-
ប្រជាពលរដ្ឋជាង ២លាន ៩សែននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៩សែន៣ម៉ឺន៩ពាន់៥៤៣នាក់ហើយដែលស្មើនឹង២៩,៤០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៤សែន៨ម៉ឺន៨ពាន់៨៩០នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន៩៩ម៉ឺន៣ពាន់៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន៨៥ម៉ឺន៤ពាន់២៧៧នាក់។
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែងម្នាក់, ស្រុកស្វាយអន្ទរចំនួន១២នាក់, ស្រុកពារាំង ចំនួន១០នាក់, ស្រុកពាមរក៍ ចំនួន ៧នាក់, ស្រុកពាមជរ ចំនួន ២នាក់, ស្រុកកំពង់ត្របែក ចំនួន ២នាក់, ស្រុកបាភ្នំ ចំនួន ២នាក់, ស្រុកព្រះសេ្តចម្នាក់, ស្រុកកញ្ចៀច ម្នាក់ និងស្រុកកំចាយមារម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ មានអ្នកស្លាប់ចំនួន១០នាក់ និងនៅសល់៤៦៩នាក់កំពុងទទួលការព្យាបាល។
-
អាជ្ញាធរ និងមន្រ្តីជំនាញ អញ្ជើញពិនិត្យទីតាំងក្នុងរោងចក្រពូចិន ពាក់ព័ន្ធករណីកម្មករ កម្មការិនី មានវិជ្ជមានជំងឺកូវីដ-១៩

កាលពីថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួម ដំណើរដោយលោកអភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ព្រមទាំងតំណាងមន្ទីរសុខាភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងក្នុងរោងចក្រពូចិន ឃុំកំពង់ត្រាចខាងលិច ពាក់ព័ន្ធករណីកម្មករ កម្មការិនី ក្នុងរោងចក្រមានវិជ្ជមានជំងឺកូវីដ១៩។ ក្នុងនោះក្រុមការងារបានប្រជុំពិភាក្សាគ្នា ដើម្បីកំណត់យកទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងដាក់វិធានការបន្ថែមដើម្បីកាត់ផ្តាច់ការចម្លងរីករាលដាលនៅក្នុងទីតាំងរោងចក្រ។ បន្ទាប់មកនៅពេលរសៀលនាថ្ងៃនេះដែរ លោក អូន ខន អភិបាលស្រុក ក៍ បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ស្រុក និងតំណាងរោងចក្រពូចិន បន្តចុះពិនិត្យទីតាំងនៅមណ្ឌលវិទ្យាល័យសម្ដេចហ៊ុន សែន អង្គសុរភី ឃុំអង្គសុរភី សម្រាប់ត្រៀមរៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាកម្មករ កម្មការិនីមកពីរោងចក្រពូចិន ក្នុងនោះដែរ ក្រុមការងារបានទទួលប៉ៅអុីបត់ ចំនួន១០០ ជាអំណោយដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ផ្តល់ជូននៅក្នុងមណ្ឌលវិទ្យាល័យមួយនេះ ទុកសម្រាប់អ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលជំងឺ ៕
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដូចមានក្នុងតារាងរាយនាម។ ករណីទី១ ដល់ទី១៩ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។ ចំពោះករណីទី២០ ជាម្ដាយបានធ្វើដំណើរមកពីខេត្តប៉ៃលិន និងបន្តចម្លងទៅកូន ករណីទី២១, ករណីទី២២ ជាមន្រ្តីពន្ធនាគារ ដែលបានធ្វើដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី២៣-២៤ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែក ករណីទី២៥ ដល់ទី៣៦ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៣នាក់ ស្លាប់៣នាក់ និង៣៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត…
-
រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ដោយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគាំងបេះដូង

-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី១៣ មិថុនា ២០២១

-
ពលរដ្ឋថៃភាគច្រើនថា រដ្ឋាភិបាលចាក់វ៉ាក់សាំងកូវីដមិនជោគជ័យតាមផែនការ បើតាមការស្ទង់មតិ

ប្រជាជនភាគច្រើនមិនមានទំនុកចិត្តលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាល ហើយយល់ឃើញថា គោលដៅថាចាក់ឲ្យបានមនុស្ស៥០លាននាក់ ជាមួយនឹងវ៉ាក់សាំង១០០លានដូស ត្រឹមចុងឆ្នាំ២០២១នេះ គឺទំនងមិនទទួលជោគជ័យទេ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ ស្រាវជ្រាវដោយសកលវិទ្យាល័យ Suan Dusit Rajabhat ឬ ហៅគេហៅថា ការស្ទង់មតិ Suan Dusit Poll ចេញផ្សាយដោយទីភ្នាក់ងារបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី១៣ មិថុនា ២០២១នេះ។ ប្រភពថា ការស្ទង់មតិនេះគឺធ្វើឡើងតាមរយៈអនឡាញ ចាប់ពីថ្ងៃទី៧ ដល់ ១០ មិថុនា លើមនុស្ស១៤៥០នាក់ ទូទាំងប្រទេស។ ការស្ទង់មតិបានលើកហេតុផលថា មូលហេតុដែលមិនជឿជាក់ដូចជា ជម្រើសវ៉ាក់សាំងដែលត្រូវចាក់មានតិច ព័ត៌មានមិនច្បាស់លាស់នាំឲ្យភាន់ច្រលំ និងកង្វះខាតតួនាទីខាងវិស័យឯកជនចូលរួមនាំចូលវ៉ាក់សាំង ជាដើម។ គួរបញ្ជាក់ថា ថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាំងពីថ្ងៃទី១១ មីនា ២០២១ ដោយប្រើប្រាស់វ៉ាក់សាំងចិន និងអង់គ្លេស ហើយគិតត្រឹមថ្ងៃទី១០ មិថុនា ចាក់បានប្រមាណជាង៤លាននាក់ ដូសទី១ និងដូសទី២ បានជាង១.៥លាននាក់៕
-
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៣នាក់ និងជាសះស្បើយ ចំនួន ៣នាក់បន្ថែមទៀត

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២៣នាក់ បានព្យាបាលជាសះស្បើយចំនួន១១០នាក់ ស្លាប់៣នាក់ និង៣១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល…
-
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន នូវបម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម រយៈពេល ២សប្តាហ៍បន្ថែមទៀត

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានដាក់ចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន នូវបម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម រយៈពេល ២សប្តាហ៍ គិតចាប់ពីម៉ោង២២ ថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា៖ បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម គឺអនុវត្តចន្លោះពីម៉ោង ២២ ដល់ម៉ោង ៤ ដែលខ្លឹមសារលម្អិត និងករណីលើកលែង ដូចមានចែងក្នុងសេចក្តីសម្រេចខាងក្រោម៖
