-
អ្នកដែលដែលធ្លាប់បានទៅហាងលក់សម្លៀកបំពាក់ Zando ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហាងលក់សម្លៀកបំពាក់ Zando សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន ចាប់ពីម៉ោង៨និង២០នាទីដល់ម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៥មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន២២នាក់។ អ្នកឆ្លងទាំងនោះ រួមមាន១៤នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ក្រុងបាវិតម្នាក់, ស្រុកស្វាយជ្រំ៤នាក់, ស្រុករំដួល២នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៥មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៣១១នាក់, ព្យបាលជាសះស្បើយចំនួន៨៧១នាក់, កំពុងសម្រាកព្យាបាលចំនួន៤៣២នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ និងជាសះស្បើយ ២៦៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ១៦មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៩នាក់នៅថ្ងៃទី១៥មិថុនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅក្រុងប៉ោយប៉ែតចំនួន៤៤នាក់ និងទៅពីរាជធានីភ្នំពេញចំនួន៥នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២៦៣នាក់។
-
រកឃើញអ្នកឆ្លងថ្មី 693 នាក់ទៀត ជាសះស្បើយ 754 នាក់ និងស្លាប់ 07 នាក់ (មានវីដេអូ)

-
អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រីអភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យក្រុមជាង កំពុងស្ថាបនាឈាបនដ្ឋាន សម្រាប់បូជាសពអ្នកជំងឺ កូវីដ-១៩ ស្ថិតនៅវត្តស្រីសិទ្ធ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារចម្រុះថ្នាក់ខេត្តដែលទទួលមុខការសម្រាប់ការសាងសង់ឈាបនដ្ឋាននេះដែរ ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យត្រឹមត្រូវស្របតាមបច្ចេកទេស ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ ពេលនេះ គឺដើម្បីប្រការទុកជាមុននៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តតាកែវទាំងមូលមានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ដែរថា ដោយសារតែមានការឆ្លងរាត្បាតជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែ នាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសាងសង់ឈាបនដ្ឋាន (កន្លែងបូជាសព) សម្រាប់អ្នកស្លាប់ដោយជំងឺ…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩៣នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧០០នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៥មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៩៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៥មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៥មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៤ពាន់៣២៥នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៧នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៦៨នាក់ហើយ។
-
សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ

ព្រុចសែល៖ សហភាពអឺរ៉ុបមានផែនការលើកកម្ពស់ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួននាពេលថ្មីៗនេះ និងសមត្ថភាពអចិន្ត្រៃយ៍ក្នុងការផលិតវ៉ាក់សាំងប្រមាណ៣០០លានដូសក្នុងរយៈពេល៦ខែដំបូង ដើម្បីត្រៀមក្នុងគ្រាអាសន្នផ្នែកសុខភាពថ្មីណាមួយ ។ស្នងការសុខភាពសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បានប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថា អ្នកវិទ្យាសាស្រ្តបានប្រាប់យើងថា នេះជាពេលវេលានៃជំងឺរាតត្បាត ហើយថា វិបត្តិសុខភាពផ្សេងទៀតក៏អាចកើតឡើងផងដែរ… យើងដាច់ខាតត្រូវតែធានាថា យើងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពបំផុត ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ៥៣.៣ភាគរយនៃចំនួនប្រជាជនពេញវ័យនៅសហភាពអឺរ៉ុបបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈវ៉ាក់សាំងចំនួន៣៥៣លានដូសត្រូវបានចែកចាយទៅកាន់រដ្ឋចំនួន២៧ ។បើតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា រាល់ថ្ងៃយើងកំពុងខិតជិតដល់គោលដៅរបស់យើងហើយ គឺផ្ដល់ការចាក់វ៉ាក់សាំងឱ្យបាន៧០ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់យើង នៅសហភាពអឺរ៉ុបនៅខែក្រោយនេះ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ដោយឱសថរបស់ខ្លួន

អង់គ្លេស៖ ក្រុមហ៊ុន AstraZeneca (AZN.L) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ឱសថដែលត្រូវបានផលិតដោយការបញ្ចូលគ្នាអង់ទីគ័រពីរប្រភេទមិនបានជោគជ័យតាមគោលបំណងសំខាន់របស់ខ្លួន សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ ។ ការព្យាបាលបានកំពុងធ្វើឡើងដល់ដំណាក់កាលទី៣ ឬការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ថ្នាំ ។ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា មនុស្សធំពេញវ័យដែលមិនទាន់បានចាក់វ៉ាក់សាំង១ពាន់១២១នាក់ដែលបានប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ១៩ក៏ជាផ្នែកមួយនៃការសាកល្បងក្នុងការព្យាបាលនេះដែរ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ការព្យាបាលថ្នាំដោយ AZD7442 បានកាត់បន្ថយហានិភ័យនៃអាការរោគកំពុងវិវត្តបានតែ៣៣ភាគរយប៉ុណ្ណោះ ដែលមិនទាន់ដល់លទ្ធផលដែលចង់បានឡើយ ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននៅតែបន្តសាកល្បងព្យាបាលទៀត ដើម្បីវាយតម្លៃថាតើថ្នាំរបស់ខ្លួនអាចការពារកូវីដ១៩ ឬព្យាបាលរោគសញ្ញាធ្ងន់ធ្ងរបានអត់ ៕ ប្រភព៖ Reuters
-
ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ប្រទេសខ្លួនក្នុងឆ្នាំនេះ

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនរំពឹងថា ការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca Plc ចំនួន១៧លានដូសផលិតនៅក្នុងប្រទេសថៃ នឹងមកដល់ក្នុងឆ្នាំនេះ បន្ទាប់ពីមានការពន្យារពេលក្នុងការដឹកជញ្ជូន ។ លោក ចូយ ខុនសិបសិន ដែលជាប្រធានទីប្រឹក្សាសហគ្រាសសហគ្រិន ដែលដឹកនាំក្រុមហ៊ុនឯកជនរបស់ហ្វីលីពីន ដើម្បីទិញវ៉ាក់សាំងបានឱ្យដឹងថា វ៉ាក់សាំង AstraZeneca ជិត១,២លានដូសដែលបញ្ជាទិញដោយក្រុមហ៊ុនហ្វីលីពីន នឹងដឹកមកដល់នៅពាក់កណ្តាលខែកក្កដាខាងមុខ ជាជាងនៅខែមិថុនានេះ ។ លោកបន្ថែមថា ការពន្យារពេលនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានពេលច្រើន ដើម្បីបញ្ចុះបញ្ចូលនិយោជិតអោយចាក់វ៉ាក់សាំង ហើយថា ដូសនៅសេសសល់ភាគច្រើនរំពឹងថា ដឹកមកដល់ហ្វីលីពីនក្នុងឆ្នាំ ២០២១ នេះ ។ ដោយឡែកអ្នកដឹកនាំការទិញវ៉ាក់សាំងរបស់ហ្វីលីពីន លោក កាលីតូ ហ្គាល់វេស បាននិយាយនៅក្នុងការប្រជុំនៅព្រឹទ្ធសភានៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលបានបញ្ជាទិញដោយក្រុមហ៊ុននានា និងរដ្ឋាភិបាល នឹងដឹកមកដល់នៅត្រីមាសទី២ឆ្នាំក្រោយ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៣ម៉ឺននាក់ និងជាសះស្បើយ១៦១លាន៨៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៤០ម៉ឺន៨ពាន់៦១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៣ម៉ឺន៨ពាន់៣៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦១លាន៨៣ម៉ឺន៧ពាន់៩១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៥ម៉ឺន២ពាន់១៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៧១៧នាក់ និងជាសះស្បើយចំនួន២៨លាន៥៧ម៉ឺន៨ពាន់៧០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៣ម៉ឺន២ពាន់២៦១នាក់ ស្លាប់៣៧ម៉ឺន៩ពាន់៦០១នាក់ និងជាសះស្បើយ២៨លាន៣៨ម៉ឺន៦៣៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៥៤ម៉ឺន៣ពាន់៨៥៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន១ពាន់១៦៤នាក់ និងជាសះស្បើយ១៥លាន៩៤ម៉ឺន៤ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers