-
កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៩កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៨កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៩៨៨នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៧៨៩នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៩៩នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៨៩៧នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៣០នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៩ពាន់៤៥នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៥ម៉ឺន៩១៧នាក់ និងមានអ្នកស្លាប់កើនដល់៨៥៥នាក់នោះហើយ។
-
ថៃប្រកាសពីវិធានការបិទខ្ទប់ហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ ត្រឹម១ថ្ងៃ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញវិធានការបិទខ្ទប់ តាមផ្នែកហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ កាលពីម្សិលមិញ ប្រកាសឲ្យដឹង នាថ្ងៃទី៩ កក្កដានេះ។ វិធានការរួមមាន៖ ធ្វើការពីផ្ទះ, គ្មានការធ្វើដំណើរដែលមិនចាំបាច់លើកលែងតែទិញអាហារ និងស្វែងរកសេវាថែទាំសុខភាព, មិនឱ្យចាកចេញពីផ្ទះនៅចន្លោះម៉ោង ១០យប់ ដល់ ៤ ព្រឹក, ការដើរតាម Shopping Mall ត្រូវបិទ ប៉ុន្តែផ្សារទំនើបនិងផ្សារទូទៅបើកធម្មតា។ ការបិទខ្ទប់ ចាប់ផ្តើមនៅថ្ងៃស្អែក ទី១០ ខែកក្កដា ឆ្នាំ២០២១ និងមានរយៈពេល ១៤ ថ្ងៃ៕
-
ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង

អាមេរិក៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Pfizer និយាយថា Pfizer មានផែនការស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួនសម្រាប់ដូសទី៣ នៅខែក្រោយនេះ ។ ការលើកឡើងខាងលើនេះរបស់ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក មីកែល ដូលស្ទែន (Mikael Dolsten) ត្រូវបានធ្វើឡើងដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន០៦ខែ និងដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ ទោះជាយ៉ាងណា រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) និងមជ្ឈ មណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពលរដ្ឋអាមេរិកទាំងឡាំយណាដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញហើយនោះ (ពីរដូស) មិនចាំបាច់ត្រូវទៅចាក់ដូសទី៣ទៀតទេនៅក្នុងពេលនេះ ៕ ប្រភព៖ CNA
-
ការសិក្សាមួយនៅប្រេស៊ីលបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma

ប្រេស៊ីល៖ ការសិក្សាមួយបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ប្រទេសប្រេស៊ីល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ ត្រូវបានរកឃើញថា មានប្រសិទ្ធទាបដើម្បីប្រឆាំងនឹងវីរុសបម្លែងថ្មី Gamma ដែលមានប្រភពដើមនៅប្រទេសអាមេរិកខាងត្បូង ។ ក្រុមស្រាវជ្រាវបានរកឃើញថា អង្គបដិប្រាណបង្កើតឡើងដោយវ៉ាក់សាំង បានធ្វើការមិនសូវល្អប្រសើរទេ ក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី បើធៀបនឹងវីរុសកូវីដ១៩ទម្រង់ដើម ខណៈដែលវីរុសបម្លែងថ្មី Gamma ក៏អាចឆ្លងដល់មនុស្សដែលធ្លាប់ឆ្លងវីរុសនេះម្តងទៀតផងដែរ ។ អ្នកស្រាវជ្រាវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមត្ថភាពរបស់វីរុសបម្លែងថ្មី Gamma ដើម្បីគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ សូម្បីតែចំពោះមនុស្សដែលបានចាក់ថ្នាំបង្ការរោគ បានបង្ហាញថា វីរុសនេះអាចឆ្លងរាលដាលយ៉ាងខ្លាំង ចំពោះអ្នកដែលចាក់វ៉ាក់សាំងហើយ រឹសូម្បីតែនៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ៕ ប្រភព៖ CNA
-
កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅឆ្នាំ២០២១នេះ

បរទេស៖ កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩អោយបានចំនួន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅក្នុងឆ្នាំ២០២១ ។ នាយកគ្រប់គ្រងគម្រោង COVAX លោកស្រី Aurelia Nguyen បានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាហ្វ្រិកថា មកទល់ពេលនេះ គម្រោង COVAX ទើបតែចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩បានចំនួន២៥លានដូសប៉ុណ្ណោះ ទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤៤ ។ គម្រោងមិនសប្បាយចិត្តនឹងដំណើរការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនឡើយ ប៉ុន្តែថា ការផ្គត់ផ្គង់នឹងបង្កើនចាប់ពីខែកញ្ញាខាងមុខនេះ ។ លោកស្រីបន្ថែមថា ផែនការផ្គត់ផ្គង់ត្រូវបានពន្យាពេលផ្នែកខ្លះដោយសារប្រទេសឥណ្ឌាបានរឹតត្បិតក្នុងការនាំចេញវ៉ាក់សាំងដែលបានរាំងស្ទះដល់គម្រោង ដើម្បីទទួលបានវ៉ាក់សាំងពីវិទ្យាស្ថានឥណ្ឌា Serum ដែលជាស្ថាប័នផលិតវ៉ាក់សាំងបំផុតមួយក្នុងពិភពលោក ដែលកំពុងផលិតវ៉ាក់សាំង AstraZeneca ។ លោក Nguyen បានអោយដឹងទៀតថា COVAX បានកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា និងវិទ្យាស្ថានឥណ្ឌា Serum ដើម្បីបន្តទទួលបានវ៉ាក់សាំងនៅឆ្នាំនេះ បើទោះជាស្ថានភាពប្រែប្រួលក៏ដោយ ។ នៅត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០២២ គម្រោង COVAX នឹងបង្កើនការផ្គត់ផ្គង់ឲ្យបានជិត៨៥០លានដូសទៅទ្វីបអាហ្វ្រិក ដែលជាកន្លែងមានអត្រាវ៉ាក់សាំងទាបជាងគេបំផុតក្នុងពិភពលោក ៕ ប្រភព៖ Reuters
-
ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់៧២នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅក្នុងថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗរហូតដល់៩ពាន់២៧៦ករណី និងអ្នកស្លាប់ថ្មីចំនួន៧២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៨ពាន់៩៩៨ករណីគឺជាប្រជាជនទូទៅ និង២៧៨ករណីទៀតនៅក្នុងពន្ធនាគារ ។ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ប្រទេសថៃមានអ្នកស្លាប់ចំនួន២ពាន់៥៣៤នាក់ និងអ្នកឆ្លងចំនួន៣១ម៉ឺន៧ពាន់៥០៦ករណី ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៤៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៦លាន៣៣ម៉ឺន៩ពាន់៦៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២ម៉ឺន៦ពាន់៣៩៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៤៧ម៉ឺន៣ពាន់៩៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៧ម៉ឺន៦ពាន់៨៩៦នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់២១៣នាក់ និងជាសះស្បើយចំនួន២៩លាន២០ម៉ឺន៣ពាន់៣០៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧៤ម៉ឺន៣ពាន់១៣នាក់ ស្លាប់៤០ម៉ឺន៥ពាន់៥២៧នាក់ និងជាសះស្បើយ២៩លាន៨៧ម៉ឺន១ពាន់៨៥០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៩៦ម៉ឺន២ពាន់៧៨៦នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣៤៤នាក់ និងជាសះស្បើយ១៧លាន៤២ម៉ឺន២ពាន់៨៥៤នាក់ ៕ ប្រភព៖ worldometers
-
លោក ឈិន ឡុង បរិច្ចាគម៉ាស់ចំនួន ៥ម៉ឺន ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងឲ្យលោកហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ បានទទួលម៉ាស់ចំនួន ៥ម៉ឺនម៉ាស ដែលជាការបរិច្ចាគរបស់លោក Jackie Chan តារាសម្តែងហុងកុងដែលគេស្គាល់ថា ឈិនឡុង ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ម៉ាស់ទាំងនោះ ត្រូវបានប្រគល់ជូនក្រុមការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។
-
ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៨២នាក់នោះ រួមមាន៥៦នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ៨នាក់, ៣នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។ នៅថ្ងៃទី៨កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន១១៥នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែម្នាក់ ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ជាបុរសអាយុ៧២ឆ្នាំ នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១២នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៦នាក់ និងមានអ្នកស្លាប់សារុបចំនួន៤០នាក់។
-
មនុស្ស ៣នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានឲ្យដឹងថា នៅថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺមានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីសង្ស័យថាខ្លួនមានអាការស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវប្រញាប់រត់រកសេវាសុខភាពរបស់រដ្ឋដែលនៅជិតលោកអ្នកបំផុត ដើម្បីអាចគេចផុតពីជំងឺធ្ងន់ធ្ងរ ឬក៏សេចក្តីស្លាប់បាន។ គិតត្រឹមថ្ងៃទី៨កក្កដាឆ្នាំ២០២១ ខេត្តកំពង់ស្ពឺបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ពាន់៩៧០នាក់។ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់២៣០នាក់ កំពុងសម្រាកព្យាបាលចំនួន៦៧១នាក់ និងមានអ្នកស្លាប់សរុបចំនួន៦៣នាក់។