-
ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

ភ្នំពេញ៖ ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធហើយនឹងភាពតានតឹងនៅអំឡុងពេលសមរភូមិប្រយុទ្ធនាពេលដែលយប់ងងឹតឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវរំហើយមានខ្យល់ធ្លាក់ពីខាងជើងនេះ ប្រទេសយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជាបានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាពឬចលនាណាមួយ ដែលចង្អុល បង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជា ថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេង ទៀតដើម្បីទប់ទល់នឹងយោធាថៃដែលព្យាយាមវាយដណ្តើមកាន់កាប់ ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។ វាពិតជាពិបាកក្នុងការស្រមៃ សូម្បីតែយល់អំពីការប្រយុទ្ធដ៏គ្រោះថ្នាក់ជាទីបំផុតដែលវីរកងទ័ពកម្ពុជាកំពុងប្រឈម។ ក្រៅពីស្ថានភាពស្ងប់ស្ងាត់ដែលវីរកងទ័ពកម្ពុជាមួយចំនួនកំពុងរង់ចាំបើកការវាយប្រហារទប់ទល់ ឬស្ថានភាពហិង្សាដ៏សាហាវដែលវីរកងទ័ពកម្ពុជាមួយចំនួនទៀតកំពុងប្រឈមមុខ ក្នុងការការពារឬវាយបណ្តេញទាហានថៃចេញពីទឹកដីប្រទេសកម្ពុជាក៏ដោយ ក៏មានស្ថានភាពតានតឹងមួយទៀតដែលកើតមានឡើងជាទូទៅចំពោះវីរកងទ័ពយើងដែលឈរជើងនៅសមរភូមិ នោះគឺការប្រឹងជម្នះជាមួយនឹងអាកាសធាតុដ៏ត្រជាក់នាពេលយប់ងងឹត ការប្រុងស្មារតី និងការលំបាកក្នុងការសម្រាន្តដោយភាពស្ងៀមស្ងាត់ ហើយតែងតែ ត្រៀមខ្លួនជានិច្ចសម្រាប់សកម្មភាពឆ្លើយតបជាបន្ទាន់ណាមួយ ខណៈវីរកងទ័ពសម្រាកមិនដែលបានគ្រប់គ្រាន់ហើយដែលហួសពីការទ្រាំទ្រដ៏លំបាកទៅទៀត។ លើសពីនេះ គឺភាពអស់កម្លាំងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ និងជួនកាល វីរកងទ័ពកម្ពុជាស្ថិតក្រោមការវាយប្រហារទាំងកំពុងកាន់សព្វាវុធធ្ងន់ៗ ឬចូលរួមក្នុងសមរភូមិដ៏សាហាវឃោរឃៅ។ ជាងនេះទៅទៀត វីរកងទ័ពកម្ពុជានៅជួរមុខត្រូវប្រឈមមុខនឹងភាពលំបាកផ្នែកផ្លូវចិត្តដែលកើតមានឡើងនាពេលខ្លះ ដោយសារភាពឯកោពីក្រុមគ្រួសារ មិត្តភក្តិ និងអនាគតរបស់ ខ្លួនដែលមិនអាចកំណត់បានជាមុន។ ភាពតានតឹងនៃជម្លោះនេះ និងការប្រឈមអំឡុងពេលប្រតិបត្តិការប្រយុទ្ធនៅពេលយប់ងងឹត គឺមិនអាចពិពណ៌នាបានគ្រប់ជ្រុងជ្រោយដោយសេចត្តីអត្ថាធិប្បាយខ្លីបែបនេះទេ ប៉ុន្តែយ៉ាងហោចណាស់ យើងទទួលស្គាល់ថានេះគឺជាការតស៊ូ និងទុក្ខលំបាកពិតរបស់ វីរកងទ័ពកម្ពុជាដែលការពារប្រទេសកម្ពុជារបស់យើង។ វាគឺជាការពិតដែលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នអាចឱ្យកងទ័ពធ្វើប្រតិបត្តិការនៅពេលយប់ ប៉ុន្តែទោះបីជាមានបច្ចេកវិទ្យាទំនើបឬ…
-
កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិក អ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់៩០គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕ដោយ៖ពលជ័យ
-
លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ បានថ្លែងថាប្រទេសថៃទាមទារលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១)កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២)បទឈប់បាញ់ត្រូវតែអនុវត្តនិងរក្សាឱ្យបាន; និង ទី៣)កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំ ចំពោះលក្ខខណ្ឌទាំងបីនេះគឺសាមញ្ញ៖ វាគឺជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអកនិងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។ ប្រទេសថៃបានបង្កើនការវាយប្រហារ និងឈ្លានពានរបស់ខ្លួនកាន់តែខ្លាំងឡើង រួមទាំងការវាយលុកតាមផ្លូវគោកចូលមកក្នុងទឹកដីប្រទេសកម្ពុជា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងដោយកាំភ្លើងធំ ជាងនេះទៅទៀតប្រទេសថៃបានពង្រីកសមរភូមិប្រយុទ្ធដែលធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជាទទួលរងនូវការវាយប្រហារ និងបណ្ដាលឱ្យមានប្រជាជនខ្មែរស្លូតត្រង់យ៉ាងច្រើនលើសលប់រងរបួសនិងបាត់បង់ជីវិត។ នេះគឺមិនមែនជាសកម្មភាពដែលសមហេតុផលសម្រាប់ប្រទេសមួយដែលមានភាពចាស់ទុំក្នុងការការពារខ្លួននោះទេ។ នេះគឺជាសកម្មភាពរបស់ប្រទេសដែលមានចេតនាបង្កជម្លោះដើម្បីដណ្តើមកាន់កាប់ទឹកដីទាំងបំពានច្បាប់អន្តរជាតិពីប្រទេសដែលមានសន្តិភាព។ ពិភពលោកមិនត្រឹមតែនឹងកត់សម្គាល់អំពីលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់ក្នុងស្វែងរកសន្តិភាពរបស់ប្រទេសថៃតែប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកនឹងចងចាំជារៀងរហូតអំពីការឈ្លានពានទាំងមិនសមហេតុផលដោយប្រទេសថៃ និងការទាមទារដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
