-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៩០០នាក់បន្ថែមទៀតនៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ២៣នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១២កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១១កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩១១នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣១៩នាក់ និងករណីឆ្លងសហគមន៍ ៥៩២នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១១កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១ពាន់២នាក់ និងមានអ្នកស្លាប់២៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន១ពាន់៨៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៣ពាន់៤៧៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៩២៥នាក់ហើយ។
-
ថ្ងៃចន្ទដើមសប្តាហ៍! ថៃឆ្លងថ្មីជិត៩ពាន់នាក់ ស្លាប់៨០នាក់ទៀត

-
ថ្ងៃនេះ! មន្ត្រីអាមេរិកប្រជុំសម្រេចថាតើគួរចាក់ Pfizer ដូសទី៣ ឬអត់

ក្រុមហ៊ុផលិតឱសថអាមេរិក Pfizer បានឱ្យដឹងថា ខ្លួននឹងជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ នាថ្ងៃទី១២ កក្កដា ២០២១នេះ ដើម្បីពិភាក្សាគ្នាពីតម្រូវការចាំបាច់ នៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាដៃគូ BioNTech បានប្រកាសពីផែនការស្នើសុំការអនុញ្ញាត ពីអាជ្ញាធរនិយតករអាមេរិក និងអឺរ៉ុបក្នុងការចាក់វ៉ាក់សាំង COVID-19 ដូសទី ៣ នៅក្នុងបរិបទដែលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោក និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ នៅក្នុងប្រទេសអ៉ីស្រាអែលថា វ៉ាក់សាំង Pfizer បានថយចុះប្រសិទ្ធភាព ក្នុងការបង្ការការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាក៏ដោយ រដ្ឋបាលចំណីអាហារ និងឱសថ ព្រមជាមួយនិងមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាប់បានអះអាងថា បច្ចុប្បន្នប្រជាជនអាមេរិកមិនទាន់ត្រូវការ ចាក់វ៉ាក់សាំងដូសទី ៣ ជាចាំបាច់នោះទេ៕
-
សន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនីតិវិធី ដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថា សន្និសីទសារព័ត៌មាននេះនឹងមានការចូលរួមពី ១) ឯកឧត្តមវេជ្ជបណ្ឌិត ម៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ២) ឯកឧត្តមសាស្រ្តាចារ្យហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ៣) ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ចូលរួមផ្តិតយកទិដ្ឋភាពទាំងស្រុងនៃសន្និសីទសារព័ត៌មាន ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន។
-
មីយ៉ាន់ម៉ាបន្ថែមបិទខ្ទប់ ៦៣ក្រុងហើយ ផ្ទុះកូវីដខ្លាំង

ក្រសួងសុខាភិបាលនិងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឲ្យប្រជាពលរដ្ឋរស់នៅក្នុង១៨ក្រុងទៀត ស្នាក់នៅតែក្នុងផ្ទះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១២ កក្កដា ២០២១មក។ មកទល់ពេលនេះ ក្រសួងបានឲ្យស្នាក់នៅក្នុងផ្ទះបែបនេះ សម្រាប់ប្រជាពលរដ្ឋនៅ៦៣ក្រុងហើយ ទូទាំងប្រទេស។ ក្រសួងថា កាលពីម្សិលមិញ ចំនួនឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ាបានកើនដល់ ជាង១៩ម៉ឺននាក់ហើយ ខណៈ២៤ម៉ោងចុងក្រោយ ឆ្លងថ្មី៣៤៦១នាក់ ហើយស្លាប់វិញ មាន៨២នាក់ នាំឲ្យស្លាប់ព្រោះជំងឺកូវីដ១៩សរុបនៅមីយ៉ាន់ម៉ា កើនដល់៣៨៣៨នាក់ហើយ៕
-
ក្រសួងកសិកម្ម ស្នើឲ្យក្រុមហ៊ុនវៀតណាម ផ្អាកបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ធ្វើដំណើរចេញ-ចូល ប្រទេសកម្ពុជាជាបណ្ដោះអាសន្ន

យោងតាមលិខិតរបស់ក្រសួងកសិកម្មនៅថ្ងៃទី១២កក្កដាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទៅ១១កក្កដាឆ្នាំ២០២១ បានស្នើឲ្យបណ្ដាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ផ្អាកការធ្វើដំណើរការឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ។ ក្រសួងសុខាភិបាលវៀតណាម បានជូនដំណឹងថា នៅថ្ងៃទី១១កក្កដាឆ្នាំ២០២១ វៀតណាមអ្នកឆ្លងថ្មីចំនួន១ពាន់៩៥៣នាក់។ ករណីឆ្លងនោះ ត្រូវគេរាយការណ៍ថា គឺជាករណីឆ្លងលើសពី១ពាន់នាក់ក្នុងរយៈពេលជាប់ៗគ្នាក្នុងសប្ដាហ៏ចុងក្រោយនេះ។ ប្រទេសវៀតណាម គិតមកដល់ថ្ងសទី១១កក្កដា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ម៉ឺន៩ពាន់៨១៦នាក់ និងស្លាប់១១៦នាក់។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៧លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៥៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៧លាន៦៣ម៉ឺន២ពាន់៧៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤ម៉ឺន៩ពាន់៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៥៨ម៉ឺន៤ពាន់២១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៣ម៉ឺន២ពាន់៧៥៣នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៨៤៥នាក់ និងជាសះស្បើយចំនួន២៩លាន២៤ម៉ឺន៤ពាន់១០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៨៧ម៉ឺន៣ពាន់៩០៧នាក់ ស្លាប់៤០ម៉ឺន៨ពាន់៧៩២នាក់ និងជាសះស្បើយ៣០លាន៧ពាន់២០០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨ម៉ឺន៩ពាន់៩៤០នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣ពាន់៥៤៦នាក់ និងជាសះស្បើយ១៧លាន៥៨ម៉ឺន៨ពាន់៣១២នាក់ ៕ ប្រភព៖ worldometers
-
មីយ៉ាន់ម៉ាដាក់ចេញវិធានការអោយស្នាក់នៅក្នុងផ្ទះនៅទីក្រុងចំនួន១៨បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងទីក្រុងចំនួន១៨ផ្សេងទៀតនៅទូទាំងប្រទេស ខណៈដែលករណីឆ្លងជំងឺកូវីដ១៩កំពុងតែកើនឡើងខ្លាំង ។ គិតមកទល់ពេលនេះ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានដាក់បទបញ្ជាអោយស្ថិតនៅក្នុងផ្ទះចំពោះខេត្ត-ក្រុងចំនួន៦៣ហើយនៅទូទាំងប្រទេស ។ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងត្រូវអនុវត្តចំពោះទីប្រជុំជនចំនួន០៦ ក្នុងតំបន់ Bago និង១២នៅទីក្រុងក្នុងតំបន់រ៉ង់ហ្គោន ដោយសារតែការឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។ បើតាមតួលេខរបស់ក្រសួងនៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩នៅមីយ៉ាន់ម៉ាបានកើនឡើងដល់១៩ម៉ឺន២ពាន់២១៣ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣ពាន់៤៦១ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ ស៊ីនហួរ
-
វៀតណាមពង្រីកតំបន់បិទខ្ទប់រយៈពេល០២សប្តាហ៍ ចំពេលផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ថ្មីៗកើនឡើងខ្លាំង

វៀតណាម៖ រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា វៀតណាមនឹងបន្ថែមការរឹតបន្តឹងចលនាមនុស្សនៅទីក្រុង Can Tho ភាគខាងត្បូងរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះតទៅ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះខិតខំទប់ទល់នឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ។ ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីអ្នកឆ្លងថ្មីចំនួន១ពាន់៩៥៣នាក់ ជាចំនួនឆ្លងលើ១ពាន់នាក់ដល់ថ្ងៃទី៧ជាប់គ្នា និងហួសចំនួនឆ្លងខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ ដែលមានចំនួន១ពាន់៨៥៣នាក់ ។ ករណីឆ្លងភាគច្រើនបំផុតស្ថិតនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្ទុះជំងឺកូវីដ១៩នៅវៀតណាមបច្ចុប្បន្ន ។ គួរកត់សម្គាល់ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ម៉ឺន៩ពាន់៨១៦នាក់ និងស្លាប់១១៦នាក់ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតជាសកលមួយនេះ ។ ប្រទេសវៀតណាមកាលពីសប្តាហ៍កន្លងទៅ បានចាប់ផ្តើមដាក់ចេញនូវវិធានការរឹតត្បិតលើចលនាមនុស្សនៅក្នុងទីក្រុងធំៗ ក្នុងនោះរួមមានមជ្ឈមណ្ឌលសេដ្ឋកិច្ច ហូជីមីង និងរដ្ឋធានីហាណូយ ជាដើម ៕ ប្រភព៖ CNA
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

នេះជាតួលេខឆ្លងកើនឡើង២៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៧នាក់នោះ រួមមាន៣៣នាក់ជាកម្មកររោងចក្រ, ២៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះ គឺរួមមានបុរសអាយុ៦២ឆ្នាំនៅស្រុកស្វាយទាប និងស្ត្រីអាយុ៨៣ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៤៣៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៣២៦នាក់ និងមានអ្នកស្លាប់សារុបចំនួន៤៥នាក់។