-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៩៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៧ម៉ឺននាក់ និងជាសះស្បើយ១៥៤លាន៤១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៩៣ម៉ឺន៤ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៧ម៉ឺន៥ពាន់៦៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៤លាន៤១ម៉ឺន៥ពាន់៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៣ម៉ឺន៦ពាន់៧៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៤៣៦នាក់ និងជាសះស្បើយចំនួន២៧លាន៩៤ម៉ឺន៩១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៣០ម៉ឺន៦ពាន់៨៨៣នាក់ ស្លាប់៣៣ម៉ឺន៥ពាន់១១៤នាក់ និងជាសះស្បើយ២៦លាន១៧ម៉ឺន៩៩២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៦២ម៉ឺន៥ពាន់៥៧២នាក់ ស្លាប់ចំនួន៤៦ម៉ឺន៥ពាន់៣១២នាក់ និងជាសះស្បើយ១៥លាន៦ម៉ឺន៨ពាន់១៤៦នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៦នាក់នោះ រួមមាន នៅក្នុងក្រុងព្រៃវែងម្នាក់, ស្រុកពារាំងម្នាក់, ស្រុកកញ្ជៀចម្នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកមេសាង២នាក់, ស្រកពាមជរចំនួន៤នាក់ និងស្រុកពាមរក៏ចំនួន៦នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២៦៥នាក់កំពុងទទួលការព្យាបាល។
-
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងចាប់ផ្ដើមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដូសទី២ និងចាប់ផ្ដើមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅ ខនៅខណ្ឌសែនសុខ។ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សម្ដេច ពិជ័យសេនា ទៀ បាញ់ ចាក់ វ៉ាក់ សាំង នៅ សង្កាត់ ភ្នំពេញថ្មី សង្កាត់ ឃ្មួញ សង្កាត់ ក្រាំងធ្នង់សង្កាត់ទឹកថ្លា និង គោកឃ្លាង។ សូមចូលរួម អនុវត្ត ៣កុំ ៣ការពារ គ្រប់គ្នា។
-
រដ្ឋបាលខេត្តកំពត មិនទាន់មានបិទផ្សារណាមួយឡើយ ក្នុងភូមិសាស្ត្ររបស់ខ្លួន

រដ្ឋបាលខេត្តកំពត បានប្រកាសថាមិនមានបំណងបិទផ្សារណាមួយនៅក្នុងភូមិសាស្រ្តរបស់ខ្លួន នៅឡើយ។ នេះគឺបានបញ្ជាក់លើសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជនតាម ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត គឺផ្ដោតសំខាន់ទៅលើការហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានាព្រមទាំងកំណត់បម្រាមគោចរពីម៉ោង២០៖០០ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។
-
ខេត្តប៉ៃលិនរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ភាគច្រើន គឺអ្នកបម្រើការក្នុងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ

គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបង្អែកខេត្តប៉ៃលិន បានរកឃើញ ប្រជាពលរដ្ឋចំនួន៤២នាក់ វិជ្ជមានកូវីដ-១៩ ក្រោយពីការធ្វើតេស្តរហ័ស។ យោងតាមអាជ្ញាធរមូលដ្ឋាន ភាគច្រើននៃអ្នកវិជ្ជមានកូវីដ-១៩ គឺជាអ្នកបម្រើការក្នុងកាស៊ីណូ នៅជាប់ច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សូមបញ្ជាក់ថា ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានសម្រេចបិទផ្អាកបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ក្រុមហ៊ុន ស៊ុបភើ រិច (Super Rich) និងក្រុមហ៊ុន ខ្លាខ្មៅ ថែមទាំងបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) ដោយជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការផ្អាកជាបណ្តោះអាសន្ន និងបានយកអគារក្រុមហ៊ុនកាស៊ីណូខាងលើ មកធ្វើជាកន្លែងចត្តាឡីស័ក១៤ថ្ងៃ។ រដ្ឋបាលស្រុកសាលាក្រៅ កំពុងធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល និងអ្នកដែលគេចខ្លួន ដើម្បីយកមកធ្វើចត្តាឡីស័ក យកវត្ថុសំណាក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ប្រភពបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាភូមិនានាក្នុងខេត្តប៉ៃលិន និង អ្នករស់នៅក្រៅខេត្តផងដែរ ដែលក្នុងនោះមកពី ស្រុកកំរៀង ខេត្តបាត់ដំបង និង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រដ្ឋបាលខេត្តប៉ៃលិន…
-
អង្គភាពកងយោធពលខេមរភូមិន្ទក្នុងខេត្តព្រះវិហារ ទទួលពលរដ្ឋចំនួន១៧នាក់ មកធ្វើចត្តាឡីស័ក

អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានទទួលយកប្រជាពលរដ្ឋ ចំនួន១៧នាក់ ដែលពាក់ព័ន្ធជាមួយអ្នកផ្ទុកវិជ្ជមានមេរោគកូវីត-១៩ ពីមណ្ឌលចត្តាឡីស័កកម្រិត១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព របស់ពួកគាត់នៅក្នុងទីបញ្ជាការដ្ឋាន។ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា ការទទួលយកពលរដ្ឋពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត មកធ្វើចត្តាឡីស័កនៅកងពលតូចអន្តរាគមន៍លេខ៨ គឺដោយសារតែមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ពេញដោយអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។លោកបន្តថា ចំពោះរយៈពេលស្នាក់នៅ ធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរយៈពេល១៤ថ្ងៃនេះ គឺស្ថិតក្រោមការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។ លោក ជា ឈុន បានសំណូមពរដល់ប្រជាពលរដ្ឋយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ពីម្នាក់ ទៅម្នាក់ ពីសមាជិក ទៅកាន់គ្រួសារ និងសហគមន៍ជាដើម៕ សួនលីណា
-
វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ត្រូវបាន WHO ឲ្យប្រើបន្ទាន់លើពិភពលោកហើយ

-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១២នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០២នាក់នៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១២នាក់ ថ្មីបន្ថែមទៀត។ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៧ និងជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៥នាក់និងបានព្យាបាលអ្នកជម្ងឺជាសះស្បើយ ចំនួន០២នាក់ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន២៣៦នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៩៣នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១៣៩នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

-
អជ្ញាធររាជធានីភ្នំពេញជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ-១៩ជូនពួកគាត់

អជ្ញាធររាជធានីភ្នំពេញជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ-១៩ជូនពួកគាត់។