-
កម្ពុជាចាប់ផ្តើមផ្តល់ការចាក់វ៉ាក់កូវីដ-១៩ ដូសជំរុញ ឬដូសទី៣ជូនកម្លាំងជួរមុខ

កម្ពុជាប្រកាសផ្តល់ជូនការចាក់វ៉ាក់កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសជំរុញ ឬដូសទី៣ជូនដល់កងកម្លាំងជួរមុខ ការពារប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមខេត្តចំនួន៧ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ការក្រសួងសុខាភិបាលនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់កូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះតទៅ។ ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋនិងឯកជន មន្រ្តីរាជការទាំងអស់នៅតាមបណ្តាខេត្តខាងលើ មន្រ្តីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព កងម្លាំងនគរបាលជាតិ និងអតីតយុទ្ធជន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ រួចហើយ អាចចាក់វ៉ាក់កូវីដ-១៩ ដូសជំរុញ ឬដូសទី៣អាស្រ្តាហ្សេនីកា បាន។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣…
-
សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នឹងចៀសផុតពីជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ

-
ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ដោយសម្រេចចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ AstraZeneca ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១តទៅ

-
ពន្លកសង្គមទទួលបានការពារ ការបង្ការពីជំងឺឆ្លងកូវីដ-១៩ និងកិច្ចគាំពារដល់សុខភាព

កុមារ និងយុវជនកម្ពុជា ពិតជាមានក្តីរំភើបគួរជាទីមោទន និងពោរពេញដោយក្តីសង្ឃឹមចំពោះអនាគត ដោយថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានជម្នះរាល់ការលំបាក និងដាក់ចេញនូវវិធានការយ៉ាងប្រទាក់ក្រឡានិងស៊ីចង្វាក់គ្នាក្នុងការការពារឧត្តមប្រយោជន៍សង្គមជាតិ និងអាយុជីវិតប្រជាជននូវគ្រប់ស្រទាប់។ ការផ្តល់វ៉ាក់សាំងជូនកុមារ និងយុវជននៅពេលនេះ គឺជាជំហ៊ានដ៏ប្រាកដនិយមក្នុងសេចក្តីប៉ងប្រាថ្នាការពារនិងថែរក្សាគ្រាប់ពូជដែលជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ជ្រោងទង់នាវាកម្ពុជាឆ្ពោះទៅអារ្យប្រទេសនាពេលអនាគត ជាពិសេសក្នុងដំណើរបំបែកឯកត្តកម្មកម្ពុជាខ្លួនឯងពីប្រទេសមានចំណូលទាប ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងស្មារតីនេះ ស.ស.យ.ក បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម និងទន្ទឹមគ្នាជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈឱ្យកុមារ និងយុវជន ដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ បានទទួលវ៉ាក់សាំងពោរពេញដោយស្នាមញញឹម និងភាតរភាព គួរជាទីមោទន ៕ ដោយ / គ្រី សម្បត្តិ
-
មនុស្សជាង១ពាន់៤០០នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី៦សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៧សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៦សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៨៨៦ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន៤១៩នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ មនុស្ស២នាក់ត្រូវបានបញ្ជូនទៅតុលាការ។ សមត្ថកិច្ចក៏បានឃាត់យានយន្តចំនួន៥៨៤០គ្រឿង និង ពិន័យជាប្រាក់ចំនួ៦៧លាន១សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៩៤នាក់នោះ រួមមាននៅក្រុងបាត់ដំបង២៩នាក់, ស្រុកមោងឬស្សី៩នាក់, ស្រុករតនមណ្ឌលម្នាក់, ស្រុកសង្កែ១៤នាក់, ស្រុកបាណន់៣នាក់, ស្រុកឯកភ្នំ៤នាក់, ស្រុកសំពៅលូន៤នាក់, ស្រុកបវេល២នាក់, ស្រុកគាស់ក្រឡម្នាក់, ស្រុកភ្នំព្រឹក៧នាក់,ស្រុកកំរៀង២នាក់ និងពលករមកពីប្រទេសថៃចំនួន១៨នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៨២ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២៣នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៤៩២នាក់ និងមានអ្នកស្លាប់សរុបចំនួ៤៨នាក់។
-
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៤នាក់នោះ រួមមានកម្មកររោងចក្រ៦នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១៥នាក់, ១១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, ប្រជាពលរដ្ឋធ្វើដំណើរចូលខេត្តស្វាយរៀងម្នាក់ និងពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦០នៅស្រុករំដួល ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៩៣នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥៦២នាក់ និងមានអ្នកស្លាប់សារុបចំនួ១០៩នាក់។
-
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦១នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៨នាក់, ស្រុកព្រះសេ្ដច២១នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង៣នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង ២នាក់, ស្រុកពោធិ៍រៀង២នាក់ និងស្រុកកញ្ជ្រៀចម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦១ឆ្នាំជាពលរដ្ឋរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៦សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៨០៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៤៩៥នាក់ និងស្លាប់៨៤នាក់។
-
ប្រជាពលរដ្ឋជិត៨លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៦សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៩សែន២ម៉ឺន៧ពាន់៧៤៥នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៤សែន៦ម៉ឺន៥ពាន់៧០៣នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៦ថ្ងៃចាក់បាន២២ម៉ឺន៧ពាន់៦០៨នាក់ ស្មើនឹង១១,៥៧%នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់៨៦០នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៩២ម៉ឺន៥ពាន់៨៦៣នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៤៩,៥៥% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៧%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។
-
រដ្ឋបាលខេត្តបាត់ដំបង បានបន្តត្រួតពិនិត្យមើលនិងចុះសាកសួរសុខទុក្ខ ដល់ក្រុមការងារត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗ នៃព្រំប្រទល់ជាប់និងភូមិសាស្ត្រ របស់ខេត្ត

