-
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ បន្ថែមទៀត និងជាសះស្បើយ២១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២៣មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន២៥នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន១០នាក់ជាករណីឆ្លងក្នុងសហគន៍ និង១៥នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២៣មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២១នាក់ ផងដែរ។ គិតមកដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤១៣នាក់ មានអ្នកស្លាប់៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៨៩នាក់៕
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៧នាក់ និងជាសះស្បើយ ៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៧នាក់ នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប២២នាក់, ស្រុកប្រាសាទបាគងម្នាក់, និងពលករមកពីខេត្តបន្ទាយមានជ័យចំនួន១៤នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ថ្ងៃ២៣មិថុនាដែរ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៤១នាក់ផងដែរ។ គិតមកទល់នឹងថ្ងៃទី២៣មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧០១នាក់ បានព្យាបាលជាសះស្បើយចំនួន២០៧នាក់ ស្លាប់៨នាក់ និង៤៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅ ស្រុកបាភ្នំ៦នាក់, ស្រុកពារាំង៣នាក់, ស្រុកពាមរក៍ ៣នាក់, ស្រុកពាមរជ២នាក់, ស្រុកមេសាង២នាក់, ស្រុកស្វាយអន្ទរ ២នាក់, ស្រុកព្រះសេ្តច ម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់ និង ស្រុកកំចាយមារ ម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២២នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨០៦នាក់ មានអ្នកស្លាប់ចំនួន១៧នាក់ និងនៅសល់៤៥៤នាក់កំពុងទទួលការព្យាបាល។
-
សហរដ្ឋអាមេរិកបញ្ជូនវ៉ាក់សាំង Johnson & Johnson ចំនួន៣លានដូសទៅអោយប្រេស៊ីល

អាមេរិក៖ មន្រ្តីសេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នឹងដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសចំនួន៣លានដូសទៅអោយរដ្ឋាភិបាលប្រេស៊ីល ជាប្រទេសឈរលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ខ្ពស់ជាងគេបំផុតលើពិភពលោក ។ មន្រ្តីអាមេរិកបានបន្ថែមថា ការចែកចាយវ៉ាក់សាំងខាងលើនេះ គឺជាផ្នែកមួយនៃការសន្យារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបរិច្ចាគវ៉ាក់សាំង៨០លានដូស ដោយវានឹងត្រូវដឹកជញ្ជូនចេញពីទីក្រុង ហ្វ័ត ឡូឌើឌែល (Fort Lauderdale) រដ្ឋផ្ល័ររីដា (Florida) តាមជើងហោះហើរ អាហ្ស៊ុល (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ ខេមភីណាស់ (Campinas) ជាទីក្រុងមួយមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងសៅប៉ូឡូ (Sao Pualo) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ។ គួរកត់សម្គាល់ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលប្រេស៊ីលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនប្រេស៊ីលជាងកន្លះលាននាក់ ធ្វើអោយមានការបែកបាក់ផ្នែកនយោបាយកាន់តែជ្រៅ នៅមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ ក៏ដូចជាបង្កភាពចលាចលពេញផ្ទៃប្រទេសផងដែរ ៕ ប្រភព៖ CNA
-
អាជ្ញាធរសុខាភិបាលអឺរ៉ុបព្រមានថា ឆាប់ៗនេះ វីរុសបម្លែងខ្លួនថ្មី Delta អាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប

ស្តុកខុម៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងអឺរ៉ុបបញ្ជាក់ថា ការឆ្លងរីករាលដាលខ្ពស់នៃវីរុសបម្លែងខ្លួនថ្មី ឌែលតា (Delta) ដែលមានប្រភពដើមនៅឥណ្ឌានោះ ឆាប់ៗនេះអាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅសហភាពអឺរ៉ុប និងបានជំរុញអោយសមាជិកប្រទេសក្នុងប្លុកនេះពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ។លោកស្រី អង់ដ្រេ អាម៉ុន (Andrea Ammon) ជានាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាទំនងជាអាចកើតឡើងដែលថា វីរុសបម្លែងខ្លួនថ្មី ឌែលតា នឹងរីករាលដាលពាសពេញរដូវក្តៅ ជាពិសេសក្នុងចំណោមយុវវ័យដែលមិនមានគោលដៅទៅទទួលការចាក់វ៉ាក់សាំងការពារ ។ លោកស្រីបន្ថែមថា វីរុសបម្លែងខ្លួនថ្មី ឌែលតា ដែលមានប្រភពដើមនៅឥណ្ឌា គឺមានករណីឆ្លងច្រើនជាងបណ្តាមេរោគដទៃទៀត ។ នៅចុងខែសីហា វីរុសដ៏កាចសាហាវមួយនេះអាចនឹងរ៉ាប់រងរហូតដល់៩០%ឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប ។ការព្រមានខាងលើនេះបានកើតមានឡើងបន្ទាប់ពីរុស្ស៊ីក៏បានអះអាងដូចគ្នាផងដែរ អំពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងមេរោគដែលកាន់តែអាក្រក់ទៅៗ ដោយសារតែអត្រានៃការទទួលវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ៕ ប្រភព៖ CNA
-
អាជ្ញាធរសុខាភិបាលឥណ្ឌា៖ វីរុសបម្លែងខ្លួនថ្មី “Delta Plus” កំពុងបង្កជាការព្រួយបារម្ភជាខ្លាំង

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញវីរុសបម្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលអាចបង្កជាការព្រួយបារម្ភខ្លាំង និងថា ករណីឆ្លងវីរុសនេះមួយចំនួនត្រូវបានគេរកឃើញនៅក្នុងរដ្ឋចំនួន៣ហើយ ។ អគ្គលេខាធិការសុខភាពសហព័ន្ធរបស់ឥណ្ឌា លោក រ៉ាចេស ប៊ូសាន (Rajesh Bhushan) បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសបម្លែងខ្លួនថ្មីនេះ ត្រូវគេកំណត់អត្តសញ្ញាណក្នុងតំបន់ថា ជាវីរុស ឌែលតា ផ្លាស់ “Delta Plus” វាត្រូវបានគេរកឃើញរហូតដល់១៦ករណីឯណោះនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra) ។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលឥណ្ឌាក៏បានសម្តែងពីការព្រួយបារម្ភរបស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងវីរុសបម្លែងខ្លួនថ្មី Delta Plus ដែលកំពុងកើនឡើងការឆ្លងរីករាលដាល និងបានណែនាំអោយបណ្តារដ្ឋនានាបង្កើនការធ្វើតេស្តជាបន្ទាន់ ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់មនុស្សចំនួន៨,៦លាននាក់ ខណៈដែលប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់មនុស្សពេញវ័យទាំងអស់ ៕ ប្រភព៖ CNA
-
អ៊ីស្រាអែលបង្កើនវិធានការណ៍ប្រឆាំងនឹងវីរុសកូវីដ-១៩ឡើងវិញ ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសបម្លែងខ្លួនថ្មី “Delta”

អ៊ីស្រាអែល៖ មន្ត្រីសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១២៥ករណី ហើយវាជាលើកដំបូងក្នុងរយៈពេល២ខែ សម្រាប់ករណីឆ្លងមានលើសពី១០០ករណី ។ ក្រសួងសុខាភិបាលអ៊ីស្រាអែលបញ្ជាក់ថា ៧០ ភាគរយនៃករណីឆ្លងថ្មីៗទាំងនេះ គឺជាវីរុសបម្លែងខ្លួនថ្មី ឌែលតា “Delta” ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ជាការឆ្លើយតបនោះ រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញអោយប្រជាជនចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស និងអំពាវនាវដល់ឪពុកម្តាយអនុញ្ញាតអោយកូនរបស់ពួកគេ ដែលមានអាយុពី១២ទៅ១៥ឆ្នាំទទួលការចាក់វ៉ាក់សាំង ។ គួរកត់សម្គាល់ កន្លងមក ប្រទេសអ៊ីស្រាអែលបានបន្ធូរបន្ថយវិធានការណ៍រឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីបានធ្លាក់ចុះ ដោយសារអត្រាចាក់វ៉ាក់សាំងការពារខ្ពស់ ៕ ប្រភព៖ NHK
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩០ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨០លាន៣៤ម៉ឺន៤ពាន់៨៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩០ម៉ឺន៦ពាន់៧៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៥លាន៧ម៉ឺន១ពាន់១៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៤ម៉ឺន៨ពាន់៩៩៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់២៩៣នាក់ និងជាសះស្បើយចំនួន២៨លាន៨៤ម៉ឺន៦ពាន់២៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៨ម៉ឺន២ពាន់១៦៩នាក់ ស្លាប់៣៩ម៉ឺន២ពាន់១៤នាក់ និងជាសះស្បើយ២៩លាន៥ម៉ឺន៦ពាន់៦០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន១៧ម៉ឺន៧៧៨នាក់ ស្លាប់ចំនួន៥០ម៉ឺន៧ពាន់២៤០នាក់ និងជាសះស្បើយ១៦លាន៤៨ម៉ឺន៣ពាន់៦៣៥នាក់ ៕ ប្រភព៖ worldometers
-
ប្រជាពលរដ្ឋជាង ៣លាន ៦សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន៦សែន១ម៉ឺន៩ពាន់៤២០នាក់ហើយដែលស្មើនឹង៣៦,១៩%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន៥ម៉ឺន៩ពាន់១៦៤នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន២ម៉ឺន៥ពាន់៩២៦នាក់ ខណៈចាក់លើកទី២ បានចំនួន៩៩ម៉ឺន៨ពាន់៧៦១នាក់ និងការចាក់ដោយកងទ័ពនៅខេត្តចំនួន៤គឺខេត្តតាកែវ កំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង បានចំនួន១២ម៉ឺន២ពាន់១៧៦នាក់។
-
សេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្រ្ត «តំបន់លឿងទុំ» របស់រដ្ឋបាលរាជធានីភ្នំពេញ មកជា «តំបន់លឿង» វិញ
