-
ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន៤៣នាក់។ អ្នកឆ្លងទាំង៤៣នោះ ជាកម្មករ កម្មការិនីនៅរោងចក្រ យូលី ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ចាប់តាំងពីថ្ងៃ១៧ឧសភាមក ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។
-
ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ២៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃ៣០ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៤ពាន់១៥១នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤២នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកបាធាយ២នាក់, ស្រុកកំពង់សៀម៤នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកជើងព្រៃ២១នាក់ និងអ្នកមកពីខេត្តកំពង់ធំចំនួន៣នាក់។ អ្នកជំងឺទាំង៤២នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៤២នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី៣០ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២៧នាក់ផងដែរ។ គិតត្រឹមថ្ងៃទី៣០ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៨៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា២៥០នាក់ និងនៅសល់៦០១នាក់កំពុងទទួលការព្យាបាល។
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសស្វែងរកអ្នកសង្ស័យកើតកូវីដ-១៩ ម្នាក់ដែលកំពុងរត់គេចខ្លួន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣១ឧសភានេះ បានជូនដំណឹងថាបុគ្គល ឈ្មោះ យ៉ន យោគ ភេទប្រុស បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា២នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ជាបន្តបន្ទាប់។ អនុគណៈកម្មការ បានអំពាវានឲ្យបុគ្គលនោះ ចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ។ អនុគណៈកម្មការ អំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានឃើញបុគ្គលរូបនោះ ត្រូវលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩០នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៤៤៨នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣០ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៩០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៥៥នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣០ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៤៤៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន២ពាន់៦៣៦នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៥នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២១៤នាក់ហើយ។
-
ប្រធានមន្ទីរសុខាភិបាល អំពាវនាវដល់កម្មករ កម្មការិនី កុំទៅចម្លងជំងឺកូវីដ១៩ ទៅក្រុមគ្រួសារ

-
ក្រុមអ្នកស្រាវជ្រាវអាមេរិករកឃើញថ្នាំមួយប្រភេទ ដែលអាចជួយព្យាបាលអ្នកជំងឺ Covid-19 និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗ

បរទេស៖ ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ ។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុរមានផ្ទុកជំងឺកូវីដ១៩ចំនួន១២៩ក្បាល ត្រូវបានគេព្យាបាលជាមួយថ្នាំ diABZI ។ នៅពេលប្រៀបធៀបជាមួយក្រុមផ្សេង សត្វកណ្តុរដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានគេមើលឃើញថា មានការសម្រកទម្ងន់តិច និងផ្ទុកវីរុសទាប ។យ៉ាងណាមិញ ថ្នាំ DiABZI មិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឬភ្នាក់ងារសុខភាពកាណាដានៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្លូវដង្ហើមជាច្រើនប្រភេទ ដូចជាជំងឺផ្តាសាយធម្មតា និងវីរុសគ្រុនផ្តាសាយបក្សីផងដែរ ៕ ប្រភព៖ CTV NEWS
-
ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែដដែល

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា រាល់ផ្សារទំនើបទាំងអស់នឹងត្រូវបិទទ្វារ ស្របពេលដែលវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតអោយដំណើរការធម្មតាក្នុងកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ ។ រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងអនុញ្ញាតអោយក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន ។ វិស័យទាំងនេះ នឹងត្រូវបើកប្រតិបត្តិការតែ៦០ភាគរយ ។ ការប្រកាសនៅថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើឡើង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ៕ ប្រភព៖ CNA
-
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាមនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះរយៈពេល១៤ថ្ងៃ

វៀតណាម៖ អាជ្ញាធរក្រុងហូជីមិញ របស់វៀតណាម នឹងអនុវត្តវិធានការបិទខ្ទប់តំបន់មួយចំនួន និងវិធានការរក្សាគម្លាតសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតក្នុងទីក្រុង រយៈពេល១៤ថ្ងៃ ឬពីរសប្តាហ៍ ដោយចាប់ផ្តើមពីម៉ោង០០ថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល ។ សេវាកម្មមិនចាំបាច់នានា ក៏ដូចជាសកម្មភាពកំសាន្ត និងកីឡាផ្សេងៗនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់ ។ ការប្រមូលផ្តុំនៅតាមទីសាធារណៈ ដែលមានមនុស្សលើសពីប្រាំនាក់ នឹងត្រូវហាមឃាត់ ។ ចំណែកឯព្រឹត្តិការណ៍នានា និងការប្រជុំគ្នាក្នុងបន្ទប់តែមួយដែលមានមនុស្សជាង២០ ក៏មិនត្រូវបានអនុញ្ញាតដែរ ។ ប្រជាជនត្រូវរក្សាគម្លាតពីគ្នាចម្ងាយ ២ម៉ែតនៅទីសាធារណៈ ហើយការធ្វើដំណើរពីតំបន់ដែលរងការវាយប្រហារដោយសារកូវីដ១៩ធ្ងន់ធ្ងរ ក៏នឹងត្រូវបានកំណត់ផងដែរ ។ ទន្ទឹមនឹងនេះ សារាចរលេខ១៦ របស់រដ្ឋាភិបាលវៀតណាម ដែលសំដៅអនុវត្តចំពោះតំបន់ Gấp និង ThạnhLộc សង្កាត់ទី១២ ជាពិសេសនោះ គឺតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទុះ លើកលែងតែករណីចំបាច់បំផុតប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៥ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៣ម៉ឺន១ពាន់៧៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៥ម៉ឺន៦ពាន់៧២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៣លាន១២ម៉ឺន៦៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤ម៉ឺន៣ពាន់៦៨នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន២៧លាន៨៤ម៉ឺន៨៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៤ម៉ឺន៦ពាន់៩៥៧នាក់ ស្លាប់៣២ម៉ឺន៩ពាន់១២៧នាក់ និងជាសះស្បើយ២៥លាន៦៨ម៉ឺន៤ពាន់៥២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥១ម៉ឺន៥ពាន់១២០នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩២នាក់ និងជាសះស្បើយ១៤លាន៩១ម៉ឺន២ពាន់៧៤៤នាក់ ៕ ប្រភព៖ worldometers