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងនិងមន្ត្រីសំខាន់ៗមួយចំនួន បាននាំយកសម្ភារៈការពារទប់ស្កាត់ការឆ្លងពីជំងឺកូវីដ-19 ដូចជាម៉ាស់ អាល់កុល ព្រមទាំងគ្រឿងឧបភោគ-បរិភោគ និងភេសជ្ជៈ មួយចំនួនដែលជាអំនោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដើម្បីយកទៅប្រគល់ជូនដល់កងកម្លាំងសមត្ថកិច្ចចម្រុះ ដែលកំពុងឈរជើងនៅតាមចំណុចគោលដៅផ្លូវជាតិសំខាន់ៗមួយចំនួនជាប់និងព្រំប្រទល់ខេត្តរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូនខេត្តបាត់ដំបង និង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី០៦ ខែសីហាឆ្នាំ២០២១នេះ។ នេះជាសកម្មភាពបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលរដ្ឋបាលខេត្តបាត់ដំបងនៅតែបន្តចុះត្រួតពិនិត្យមើលពីស្ថានភាពនៃយុទ្ធនាការក្នុងការបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខេត្តខ្លួន ដែលត្រូវបានរាជរដ្ឋាភិបាលបានកំណត់ភូមិសាស្ត្រខេត្តចំនួន៨ត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ខែកក្កដាកន្លងមកនេះដោយក្នុងនោះខេត្តបាត់ដំបង ស្ថិតក្នុងចំណោមខេត្តចំនួន០៧ទៀត រួមមាន៖ ខេត្តកោះកុង, ពោធិសាត់,ប៉ៃលិន,បន្ទាយមានជ័យ,ឧត្តរមានជ័យ,ព្រះវិហារនិងខេត្តសៀមរាប ក្នុងការបិទខ្ទប់ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលរាតត្បាតជាសកលពីជំងឺឆ្លងកូវីដ-19បំប្លែងថ្មី ប្រភេទ(Delta)ចូលក្នុងសហគមន៍។ និងចុះសាកសួរសុខទុក្ខដល់កងកម្លាំងត្រួតពិនិត្យដែលកំពុងឈរជើងនៅតាមគោលដៅបានកំណត់ខាងលើទាំងនោះ និងបន្ទាប់ពីបានចុះទៅកាន់នូវចំណុចគោលដៅសំខាន់ៗ ដូចជា៖ចំណុចគោលដៅផ្លូវជាតិលេខ៥ភូមសាស្ត្រព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តពោធិសាត់ ក្នុងភូមិសាស្ត្រចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។ចំណុចផ្លូវជាតិលេខ៥ ព្រំប្រទល់ស្ពានអូរញ ស្រុកថ្មគោល ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។ នៅចំណុចភូមិសាស្ត្រឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។ និងស្ថិតនៅចំណុចគោលដៅ ភ្នំកុយ…