-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៩០០នាក់បន្ថែមទៀតនៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ៣៣នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៤កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៣កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩១៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៥៧នាក់ និងករណីឆ្លងសហគមន៍ ៦៥៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៣កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៧៦នាក់ និងមានអ្នកស្លាប់៣៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៣ពាន់៦១៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៥ពាន់៣៦៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៩៨៦នាក់ហើយ។
-
ថៃប្រកាសឆ្លងកូវីដថ្មីជិត១ម៉ឺននាក់ ស្លាប់ជិត៩០នាក់ទៀត ព្រឹកនេះ!

អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃពុធទី ១៤ កក្កដា ២០២១នេះ បានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន៩៣១៧នាក់ និងស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន៨៧នាក់បន្ថែមទៀត។ ករណីឆ្លងថ្មីបន្ថែមទៀតនេះ ធ្វើឲ្យថៃមានអ្នកកើតកូវីដ១៩ សរុបចំនួន៣៦៣០២៩នាក់ហើយ ខណៈអ្នកស្លាប់ក្នុងប្រទេសថៃកើនដល់២៩៣៤នាក់ហើយដែរ។ ប្រភពបានបញ្ជាក់ដែរថា ក្នុងចំណោមឆ្លងថ្មីជិត១ម៉ឺននាក់ ក៏នៅតែបន្តមានឆ្លងក្នុងពន្ធនាគារចំនួន១២៩នាក់ទៀតដែរ៕
-
ក្រសួងសុខាភិបាល ប្តូរគម្លាតពេលវេលាចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២, ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម

-
កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនជាមួយវៀតណាម រយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

យោងតាមលិខិតរបស់ក្រសួងការបរទេស ផ្ញើជូនឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសវៀតណាមនៅថ្ងៃទី១៣កក្កដាឆ្នាំ២០២១បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ចម្លងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះងាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម។ ការផ្អាកនោះ មានរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងទី១៨ កក្កដា ឆ្នាំ២០២១តទៅ។ យោងតាមក្រសួងការបរទេស ការផ្អាកនោះ ត្រូវបាន តែលើកលែងចំពោះករណីមួយចំនួន ដូចជា អ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកកំពុងធ្វើចត្តាឡីស័ក ក៏មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញចូលបណ្ដោះអាសន្ននោះនោះ ជាមួយគ្នានោះ ក្រសួងការបរទេសបានណែនាំឲ្យស្ថានទូតខ្មែរ សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ។
-
អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន

គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៅថ្ងៃទី១៣កក្កដាឆ្នាំ២០២១ បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៥លាន គឺលោក ណុប មាន អាយុ ៧០ឆ្នាំ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ នៅព្រឹកថ្ងៃទី១៤កក្កដា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន នៅខេត្តឧត្តរមានជ័យនោះ។
-
ខេត្តសៀមរាប មានការឆ្លងខ្ពស់ចំនួន ៨៥ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៧២នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម២នាក់, មកពីខេត្តបាត់ដំបងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីរាជធានីភ្នំពេញម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃចំនួន៧នាក់។ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៦៣៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៩៨១នាក់និងស្លាប់២៦នាក់។
-
ម៉ាឡេស៊ីបិទមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យជាង២០០នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីម៉ាឡេស៊ីទទួលបន្ទុកការចាក់ថ្នាំបង្ការជំងឺកូវីដ១៩រលោក ខៃរី ចាម៉ាលូឌីន (Khairy Jamaluddin) បញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩មួយកន្លែងត្រូវបានបញ្ជាអោយបិទ ដើម្បីធ្វើអនាម័យនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីចុងសប្ដាហ៍មុន ។លោក ខៃរី ចាម៉ាលូឌីន បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា នៅមជ្ឈមណ្ឌលដែលស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រខាងក្រៅទីក្រុងកូឡាឡាំពួរនោះ ត្រូវបានណែនាំអោយនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ ។ បើតាមលោក ខៃរី មជ្ឈមណ្ឌលនោះ មានសមត្ថភាពចាក់វ៉ាក់សាំងប្រមាណ៣ពាន់ដូសជារៀងរាល់ថ្ងៃ ហើយក្នុងចំណោមបុគ្គលិក និងអ្នកស្ម័គ្រចិត្ត៤៥៣នាក់ដែលត្រូវបានពិនិត្យនោះ មាន២០៤នាក់រកឃើញវិជ្ជមាន ។សូមជម្រាបផងដែរថា ម៉ាឡេស៊ីមានអត្រាឆ្លងខ្ពស់បំផុតមួយក្នុងចំណោមប្រទេស អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែក៏មានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ខ្ពស់បំផុតមួយ ផងដែរ ដោយ២៥ភាគរយនៃចំនួនប្រជាជន៣២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សំាងយ៉ាងហោចណាស់ក៏មួយដូសដែរ ៕ ប្រភព៖ CNA
-
ថៃចេញមុខការពារការចាក់វ៉ាក់សាំង Covid-19 ពីរប្រភេទផ្សេងគ្នា បើទោះជាអង្គការសុខភាពពិភពលោក (WHO) ទើបព្រមានពីហានិភ័យ

ថៃ៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសថៃបានចេញមុខការពារការចាក់វ៉ាក់សាំងចម្រុះ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងកំណើនករណីឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រកំពូលរបស់អង្គការសុខភាពពិភពលោក (WHO) ទើបបានព្រមានថា វាជានិន្នាការគ្រោះថ្នាក់មួយ ដែលមិនមានការគាំទ្រដោយភស្តុងតាង ។ ប្រធានផ្នែកវីរុសរបស់ថៃ លោក យ៉ុង ពូវ៉ូរ៉ាវ៉ាន (Yong Poovorawan) បញ្ជាក់ថា វិធីនេះ (ការចាក់វ៉ាក់សាំងចម្រុះ) អាចជាការបញ្ចូលគ្នារវាងវ៉ាក់សាំងអសកម្មSinovac ជាមួយវ៉ាក់សាំងប្រើបច្ចេកវិទ្យា viral vector ដូចជាវ៉ាក់សាំងAstraZeneca ។ យើងមិនអាចរង់ចាំដល់ទៅ១២សប្តាហ៍ (សំរាប់ប្រសិទ្ធភាពវ៉ាក់សាំងដូសបន្ថែម) ក្នុងបរិបទផ្ទុះជំងឺកូវីដដូចសព្វថ្ងៃនេះទេ ប៉ុន្តែនៅពេលអនាគត បើមានវ៉ាក់សាំងល្អប្រសើរជាង… យើងនឹងស្វែងរកវិធីគ្រប់គ្រងសភាពការណ៍ល្អជាងនេះ ។ លោក យ៉ុង ពូវ៉ូរ៉ាវ៉ាន បានអះអាងបែបនេះ មួយថ្ងៃបន្ទាប់ពីប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី ស៊ូម្យ៉ា ស្វាមីណាថាន (Soumya Swaminathan) បានហៅយុទ្ធសាស្ត្រនេះថា ជានិន្នាការគ្រោះថ្នាក់មួយ និងថា មិនមានទិន្នន័យ ឬភស្តុងតាងអំពីប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងចម្រុះគ្នានោះទេ ។ ទោះជាយ៉ាងណា អាជ្ញាធរថៃនិយាយថា ពួកគេនឹងចាក់បញ្ចូលគ្នានូវវ៉ាក់សាំងAstraZeneca បន្ថែមលើវ៉ាក់សាំង Sinovac…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៥៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៤០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៨លាន៥៧ម៉ឺន៩ពាន់៦១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦ម៉ឺន៥ពាន់៣២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧២លាន៤០ម៉ឺន៦ពាន់២៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨០ម៉ឺន៧ពាន់៨១៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៤៣៥នាក់ និងជាសះស្បើយចំនួន២៩លាន៣០ម៉ឺន៤ពាន់៤៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩៤ម៉ឺន៤ពាន់៩៤៩នាក់ ស្លាប់៤១ម៉ឺន១ពាន់៤៣៩នាក់ និងជាសះស្បើយ៣០លាន៩ម៉ឺន៧ពាន់៩៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន១៥ម៉ឺន២ពាន់៦៥នាក់ ស្លាប់ចំនួន៥៣ម៉ឺន៥ពាន់៩២៤នាក់ និងជាសះស្បើយ១៧លាន៧៧ម៉ឺន៦១៧នាក់ ៕ ប្រភព៖ worldometers
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៤៨នាក់នោះ រួមមាន២២នាក់ជាកម្មកររោងចក្រ, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះ គឺរួមមានស្ត្រីអាយុ៥៤ឆ្នាំនៅស្រុកកំពង់រោទិ៍ ទី២ ស្ត្រីអាយុ៧៥ឆ្នាំនៅក្រុងបាវិត និងទី៣ បុរសអាយុ៥៧ឆ្នាំនៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤៩៩នាក់ និងមានអ្នកស្លាប់សារុបចំនួន៥១នាក់។