-
មន្ត្រីខេត្តកែបបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំ (Video Inside)

មន្ត្រីខេត្តកែបបានថ្លែងថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំមួយ។ សេចក្តីបដិសេធរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង នៅថ្ងៃទី២មករា បានធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍ឆោឡោរបស់មន្ត្រីខេត្តកែប ជុំវិញការចាប់ខ្លួនលោកអភិបាលក្រុង ខេង យ័ន និងនាយករដ្ឋបាលលោក អ៊ិន ហុន កាលពីវេលាម៉ោង ១១កន្លះព្រឹក នាថ្ងៃទី២ខែមករានៅក្នុងសាលាក្រុងកែប។ គ្រាដែលមានអំពើឆោឡោកើតឡើងភា្លមនាពេលនោះ, មានសេចក្តីរាយការណ៍បង្ហាញថា មន្ត្រីជាន់ខ្ពស់ខេត្តទាំង២នាក់នោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងនឹងអំពើពុករលួយ។ប៉ុន្តែក្រោយមកទៀត មានសេចក្តីរាយការណ៍ថា ការចាប់ខ្លួននោះ គឺជារឿងមិនពិតឡើយ។ សេចក្តីរាយការណ៍បាននិយាយថា មន្ត្រីខេត្តទាំង២ ត្រូវបានគេឃើញវិលត្រឡប់មកផ្ទះវិញ វេលាម៉ោង ៧កន្លះយប់ថ្ងៃដដែល។ អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដែលបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងនោះ គឺជាការភាន់ច្រឡំ។ អង្គភាពប្រឆាំងនឹងអំពើពុករលួយ នៅមិនទាន់បានបញ្ជាក់ ជុំវិញករណីដែលនិយាយអំពីការចាប់ខ្លួនមន្ត្រីខេត្តកែបទាំង២នាក់នោះឡើយ។
-
ព្រឹត្តិការណ៍ «Miss Global 2023» វគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅក្នុងប្រទេសកម្ពុជាថ្ងៃទី១៨មករា (Video Inside)

ព្រឹត្តិការណ៍ «Miss Global 2023» នឹងត្រូវរៀបចំធ្វើវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន នៅថ្ងៃទី១៨មករាខាងមុខនេះ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងកិច្ចសហការពីប្រទេសវៀតណាម។ អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ នឹងមានការចូលរួមពីបេក្ខនារី ៨២រូប មកពី ៨២ប្រទេសលើពិភពលោក។ អ្នករៀបចំកម្មវិធីដដែលបានថ្លែងថា គោលដៅសំខាន់ នៃការរៀបចំកម្មវិធីនេះ គឺ «ចង់ចូលរួមផ្សព្វផ្សាយពីវិស័យទេសចររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកឲ្យបានច្រើន, ការផ្សព្វផ្សាយពីវប្បធម៌សិល្បៈ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដើម្បីឲ្យពិភពលោក បានស្គាល់កម្ពុជាកាន់តែច្រើន ពីព្រោះកម្ពុជាជាប្រទេសតូចប៉ុន្តែមានបេះដូងធំ ជាពិសេសតាមរយៈវិស័យបវរកញ្ញានេះតែម្ដង»។
-
ពលរដ្ឋ និងនិស្សិតខ្មែរ បន្តរាយការណ៍ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយរញ្ជួយដីនៅជប៉ុន (Video Inside)

ពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងប្រទេសជប៉ុន បានរាយការណ៍ពីសុវត្ថិភាពរបស់ខ្លួនជាបន្តទៀត ក្រោយការគេចរួចផុត នៃគ្រោះថ្នាក់រញ្ជួយផែនដី ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦២នាក់ហើយ។ គ្រោះរញ្ជួយដីមួយនារសៀលថ្ងៃទី១មករាឆ្នាំ២០២៤ ក្នុងកម្រិត៧ចុច៦រីច្ឆតឺ បានបណ្តាលឱ្យផ្លូវថ្នល់, ផ្ទះសម្បែង និងអគារជាច្រើនម៉ឺនខ្នង បានរងការបាក់ស្រុត និងដួលរលំ, មនុស្សជាច្រើនបានបង់ទីជំរក និងក្រុមសង្គ្រោះ កំពុងតែបន្តស្វែងរកមនុស្សខ្លះដែលបាត់ខ្លួននៅឡើយទេ។ ក្នុងចំណោមខេត្ត៦ ដែលរងគ្រោះនឹងករណីរញ្ជួយដីនេះ សេចក្តីរាយការណ៍បានឱ្យដឹងថា មានពលរដ្ឋខ្មែររស់នៅទីនោះប្រមាណជាង ១ពាន់ ៦០០នាក់។ ក្រុមនិស្សិត និងពលរដ្ឋខ្មែរ ដែលស្ថិតក្នុងតំបន់ដែលរងគ្រោះ បានបន្តការផ្ញើសារតាមបណ្តាញសង្គមបញ្ជាក់ អំពីសុវត្ថិភាពរបស់ខ្លួន។ ខេត្តអ៊ីស៊្ហីកាវ៉ា និងខេត្តណូតូ គឺជាខេត្តដែលមានករណីរងគ្រោះថ្នាក់រញ្ជួយដីខ្លាំងជាងគេ និងក៏មានសេចក្តីរាយការណ៍អំពីរលកយក្ខដែលមានកម្ពស់ប្រមាណជាង ១ម៉ែត្រ កើតឡើងផងដែរ។ គិតត្រឹមថ្ងៃពុធទី៣មករាឆ្នាំ២០២៤, មនុស្សស្លាប់ដោយគ្រោះរញ្ជួយដី បានកើនចំនួនដល់ ៦២នាក់, អ្នករងរបួសជាង ៣០០នាក់ និងតួលេខនេះ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ ដោយឡែកមនុស្សជាង ៣ម៉ឺន ១ពាន់ ៨០០នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ទីជំរក និងកំពុងស្នាក់នៅក្នុងកន្លែងជំរំថែរក្សារបស់រដ្ឋ។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គី ស៊្ហីដា បានថ្លែងនៅថ្ងៃពុធនេះ…
-
ចាប់ខ្លួនជនបរទេស ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់សម្លាប់គ្នានៅអគារប៊ូយ៉ុង (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចិន និងវៀតណាម ចំនួន ៣៨នាក់ ក្រោយហេតុការណ៍កាប់ចាក់គ្នា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបណ្តាលឱ្យជនជាតិចិនម្នាក់បានស្លាប់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣កន្លះទាបភ្លឺឈានចូលថ្ងៃទី៣មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ របាយការណ៍បានរៀបរាប់ថា ជនបរទេសប្រុសស្រីជាច្រើនសិបនាក់ បានធ្វើការផឹកស៊ីជួបជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនផងទៀត។ នៅក្នុងហេតុការណ៍នោះ ស្រាប់តែមានទំនាស់ រឿងលុយជំពាក់ ក៏កើតជាជម្លោះដេញវាយគ្នាពេញក្នុងអាគារ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ បុរសម្នាក់ត្រូវគេនិយាយថា បានដកកាំបិតចាក់ទៅលើជនរងគ្រោះម្នាក់ បានស្លាប់រួចជនដៃដល់នោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចទៅសំងំនៅជាន់ខាងលើ។ អ្នកយាមប្រចាំការក្នុងអគារ បានរាយការណ៍ទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៣៦នាក់ និងជនជាតិវៀតណាម ២នាក់ រួមនឹងវត្ថុតាង កាំភ្លើងខ្លីមួយដើម, កាំបិត, ដំបងឆក់, ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមជុំវិញចំណាត់ការបង្ក្រាបអំពើខុសច្បាប់នេះ (សម្លេងវិច្ឆិកា)
-
សម្តេចធិបតី និងលោកជំទាវ គ្រោងបំពេញទស្សនកិច្ចនៅបារាំង នាពាក់កណ្តាលខែមករា (Video Inside)

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងក្នុងសារលិខិតមួយមកកាន់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ជាមួយការអញ្ជើញទៅបំពេញទស្សនកិច្ច និងចាត់ទុកថា លោកចង់ឱ្យដំណើរទស្សនកិច្ចនោះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា កាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលពិភពលោកកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គ្រោងនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសបារាំង នាពាក់កណ្តាលខែមករានេះ ដែលជាការឆ្លើយតបចំពោះការអញ្ជើញ របស់ប្រធានាធិបតីបារាំង និងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីសផងដែរ។ អប្សរាណិតរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៣ពាន់ ៣២៤ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ៣ពាន់ ១៤៨ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លង ៣ពាន់ ៣២៣ករណី និងប្រទេសកម្ពុជា ដែលមានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ១ពាន់ ១២៥ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៤៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕
-
ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសង្ស័យពាក់ព័ន្ធអំពើពុករលួយ (Video Inside)

អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុបកែប ត្រូវបានគេចាប់ខ្លួន នៅក្នុងហេតុការណ៍មួយ ដែលបានកើតឡើងវេលាម៉ោង១១ថ្ងៃត្រង់ទី២មករាឆ្នាំ២០២៤។ សេចក្តីរាយការណ៍របស់មន្ត្រីខេត្តបានថ្លែងបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនអភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលឈ្មោះ ហុន ពិតប្រាកដមែន តាមរយៈរថយន្តចំនួនបីគ្រឿង ដែលបានចាប់ខ្លួនអ្នកទាំង២នោះ។ ប៉ុន្តែមន្ត្រីខេត្តមិនបានបញ្ជាក់ថា តើការចាប់ខ្លួននោះបានជាប់ពាក់ព័ន្ធនឹងអ្វីឡើយ។ សេចក្តីរាយការណ៍ក្រោយមកទៀត បានបញ្ជាក់ថាការចាប់ខ្លួនមន្ត្រីខេត្តទាំង២ ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងការចាប់ខ្លួននោះ ធ្វើឡើងដោយសមត្ថកិច្ច នៃអង្គភាពប្រឆាំងនឹងអំពើពុករលួយ។ អង្គភាពប្រឆាំងនឹងអំពើពុករលួយនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការថា តើមន្ត្រីខេត្តកែបទាំង២នាក់នោះ បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយអ្វីនោះឡើយ។
-
រាជរដ្ឋាភិបាលបដិសេធការផ្សាយព័ត៌មានមិនពិតរបស់ Cambodia Daily Khmer (Video Inside)

-
ក្រសួងសាធារណការអំពាវនាវម្ចាស់យានយន្តស្វែងយល់ច្រកបញ្ជរចេញចូលផ្លូវល្បឿនលឿន (Video Inside)

ភាពកកស្ទះប្រវែងច្រើនគីឡូម៉ែត្រនៅបញ្ជរបង់ប្រាក់នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រញាប់ឱ្យមន្ត្រីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្ត ត្រូវស្វែងយល់ពីច្រករថយន្តបើកចេញចូលតាមបញ្ជរបង់ប្រាក់នីមួយៗ។ កាលពីថ្ងៃទី១មករាឆ្នាំ២០២៤, សេចក្តីរាយការណ៍បានបង្ហាញថា ការកកស្ទះរថយន្តនៅតាមបញ្ជរបង់ប្រាក់ធ្វើដំណើរពីខេត្តព្រះសីហនុមកភ្នំពេញ មានប្រវែងយ៉ាងហោច ៩គីឡូម៉ែត្រ។ ការកកស្ទះដ៏វែងអន្លាយនេះ គឺជាលើកដំបូងហើយកើតមាននៅលើផ្លូវល្បឿនលឿននេះ ដោយសារតែរយៈពេលបុណ្យចូលឆ្នាំសកលនេះ រថយន្តច្រើនម៉ឺនគ្រឿង បានសម្រុកការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដើម្បីការឆាប់ទៅដល់គោលដៅ។ យោងតាមសេចក្តីរាយការណ៍ក្នុងរយៈពេលឈប់សម្រាកបីថ្ងៃ នៃបុណ្យដំណាច់ឆ្នាំសកលនេះ មានរថយន្តបើកបរលើផ្លូវល្បឿនលឿនមានជាង ៨ម៉ឺនគ្រឿង។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថាការកកស្ទះដ៏វែងនោះ គឺដោយសារកត្តាធំចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ដោយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង…ចំណែកកត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពី ការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ ប៉ុន្តែបែរជាបើកចូលគន្លង ETC ទៅវិញ។ លោក សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿនរហ័ស និងមិនស្មុគស្មាញ។
-
សម្តេចធិបតីអបអរកម្មករទទួលបានប្រាក់បៀវត្សថ្មី (Video Inside)

កម្មករទូទាំងប្រទេសចាប់ផ្តើមទទួលប្រាក់បៀវត្សថ្មីរបស់ខ្លួន ដែលត្រូវបានតម្លើង ៤ដុល្លារ សម្រាប់ឆ្នាំ២០២៤នេះហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានចេញសារនៅថ្ងៃទី២មករានេះ អបអរសាទរដល់ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនយោជិត ដែលត្រូវបានតម្លើងចាប់ពីខែមករាឆ្នាំ២០២៤នេះទៅ។ អប្សរាណិតរាយការណ៍