-
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកគិរីសាគរ

ថ្ងៃចន្ទទី២៣ ខែសីហា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកគិរីសាគរ។ លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។ មួយវិញទៀតត្រូវទប់ស្កាត់រាល់ការឆ្លងដែនគ្រប់ច្រកមកពីប្រទេសថៃតាមទូកនេសាទទាំងអស់ មួយទៀតការត្រូវទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕ដោយ-រ៉ាវុធ
-
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាឧបត្ថម្ភថវិកា១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច បានឧបត្ថម្ភថវិកា១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាត់ទុកការចូលរួមនោះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDAបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការលើ៦នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់១៣នាក់, មកពីខេត្តព្រៃវែងម្នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨២០ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន១៨ករណី, បានជាសះស្បើយចំនួន៤ពាន់១៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១៥នាក់។
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៧១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក២៤នាក់, ស្រុកក្រឡាញ់១៥នាក់,ស្រុកជីក្រែង៥នាក់, ស្រុកសូទ្រនិគមន៥នាក់, ក្រុងសៀមរាប៨នាក់, ស្រុកអង្គរជុំម្នាក់,ស្រុកអង្គរធំម្នាក់, ស្រុកស្រីស្នំ២នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តកំពង់ធំ៣នាក់ និង មកបីខេត្តឧត្តរមានជ័យ៣នាក់ ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៩៥នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៧៣៦នាក់និងស្លាប់៧៥នាក់។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១០នាក់ និងស្លាប់ ១៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២២សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤១០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៣២នាក់ និងករណីឆ្លងសហគមន៍២៧៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២២សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥៣៧នាក់ និងមានអ្នកស្លាប់១៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២២សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៩ពាន់៦៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន៥ពាន់៦១៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៨០៨នាក់ហើយ។
-
ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា៖ ស្រទាប់យុវវ័យនៅខេត្តក្រចេះ ត្រេកអរជាខ្លាំងដោយបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីត្រៀមត្រឡប់ទៅកាន់សាលារៀនវិញ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី រួមដំណើរដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការមួយចំនួនទៀត កាលពីពេលថ្មីៗកន្លងទៅនេះ បានអញ្ជើញទៅចូលរួមពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនក្មួយៗយុវវ័យមានអាយុចន្លោះពី ១២ ដល់ ១៧ឆ្នាំ ដែលរៀបចំឡើងដោយក្រុមការងារចំរុះរបស់ខេត្ត នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តក្រចេះ។ ថ្លែងមតិសំណេះសំណាលជាមួយក្មួយៗប្រមាណជាង ៣០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានលើកឡើងពីក្តីសោមនស្សរីករាយយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះប្រមាណជាង ១៧ម៉ឺននាក់ គឺស្មើជិត ៨០ភាគរយ ដែលបាននិងកំពុងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ពេលនេះទៀតសោត ក្មួយៗយុវវ័យកូនចៅប្រជាជនខេត្តក្រចេះទាំងមូលដែលមានប្រមាណជាង ៦ម៉ឺននាក់ កំពុងចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ធ្វើឱ្យក្មួយៗមានក្តីសប្បាយរីករាយ ត្រេកអរជាខ្លាំង ដើម្បីត្រៀមខ្លួនវិលត្រឡប់ទៅកាន់សាលារៀនរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។ បន្ទាប់មក នៅព្រឹកថ្ងៃដដែលនាសាលប្រជុំគណបក្សខេត្ត ក្រុមការងារខេត្តក្រចេះ ក៏បានជួបប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ ក្នុងក្រុងក្រចេះ ដើម្បីពិភាក្សាលើផែនការសកម្មភាពការងារជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់បន្ថែមទៀតពីសារៈសំខាន់មានអត្ថន័យស្លាប់រស់នៃយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ-១៩ និងចលនាជាតិរួមគ្នាដោះស្រាយផលប៉ះពាល់ពីជម្ងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវនេះ ដែលយើងទាំងអស់គ្នាត្រូវពុះពាររាល់បញ្ហាប្រឈមបន្តចូលរួមគាំទ្រ និងអនុវត្តយ៉ាងសកម្មបំផុត ដោយត្រូវចាត់ទុកថានោះជាភារកិច្ចនយោបាយដ៏ចំបង ដើម្បីបុព្វហេតុសុខសន្តិភាព និងអភិវឌ្ឍនភាពយូរអង្វែងរបស់កម្ពុជា។ យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំលើចលនាជាតិដែលកំពុងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន…
-
កូវីដ៖ ថៃឆ្លងជាង១ម៉ឺន៧ពាន់នាក់ ស្លាប់មនុស្ស២៤២នាក់ទៀត

