-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពារាំង១៨នាក់, ស្រុកពាមរក៍៨នាក់, ស្រុកមេសាង៨នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកព្រះស្តេចម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និង មកពីខេត្តតាកែវម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៤៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៧៧១នាក់ និងស្លាប់១០២នាក់។
-
ប្រជាពលរដ្ឋជាង ៩លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៩សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៣សែន៨ម៉ឺន៨ពាន់៧៣៥នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៦សែន៦ម៉ឺន២ពាន់២៦៣នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៩ថ្ងៃចាក់បាន៧៧ម៉ឺន៦ពាន់៥៩៨នាក់ ស្មើនឹង៣៩,៤៨%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៦៥ម៉ឺន៣៣៣នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន២សែន៩ម៉ឺន៦ពាន់៦៧៨នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៨,៦៨%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៩សីហាឆ្នាំ២០២១ ចាក់បានចំនួន៣៩ម៉ឺន១ពាន់៤០១នាក់។
-
មនុស្សជាង ៩០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២០សីហាបានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៩សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៤៧១ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៩៤៧នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គលម្នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៤៥០គ្រឿង, និង ពិន័យជាប្រាក់ចំនួ៤២លាន៦សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
សិង្ហបុរីត្រៀមឲ្យមានជើងហោះហើរ ដល់អ្នកដំណើរចាក់វ៉ាក់សាំង

សិង្ហបុរីនឹងចាប់ផ្តើមឲ្យមានជើងហោះហើរសម្រាប់អ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំង លើកដំបូង ជាមួយនឹងភ្ញៀវមកពីអាល្លឺម៉ង់ និងព្រុយណេ ចាប់ពីថ្ងៃទី៨ កញ្ញា ខាងមុខនេះ នេះបើតាមគណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងកូវីដ១៩ បញ្ជាក់ នាថ្ងៃព្រហស្បតិ៍ ទី១៩ សីហា ២០២១នេះ។ ជាមួយនឹងការធ្វើដំណើរបែបនេះ អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ចាកចេញពីអាល្លឺម៉ង់ និងព្រុយណេអាចចូលប្រទេសសិង្ហបុរី ដោយគ្មានការដាក់ឲ្យដោយឡែកនៅផ្ទះ។ យ៉ាងណាក៏ដោយ អ្នកដំណើរទាំងនោះត្រូវតែធ្វើតេស្តកូវីដ១៩ ក្នុងពេល៤៨ម៉ោង នៃជើងហោះហើរដែលបានគ្រោងទុក ពេលមកដល់ចំណតត្រូវតេស្តទៀត និងក្រោយការមកដល់ ក៏តេស្តដែរ៕
-
វៀតណាមឆ្លងកូវីដ១៩ ប្រចាំថ្ងៃកម្រិតខ្ពស់ខ្លាំង ពុំធ្លាប់មានក្នុងប្រទេស

វៀតណាមបានប្រកាសថា នាថ្ងៃទី១៩ សីហា ២០២១នេះ មានករណីឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១០៦៣៩ករណី ជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រទេស។ ក្នុងចំណោមជាង១ម៉ឺនករណីនេះ ក្រុងហូជីមិញឆ្លងច្រើនជាងគេ មាន៤៤២៥ករណី បន្ទាប់មក គឺក្រុង Binh Duong និងDong Nai ។ ក្រៅពីនេះ ក៏មានករណីស្លាប់ថ្មីចំនួន៣៨០នាក់ទៀត នាំឲ្យមនុស្សស្លាប់ព្រោះកូវីដ១៩ នៅប្រទេសវៀតណាមកើនដល់ ៧១៥០នាក់ ខណៈដែលករណីឆ្លងសរុបមានជាង១២ម៉ឺននាក់ហើយ៕ ប្រភពពី VNexpress
-
រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសរកឃើញអ្នកផ្ទុកមេរោគកូវិដ-១៩ ចំនួន ៩នាក់ ស្រី ៦នាក់ និងមានអ្នកជាសះស្បើយ២នាក់

-
រាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពី ថ្ងៃទី ២០ ខែសីហា ប៉ុន្តែ វិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់ ទាំងស្រុងនូវបម្រាមគោចរពេលរាត្រីដែល បានដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះដែលតា (Delta)។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។ ជាមួយគ្នានោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាសម្រាប់រាជធានីភ្នំពេញអាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរ មួយប៉ុណ្ណោះដោយឡែក វិធានការផ្សេងៗទៀតដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ និងហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅនៅតែរក្សាដដែល៕
-
ក្រុមការងារស្ថានអគ្គកុងស៊ុល បាននាំយកស្បៀងអាហារ ប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករនៅចំការអំពៅ និងរោងចក្រស្ករសរក្នុងប្រទេសថៃ

នៅថ្ងៃទី 19 សីហា 2021 ក្រុមការងារស្ថានអគ្គកុងស៊ុល បាននាំយកស្បៀងអាហារ មានអង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកសីអីវ ម៉ាស់ អាកល់ ថ្នាំគ្រុនក្តៅ ថ្នាំក្អកនិងសេរ៉ូក្តៅខ្លួនកូនក្មេងព្រមទាំងបាយឆា100ប្រអប់ទឹកសិទ្ធ100 យួរទៅប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករនៅចំការអំពៅ និងរោងចក្រស្ករសរក្នុងប្រទេសថៃ។ក្នុងពេលចុៈជួបពលករលោកអគ្គកុងស៊ុលបានជួបជាមួយអភិបាលស្រុកវឌ្ឌ្យនានៈខន ប្រធានមន្ទីពេទ្យស្រុក ប្រធានមន្ទីការងារស្រុកផ្តាំផ្ញើរអោយអាជ្ញាធរជួយយកចិត្តទុកដាក់ដល់កម្មករខ្មែរដែលកំពុងធ្វើការងារជាកម្មករចំការអំពៅ និងកម្មកររោងចក្រស្កសរដែលកំពុងស្ថិតក្នុងការបិទខ្ទប់នៅតំបន់នោៈចំនួនជាង87នាក់។ សួង ពិសិដ្ឋ
-
ក្រសួងសាធារណការ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ដែលខ្លួនកំពុងរស់នៅ ។ មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលា ដែលកំណត់ទៀងទាត់៕
-
ថ្នាក់ដឹកនាំខេត្តកំពត នាំមន្ត្រីរាជការជួរមុខទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣

កំពត៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការជួរមុខទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ (ដូសជំរុញ) ដោយប្រើវ៉ាក់សាំង ប្រភេទ “អាស្ត្រាហ្សេនីកា” នៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពត ។ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ កងកម្លាំង និងមន្ត្រីរាជការកន្លងមក និងជាពិសេសថ្ងៃនេះបន្តចាក់ជូនដល់មន្ត្រីរាជការជួរមុខរបស់សាលាខេត្តកំពត ដោយមិនគិតអំពីការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងប្រភេទ “អាស្ត្រាហ្សេនីកា” ដូសទី៣ (ដូសជំរុញ) សម្រាប់ចាក់ជូនដល់ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ថ្នាក់ដឹកនាំមន្ត្រីរាជការជួរមុខចំនួន១០.១៤៤ដូសបន្ថែមទៀត បន្ទាប់ពីជំហ៊ានដំបូង បានចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៤.២៣៨ដូស រួចមក ។ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ ដល់ពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងដុសទី៣រួច សូមបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល…