-
អាជ្ញាធរខេត្តឧត្តរមានជ័យ សេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ និងជាសះស្បើយចំនួន១២ នាក់ បន្ថែមទៀត

រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងជាសះស្បើយចំនួន១២ នាក់ បន្ថែមទៀត នាថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤០ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦១ករណី កំពុងសម្រាកព្យាបាលចំនួន ៧៧ករណី និងស្លាប់ចំនួន ០២នាក់ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕
-
ជំនួបកំពូលអាមេរិក-រុស្ស៊ី បៃឌិន-ពូទីន ចាប់ផ្តើមហើយ

ជំនួបនេះបាននិងកំពុងធ្វើឡើងនៅស្វីស នាថ្ងៃពុធទី១៦ មិថុនា ២០២១នេះ ខណៈពិភពលោកកំពុងតាមដានយ៉ាងខ្លាំងចំពោះការជួបគ្នា រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននេះ។ ជំនួបនៅខាងក្រៅ Villa La Grange នេះ បានកើតមានឡើងខណៈអាមេរិកនិងរុស្ស៊ីមានភាពតានតឹង និងប្រេះឆា លើទំនាក់ទំនង។ គេមិនរំពឹងថា នឹងមានលទ្ធផលធំៗអ្វីនឹងលេចចេញទេ ប៉ុន្តែសង្ឃឹមថា អាចនឹងមានការព្រមព្រៀងដោះស្រាយបញ្ហាខ្លះៗ មានទាំង បញ្ហាគ្រប់គ្រងអាវុធ ទណ្ឌកម្ម និងការគំរាមកំហែងបទឧក្រិដ្ឋអ៉ីនធឺណេត ជាដើម នេះបើតាមការចេញផ្សាយរបស់ RT៕
-
រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការបិទខ្ទប់នូវទីតាំងផ្នែកខ្លះនៅខាងក្នុងផ្សារណាត់បាត់ដំបង នៃ អគារលក់ដូរប៉ែកខាងកើតផ្សារ ក្រោយពីរកឃើញករណីអ្នកវិជ្ជមានកូវីដ-19ពីស្រ្តីជាងកាត់ដេរម្នាក់ នៅក្នុងផ្សារ

នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលនូវទីតាំងពាក់ព័ន្ធអគារផ្សារណាត់ផ្នែកខាងកើតថែមទាំងបានជំរុញដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវតែមានវិធានការសុខាភិបាលនិងធ្វើការរឹតបន្ដឹងនូវតំបន់បិទខ្ទប់ខាងលើនេះ ដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរជាដាច់ខាត ក្រោយពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-19 លើស្ត្រីម្នាក់ដែលប្រកបមុខរបរជាជាងកាត់ដេរ នៅផ្នែកខាងក្នុងផ្សារ នៃអគារប៉ែកខាងកើត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់អាជ្ញាធរនិងសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់និងត្រូវបន្តកាត់បន្ថយនូវហានិភ័យពីការឆ្លងជំងឺកូវីដ-19 ឲ្យកាន់តែរួមតូច រហូតដល់អាចគ្រប់គ្រងបានទាំងស្រុង អំពីករណីប្រឈមដែលកំពុងតែកើតមាននៅទីនេះ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា៖ ស្ត្រីឆ្លងជំងឺកូវីដ-19 មានឈ្មោះ ម៉ូត សារីយ៉ា រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។លោកបានបន្ថែមឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តរកឃើញករណីវិជ្ជមានកូវីដ-19 ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ខណៈទីតាំងស្ត្រីរូបនេះដែលប្រកបរបរជាជាងកាត់ដេរ នៅតូបប៉ែកខាងត្បូងអគារផ្សារខាងកើត ដែលត្រូវបានរដ្ឋបាលក្រុងបាត់ដំបង បានចុះធ្វើការបិទខ្ទប់ទាំងយប់ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ហើយក្នុងនោះក៏មានការចុះទៅបិទខ្ទប់តាមខ្នងផ្ទះមួយចំនួន ដែលពាក់ព័ន្ធជាមួយនិងស្ត្រីរូបនេះផងដែរ។ ក្នុងខណៈដែលអាជ្ញាធរនៃរដ្ឋបាលក្រុង-ខេត្តបាត់ដំបង បានរកឃើញស្ត្រីម្នាក់ប្រកបរបរជាជាងកាត់ដេរ នៅក្នុងផ្សារមួយនេះ បានឆ្លងនូវជំងឺកូវីដ-19និងមិនទាន់ដឹងច្បាស់ពីប្រភពដែលបានឆ្លង។ ហើយបច្ចុប្បន្នក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ខេត្ត កំពុងតែធ្វើការយកវត្ថុសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ហើយក្នុងនោះរដ្ឋបាលក្រុងក៏កំពុងតែស្វះស្វែងបន្តរកអ្នកពាក់ព័ន្ធ និងអំពាវដល់អ្នកពាក់ព័ន្ធអ្នកជំងឺខាងលើ…
-
ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តកំពតបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៤នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះ មានជាអ្នករស់នៅស្រុកឈូកម្នាក់, ស្រុកបន្ទាយមាសម្នាក់, ស្រុកអង្គរជ័យ៤នាក់,ស្រុកកំពង់ត្រាច១២នាក់, ខេត្តកណ្ដាលម្នាក់, រាជធានីភ្នំពេញម្នាក់ និងខេត្តតាកែវម្នាក់ និងកោះកុងម្នាក់ ។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៩២៦នាក់ ក្នុងនោះបានជាសះស្បើយ២៨០នាក់ មានអ្នកស្លាប់៧នាក់ និងនៅសល់៦៣៦នាក់កំពុងសម្រាកព្យាបាល។
-
អ្នកដែលធ្លាប់បានទៅ ហាងកាហ្វេ BROWN ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅអង្គុយផឹកកាហ្វេ នៅហាងកាហ្វេ BROWNដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចន្លោះពីម៉ោង៧និង៥០នាទីដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អ្នកដែលធ្លាប់បានទៅ ហាងឈ្មោះ RAMA HOUSE ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅអង្គុយហូបអាហារជាមួយមិត្តភក្តិនៅទីតាំងហាង RAMA HOUSE ដែលមានទីតាំងស្ថិតនៅផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចន្លោះពីម៉ោង១និង៥០នាទីដល់ម៉ោង២និង៤០នាទីរសៀលថ្ងៃទី ១២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ បានអង្គុយរួមតុជាមួយមនុស្ស៦នាក់ ហើយទីតាំងនោះតូចចង្អៀត មិនរក្សាគម្លាត។ បុគ្គលិកនៅទីនោះមិនទាន់បានទៅធ្វើតេស្ដនៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី១៦មិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អង្គការសុខភាពពិភពលោក WHO ព្រមានថា ការចែកចាយវ៉ាក់សាំងកំពុងយឺតយ៉ាវជាងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ (មានវីដេអូ)

ស្វីស៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា ជំងឺកូវីដ ១៩កំពុងរីករាលដាលលឿនជាងការចែកចាយវ៉ាក់សាំងជាសកល ហើយថា ករណីឆ្លងទាំងនោះបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មី មានដូចជា វីរុស Alpha ដែលត្រូវបានរកឃើញនៅអង់គ្លេស និងវីរុស Delta រកឃើញនៅឥណ្ឌា ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា ការសន្យារបស់ក្រុមប្រទេស G7 ក្នុងការផ្តល់វ៉ា់ក់សាំង១ពាន់លានដូសក្នុងរយៈពេលពីរឆ្នាំខាងមុខ គឺជាជំនួយដ៏ធំមួយ ប៉ុន្តែយើងត្រូវការជាច្រើនបន្ថែមទៀត ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ដើម្បីបញ្ចប់រោគរាតត្បាត កិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយនៅអាល្លឺម៉ង់ យើងត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូសទៀត ។ យើងត្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយយើងត្រូវការវាលឿនជាងមុន ។ ឥឡូវវីរុសនេះកំពុងធ្វើចលនា លឿនជាងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ៕ ប្រភព៖ CNBC
-
អ្នកដែលដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៏កាល់តិច បឹងត្របែក

ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច សាខាបឹងត្របែក ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការ បានជូនដំណឹងថា ទីតាំងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់មកហើយ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀត និងជាសះស្បើយ ៥០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៥មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន១ពាន់២៥៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកោះសូទិន៦នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្រីសន្ធរ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកចំការលើម្នាក់, ស្រុកបាធាយ១២នាក់ និងស្រុកកងមាស៣នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាមក៏បានជូនដំណឹងថា នៅថ្ងៃទី១៥មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់បានជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៥មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៣២១នាក់ ក្នុងនោះបានជាសះស្បើយចំនទន៨៧៥នាក់ និងនៅសល់៤៤៦នាក់កំពុងទទួលការព្យាបាល។
-
អ្នកដែលដែលធ្លាប់បានទៅហាងលក់សម្លៀកបំពាក់ TEN11 ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហាងលក់សម្លៀកបំពាក់ TEN11សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចន្លោះពីម៉ោង១១ដល់ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៩មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។