-
គជបបង្ហាញភាពវិវត្តន៍ល្អ នៃដំណើរការរៀបចំបោះឆ្នោតព្រឹទ្ធសភា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថាគេបាន «ឯកភាពលើសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤»។ នេះគឺជាសញ្ញាវិវឌ្ឍន៍ជាវិជ្ជមានមួយទៀត នៃដំណើរការត្រៀមរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងមកដល់ក្នុងរយៈពេល៦១ថ្ងៃខាងមុខនេះ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៦ធ្នូ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតព្រឹទ្ធសភា សម្រាប់ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ នៅបានឯកភាពលើខ្លឹមសារវីដេអូស្ប៉តអប់រំគំនូរជីវចល ចំនួន ១រឿង ដែលមានចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»។ ចំនួនគណបក្សនយោបាយដែលត្រូវឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានាពេលខាងមុខនេះ នឹងមានចំនួន ៤គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
-
សម្តេចធិបតីវាយតម្លៃខ្ពស់កិច្ចប្រឹងប្រែងធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលើកិច្ចប្រឹងប្រែងរបស់ក្រសួងផែនការណ៍ និងអង្គភាពដែលជាប់ពាក់ព័ន្ធ ដែលធ្វើបានសម្រេចលើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២។ សម្តេចធិបតី បានចាត់ទុកជំរឿនសេដ្ឋកិច្ចថា «បានដើរតួនាទីជាគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះបញ្ចាំងឱ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច, ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សម្រាប់ការអភិវឌ្ឍប្រទេសផង ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹងផងទៀត ពីតម្រូវការជាក់លាក់ទៅតាមវិស័យ, ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព, ការកំណត់វិធានការអន្តរាគមន៍នានា តាមមុខសញ្ញា និងការតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចថែមទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺន ៤ពាន់ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ៤ពាន់ ៥១២ករណី ដែលក្នុងនោះកម្ពុជាក៏មានឆ្លង២ករណីផងដែរ។ ប្រទេសដែលឆ្លងថ្ងៃនេះមានចំនួន៥ ក្នុងនោះគ្រាន់តែសឹង្ហបុរីតែមួយ មានការឆ្លងច្រើនដល់ ១ម៉ឺន ៣ពាន់ ៧៣០ករណី។ សេចក្តីរាយការណ៍ក្រៅប្រទេសបានឱ្យដឹង ប្រទេសសឹង្ហបុរីមានការផ្ទុះឆ្លងវីរុសបំលែងថ្មីកូវីដ១៩។ ការឆ្លងកូវីដ១៩នៅថ្ងៃនេះ បានកើនឡើងច្រើនដល់ ១ម៉ឺន ៤ពាន់ ១៥០ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ដែលមានការឆ្លងតែ ៣៦២ករណីប៉ុណ្ណោះ។ ប្រទេសទាំង៥ដែលបានឆ្លងរួមមានសឹង្ហបុរី, ហ្វីលីពីន, ប្រទេសថៃ, ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ដែលមានការឆ្លងតិចជាងគេ ២ករណី។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ២នាក់ផងដែរ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៥ម៉ឺន ៦ពាន់ ៣៨៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៣៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៥ម៉ឺននាក់ហើយ៕
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោលការចោទប្រកាន់អង្គការបរទេសចំនួន៦ (Video Inside)

ការចោទប្រកាន់របស់អង្គការបរទេសចំនួន៦ នៅក្រៅស្រុក បានប្រញាប់ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើសន្និសីទកាសែតមួយ នៅថ្ងៃនេះបំភ្លឺតបទៅវិញ។ អង្គការបរទេស ចំនួន៦ បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ប្រាប់ទៅសភាបរទេសចោទថា ដំណើរការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ។ ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សលោក កែវ រ៉េមី បានថ្លែងថាការចោទប្រកាន់ទាំងនេះមិនពិតឡើយ។ អប្សរាណិតរាយការណ៍
-
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺករណីជនជាតិថៃ ៩នាក់នៅកាស៊ីណូ (Video Inside)

ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បំភ្លឺតបជុំវិញហេតុការណ៍ដែលពាក់ព័ន្ធអំពើសង្ស័យជួញដូរមនុស្សមួយកើតឡើង នៅក្នុងតំបន់កាស៊ីណូ លើទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។ ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានជនជាតិថៃ ៩នាក់ បានរត់ចេញពីក្រុងប៉ោយប៉ែត ចូលមកក្នុងទឹកដីថៃវិញជាមួយការចោទថា ពួកគេបានរងការចាញ់បោកក្រុមបងធំ ល្បួងឲ្យធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់។ ពួកគេបានចោទថារងនឹងអំពើហិង្សា ដោយក្រុមបងធំ នៅក្នុងកាស៊ីណូនោះថែមទៀត។ សេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីមានការស្រាវជ្រាវរួច បានបំភ្លឺថា ជនជាតិថៃទាំង៩នាក់នេះ បានចូលមកក្នុងដីខ្មែរដោយខុសច្បាប់ និងបានលួចចេញទៅវិញ ដោយខុសច្បាប់ ដោយសារពួកគេបានឈ្លោះប្រកែកគ្នា និងដុតបន្ទប់ដេកបង្កអគ្គិភ័យ និងបានប្រើអំពើហិង្សាលើសន្តិសុខ ដែលបានចូលទៅឃាត់។ សេចក្តីប្រកាសដដែលនិយាយថា «ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបពួកគេនាំគ្នារត់គេចខ្លួន, លោតផ្លោះរបងបន្លាលួសបណ្តាលឲ្យមានរបួស ហើយបានលួចឆ្លងដែន ចូលក្នុងប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣»។ ពាក់ព័ន្ធនឹងការចោទប្រកាន់ការប្រើប្រាស់អំពើហិង្សាដាក់លើជនជាតិថៃទាំង៩នាក់នោះ, សមត្ថកិច្ចបានថ្លែងថា គេពុំទាន់ឃើញមានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់ របស់សារព័ត៌មានថៃ បានចុះផ្សាយនោះទេ៕
-
ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុក្តៅក្នុងឆ្នាំ២០២៤ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជុំវិញអាកាសធាតុក្តៅ ខណៈដែលសីតុណ្ហភាពត្រជាក់ទើបនឹងមានប្រមាណពីរបីថ្ងៃរួចមកនេះ។ កម្ពុជាគឺជាប្រទេសនៃតំបន់ត្រូពិកដែលតែងរងនឹងអាកាសធាតុក្តៅ និងសើម មានរយៈពេលវែងជាងរដូវចុះត្រជាក់។ ក្រសួងធនធានទឹក និងឧតុនិយម ដែលទើបតែបានជូនដំណឹងពលរដ្ឋឱ្យប្រុងប្រយ័ត្នសុខភាព ក្នុងពេលចុះត្រជាក់ប៉ុន្មានថ្ងៃនេះ បានជូនដំណឹងឱ្យពលរដ្ឋបានដឹងបន្ថែមថា អាកាសធាតុក្តៅនឹងវិលមកវិញ នាពេលខាងមុខនេះហើយ។ យោងតាមការជូនដំណឹងធាតុអាកាសនឹងចាប់ផ្ដើមក្តៅបន្តិចម្តងៗ ចាប់ពីខែកុម្ភៈ និងកាន់តែកើនកម្តៅឡើងនៅក្នុងខែមេសា ដល់ដើមខែឧសភា ដោយសារការរងឥទ្ធិពលអែលនីញ៉ូ។ ក្នុងរង្វង់ខែមេសា និងឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពកម្ដៅនឹងមានរវាងពី ៣៨ទៅ៤១ អង្សាសេ។ ក្នុងឆ្នាំ២០២៤, កម្រិតទឹកភ្លៀងនឹងធ្លាក់តិចជាងមធ្យមភាគប្រចាំឆ្នាំ។ ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។
-
ប្រមុខរាជរដ្ឋាភិបាលថ្លែងថាគ្មានអ្វីជាអាថ៌កំបាំងនូវការជីកព្រែកជីកហ្វូណនតេជោឡើយ (Video Inside)

សម្តីគ្មានមូលដ្ឋានរបស់អ្នកវិភាគដែលចរឹតប្រឆាំង ចំពោះការជីកព្រែកហ៊្វូណនតេជោ ក្នុងប្រទេសកម្ពុជា ត្រូវបានបកស្រាយបំភ្លឺមកវិញ ដោយសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជានៅថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់រួចមកហើយថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់ ៧០០លានដុល្លារ។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងព្រែកជីកហ៊្វូណននេះ គឺជាគម្រោងដ៏ធំបង្អស់មួយរបស់កម្ពុជា ដើម្បីការជួយបង្កើនសេដ្ឋកិច្ចជាតិ ប៉ុន្តែអ្នកវិភាគដែលមានចរឹតប្រឆាំងបានចោទថា ជាគម្រោងដែលធ្វើឱ្យកម្ពុជាខាតបង់ទៅវិញ។ អ្នកវិភាគនយោបាយម្នាក់ឈ្មោះ គឹម សុខ រស់នៅក្នុងប្រទេសហ្វាំងឡង់បាននិយាយថា កម្ពុជានឹងរងការខាតបង់អធិបតេយ្យភាពជាមួយនឹងវៀតណាម និងថាតាមរយៈគំរោងនោះ កម្ពុជានឹងអន្ទាក់បំណុលជាមួយនឹងប្រទេសចិនថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែក្រុងស្វយ័តក្រុងព្រះសីហនុ បានថ្លែងថាគំរោងព្រែកជីកហ៊្វូណន គ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។ គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើង…
-
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃជំនួយជប៉ុនបើកការដ្ឋានសាងសង់ (Video Inside)

ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃកំពង់ផែក្រុងស្វយ័តក្រុងព្រះសីហនុ ក្រោមជំនួយរបស់ប្រទេសជប៉ុន បានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានការអញ្ជើញចូលរួមដោយអនុរដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន លោក អ៊ិស៊ិបាស៊ិ រីនតារ៉ូ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦២ករណី (Video Inside)

កម្ពុជា បានឆ្លងកូវីដ១៩ចំនួន ២ករណី នារយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងចំណោមឆ្លង ៣៦២ករណី នៅទូទាំងអាស៊ាន។ តួលេខឆ្លងថ្ងៃនេះក្នុងប្រទេសអាស៊ានទាំង១០ បានកើនឡើងវិញចំនួន ៣៦០ករណី បើធៀបនឹងម្សិលមិញ ដែលមានការឆ្លងតែ ២ករណីប៉ុណ្ណោះ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសហ្វីលីពីន ដែលមានការឆ្លងចំនួន ៣៦០ករណី និងប្រទេសកម្ពុជាមានការឆ្លង ២ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
-
ទំនិញនាំចេញក្រៅប្រទេសរបស់កម្ពុជា ១១ខែកើនឡើង ៤ភាគរយ (Video Inside)

ទំនិញនាំចេញទៅក្រៅប្រទេសរបស់កម្ពុជា ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ប៉ុន្តែការនាំចូលទំនិញពីក្រៅមកវិញបានធ្លាក់ចុះ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែនេះ ទំនិញនាំចេញ បានទទួលប្រាក់ចំណូល ២១ចុច៣ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។ ប៉ុន្តែការនាំចូលទំនិញពីក្រៅប្រទេស បានធ្លាក់ចុះ ១៩.៩% ដែលស្មើនឹងប្រមាណ២២ចុច២ពាន់លានដុល្លារ។ ទំនិញដែលនាំចេញរួមមានផលិតផលសំលៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, ម៉ាស៊ីន បរិធាន និងសម្ភារៈអគ្គិសនី។ ចំណែកទំនិញនាំចូលបានយកមកពីប្រទេសចិន និងប្រទេសវៀតណាមជាដើម។ សេចក្តីរាយការណ៍បង្ហាញថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិ បានធ្វើឱ្យកម្ពុជា មានឱនភាពជញ្ជឹងពាណិជ្ជកម្មជាង ៩០០លានដុល្លារ។