-
បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បន្តប្តឹងគណបក្សកាវក្លៃ (Video Inside)

បណ្តាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល បានបន្តធ្វើលិខិតរបស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រីថៃ ប្តឹងគណបក្សកាវក្លៃ ដែលគេបានចោទថា កំពុងធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នៅថ្ងៃទី២៨ធ្នូនេះ គណបក្សខ្មែរតែមួយ និងគណបក្សនគរប្រជាធិបតេយ្យ បានធ្វើលិខិតប្តឹងគណបក្សកាវក្លៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា, គ្រាដែលបណ្តឹងតាមរយៈក្រុមអង្គការសង្គមស៊ីវិល ត្រូវគេរាយការណ៍ថាមានចំនួន១២។ គណបក្សកាវក្លៃ ត្រូវគេរាយការណ៍ថាបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមខ្មែរ នៅលើទឹកដីថៃ ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លិខិតបណ្តឹង បានសរសេរស្នើនាយករដ្ឋមន្ត្រីថៃសូម «ត្រួតពិនិត្យសកម្មភាពគណបក្សកាវក្លៃ ដែលបានគាំទ្រ និងបណ្តុះបណ្តាល ដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា»។ យោងតាមធម្មនុញ្ញអាស៊ាន ប្រទេសជាសមាជិកអាស៊ាន មិនអាចធ្វើសកម្មភាពជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀត នៅក្នុងសមាគមអាស៊ានបានឡើយ។ សកម្មភាពរបស់គណបក្សកាវក្លៃត្រូវគេចាត់ទុកថា ជាអំពើជ្រៀតជ្រែកមួយលើកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាសមាជិករបស់អាស៊ាន។ គិតចាប់តាំងពីថ្ងៃទី២៥ធ្នូមក មានគណបក្សនយោបាយខ្មែរចំនួន៩ និងក្រុមអង្គការសង្គមស៊ីវិលចំនួន១៤ហើយ ដែលបានធ្វើលិខិតផ្សេងគ្នាទៅកាន់នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាវីស៊ីន ដើម្បីចាត់អន្តរាគមន៍ ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃនោះ។
-
ម្ចាស់រថយន្ត Hummer នៅតែបន្តលាក់ខ្លួន ក្រោយបុកមនុស្សស្លាប់ (Video Inside)

ម្ចាស់រថយន្ត Hummer ដែលបុកមនុស្សមួយគ្រួសារជិះម៉ូតូបណ្តាលឱ្យម្តាយ និងកូនប្រុស២ ឆ្នាំបានបាត់បង់ជីវិតនោះ នៅតែមិនទាន់ចេញមុខសារភាពទោសកំហុស ខណៈដែលអាជ្ញាធរបញ្ជាក់ថា គេកំពុងស្វែងរកដើម្បីការឃាត់ខ្លួន។ រថយន្ត Hummer បើកបរដោយមនុស្សដែលគេមិនទាន់បញ្ចេញអត្តសញ្ញាណបានបើកបុកអ្នក ដំណើរបីនាក់ជាប្តីប្រពន្ធ និងកូនតូច ក្នុងពេលពួកគេទាំងបីកំពុងជិះលើម៉ូតូមួយ នាវេលាយប់អាធ្រាត្រឈានចូលថ្ងៃទី២៥ធ្នូ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងហេតុការណ៍នោះ ប្រពន្ធអាយុ២០ឆ្នាំ និងកូនប្រុសដ៏តូចរបស់នាង បានបាត់បង់ជីវិត…ចំណែកបុរសជាប្តីបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយការបុករយៈពេល២ថ្ងៃរួចមកនោះ សមត្ថកិច្ចបានរកឃើញរថយន្តនោះហើយ ប៉ុន្តែម្ចាស់រថយន្តនោះ នៅតែស្ថិតក្នុងសភាពលាក់ខ្លួនជាដដែល។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ប្រាប់អប្សរាណិតយ៉ាងនេះ (សម្លេងវិច្ឆិកា)។ អំពើបុកហើយរត់ ត្រូវគេឃើញថាតែងកើតឡើងជារឿយៗ។ ប៉ុន្តែក្នុងសម័យដែលមានដាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពបំពាក់នៅតាមទីសាធារណៈគ្រប់កន្លែងនាបច្ចុប្បន្ននេះ ជនសង្ស័យត្រូវគេនិយាយថា កម្រនឹងអាចគេចរួចពីការតាមចាប់ខ្លួន របស់សមត្ថកិច្ចណាស់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងប្រសាសន៍ថ្លែងនៅថ្ងៃទី២៥ធ្នូកន្លងមកនេះថា អំពើ «បុកហើយរត់» គឺជាអំពើខុសច្បាប់ និងអ្នកណាដែលចង់គេចវេស នឹងមិនមានកន្លែងណា ដែលអ្នកខុសច្បាប់នោះ អាចគេចរួចពីសំណាញ់ច្បាប់ឡើយ ប្រសិនណាបើមិនចូលមកសារភាពកំហុសនោះទេ។
-
សកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សមាជិកម្នាក់នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង បានចេញវីដេអូរបស់ខ្លួនមួយ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យោងតាម គជប, សមាជិកក្រុមប្រឹក្សាភ្លើងទៀន គឺជាសម្លេងមួយដែលមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងគាំទ្រសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ លោក យ៉ាន រិនឌី នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង ក្នុងសម្តីតាមវីដេអូរបស់ខ្លួន ចេញផ្សាយថ្ងៃទី២៨ធ្នូ បានស្នើសុំការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលគេឃើញថាមានសមាជិក និងថ្នាក់ដឹករបស់ខ្លួនជាច្រើន កំពុងតែបែកបាក់ និងមួយចំនួនបានស្នើសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី២៦ធ្នូ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ៤រូប ដែលមកចូលួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានគេតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អតីតថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនទាំងបួនរូប ដែលទទួលបានការតែងតាំងនោះ រួមមានឈ្មោះ លោក លី រី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ…លោក ថាន់ ណារិន អតីតសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ… លោកស្រី វង រុន្នី អតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន និងលោក គឹម សុភា ជាអតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន។
-
គណបក្សប្រជាជនកម្ពុជា បានលំដាប់លេខរៀងសម្គាល់ទី១ ក្នុងការបោះឆ្នោតព្រឹទ្ធសភា (Video Inside)

ការចាប់យកលំដាប់លេខរៀងចំពោះគណបក្សនយោបាយទាំង៤ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងខែកុម្ភៈខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១។ ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ នៅថ្ងៃទី២៨ធ្នូ ឆ្នាំ២០២៣ នាបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានគជប លោក ប្រាជ្ញ ចន្ទ និងការនិមន្តយាងចូលរួមពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈនិកាយ។ នៅក្នុងការចាប់ឆ្នោតយកលំដាប់លេខរៀងនោះ, គណបក្សប្រជាជនកម្ពុជាបានទទួលលំដាប់លេខរៀងទី១, ចំណែកគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ បានលេខរៀងទី៤។ ប្រធានគជប លោក ប្រាជ្ញ ចន្ទ បានថ្លែងថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត និងអង្គបោះឆ្នោតផងដែរ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល។ អ្នកអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ គឺអ្នកតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ ដែលអង្គអ្នកបោះឆ្នោតសរុបមាន ១ម៉ឺន ១ពាន់ ៧៤៧នាក់។ ប្រធានគជប ដដែលបានថ្លែងថា…
-
កម្ពុជាចាប់ផ្តើមសាងសង់សំណង់កប់ពពក ៧៧ជាន់ (Video Inside)

សំណង់អគារកប់ពក កម្ពស់ ៧៧ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅកម្ពុជា បានបើកការដ្ឋានសាងសង់របស់ខ្លួនហើយ នៅក្នុងរាជធានីភ្នំពេញ។ អគារខុនដូ «J-TOWER 3» តម្លៃជាង ១៥០លានដុល្លារ នឹងមានកម្ពស់ ៣២០ម៉ែត្រ មានទីតាំងស្ថិតជាប់តំបន់បឹងកេងកង១, វិនិយោគដោយក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប។ សំណង់អគារនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨ នៅក្នុងតំបន់អាស៊ី។ លោកបានថ្លែងទៀតថា សំណង់អគារកប់ពពក J-TOWER 3 នឹងក្លាយជាអគារដ៏ទាក់ទាញ នៅកម្ពុជា។ លោកបានថ្លែងបញ្ជាក់បន្ថែមទៀតថា សំណង់អគារកប់ពពកនេះ នឹងជួយបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។ សំណង់អគារ J-TOWER 3 គឺជាគម្រោងទី៥ របស់ក្រុមហ៊ុនតានីជូ គ្រុបដែលបានចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ប្រមាណ ១០ឆ្នាំរួចមកហើយ។…
-
កាពីតែន Westerdam រំលឹកកម្ពុជា ដែលជា «ប្រទេសតូចបេះដូងធំ» (Video Inside)

នាវាទេសចរណ៍ Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះប្រមាណ ៣ឆ្នាំមុនកន្លងមកនេះ បានធ្វើដំណើរទស្សនកិច្ចកម្ពុជាជាលើកដំបូង នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការរំលឹក នូវអនុស្សាវរីយ៍របស់កម្ពុជា ដែលជាប្រទេសតូចប៉ុន្តែបេះដូងធំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៨ធ្នូសម្តែងក្តីស្វាគមន៍ចំពោះការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកទេសចរណ៍ ២ពាន់នាក់ វិលត្រឡប់មកកាន់កម្ពុជាសាជាថ្មី។ អប្សរាណិតរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ១២៣ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១១៩ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ដែលមានការឆ្លងតែ ៤ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ រួមមានប្រទេសថៃ ដែលមានការឆ្លងចំនួន១១១ករណី ច្រើនជាងគេ, មីយ៉ាន់ម៉ា មាន ៧ករណី និងប្រទេសកម្ពុជា មានការឆ្លង ៥ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៦ម៉ឺន ៣ពាន់ ៥២០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៤៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕
-
ឥណ្ឌាស្នើកិច្ចសហការពីកម្ពុជាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ (Video Inside)

