-
លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនធំៗរបស់ថៃ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ (មានវីដេអូ)

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះ នឹងជួបប្រជុំជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងហ្គាស PTT Plc និងក្រុមហ៊ុន King Power Group ព្រមទាំងនាយកប្រតិបត្តិឈានមុខ៤០រូបទៀត ស្ថិតក្នុងគោលបំណងជជែកពិភាក្សាអំពីស្ថានការណ៍ជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេស ។ ការកោះប្រជុំបន្ទាន់ខាងលើនេះ បានកើតឡើងស្របពេលដែលប្រទេសថៃធ្លាក់ក្នុងវិបត្តិសុខភាពធ្ងន់ធ្ងរដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កើនឡើងដល់ជាង១ម៉ឺនករណីក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នា ។ ក្នុងការផ្ទុះជំងឺកូវីដ១៩នៅរលកទី៣ក្នុងប្រទេសថៃ ដែលចាប់ផ្តើមកាលពីថ្ងៃទី១ ខែមេសាមក មានមនុស្ស៤១ម៉ឺន៦១៤នាក់បានឆ្លង និង៣ពាន់៥១៦នាក់បានបាត់បង់ជីវិត ។ យោងតាមកាលវិភាគការងាររបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ នឹងជួបប្រជុំផ្ទាល់នៅម៉ោង០២រសៀលជាមួយក្រុមតំណាងក្រុមហ៊ុន PTT Plc និង នាយកប្រតិបត្តិក្រុមហ៊ុន King Power Group ដែលបានស្នើសុំផ្តល់ជំនួយ ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងរបស់រដ្ឋាភិបាលទល់នឹងវីរុសកូវីដ១៩ ។ នៅម៉ោង២៖២០នាទីរសៀលថ្ងៃដដែល លោក ប្រាយុទ្ធ នឹងធ្វើការប្រជុំតាមវីដេអូបន្តផ្ទាល់ជាមួយនាយកប្រតិបត្តិ៤០រូប ដើម្បីពិភាក្សារកវិធីទប់ស្កាត់ជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធ ៕ ប្រភព៖ Bangkok Post
-
ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើអោយបន្ធូរបន្ថយការវិធានការណ៍រឹតត្បិតទប់ស្កាត់ Covid-19 នៅសប្តាហ៍ក្រោយ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងក្នុងសន្និសិទសារព័ត៌មានតាមអនឡាញមួយនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តគោលនយោបាយរឹតបន្តឹង ពាក់ព័ន្ធនឹងជំងឺកូវីដ១៩មួយសប្តាហ៍ទៀត ហើយអាចនឹងធ្វើការបន្ធូរបន្ថយវិញនៅថ្ងៃទី២៦ ខែកក្កដា ប្រសិនបើករណីឆ្លងធ្លាក់ចុះ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងបន្តចែកចាយជំនួយសង្គម និងហិរញ្ញវត្ថុដល់អ្នកដែលសមនឹងទទួលបាន នៅពេលមានស្ថានភាពយ៉ាប់យឺនដោយសារមេរោគរាតត្បាត ។ ការរឹតត្បិតដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ត្រូវបានបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដា ។ តែការរឹតបន្តឹងនេះ ក្រោយមកត្រូវបានពង្រីកដល់តំបន់ចំនួន១៥ផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។ គួរកត់សម្គាល់ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៣ម៉ឺន៨ពាន់៣២៥ករណី និងស្លាប់១ពាន់២៨០នាក់នៅថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនខ្ពស់បំផុតទី២គិតមកទល់ពេលនេះ ខណៈករណីឆ្លងដែលកំពុងកើនឡើងនេះ ក៏មានចំណែកនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ.១៩ អ្នកដំណើរចំនួន ២នាក់

ខេត្តរតនគិរី ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២នាក់ បន្ថែមទៀត ដែលបានរកឃើញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោល ដៅស្ពានស្រែពក ស្រុកកូនមុំ បានធ្វើតេស្តរហ័ស លើអ្នកដំណើរចូលមកខេត្តរតនគិរី ចំណែក ប្រជាពលរដ្ឋនៅក្នុងខេត្ត រកមិនមានអ្នកវិជ្ជមានកូវីដ.១៩ បន្ថែមទៀតទេ។ បច្ចុប្បន្ន អ្នកទាំងពីរខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ បានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីសាក់ នៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរី មានអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៦៤២នាក់ អ្នកជាសះស្បើយចំនួន ៤៤៤នាក់ និងអ្នកស្លាប់៤នាក់។បើទោះជា មានការខិតខំ ស្រាវជ្រាវបន្តនៅក្នុងខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ.១៩ បន្ថែមទៀតយ៉ាងណាក្ដី រដ្ឋបាលខេត្តនៅតែបន្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ. ១៩ ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក…
-
រដ្ឋបាលខេត្តព្រះសីហនុ គម្រោងបើកដំណើរការផ្សាឡើងវិញនៅចុងខែកក្កដា២០២១

នៅរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំពិភាក្សាគ្នាតាមប្រពន្ធ័អនឡាញដើម្បីបើកផ្សារអោយអាជីវករបានចាប់ផ្តើមប្រកបអាជីវកម្មឡើងវិញបន្ទាប់ពីបានបិទជាច្រើនខែកន្លងមកដោយសារតែជំងឺកូវីដ១៩ឆ្លងរាលដាលនិងបានផ្តល់ផលប៉ះពាល់ដល់ជីវភាពប្រជាជន។ ការបើកផ្សារនៅខេត្តព្រះសីហនុគ្រោងចាប់ផ្តើមនៅចុងខែកក្កដាឆ្នាំ២០២១។អាជីវករតម្រូវអោយអនុវត្តតាមលក្ខខណ្ឌនៃវិធានសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩។ មូលហេតុសំខាន់ៗឈានទៅបើកផ្សារឡើងវិញនេះ៖ ១.ឆ្លើយតបតាមសំណូមពរពីអាជីវករនិងប្រជាជនដែលបាននឹងកំពុងរងផលប៉ះពាល់គឺគ្មានប្រាក់ចំណូលនិងជួបការលំបាកផ្នែកជីវភាពជាដើម។ ២.ដើម្បីស្តារ សេដ្ឋកិច្ច សង្គម តាមគន្លងថ្មីក្នុងបរិបទកូវីដ១៩។ ៣.ដោយសារពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដបានចំនួន២ដូសរួចហើយ។ តាមរយៈការបើកដំណើរការផ្សារឡើងវិញនេះ ស្ថានភាពជីវភាពប្រជាជន អ្នកប្រកបរបររកស៊ីផ្សេងៗនឹងមានប្រភាពប្រសើរឡើងវិញ។ សូមបញ្ជាក់ថា ផ្សារជាច្រើននៅតាមក្រុង/ស្រុកនានានៃខេត្តព្រះសីហនុ ត្រូវបានបិទទ្វារជាបន្តបន្ទាប់ក្រោយពីបានរកឃើញមានអ្នករកស៊ីក្នុងផ្សារទាំងនោះមានឆ្លងជំងឺកូវីដ១៩។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៨០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២១កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២០កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨១២នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៧៩នាក់ និងករណីឆ្លងសហគមន៍៥៣៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២០កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៤០នាក់ និងមានអ្នកស្លាប់១៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២០កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៩ពាន់៦០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន១ពាន់៧៧៩នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់១៦៨នាក់ហើយ។
-
សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-19 ប្រមាណ ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។ សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងប្រមាណ ១៧លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយ សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជា ការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជា សម្រេចផែនការលើការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋផងដែរ ។ សូមជម្រាបថា៖ គិតត្រឹតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២លាននាក់ ឬស្មើ៦២% នៃគោលដៅសរុប ៕ ដោយ វណ្ណលុក
-
ហាងនំ TOUS Les JOURS មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាងនំ TOUS Les JOURS ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងនំ TOUS Les JOURS មានទីតាំង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញនំ នៅ ហាងនំ TOUS Les JOURS នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍នៅថ្ងៃពុធនេះ

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុង២៣ខេត្ត-ក្រុង ធ្វើអោយករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម នៅក្នុងរលកថ្មីបានកើនឡើងដល់៦ម៉ឺន១ពាន់៨៨៩ករណីគិតត្រឹមព្រឹកថ្ងៃពុធនេះ ។ ប្រភពបានអោយដឹងថា ក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះទីក្រុងហូជីមិញ រកឃើញអ្នកឆ្លងថ្មីចំនួន១ពាន់៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong រកឃើញ៦៥៧ករណី និង Dong Nai រកឃើញ៨៥ករណី ។ ជាមួយគ្នានេះ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅក្នុងរលកចុងក្រោយនេះ ។ គួរកត់សម្គាល់ ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមក ករណីឆ្លងក្នុងសហគមន៍ត្រូវបានកត់ត្រានៅក្នុង៦០ខេត្ត-ក្រុង ក្នុងចំណោម ៦៣ខេត្ត-ក្រុងរបស់ប្រទេសវៀតណាម ខណៈដែលទីក្រុង ហូជីមិញ មានករណីឆ្លងច្រើនជាងគេ ពោលគឺ៣ម៉ឺន៩ពាន់៥២៦ករណី ៕ ប្រភព៖ VNExpress
-
ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗជាង១ម៉ឺន៣ពាន់ករណី និងស្លាប់១០៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ថៃបានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់២ករណី និងស្លាប់១០៨នាក់បន្ថែមទៀត នេះបើតាមប្រភពពីក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ។ បើតាមប្រភពដដែលនេះ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន ១ម៉ឺន១ពាន់៩៥៣ករណីជាប្រជាជនទូទៅ និង ១ពាន់៤៩ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺកូវីដចំនួន៨ពាន់២៤៨នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង មានអ្នកជំងឺចំនួន៤១ម៉ឺន៦១៤នាក់ ក្នុងនោះមាន២៧ម៉ឺន៧ពាន់៣០នាក់បានជាសះស្បើយ ។ ដោយឡែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៥១៦ នាក់ ធ្វើអោយការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៦១០នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៣ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៩២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩២លាន២២ម៉ឺន៨ពាន់៣០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៣ម៉ឺន៣ពាន់៣២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន៩២ម៉ឺន៣ពាន់៤២០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨ម៉ឺន១ពាន់៧១៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន២៩លាន៤៣ម៉ឺន៥ពាន់១៧១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២១ម៉ឺន៥ពាន់១៤២នាក់ ស្លាប់៤១ម៉ឺន៨ពាន់៥១១នាក់ និងជាសះស្បើយ៣០លាន៣៨ម៉ឺន៣ពាន់១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៤១ម៉ឺន៩ពាន់៧៤១នាក់ ស្លាប់ចំនួន៥៤ម៉ឺន៤ពាន់៣០២នាក់ និងជាសះស្បើយ១៨លាន១២ម៉ឺន៤ពាន់៦២១នាក់ ៕ ប្រភព៖ worldometers