-
មេសិទ្ធិមនុស្សកម្ពុជាជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាអំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជម្រាបជូនលោកជំទាវVladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា–ថៃ ដែលបានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលនិងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០ នាក់ មិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។ ការជម្រាបជូននេះ ក្នុងជំនួបរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាង ពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងឱកាសនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយយន្តការ អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សហគមន៍ LGBTQIA+។ លោកជំទាវក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះ ដែលបានកើត ឡើងនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោកជំទាវបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និង ច្បាប់អន្តរជាតិត្រូវតែគោរព។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃលំហរស៊ីវិល និងតួនាទី របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុង ពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត ទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការ សង្គមស៊ីវិល និងបានបើកចំហ លំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិ មនុស្ស៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្តក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត។ អ្នកនាំពាក្យបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបេសកកម្មការទូតសកម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។ អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ជាពិសេសស្ថានភាពជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ផងដែរ។ ក្រោយជំនួបនោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបង្ហាញពីភាពស្និទ្ធស្នាលនិងបានហៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាជាមិត្តជិតស្និទ្ធ។ ក្រៅពីបង្ហាញពីសន្ទុះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងសិង្ហបុរី–កម្ពុជា និងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល ប្រមុខការទូតសិង្ហបុរី ក៏បានប្រាប់ឱ្យដឹងដែរអំពីការផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ហើយឯកឧត្តមសង្ឃឹមថា សមាជិកអាស៊ានទាំងពីរ (កម្ពុជានិងថៃ) អាចពង្រឹងបទឈប់បាញ់ដែលកំពុងស្ថិតនៅជាធរមាន និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងការចរចា។ វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តក្រោមនយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនភ្លេចអាទិភាពខ្ពស់បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន ៖ អ្វីដែលក្មួយស្រី កន្និដ្ឋា លើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា ៖ ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រី កន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំ ព្រោះអ្វីដែល កន្និដ្ឋា លើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឱ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឱ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។ សម្តេចតេជោបានលើកឡើងថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕ ដោយ៖ពលជ័យ
-
នៅថ្ងៃទី១៣ ខែមីនា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើសេចក្តីព្រាងច្បាប់ប្រឆាំង Scam Online និងរបៀបវារៈសំខាន់ៗ មួយចំនួន

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ មួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរបាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ក្រសួងយុត្តិធម៌បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។ បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ…
-
អ្នកនាំពាក្យ៖ សម្តេចធិបតីពុំដែលបានបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការ JBC នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា៖ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។ ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន៥លើកមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង៕ដោយ៖ពលជ័យ
-
ថ្នាក់ដឹកនាំកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖ អ្នកនាំពាក្យបន្តទៀតថា ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖ ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដើម្បីការពារបូណភាពទឹកដីនិងប្រជាពលរដ្ឋ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ដោយឥតឈប់ឈរ និងដោយប្រទាក់ក្រឡាគ្នាទាំងក្នុងនិងក្រៅប្រទេស តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។ អ្នកនាំពាក្យបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាទើបតែបានបញ្ជូនគណៈប្រតិភូមួយក្រុមទៀតដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីទៅចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើនដូចជា តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិក្នុងវិស័យនានា និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជំនួបពិភាក្សាទាំងនោះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចែករម្លែកព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀត ដោយក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ…