ក្រសួងវប្បធម៌នៃប្រទេសឥណ្ឌា បានស្នើរកកិច្ចសហការពីប្រទេសកម្ពុជា ក្នុងគម្រោងមួយ ដែលរៀបចំពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីឥណ្ឌាមកកាន់កម្ពុជា។ ការស្នើរកកិច្ចសហការនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាវប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌាលោក នីរាជ កុមារ ជាមួយនឹងរដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនាលោក ចាយ បូរិន នៅថ្ងៃទី២៧ធ្នូនេះក្នុងរាជធានីភ្នំពេញ។ យោងតាមគម្រោង, ពិធីធម្មយាត្រាដង្ហែរ ព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ នឹងត្រូវដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីការរក្សាតម្កល់ទុកនៅក្នុងប្រទេសកម្ពុជានេះ។ លោករដ្ឋមន្រ្តី ចាយ បូរិន បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់កម្ពុជានេះ។ លោករដ្ឋមន្រ្តីបានស្នើដល់គណៈប្រតិភូឥណ្ឌា សូមបញ្ជាក់នូវលិខិតច្បាស់លាស់មួយ ដើម្បីការជម្រាបសុំគោលការណ៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការបញ្ជាក់ពេលវេលាច្បាស់លាស់ ដើម្បីឱ្យព្រះរាជពិធីនោះ នឹងដំណើរការបានដោយភាពរលូនល្អប្រសើរ។
-
សម្តេចធិបតីសម្ពោធស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់តម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន (Video Inside)

ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញតម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃពុធ ទី២៧ធ្នូ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានទីតាំងស្ថិតលើផ្ទៃដីទំហំ ៣ហិកតានៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។ ពិធីសម្ពោធសំណង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៃជំនួយរបស់ជប៉ុននេះ បានអញ្ជើញចូលរួមពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Atsushi Ueno ផងដែរ។ ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលបានសម្ពោធនេះ គឺជាស្ថានីយ៍ ដែលអាចធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មានគុណភាពខ្ពស់ដំបូងគេ នៅក្នុងប្រទេសកម្ពុជា តាមរយៈឧបករណ៍បច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន។ ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ គឺជាគម្រោងចាប់ផ្តើមដំបូងហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលគេអាចនឹងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ បានចំនួន ២៨ម៉ឹន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃទៅតាមផែនការមេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាព ដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដែលកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។
-
អគ្គិសនីកម្ពុជាដាក់ដំណើរការអនុស្ថានីយថ្មី ២៣០គីឡូវ៉ុល (Video Inside)

អគ្គិសនីកម្ពុជា បានដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលជាលើកដំបូង ក្នុងការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីជាបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ។ មន្ត្រីអគ្គិសនីកម្ពុជាបានថ្លែងថា អនុស្ថានីយនេះ គឺជាគម្រោងដែលប្រើប្រាស់ថវិកាឥណទាន គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជារួមជាមួយថវិការបស់អគ្គិសនីកម្ពុជា។ អនុស្ថានីយថ្មីនេះ បានប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត នៃដំណើការក្នុងបំពង់ហ្គាស បិទជិតក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយបំពាក់នូវឧបករណ៍ Transistor ចំនួន២គ្រឿង ដែលមានសមត្ថភាពបំប្លែងថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល មក ១១៥គីឡូវ៉ុល ក្នុងអានុភាពរហូតដល់៣៦០មេហ្គាវ៉ាត់ ក្នុងមួយគ្រឿងៗ ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens ប្រទេសអាល្លឺម៉ង់ ផលិតនៅប្រទេស ចិន។ អនុស្ថានីយ៍ដែលមានទីតាំងក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ នឹងក្លាយទៅជាសមិទ្ធផល ក្នុងវិស័យថាមពល ដែលនឹងផ្តល់ផលប្រយោជន៍ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អគ្គិសនីកម្ពុជា បានជួនដំណឹងទៀតថា គេក៏កំពុងអនុវត្តការសាងសង់អនុស្ថានីយ ២៣០គីឡូវ៉ុល ប្រភេទនេះផ្សេងមួយទៀត និងខ្សែកប់ដី ២៣០គីឡូវ៉ុល នៅអូរបែកក្អម ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥៕