-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៩នាក់និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥៩នាក់នោះ រួមមាននៅក្រុងបាត់ដំបង២៥នាក់,ស្រុកឯកភ្នំ២នាក់, ស្រុកកំរៀង២នាក់,ស្រុកថ្មគោល៥នាក់,ស្រុកបវេល៥នាក់,ស្រុកសំពៅលូនម្នាក់,ស្រុករតនមណ្ឌល២នាក់, ស្រុកបាណន់២នាក់, ស្រុកមោងឬស្សី៥នាក់, ស្រុកសង្កែ៥នាក់, មកពីខេត្តសៀមរាបម្នាក់ និងពលករមកពីប្រទេសថៃចំនួន៤នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧០ឆ្នាំនៅស្រុករុក្ខគិរី, ទី២ ស្ត្រីអាយុ៣៨ឆ្នាំនៅក្រុងបាត់ដំបង និងទី៣ ស្ត្រីអាយុ៥៦ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៣២៩នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៧៨២នាក់ និងមានអ្នកស្លាប់សរុបចំនួ៥១នាក់។
-
ខេត្តកំពង់ស្ពឺ រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីដែលតាចំនួន ៤ករណី

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី១០សីហាឆ្នាំ២០២១បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលវិភាគរកមេរោគបំប្លែងថ្មីដែលតា (Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានរកឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មីដែលតា នៅក្នុងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺចំនួន៤នាក់។ អ្នកទាំង៤នាក់មាន២នាក់ មានអសយដ្ឋាននៅភូមិផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និង២នាក់ទៀត មានអាយដ្ឋាននៅភូមិព្រែកញ្ជាន់ ឃុះភារី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ អ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មីដែលតា ទាំង៤នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌលព្យាបាលពន្លឺថ្មី។ជាមួយគ្នានោះ ក្រុមជំនាញថ្នាក់ខេត្ត កំពុងបន្ដស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រវិភាគរកប្រភេទមេរោគកូវីដ-១៩បំប្លែងថ្មីតាមបច្ចេកទេសសុខាភិបាលបន្តទៀត។ កម្ពុជាគិតចាប់ពីថ្ងៃទី៣១មីនារហូតមកដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីដែលតា ចំនួន៣៨៥នាក់ហើយ ក្នុងនោះ រួមមានពលករត្រឡប់មកពីប្រទេសថៃ, អ្នកដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។
-
មនុស្សជាង ១ពាន់ ៦០០នាក់ត្រូវបានឃាត់ខ្លួន ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១០សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១១សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៩៤១ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន់៦៨២នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃាត់យានយន្តចំនួន៨១១គ្រឿង និង ពិន័យជាប្រាក់ចំនួ៤៦លាន១សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣២នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់នោះ រួមមានកម្មកររោងចក្រ៤នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ២១នាក់ និង៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ បុរសអាយុ៧៩នៅស្រុកកំពង់រោទិ៍ និងទី២ បុរសអាយុ៧១ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២១៨នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៩៩នាក់ និងមានអ្នកស្លាប់សារុបចំនួ១១៩នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកព្រះសេ្ដច២៤នាក់, ស្រុកកំចាយមារ៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកពាមជរ៦នាក់, ស្រុកពារាំង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកកំពង់ត្របែក២នាក់។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខេត្តព្រៃវែងក៏មានអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន១៨៧នាក់ផងដែរ។ ចំណែកអ្នកស្លាប់ជា បុរសអាយុ៦៧ឆ្នាំប្រជាពលរដ្ឋរស់នៅភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះសេ្ដច ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៤៦២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩០៧នាក់ និង ស្លាប់៨៨នាក់។
-
ប្រជាពលរដ្ឋជាង ៨លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន៣សែន៩ម៉ឺន៦ពាន់៦១៣នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៤សែន៣ម៉ឺន៨ពាន់៧៧០នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១០ថ្ងៃចាក់បាន៣៥ម៉ឺន៩ពាន់៩៤នាក់ ស្មើនឹង១៨,២៦%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន១សែន៥៦១នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥២,៤៨%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១០សីហាឆ្នាំ២០២១ ចាក់បានចំនួន៦ម៉ឺន៧ពាន់៦៣៧នាក់។
-
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទូទាំងប្រទេស បានជាង៨០ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