-
សម្តេចតេជោ៖ កម្ពុជាពុំមានជនជនជាតិរុស្សុី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្សុី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ សម្តេចតេជោបន្តថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ សម្តេចតេជោបន្តទៀតថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឱ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕ ដោយ៖ពលជ័យ
-
ឯកឧត្តម កែវ ឈា ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នាឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តម បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ៕ដោយ៖ពលជ័យ
-
សម្តេចតេជោ៖ យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬប្រជាជនថៃនោះឡើយ, អ្វីដែលយើងសូមឱ្យផ្អាក គឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន, សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជា និងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោក គួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ សម្តេចតេជោ បានបន្តថា អាចមានការភាន់ច្រឡំ ឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ព្រោះការប្រយុទ្ធ និងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយ បន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជា ប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរ ទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕ដោយ៖ពលជ័យ
-
យោធាប្រទេសថៃកំពុងបង្កការលំបាកប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាពរបស់សហរដ្ឋអាមេរិក អាស៊ាន និងពិភពលោក

នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជាឱ្យទទួលយកការទាមទារដោយគ្មានមូលដ្ឋានច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា គឺជាការទាមទារដែលរឹងទទឹងប្រឆាំងទៅនឹងទស្សនអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ។ នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលធ្វើជាអ្នកសម្របសម្រួល និងត្រូវបានគេអះអាងថា បានបញ្ចុះបញ្ចូលប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាគឺជារឿងគួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានប្រាប់សន្និសីទសារព័ត៌មានថា បទឈប់បាញ់នឹងកើតឡើង លុះត្រាណាតែ៖ «កម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារ ដកកងទ័ពរបស់ខ្លួនចេញ និងដោះមីនទាំងអស់ដែលខ្លួនបានដាក់»។ វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលយោធាថៃកំពុងធ្វើសកម្មភាពយោធានៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយវាយប្រហារភូមិឋាន និងទីតាំងវប្បធម៌របស់ខ្មែរ យោធាថៃ បានចៀសផុតពីគ្រាប់មីនហាក់ដូចជាអព្ភូតហេតុ ដែលគ្រាប់មីនទាំងនោះហើយដែលប្រទេសថៃបានអះអាងថាជាប្រភពធ្វើឱ្យយោធារបស់ខ្លួនទទួលរងរបួស។ វាគួរឱ្យចាប់អារម្មណ៍ផងដែរថា ប្រទេសថៃនៅតែបន្តការទាមទារនូវលក្ខខណ្ឌនានាសម្រាប់ការចរចាសន្តិភាព អំឡុងពេលដែលយោធារបស់ថៃកំពុងធ្វើសកម្មភាពឈ្លានពាន បាញ់ផ្លោង និងវាយប្រហារមកលើប្រទេសកម្ពុជា។ សរុបសេចក្តីមកយោធាប្រទេសថៃកំពុងបន្តសាកល្បងនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីសន្តិភាពពិភពលោក។ យោធាដែលដាក់លក្ខខណ្ឌសម្រាប់សន្តិភាព ខណៈពេលដែលកំពុងវាយប្រហារ និងឈ្លានពានភាគីម្ខាងទៀត មិនមែនជាអ្នកចាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះសន្តិភាពនោះទេ។ សកម្មភាពឈ្លានពានរបស់យោធាថៃប្រឆាំងនឹងប្រទេសកម្ពុជា គឺមិនស័ក្តិសមជាប្រទេសមានភាពចាស់ទុំ អភិវឌ្ឍន៍ ដែលមានការគោរពច្បាប់អន្តរជាតិនោះទេ។ អំពើឈ្លានពានដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវប្រឆាំងនឹងសមាជិកអាស៊ានដូចគ្នាត្រូវតែបញ្ឈប់៕ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ The Thai…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងែទី១១ ខែធ្នូ ឆ្នាំ២០១៥ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង។ លោកជំទាវបណ្ឌិត បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។ លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់យោធិន និងប្រជាពលរដ្ឋ មានរបួសឱ្យមានសុខភាពល្អមាំទាំ ខណៈថ្នាក់ដឹកនាំកំពូលនៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ៕ដោយ៖ពលជ័យ
-
អត្ថបទវិភាគ៖ ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ

«ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលមួយដែលបានស្គាល់សុខសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលយូរ ដែលអនុញ្ញាតឱ្យខ្មែរបានស្គាល់ការអភិវឌ្ឍខ្លាំងក្លាមួយមិនដែលធ្លាប់មានពីមុន»។ នេះគឺជារឿងពិតដែល គ្មានអ្នកណាអាចប្រកែកបាននិងដែលត្រូវបានលើកឡើងជាញឹកញាប់ដោយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ នៅពេលដែលនិយាយដល់បញ្ហានេះ ប្រាកដណាស់ យើងតែងតែនឹកដល់ស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបែបនេះ នោះគឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ឆ្លងកាត់សម័យកាលដែលខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក៏មានខ្មែរខ្លះ ជាពិសេសអ្នកដែលមាននិន្នាការជ្រុលនិយមមួយចំនួនតូច ស្រាប់តែភ្លេចឬធ្វើជាភ្លេចថាអ្នកណាជាវីរជនរបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ស្ទើរមួយជីវិត ដើម្បីបុព្វហេតុសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ និងបញ្ចេញទេពកោសល្យដ៏អស្ចារ្យក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ ផ្ទុយទៅវិញ ពួកគេថែមទាំងខិតខំលាបពណ៌ស្ថាបនិកកម្ពុជាសម័យទំនើបឱ្យមានរូបភាពផ្សេងទៅវិញទៅតាមនិន្នាការនយោបាយ និងដើម្បីបំពេញនូវមហិច្ឆិតានយោបាយសួនតួរបស់ខ្លួន។ «ប៉ុន្តែបច្ចុប្បន្ន នៅពេលប្រទេសជាតិជួបប្រទះការឈ្លានពានយ៉ាងកម្រោល និងព្រៃផ្សៃពីសំណាក់ ចោរប្រវត្តិសាស្ត្រសៀម ទើបខ្មែរគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ថា អ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការការពារបូរណភាពទឹកដី និងដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ គឺគ្មានអ្នកណាក្រៅពីតេជោសែន ដែលពោរពេញដោយបទពិសោធន៍គ្មានគូប្រៀបទាំងលើ សមរភូមិយោធា សមរភូមិការទូត និងនយោបាយ។ នេះហើយជាវីរជនខ្មែរពិតប្រាកដដែលកំពុងឈរនៅយ៉ាងរឹងមាំជាមួយប្រជាពលរដ្ឋ និងជាមេបញ្ជាការកងទ័ពប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយហួសពីការស្មាន»។ ពិតណាស់ កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច និងមានកម្លាំងសេដ្ឋកិច្ច និងយោធាតូចជាងថៃ។ បន្ថែមពីលើនេះ កម្ពុជាទើបតែងើបចេញពីភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិនិងជីវិតមនុស្សត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់។ ទើបតែក្នុងអំឡុងពេលមានសុខសន្តិភាពរយៈពេល២៦ឆ្នាំចុងក្រោយប៉ុណ្ណោះ…
-
សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុនប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃដែលបាញ់ប្រហារយ៉ាងឃោរឃៅទន្ទ្រានដែនអធិបតេយ្យភាពកម្ពុជា

(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តអូសាកា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែនអធិបតេយ្យភាពរបស់កម្ពុជាសាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកចូលរួមទាំងអស់បានស្រែកបន្លឺពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងច្រើន។ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់នេះ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕ដោយ៖ពលជ័យ