-
ព្រឹត្តិការណ៍ថ្មីៗ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 07 ខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)
ព្រឹត្តិការណ៍ថ្មីៗ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 07 ខែមិថុនា ឆ្នាំ២០២១ -ឆ្លងថ្មី 589 ករណី -ឆ្លងក្នុងសហគមន៏ 562 នាក់។ -នាំចូលពីបរទេស 27 នាក់ ។ -ជាសះស្បើយ 945 នាក់ ។ -ស្លាប់ 03 នាក់ ។ សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី07 ខែមិថុនា ឆ្នាំ២០២១ – អ្នកឆ្លងសរុប 34,833 នាក់ – អ្នកជាសះស្បើយសរុប 28,092 នាក់ – អ្នកស្លាប់ 266 នាក់។
-
កម្ពុជាថ្ងៃនេះ មានអ្នកជាសះស្បើយ ៩៤៥នាក់ និងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៥៨៩នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់បន្ថែមទៀត

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៦មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៦មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៩៤៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៦មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៤ពាន់៨៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៨ពាន់៩២នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៣នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៦៦នាក់ហើយ។
-
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

-
អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អង់គ្លេស៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរាប់រយនាក់បានស្នើអោយក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក (G7) ចំណាយប្រាក់ដើម្បីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងពិភពលោក សំដៅបញ្ឈប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ ។ ការអំពាវនាវខាងលើនេះ បានកើតមានឡើងនៅមុនកិច្ចប្រជុំកំពូល G7 ក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអង់ គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ។ នៅក្នុងលិខិតរបស់អតីតមេដឹកនាំពិភពលោកទៅកាន់ក្រុមប្រទេស G7 នោះ ពួកគេបានសង្កត់ធ្ងន់ថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គួរតែធានាអោយបាននូវទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters
-
វៀតណាមទទួលបានថវិកា៣២៩លានដុល្លារ នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

វៀតណាម៖ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វៀតណាមទទួលបានថវិកាប្រមាណ៧.៦ទ្រីលានដុង ឬស្មើនឹង៣២៩លានដុល្លារហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវអោយមានការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់កម្មវិធីទិញ និងចែកចាយវ៉ាក់សាំងបង្ការ COVID-19 ។ ក្រសួងហិរញ្ញវត្ថុវៀតណាមដែលទទួលបន្ទុកកិច្ចការនេះបានអោយដឹងថា ថវិកាដែលត្រូវបានប្រមូលជាក់ស្តែង គឺ១.០៣ទ្រីលានដុល្លារ ឬស្មើនឹង៤៤.៦លានដុល្លារ ក្នុងគ្រាដែលក្រុមធំៗនៅវៀតណាមបានសន្យាផ្តល់ថវិកា៦.៦ទ្រីលានដុង ឬស្មើនឹង២៨៥លានដុល្លារទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខនេះ ។ សូមជម្រាបថា មូលនិធិខាងលើនេះ នឹងប្រើសម្រាប់ការទិញវ៉ាក់សាំងបង្ការជំងឺកូវីដពីបរទេស ក៏ដូចជាដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងឆ្ពោះទៅរកការសម្រេចគោលដៅ នៃការចាក់ថ្នាំបង្ការអោយបាន៧០ភាគរយនៃប្រជាជន៩៨លាននាក់របស់វៀតណាម ៕ ប្រភព៖ VNExpress
-
ថៃបន្តមើលឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន២,៤១៩ករណី និងស្លាប់ចំនួន៣៣នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២ពាន់៤១៩ករណី ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន៩ពាន់៨៨៦ករណីហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតផងដែរ ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៦៩នាក់ ។ បើតាមមជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ក្នុងចំណោមករណីឆ្លងសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៣២៨ករណីគឺជាប្រជាជនទូទៅ និង៩១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៤ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៥ម៉ឺន១ពាន់៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៤ម៉ឺន៤ពាន់២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៧លាន៥ម៉ឺន៥ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២១ម៉ឺន៧៨២នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់៣៦៦នាក់ និងជាសះស្បើយចំនួន២៨លាន១២ម៉ឺន២ពាន់៧៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៩០ម៉ឺន៩ពាន់៦០៤នាក់ ស្លាប់៣៤ម៉ឺន៩ពាន់២២៩នាក់ និងជាសះស្បើយ២៧លាន១៥ម៉ឺន៧២៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៩៤ម៉ឺន៧ពាន់៦២នាក់ ស្លាប់ចំនួន៤៧ម៉ឺន៣ពាន់៤៩៥នាក់ និងជាសះស្បើយ១៥លាន៣៤ម៉ឺន២ពាន់២៨៦នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៦មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥០នាក់នោះ រួមមាន នៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះស្ដេចចំនួន២៨នាក់, ស្រុកកំពង់ត្របែក ចំនួន៦នាក់, ស្រុកពារាំង ចំនួន៤នាក់, ស្រុកស្វាយអន្ទរ ចំនួន៣នាក់, ស្រុកមេសាង ចំនួន៣នាក់, ស្រុកពាមរក៍ ចំនួន២នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់ និង ស្រុកកញ្ច្រៀចម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៦មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៧៩នាក់ មានអ្នកស្លាប់ចំនួន៧នាក់ និងនៅសល់៤១៣នាក់កំពុងទទួលការព្យាបាល។
-
ខេត្តសៀមរាប រកឃើញមនុស្ស ៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

សៀមរាប ៖ ខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន ៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន៨៣នាក់, ស្លាប់២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕
