-
ថៃបារម្ភខ្លាំងពីវីរុសបម្លែង ឌែលតា ឆ្លងលឿនណាស់

ក្រសួងសុខាភិបាលថៃ នាថ្ងៃទី៦ កក្កដា ២០២១នេះ បានព្រមានពីវីរុសបម្លែងថ្មី ឌែលតា ឆ្លងយ៉ាងលឿន ទូទាំងប្រទេស ពោលគឺក្រោយពេលទើបប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដ ចំនួន៥៧នាក់ទៀត និងឆ្លងថ្មី៥៤២០ថ្មីទៀត កាលពីថ្ងៃចន្ទម្សិលមិញ នាំឲ្យករណីឆ្លងសរុបកើនដល់ ២៩៤៦៥៣នាក់ហើយ។ ករណីឆ្លងថ្មីទាំងជាង៥ពាន់នាក់ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន៣៧នាក់ដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
វៀតណាមថានឹងបានវ៉ាក់សាំងអាមេរិក Pfizer បាច់ដំបូង ព្រឹកស្អែក

ក្រសួងសុខាភិបាលវៀតណាមថា វ៉ាក់សាំង Pfizer បាច់ដំបូង ចំនួន៩ម៉ឺនដំបូងនឹងបញ្ជូនទៅដល់ក្រុងហាណូយ នាព្រឹកថ្ងៃទី៧ កក្កដា ២០២១ស្អែកនេះ។ ក្រសួងថែមទាំងបញ្ជាក់ថា វៀតណាមរំពឹងថា វ៉ាក់សាំង Pfizer ៣លានដូស ដែលផលិតដោយក្រុមហ៊ុនអាមេរិក និង អាល្លឺម៉ង់មួយនេះ នឹងចែកចាយទៅដល់វៀតណាម ក្នុងត្រីមាសទី៣ ខណៈចន្លោះពី២៧ទៅ២៨លានដូសទៀត បញ្ជូនទៅដល់ក្នុងត្រីមាសទី៤។ កាលពីខែឧសភា ក្រសួងបានចរចានិងចុះកុងត្រាជាមួយក្រុមហ៊ុន ទិញ Pfizer ៣១លានដូស៕
-
សេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២ តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
-
លោក ស៊ី ជិនពីង ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាមួយបារាំង និងអាល្លឺម៉ង់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក (មានវីដេអូ)

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវអោយចិន និងបណ្តាប្រទេសអឺរ៉ុប ពង្រីកការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក ។ ថ្លែងជាមួយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល តាមរយៈវីដេអូអនឡាញ លោក ស៊ី បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា ភាគីអឺរ៉ុបនឹងដើរតួនាទីកាន់តែសកម្មថែមទៀតនៅក្នុងកិច្ចការអន្តរជាតិឆ្លុះបញ្ចាំងពីស្វ័យភាពយុទ្ធសាស្ត្រ និងធ្វើការរួមគ្នា ដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពពិភពលោក ការអភិវឌ្ឍ និងវិបុលភាព ។ នាឱកាសនោះ លោក ម៉ាក្រុង បាននិយាយថា បារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដែលប្រទេសចិន បានដើរតួក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយយុត្តិ ធម៌ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងបញ្ហានេះ ។ ចំណែកលោកស្រី មឺហ្គែល ក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់មានបំណងចង់ធ្វើឱ្យស៊ីជម្រៅការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការលើកកម្ពស់ផលិតកម្ម និងការចែកចាយវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ក៏ដូចជាការងើបឡើងវិញរបស់ប្រជាជន និងការផ្លាស់ប្តូរពាណិជ្ជកម្មផងដែរ ។ ទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបមានសារៈសំខាន់ណាស់ ហើយមានវិស័យសហប្រតិបត្តិការជាច្រើន ៕ ប្រភព៖ CGTN
-
ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង ៦ចំណុច របស់សម្ដេចតេជោឱ្យបានម៉ឺងម៉ាត់បំផុត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត ,សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការសេវាមន្ទីរពិសោធន៍។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធនិងសមត្ថកិច្ចយកចិត្តទុកដាក់ពិសេស គឺការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។ឯ ឧ បន្តថា ៖ការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ជាកិច្ចការងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦…
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤២នាក់ និងស្លាប់ ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកកំពង់សៀម៦នាក់, ស្រុកជើងព្រៃ២នាក់, ក្រុងកំពង់ចាមម្នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកបាធាយម្នាក់, ស្រុកកងមាស១៩នាក់, ស្រុកព្រៃឈរ៧នាក់ ស្រុកចំការលើ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី៥កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៤នាក់បានជាសះស្បើយ។ ចំណែកអ្នកស្លាប់ទាំង៥នាក់ គឺទី១ ស្ត្រីអាយុ៤៤ឆ្នាំ នៅភូមិបឹកជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ។ ទី២ បុរសអាយុ៧០ឆ្នាំ នៅភូមិបឹកជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ។ ទី៣ ស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម។ ទី៤ ស្ត្រីអាយុ៧១ឆ្នាំ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ និងទី៥ ស្ត្រីអាយុ៥៥ឆ្នាំ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
-
កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៩០០នាក់ និងស្លាប់ ៣១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៥ កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣៥នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៧៨០នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១៥៥នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៥៤នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៣១នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៥កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៦ពាន់១២២នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៨ពាន់៤០នាក់ និងមានអ្នកស្លាប់កើនដល់៧៧៩នាក់នោះហើយ។
-
អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩

សៀមរាប ៖ ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿននៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍នៃជំងឺកូវីដ១៩រួចមក នៅរសៀលថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ ក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍។ អាហារដ្ឋាន និងតូបលក់នំបញ្ចុកដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្មក្នុងដំណាក់កាលនេះផងដែរ។ គ្រាន់តែអំឡុងពេល២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដនៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជិត៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័កនៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុក ក្នុងនោះអ្នកពាក់ព័ន្ធថ្មីជាមួយនឹងម្តាយកូនវិជ្ជមានដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រះដាក់ចន្លោះពី៥០ទៅ១០០នាក់ផ្សេងទៀតនឹងត្រូវធ្វើតេស្តយកសំណាកនៅក្នុង៦ខែកក្កដាឆ្នាំ២០២១នេះ។ បើតាមផេកហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកនិងជា គណៈបញ្ជាការឯកភាពស្រុក ថា៖រដ្ឋបាលស្រុក បានរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ និងតំបន់សំខាន់ៗនៅក្នុងឃុំ ហើយនឹងអនុវត្តការផាកពិន័យយ៉ាងតឹងរ៉ឹងបំផុត ចំពោះរាល់ការបំពានវិធានការរដ្ឋបាល ជាពិសេសការតម្រូវឱ្យពាក់ម៉ាស់ជាកំហិតនៅក្នុងទីសាធារណៈ និងការហាមឃាត់ជាដាច់ខាតមិនឱ្យមានការប្រមូលផ្តុំជួបជុំគ្នាពិសារគ្រឿងស្រវឹង។ ជាមួយគ្នានេះ រដ្ឋបាលស្រុកក៍សុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់នេះ ហើយបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់អាចប្រើប្រាស់ផ្សារបន្ទាយស្រី និងផ្សារស្រះស្រង់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងចន្លោះពេលនេះបាន។ រដ្ឋបាលស្រុកសូមរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាពិសេសអ្នករស់នៅក្នុងឃុំព្រះដាក់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់។ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងរៀបចំឱ្យមានកន្លែងធ្វើតេស្តយកសំណាកនៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តងផងដែរ ៕
-
លោក បូរីស ចនសុន៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅចក្រភពអង់គ្លេសស្ទើរទាំងស្រុង នឹងត្រូវដកចេញនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះថ្លែងថា វិធានការរិតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានកំណត់បញ្ចប់សុពលភាពនៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ជាផ្នែកមួយនៃការបោះជំហានចុងក្រោយ ក្នុងការនាំចក្រភពអង់គ្លេសចេញពីការបិទខ្ទប់ ។ លោក ចនសុន បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯវិមាន Downing Street ថា ច្បាប់រក្សាគម្លាត និងពាក់ម៉ាសការពារជាដើម នឹងលែងមានការដាក់កំហិតទៀតហើយនៅក្នុងចក្រភពអង់គ្លេស គិតចាប់ពីថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ហើយថា ច្បាប់ដែលតម្រូវអោយប្រជាជនធ្វើការពីផ្ទះខ្លួនឯង ក៏នឹងត្រូវបានដកចេញផងដែរ ។ បើតាមរដ្ឋាភិបាលអង់គ្លេសនោះ ជំហ៊ានចុងក្រោយ ឬ ជំហ៊ានទី៤ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ ប្រសិនបើការសាកល្បងទាំងបួន របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយវិធានការរឹតបន្តឹងលើការគ្រប់គ្រងជំងឺកូវីដ១៩ដំណើរការរលូនដូចតាមការគ្រោងទុក ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់ជាថ្មីនៅថ្ងៃទី១២ ខែកក្កដាខាងមុខ បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយ ៕ ប្រភព៖ ស៊ីនហួរ
-
បារាំងព្រមានពីរលកឆ្លងជំងឺកូវីដ-១៩ជាលើកទី៤នៅដំណាច់ខែកក្កដានេះ

បារាំង៖ ប្រទេសបារាំងអាចនឹងជួបប្រទះនូវរលកឆ្លងជំងឺកូវីដ១៩ជាលើកទី៤ នៅដំណាច់ខែកក្កដាខាងមុខនេះ ពីព្រោះការរីករាលដាលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩កំពុងឈានដល់ដំណាក់កាលថ្មី ហើយថា បច្ចុប្បន្នវីរុសបម្លែងថ្មី Delta បានរ៉ាប់រងរហូតដល់៣០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។ លោកបន្ថែមថា នៅដំណាច់ខែនេះរលកឆ្លងទី៤អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ ខណៈដែលការអះអាងបែបនេះធ្វើឡើងដោយផ្អែកលើការព្រមានរបស់រដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Oliver Veran កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ ដោយឡែកមន្រ្តីបារាំងបានទទួលស្គាល់ថា មិនមានប្រជាជនគ្រប់គ្រាន់ដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការ បើទោះបីជាមានការផ្គត់ផ្គត់គ្រប់គ្រាន់ក៏ដោយ ដែលប្រការនេះ អាចនឹងនាំអោយមានការកើនឡើងករណីឆ្លង ៕ ប្រភព៖ CNA