាក់ចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)
តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ ខណៈប្រេងម៉ាស៊ូតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះនៅថេរ។ ដោយឡែក តម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល និងកន្លែងខ្លះទៀត គឺមានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
មួយខែនាំចេញអង្ករបាន ៤៦ពាន់តោនតម្លៃជាង ៣២លានដុល្លារ (Video Inside)
កម្ពុជារកចំណូលបានពីការនាំចេញអង្ករចំនួនជាង ៣២លានដុល្លារ ក្នុងរយៈពេល ១ខែ ក្នុងខែមករាដើមឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ទិន្នន័យនេះ មានការកើនឡើងចំនួន២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អង្ករសរុបចំនួន ៤៦ពាន់តោនតម្លៃ ៣២លាន ៦២ម៉ឺនលានដុល្លារអាមេរិក ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤២ប្រទេស ក្នុងទីផ្សារនៅអឺរ៉ុប ដែលមាន ២២ប្រទេស មានការនាំចេញអង្ករបានជាង ២ម៉ឺន ៥ពាន់តោនតម្លៃ ៨លាន ៨៥ម៉ឺនដុល្លារ។ អឺរ៉ុបគឺជាទីផ្សារដ៏ធំជាងគេបង្អស់មួយ ដែលមានការនាំចេញអង្ករសរុប ៥៤ភាគរយ នៃការនាំចេញអង្ករទាំង ៤៦ពាន់តោន កាលពីក្នុងខែមករាកន្លងមកនេះ។ ដោយឡែកអង្ករនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រួមមានចំនួន ៥ប្រទេសគឺ ទីម័រខាងកើតចំនួនជិត ២ម៉ឺនតោន តម្លៃជាង ៨លាន ៣០ម៉ឺនលានដុល្លារ។ ប្រទេសចិន ចំនួន ៥ពាន់ ១៧១តោន មានតម្លៃ ២លាន ៩៣ម៉ឺនដុល្លារ និងគោលដៅចំនួន១៣ ផ្សេងទៀត ដូចជាអាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួនជាង ៤ពាន់តោន ដែលមានតម្លៃ…
-
កម្ពុជារកឃើញអ្នកឆ្លងថ្មីនៃជម្ងឺអុតស្វា (Video Inside)
ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាជាបន្តបន្ទាប់ថ្មីបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា បានកើនឡើងចំនួន ៩ករណីហើយ។ ការឆ្លងជម្ងឺអុតស្វា ៣ចុងក្រោយនេះ ត្រូវបានរកឃើញនៅក្នុងខណ្ឌដង្កោ, ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ អ្នកឆ្លងទាំងបីកំពុងស្ថិតក្រោមការព្យាបាល របស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លង នៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក តួលេខមនុស្សឆ្លងមាន ៩ម៉ឺន ៣ពាន់ ៣០នាក់ នៃប្រទេសចំនួន១១៧។ តួលេខអ្នកស្លាប់ដោយសារជម្ងឺអុតស្វានេះ ត្រូវគេបញ្ជាក់ថា មានចំនួន ១៧៦នាក់ផងដែរនៅលើសកលលោកនេះ។
-
គណបក្សប្រជាជនកម្ពុជាផ្ទេរសិទ្ធិឱ្យតំណាងតាមរាជធានីខេត្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ ក្នុងអាណ្ណត្តិទី៤ នឹងមកដល់ក្នុងរយៈពេល១០៤ថ្ងៃទៅមុខទៀតនេះ។ គួរបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌក្នុងអាណ្ណត្តិទី៤ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២៤។ សេចក្តីជូនដំណឹងរបស់គជប ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទកំណត់ដោយគជប ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌរាជធានីខេត្តរបស់ខ្លួន សម្រាប់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤។
-
រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលករណីក្មេងស្លាប់ដោយសារក្មេងទំនើងឈ្លោះគ្នា (Video Inside)
រដ្ឋបាលខេត្តកំពង់ស្ពឺ បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និយាយថាករណីក្មេងទំនើងដេញកាប់គ្នា បានបណ្តាលឱ្យមានមនុស្សស្លាប់ នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីឧទ្យានគិរីរម្យ។ ការផ្សាយតាមបណ្តាញសង្គម បានសរសេររិះគន់ថា មានករណីក្មេងទំនើងវាយតប់គ្នា បណ្តាលឱ្យមានមនុស្សស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១កុម្ភៈនោះ។ ប៉ុន្តែរដ្ឋបាលខេត្ត បានបដិសេធក្នុងសេចក្តីជូនដំណឹងថ្ងៃចន្ទ ទី១២ កុម្ភៈថា គ្មានមនុស្សស្លាប់ទេ ក្នុងព្រឹត្តិការណ៍នោះ និងបានបំភ្លឺតបមកវិញថា ហេតុការណ៍ដែលកើតឡើងនោះ គឺដោយសារតែទំនាស់គ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលខេត្តបានរៀបរាប់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២កន្លះរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើឧទ្យានជាតិគិរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅក្នុងហេតុការណ៍នោះ មានម៉ូតូ scopy-I ដែលមានគ្នា២នាក់ បានជិះទៅបុកនឹងម៉ូតូម៉ាកឌ្រីមC125 របស់យុវជន២នាក់ បណ្ដាលឲ្យអ្នកជិះម៉ូតូ scopy-I ម្នាក់រងរបួសធ្ងន់។ សេចក្តីរាយការណ៍បន្តថា ខណៈនោះមានបក្ខពួករបស់ក្រុមម៉ូតូឌ្រីម បានមកដល់ជាបន្ថែមទៀតនោះ ពូកគេបានកាន់ដំបងមែកស្រល់ព្រួតគ្នា ដេញវាយបន្ថែមទៅលើភាគីម៉ូតូ scopy-I និងបក្ខពួក និងបានបង្កឱ្យមានភាពអនាធិបតេយ្យកើតឡើង។ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាវ័ន្ត, ឈ្មោះ គង់ ណាវី និងឈ្មោះ សេង…
-
ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន៣ថ្ងៃ (Video Inside)
ក្មេងទំនើងចំនួន ៥០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន។ ក្មេងទំនើងទាំង ៥០នាក់នេះ ត្រូវឃាត់ខ្លួនក្នុងករណីបទល្មើស ដែលបានកើតឡើងចំនួន ៨លើកនៅទូទាំងប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីក្មេងទំនើង បានកើតឡើងចំនួន ៨លើក នៅទូទាំងប្រទេស ក្នុងនោះរួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅរាជធានីភ្នំពេញ ករណីក្មេងទំនើងកើតឡើង ចំនួន ៣ដង និងបានឃាត់ខ្លួនចំនួន ៨នាក់, នៅខេត្តពោធិ៍សាត់មាន ២ករណី ឃាត់ខ្លួនបាន ចំនួន ១២នាក់, ខេត្តកណ្ដាលកើតឡើង ២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន ១២នាក់ ចំណែកខេត្តបាត់ដំបង កើតឡើងតែ ១ករណីប៉ុណ្ណោះ ប៉ុន្តែឃាត់ខ្លួនក្រុមក្មេងទំនើងបានច្រើនជាងគេ រហូតដល់ ១៨នាក់។ យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៤ថ្ងៃដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំចិននេះ មានបទល្មើសព្រហ្មទណ្ឌចំនួន…
-
រកឃើញយុវជនអាយុ ១៦ឆ្នាំម្នាក់ ឆ្លងវីរុសផ្តាសាយបក្សីនៅខេត្តក្រចេះ (Video Inside)
