-
សារព័ត៌មានចិន CHINA DAILY ៖ វ៉ាក់សាំងចិននៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី Delta

ចិន៖ កាសែតចិន CHINA DAILY បានចុះផ្សាយថា បណ្ដាវ៉ាក់សាំងដែលបច្ចុប្បន្នកំពុងចាក់នៅចិនបន្តបង្ហាញឥទ្ធិពលល្អនៃការបង្ការ និងការពារប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta ។អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺចិនលោក FENG ZIJIAN បាននិយាយថា យោងតាមបណ្ដាលទ្ធផលដែលទទួលបាននោះ វីរុសបម្លែងថ្មី Delta អាចកាត់បន្ថយកិច្ចការពារដែលផ្ដល់ដោយបណ្ដាវ៉ាក់សាំងប្រឆាំងកូវីដ១៩ តែបណ្ដាវ៉ាក់សាំងដែលចាក់នាពេលនេះ នៅតែអាចផ្ដល់ឥទ្ធិពល បង្ការ និងការ ពារល្អប្រឆាំងវីរុសបម្លែងខ្លួននោះ ។ដោយឡែកបើតាមលោក SHAO YIMING ដែលជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនោះដែរ ក៏បានអះអាងផងដែរថា ទោះបីមិនទាន់មានវ៉ាក់សាំងណាមួយអាចផ្ដល់កិច្ចការពារបាន១០០%ប្រឆាំងនឹងការឆ្លងវីរុស តែវីរុសកូវីដ១៩ប្រភេទផ្សេងៗនៅតែអាចត្រួតត្រាបានជាមួយបណ្ដាវ៉ាក់សាំងដែលមាន ។ ការសិក្សាជាច្រើនផ្អែកលើភស្ដុតាងនានាបានបង្ហាញថា បណ្ដាវ៉ាក់សាំងចិនប្រឆាំងនឹងជំងឺកូវីដ១៩ អាចកាត់បន្ថយប្រកបដោយប្រសិទ្ធភាព អត្រាអ្នកឆ្លងដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យករណីធ្ងន់ធ្ងរ និងការស្លាប់ ៕ ប្រភព៖ ស៊ីនហួរ
-
អភិបាលខេត្តតាកែវ បន្តចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅយប់ថ្ងៃទី០៣ ខែសីហានេះ បានបន្តចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកត្រាំកក់ ស្រុកទ្រាំង និងស្រុកក្រុងដូនកែវ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា ធ្វេីយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍របស់យេីង ។ គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវបានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីម៕ដោយ-រ៉ាវុធ
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២០០ករណី និងស្លាប់១៨៨នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន២០០ករណី និងស្លាប់១៨៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន១៣ករណីជាប្រជាជនទូទៅ និង ១៨៧ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៧ពាន់៩៧៥នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៤ម៉ឺន៣ពាន់៥២២ករណី ក្នុងនោះមានអ្នកជំងឺ៤២ម៉ឺន៨ពាន់៣៨០នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៧ម៉ឺន២ពាន់៣៨៥ករណី និងអ្នកជំងឺ៤៥ម៉ឺន៥ពាន់៨០៦នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៤០៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៥០៣នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់២៦៧ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៤ពាន់២៦៧ករណីបន្ថែមទៀតនៅ១៧ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ពាន់៣៦៥ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៧ម៉ឺន៥១២ករណីនៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៥ពាន់៩៥ករណី ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៧.២៩លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧៤ម៉ឺន៤ពាន់៣៣១នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
កំណើនអត្រាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៥ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០០លាន២៥ម៉ឺន៩ពាន់២០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៥ម៉ឺន៨ពាន់៦៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៥៣ម៉ឺន៣៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៤ម៉ឺន៩ពាន់១៥នាក់ ស្លាប់ចំនួន៦៣ម៉ឺន៤៩៧នាក់ និងជាសះស្បើយចំនួន២៩លាន៧៥ម៉ឺន៦ពាន់៥៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៧៦ម៉ឺន៧ពាន់៩៦៥នាក់ ស្លាប់៤២ម៉ឺន៥ពាន់៧៨៩នាក់ និងជាសះស្បើយ៣០លាន៩២ម៉ឺន៥ពាន់៣៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៨ម៉ឺន៦ពាន់៧៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៨ពាន់៥៩៧នាក់ និងជាសះស្បើយ១៨លាន៧៤ម៉ឺន៦ពាន់៨៦៥នាក់ ៕ ប្រភព៖ worldometers
-
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចេញសេចក្ដីជូនដំណឹង ស្តីពីតបន់គ្រប់គ្រង់ស្ថានភាពជំងឺកូវីដ-១៩ និង វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមជូនដំណឹងដល់បងប្អូនពលរដ្ឋខែ្មររស់នៅប្រទេសថៃជ្រាបថា តំបន់គ្រប់គ្រង់ស្ថានភាពជំងឺកូវីដ-១៩ និង វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថៃ ដែលនឹងចាប់ផ្ដើម អនុវត្តចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ សម្រាប់រយៈពេល ២ សប្ដាហ៍។ សមបងប្អូនខ្មែរនៅថៃមេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីការពារខ្លួនពីការរាតត្បាតជំងឺដ៏កាចសាហាវនេះ។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៧នាក់ និងស្លាប់២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៧នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១៦នាក់, ៧នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, និង២២នាក់ជាអ្នកដំណើរចូលខេត្តស្វាយរៀង។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៥៩ឆ្នាំនៅស្រុកចន្ទ្រា និង ទី២ ស្ត្រីអាយុ៦៩ឆ្នាំ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៥២នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៣៤៣នាក់ និងមានអ្នកស្លាប់សារុបចំនួ១០២នាក់។
-
បទ៖ ០១ សីហា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ (វឌ្ឍនា+ពេជ្ជតា)

បទ ៖ ០១ សីហា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ លំនាំបទ ៖ ជឿចុះៗ ច្រៀងដោយ ៖ លោក ជិន វឌ្ឍនា និង អ្នកនាង ម៉េង កែវពេជ្ជតា និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា) សម្រួលបទភ្លេង ៖ លោក រិន ធីរិទ្ធ បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងកាត់តវីដេអូ ៖ លោក ហុង ប៊ុនណា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៩៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងចំនួន៦នាក់, ស្រុកពាមជរ៣៣នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកពាមរក៍១៦នាក់, ស្រុកមេសាង៩នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកពារាំងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់ និង មកពីរាជធានីភ្នំពេញ ម្នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៥៦៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៩៥នាក់ និងស្លាប់៨០នាក់។