-
អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៣៣០ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៩១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៣៣០ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៩១នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន២ពាន់៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧១ម៉ឺន៨ពាន់៨២១ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៤២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន៦១៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៩ពាន់៩៩១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២៩ម៉ឺន៩ពាន់៧៦៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២០១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៦០២នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៩ពាន់៨៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧៩ម៉ឺន៥ពាន់៩៥១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៣៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៥៨៨នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៨ពាន់៥៦០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៧ម៉ឺន៦ពាន់១៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់២២០នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៦១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣ម៉ឺន៣ពាន់១២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់១៤នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៩ពាន់៣៣៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២២ម៉ឺន៤ពាន់៨៩៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៧៥៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២ពាន់៨៩៨ករណី។ ចំណែកការស្លាប់ថ្មី១៧ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦០២នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៨៩០ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣១៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ពាន់៨៧៦ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៤២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤០៦ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន២០ម៉ឺន៦ពាន់៧៨៦ករណី, និងការស្លាប់មាន១៧ម៉ឺន៥ពាន់១៥នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៤លានករណី, និងការស្លាប់មានជាង៤លាន៣២ម៉ឺននាក់។
-
វៀតណាម៖ តាក់ស៊ីរាប់រយគ្រឿងក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ នៅហូជីមិញ

រថយន្តតាក់ស៊ីជិត ៥០០គ្រឿង នៅទីក្រុងហូជីមិញ ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យ ដែលមានការកើនឡើងយ៉ាងគំហុក។ ក្រុមហ៊ុនតាក់ស៊ីអះអាងថា តាក់ស៊ីរបស់ខ្លួនត្រូវបានប្រែក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ១៩ ខណៈតាក់ស៊ីខ្លះត្រូវរង់ចាំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើក្នុងគោលបំណងដូចគ្នា។ ក្រុមហ៊ុនថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលដល់អាជ្ញាធរសុខាភិបាល ក្នុងតំបន់ ក្នុងការដឹកជញ្ជូនអ្នកជំងឺកូវីដ១៩។ រថយន្តដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានប្រើប្រាស់ ដូចគ្នាបែបនេះដែរ ក្រៅពីក្រុមហ៊ុនតាក់ស៊ីនោះ។ សរុបទាំងអស់នៅហូជីមិញ មានប្រមាណ៥០០គ្រឿងហើយ។ សូមបញ្ជាក់ថា វៀតណាមឆ្លងប្រចាំថ្ងៃរាប់ពាន់នាក់ ថ្ងៃខហលះមានដល់ជិត១ម៉ឺននាក់៕
-
BioNTech ដែលរួមដៃផលិតវ៉ាក់សាំកូវីដជាមួយក្រុមហ៊ុនអាមេរិក Pfizer រកបាន៦.២ពាន់លានដុល្លារ ត្រឹម៣ខែ

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ របស់អាល្លឺម៉ង់ BioNTech បានរកចំណូលបាន៥.៣ពាន់លានអឺរ៉ូ ឬ ៦.២ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ កើនឡើង៤២លានអឺរ៉ូ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមក្រុមហ៊ុនបច្ចេកវិទ្យាអាល្លឺម៉ង់មួយនេះប្រកាស កាលពីថ្ងៃទី៩ សីហា ។ ចំណូលដុលរបស់ក្រុមហ៊ុនក្នុងអំឡុងពេល៣ខែមកនេះ គេប៉ាន់ស្មានថា ២.៨ពាន់លានអឺរ៉ូបានមកពីការលក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលគឺក្រោយពេលខាតបង់ចំណូល៨៨.៣លានអឺរ៉ូ កាលពីឆ្នាំ២០២០ នេះបើតាមក្រុមហ៊ុនដដែល។ ក្រុមហ៊ុន BioNTech រួមនឹងក្រុមហ៊ុន Pfizer បានចែកចាយវ៉ាក់សាំងកូវីដ១៩ ច្រើនជាង១ពាន់លានដូស ទូទាំងពិភពលោក កាលពីពាក់កណ្តាលឆ្នាំ២០២១។ ក្រុមហ៊ុន BioNTech បានចុះកុងត្រាជាមួយក្រុមហ៊ុន Pfizer (អាមេរិក) ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ជាង២.២ពាន់លានដូស ក្នុងឆ្នាំ២០២១ ហើយនិងច្រើនជាង១ពាន់លានដូស ក្នុងឆ្នាំ២០២២។ ក្រុមហ៊ុននេះព្យាករណ៍ថា នឹងលក់វ៉ាក់សាំងនេះ ឲ្យបាន១៥.៩ពាន់លានដូស ក្នុងឆ្នាំ២០២១៕