បងប្រុសរបស់កុមារាម្នាក់ដែលបានស្លាប់ដោយសារការឆ្លងជម្ងឺផ្តាសាយបក្សី នៅក្នុងខេត្តក្រចេះ ត្រូវបានគេរកឃើញឆ្លងវីរុស H5N1។ សេចក្តីថ្លែងការណ៍ថ្ងៃចន្ទនេះ បានបញ្ជាក់ថា ក្មេងទំទង់អាយុ ១៦ឆ្នាំ រស់នៅភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ ត្រូវបានរកឃើញឆ្លងនឹងជម្ងឺផ្តាសាយបក្សីនេះ នៅថ្ងៃទី១១កុម្ភៈ។ គួរបញ្ជាក់ថាប្អូនប្រុសរបស់ក្មេងជំទង់អាយុ ៩ឆ្នាំ ដែលឆ្លងនឹងវីរុសផ្តាសាយបក្សីនេះ បានបាត់បង់ជីវិតកាលពីថ្ងៃទី៨កុម្ភៈ។ ផ្ទះរបស់កុមារជាបងប្អូនបង្កើតរស់នៅក្នុងក្រុងក្រចេះនេះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល។ ក្រុមគ្រួសារនោះ បានយកសត្វមាន់ ទាងាប់ ទាំងនោះ មកធ្វើម្ហូបបរិភោគ ដែលនាំឱ្យការឆ្លងនឹងវីរុសផ្តាសាយបក្សី។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើក្រុមគ្រួសារដែលទទួលទានសត្វមាន់ទា ដែលងាប់នោះ មានអ្នកដទៃទៀតណាបានឆ្លងទៀតឡើយ ប៉ុន្តែក្រុមគ្រួពេទ្យបាននិយាយថា ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃក្នុងសហគមន៍ គេបានចែកជួនឱសថវីតាមីន Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដែលកើតហេតុនេះ។
-
មន្ត្រីគជប៖ ដំណើរការឃោសនារយៈពេល ៣ថ្ងៃ បានប្រព្រឹត្តដោយរលូន (Video Inside)
ការឃោសនាបោះឆ្នោតសម្រាប់ដំណើរការជ្រើសតាំងសមាជិកព្រឹទ្ធសភា បានឈានចូលថ្ងៃទី៣ហើយគិតត្រឹមថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ មន្ត្រីគជប បានថ្លែងថាដំណើរការឃោសនារយៈពេល ៣ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានភាពរកាំរកូសណាមួយ លេចឡើងគួរឱ្យកត់សម្គាល់ឡើយ។ រយៈកាលឃោសនា នឹងចប់សព្វគ្រប់ដល់ថ្ងៃទី២៣កុម្ភៈ។ ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃសំរាក និងថ្ងៃទី២៥ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ច (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលក្រសួង អធិការកិច្ចនាវេលាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោករដ្ឋមន្ត្រី ហួត ហាក់។ លោករដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីបើកសន្និបាតថ្ងៃទី១២ កុម្ភៈ បានថ្លែងថា សន្និបាត «បានត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងការដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ»។
-
តើហោរាចិនទស្សន៍ទាយជុំវិញជោគជតារាសីសម្រាប់ឆ្នាំថ្មីឈានមកដល់នេះ មានអ្វីខ្លះ? (Video Inside)
បុណ្យចូលឆ្នាំចិន បានឈានមកដល់ហើយ។ ឆ្នាំដែលបានចូលមកដល់នេះ គឺឆ្នាំរោង ដែលមានសត្វនាគជានិមិត្តរូប។ យោងតាមប្រពៃណីចិន ការព្យាករណ៍ជុំវិញជោគជតារាសីប្រចាំឆ្នាំ គឺជាជំនឿមួយ ដែលគេតែងប្រាថ្នាចង់ដឹងថា តើឆ្នាំរោងដែលមានសត្វនាគជានិម្មិតរូបនេះ នឹងមានវាសនារបស់ខ្លួនឡើងចុះយ៉ាងណា? ហោរាចិនដ៏ល្បីល្បាញម្នាក់ គឺលោកតា កុក ឡុង បានធ្វើការទស្សន៍ទាយហេតុការណ៍ លាភ និងឆុងតាមជំនឿសាសនាចិន ដែលមានខ្លឹមសារដូចតទៅនេះ