នៅប្រទេសថៃ មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២៤២នាក់ទៀត និងឆ្លងថ្មី១៧៤៩១នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមក្រសួងសុខាភិបាលប្រកាសនាព្រឹកថ្ងៃចន្ទ ទី២៣ សីហា ២០២១នេះ។ យ៉ាងណាក៏ដោយ ២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ២២១៣៤នាក់ទៀតបានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យដែរ។ ក្នុងចំណោមករណីឆ្លងថ្មី នៅតែបន្តមានអ្នកឆ្លងក្នុងពន្ធនាគារចំនួន៣៩៨នាក់ទៀត។ ចាប់តាំងពីមានកូវីដ១៩ ដើមឆ្នាំមុនមក ថៃមានឆ្លងកើនដល់១,០៦៦,៧៨៦នាក់ហើយ ជាសះស្បើយ ៨៦១,៤៦៨នាក់ ស្លាប់មនុស្សព្រោះជំងឺនេះបានកើនដល់ ៩៥៦២នាក់៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១២លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៤ម៉ឺននាក់ និងជាសះស្បើយ១៩០លាន២១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១២លាន៥៩ម៉ឺន៤ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៤ម៉ឺន៤ពាន់៥៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩០លាន២១ម៉ឺន៩៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៥៤ម៉ឺន៥ពាន់១៤៤នាក់ ស្លាប់ចំនួន៦៤ម៉ឺន៥ពាន់៥៨នាក់ និងជាសះស្បើយចំនួន៣០លាន៤៧ម៉ឺន២ពាន់៨០៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៤៤ម៉ឺន៨ពាន់៩៦៩នាក់ ស្លាប់៤៣ម៉ឺន៤ពាន់៧៨៤នាក់ និងជាសះស្បើយ៣១លាន៦៧ម៉ឺន៣ពាន់១០៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៥៧ម៉ឺន៨៩១នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៥៧៤នាក់ និងជាសះស្បើយ១៩លាន៤៤ម៉ឺន៨ពាន់៨១៦នាក់ ៕ ប្រភព៖ worldometers
-
វៀតណាមប្រកាសពីការស្លាប់ព្រោះកូវីដ ៧៣៧នាក់ទៀត ត្រឹម១ថ្ងៃ

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ករណីថ្មី ចំនួន១១៣៤៦នាក់ទៀត និងស្លាប់ចំនួះ៧៣៧នាក់ទៀត ក្នុងប្រទេស កាលពីថ្ងៃទី២២ សីហា ២០២១។ ជាការកត់សម្គាល់ថា ការស្លាប់មនុស្ស៧៣៧ដោយសារតែជំងឺកូវីដ១៩ ក្នុងពេលមួយថ្ងៃបែបនេះ គឺជាចំនួនស្លាប់ប្រចាំថ្ងៃច្រើនបំផុត នៅប្រទេសវៀតណាម ហើយករណីថ្មីៗជាង១ម៉ឺននាក់នេះ ភាគច្រើនរកឃើញ នៅហូជីមិញ ប៊ីញ ដុង និង ដង់ណៃ។ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៤៨០៥៩នាក់ ខណៈមនុស្សស្លាប់កើនដល់៨២៧៧នាក់ហើយ។ វៀតណាមបានចាក់វ៉ាក់សាំងលើមនុស្សជាង១៧លាននាក់ តែអ្នកចាក់ពេញ២ដូស មានជាង១.៧លាននាក់៕
-
កាកបាទក្រហមកម្ពុជា ជូនដំណឹងស្ដីពីការទទួលវ៉ាក់សាំងស៊ីណូហ្វាម ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជានៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងប្រភេទ SARS-CoV-2 សីណូហ្វាមចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជាមកដល់អាការយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៥ល្ងាចថ្ងៃទី២៣សីហាឆ្នាំ២០២១។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចាត់ទុកថា វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាកបាទក្រហមកម្ពុជាបានបន្តថា ទោះជាយ៉ាងណាក្ដី វ៉ាក់សាំងតែមួយមុចនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនោះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនោះ នៅតែចាំបាច់ដូចជាការធ្វើតេស្ដ ការគោរពវិធានការចត្តាឡីស័ក ព្រមទាំងការបន្តអនុវត្ត ៣ការពារ និង៣កុំ ដែលជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឲ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួតពីភាគីពាក់ពន្ធ័ទាំងអស់។ កាកបាទក្រហមកម្ពុជា បញ្ជាក់ពីការប្ដេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យអនុវត្តវិធាការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។