-
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា

ភ្នំពេញ៖ ក្នុងដំណើរបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការពិតប្រាប់ទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) រួមទាំងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការរំលោភបំពានរបស់ថៃមកលើបូរណភាព អធិបតេយ្យភាពកម្ពុជាដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួប ជាមួយ ភាគីសំខាន់ៗ រួមមាន៖ ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្សឺណែវ…
-
បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាពកម្ពុជា បានបញ្ជាក់ថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីប្រទេសថៃផង និងរងសម្ពាធពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាផងនោះ ស្មារតីស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាខែលការពារសេដ្ឋកិច្ចជាតិដ៏មានឥទ្ធិពលបំផុត។ ការផ្អើលឈូឆរទិញទំនិញនិងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត មិនមែនជាដំណោះស្រាយការពារគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្កើតឱកាសឱ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមអំពើចិត្ត ដែលបង្កឱ្យមានអតិផរណា និងធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃហួសកម្រិត។ សកម្មភាពនេះនឹងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋដែលមានចំណូលទាបនិងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់ កាន់តែធ្លាក់ក្នុងវិបត្តិ។ បណ្ឌិត គិន ភា បានបន្តថា ពាក់ព័ន្ធនឹងសន្តិសុខថាមពល ការផ្អើលទិញប្រេងឥន្ធនៈស្តុកទុកក្នុងនៅតាមផ្ទះសម្បែង ឬទីតាំងមិនសមស្រប គឺជាហានិភ័យដ៏ធំធេងបំផុត។ ការរក្សាទុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស និងគ្មានសុវត្ថិភាព មិនត្រឹមតែនាំឱ្យខាតបង់ថវិកា និងបង្កឱ្យមានការខ្វះខាតប្រេងនៅតាមស្ថានីយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាគ្រោះអគ្គិភ័យដ៏សាហាវ ដែលបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតក្រុមគ្រួសារនិងអ្នកជិតខាងទៀតផង។ ក្នុងគ្រាមានអាសន្ន យើងមិនត្រូវបន្ថែមគ្រោះមហន្តរាយដោយសារការតក់ស្លុតរបស់ខ្លួនឯងមកលើគ្រោះសង្រ្គាមដែលកំពុងប្រឈមនោះឡើយ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការចេះគ្រប់គ្រងចំណាយក្នុងគ្រួសារឱ្យបានល្អ និងការមិនផ្អើលតាមការឃោសនាបំភ័យ គឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងថ្លៃទំនិញនៅលើទីផ្សារ និងទប់ស្កាត់អតិផរណា។ នៅពេលដែលតម្រូវការទីផ្សារមានសភាពធម្មតា រាជរដ្ឋាភិបាលនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយស្បៀងបម្រុងឱ្យបានគ្រប់គ្រាន់ដល់គ្រប់មជ្ឈដ្ឋាន។ ការរក្សាភាពនឹងនរមិនត្រឹមតែជួយសន្សំសំចៃថវិកាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពនិងធនធានទាំងនោះទៅផ្តោតលើការងារអាទិភាពក្នុងវិស័យការពារជាតិ និងការដោះស្រាយបញ្ហាចំពោះមុខនៅសមរភូមិជួរមុខឱ្យបានជោគជ័យ។ ជារួម ភាពស្ងប់ស្ងាត់និងការជឿជាក់លើការគ្រប់គ្រងសន្តិសុខថាមពល និងស្បៀងរបស់រដ្ឋ គឺជាអាវុធយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងគ្រាមានអាសន្នឬវិបត្តិ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំថា ការការពារជាតិមិនមែនមានតែនៅសមរភូមិជួរមុខដោយការកាន់អាវុធឡើយ ប៉ុន្តែការរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងសុវត្ថិភាពសហគមន៍នៅសមរភូមិក្រោយ ក៏ជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋម្នាក់ៗផងដែរ។ ការមិនផ្អើលឈូឆរទិញទំនិញស្តុកទុកនិងការរស់នៅដោយភាពសន្សំសំចៃក្នុងគ្រាវិបត្តិ គឺជាសកម្មភាពស្នេហាជាតិដ៏ពិតប្រាកដ ដែលជួយឱ្យកម្ពុជាមានភាពធន់មាំ និងអាចឆ្លងផុតរាល់ការសាកល្បងនៃសង្រ្គាមទាំងឡាយប្រកបដោយមោទនភាពនិងជ័យជម្នះជាស្ថាពរ៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ សន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ ឥស្សរជននិងថ្នាក់ដឹកនាំ កំពូលរបស់ជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំយកនូវសុខសន្តិភាពពេញលេញបរិបូរណ៍ជូនជាតិ និង ប្រជាជនកម្ពុជា ក្នុងនោះការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលនាំមកនូវសុខសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដូចមាននាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តមរតកដ៏ថ្លៃថ្លានេះ សម្រាប់បម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ នេះបើយោងតាមតាមរយៈសារលិខិតក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ សម្តេចធិបតីសង្កត់ធ្ងន់ថា ទោះបីជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី កម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបាន ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរសេដ្ឋកិច្ច ជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈ មុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។ សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រីគឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ល។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថាស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុង ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន ៩៩០នាក់។ ការណ៍នេះ ក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពីតួនាទីដ៏សំខាន់របស់ស្ត្រីនិងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្តារឡើងវិញក្រោយជម្លោះ។ ជាសក្ខីភាពកម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះ ផងដែរ៕ ដោយ៖ពលជ័យ