-
Breaking News! ព្រឹកនេះ ថៃប្រកាសថាឆ្លងកូវីដថ្មី ជិត៥ពាន់នាក់ ស្លាប់៣៤នាក់

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ស្ដីពីផែនការចាក់វ៉ាក់សាំងឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត

ភ្នំពេញ៖ តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តី និងភិបាលខេត្តនានា ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយស្នើចាក់វ៉ាក់សាំងកូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ សម្តេចបានយកឱកាសនេះ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី ឱ វណ្ណឌីន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញក្រៅ។ សម្តេចបញ្ជាក់ថា៖ យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ។ ដើម្បីបង្កើនភាពសុាំ សម្តេចថា រាជរដ្ឋាភិបាល ត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទីប្រជុំជននៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។ សម្តេចបានបញ្ជាក់ទៀតថា៖ យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ…
-
សម្តេចតេជោ ហ៊ុន សែន ណែនាំពីការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តីនានាឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព៕
-
រដ្ឋបាលខេត្តបាត់ដំបង សម្រេចបញ្ចប់ការបិទខ្ទប់និងបើកឡើងវិញ នូវ ផ្ទះចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ដែលបានបិទបណ្តោះអាសន្ន កន្លងមក

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចក្នុងការបញ្ចប់នូវការបីទខ្ទប់នូវទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន០៣ខ្នងកន្លងមកស្ថិតនៅចំណុចភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ក្នុងភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។ ការសម្រេចពីការបញ្ចប់នូវការបិទខ្ទប់ទីតាំងខ្នងផ្ទះចំនួន០៣ខ្នងនិងបើកឡើងវិញ ក្នុងភូមិសាស្ត្រខាងលើនេះ គឺធ្វើឡើងដោយយោងសេចក្តីសម្រេច រដ្ឋបាលខេត្តបាត់ដំបង លេខ ១១០ /២១ សសរ.ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ពីការបញ្ចប់នូវការបិទខ្ទប់និងបើកឡើងវិញ នូវ ខ្នងផ្ទះចំនួន០៣ខ្នងខាងលើដោយមានចែងនៅក្នុងសេចក្តីសម្រេចភ្ជាប់ជូនខាងក្រោមនេះ៖
-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១១នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០២នាក់នៅថ្ងៃទី២៨ខែឧសភានេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១១នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០១នាក់និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន១០នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០២នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១៩៩នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៧២នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១២៣នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន២០ខ្នង ស្ថិតក្នុងភូមិចំនួន០៥ នៅក្នុងឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-19 ចំនួន០២នាក់

នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន២០ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានរកឃើញ ករណីឆ្លងជម្ងឺកូវីដ-19 ចំនួន០២នាក់ រស់នៅក្នុងឃុំទាំង០២ខាងលើ និងបានបិទខ្ទប់ខ្នងផ្ទះចំនួន២០ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺទាំង០២នាក់។ ហើយស្ត្រីដែលឆ្លងជម្ងឺកូវីដ-19មានឈ្មោះ១.ឈ្មោះធឿន សាវន ភេទស្រី អាយុ៦៥ឆ្នាំ និង២.ឈ្មោះ វិន សាវឿន ភេទស្រី អាយុ ៤៣ឆ្នាំ ដែលមានទីលំនៅនិងរស់នៅ ក្នុងភូមិអង់ជើង ឃុំតាម៉ឺន និង ភូមិតាពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានពាក់ព័ន្ធជាមួយខ្នងផ្ទះចំនួន២០ខ្នងដែលស្ថិតនៅក្នុងឃុំចំនួន០២ និងភូមិចំនួន០៥ រួមមាន៖ ភូមិអង់ជើង,ភូមិតាពូងជើង ក្នុងឃុំតាម៉ឺន។ និងភូមិអង់ត្បូង, ភូមិតាពូងត្បូង និងភូមិកសិកម្ម ក្នុងឃុំតាពូង។ ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១១១/២១សសរ. ចុះថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន២០ខ្នង ស្ថិតនៅក្នុងភូមិទាំង៥ក្នុងឃុំចំនួន០២នៃភូមិសាស្ត្រស្រុកថ្មគោលខេត្តបាត់ដំបងរហូតដល់មានការជូនដំណឹងជាថ្មី។ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕
-
រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៣ ករណី ជាករណីលើកដំបូង លើស្រ្តីក្រោយពេលសម្រាលកូននិងប្តីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៣ ករណី ជាករណីលើកដំបូង។ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រកឃើញស្ត្រីមានផ្ទៃពោះមកសម្រាលកូនរកឃើញវិជ្ជមានកូវីដ.១៩ ទាំងប្តី ប្រពន្ឋនិងកូនទើបសម្រាល ដោយការធ្វើតេស្តលើស្ត្រីនោះ អវិជ្ជមាន តែប្តីគាត់វិជ្ជមាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានជួយសម្រាលកូនជូនគាត់បានជោគជ័យ។ ក្រោយមួយសប្តាហ៍នៃការសម្រាលកូនធ្វើតេស្តលើស្ត្រីដដែលនោះឃើញវិជ្ជមានកូវីដ.១៩ សរុបមករកឃើញ៣ករណីទាំងប្តី ប្រពន្ឋ និងកូន ជាករណីដំបូងតាំងពីផ្ទុះនូវព្រឹត្តិការណ៍ឆ្លងរីក រាលដាលជំងឺកូវីដ-១៩កាលពី ចុងឆ្នាំ២០១៩មក ។ នេះបើតាមប្រសាសន៍របស់លោក សាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី ៧ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣សៀមរាប ខេត្តសៀមរាប ។ លោក វេជ្ជបណ្ឌិត បញ្ជាក់ថា៖បច្ចប្បន្នស្ត្រីនោះកំពុងធ្វើចត្តាឡីស័ក ព្យាបាលនិងយកសំណាកធ្វើតេស្តជាច្រើនដងទៅតាមការកំណត់លុះណាតែពិនិត្យឃើញថាអវិជ្ជមានហើយអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕
-
ប្រទេសឥណ្ឌា បានរាយការណ៍ជុំវិញករណីធ្លាក់ចុះទាបបំផុត នៃការឆ្លងកូវីដ១៩ នៅថ្ងៃនេះ ដែលជាលើកដំបូងហើយ ចាប់តាំងពីថ្ងៃទី១៤មេសា នោះមក

យោងតាមទីភ្នាក់រ៉យតឺ ការបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៦៦០នាក់។ ប្រទេសឥណ្ឌា បានរងនឹងមហន្តរាយកូវីដ១៩ ដែលមានមនុស្សឆ្លងជាច្រើនសប្តាហ៍បន្តបន្ទាប់រវាងពី៣០ម៉ឺនទៅ៤០ម៉ឺននាក់ និងមានករណី ស្លាប់ច្រើនដល់ជាង៤ពាន់ក្នុងមួយថ្ងៃៗ ដោយមន្ទីរពេទ្យខ្វះកន្លែងដាក់មនុស្សព្យាបាល, ខ្វះឧបករណ៍សម្ភារៈ ព្យាបាល, អ្នកជម្ងឺបានស្លាប់គរគ្នា និងខ្វះប៉ាឆាបូជាព គ្រាដែលសពមនុស្សជាច្រើនត្រូវបានគេដុតតាមភ្នក់ភ្លើង, សាកសពខ្លះត្រូវបានគេឃើញអណ្តែតទឹកទន្លេគង្គា និងសាកសពជាច្រើនបានកប់តាមមាត់ទន្លេក្នុងរណ្តៅរាក់ៗ ដែលបង្កជាចំណោទសុខភាពអនាម័យនិងបរិស្ថានថែមទៀត។ សេចក្តីរាយការណ៍បង្ហាញការឆ្លងជាង១៨ម៉ឺន នាក់និងការស្លាប់មានជាង៣ពាន់នាក់នៅថ្ងៃនេះ គឺជារបាយការណ៍ទាបបំផុតហើយចាប់តាំងពីរលកផ្ទុះក្នុង សហគមន៍ ជាលើកទី២ដែលមានតួលេខមនុស្សឆ្លងនិងស្លាប់ច្រើនតាំងពីថ្ងៃទី១៤មេសានោះមក។ ប្រទេសឥណ្ឌា មានពលរដ្ឋឆ្លងសារុបចំនួនជាង២៧លាន៥៦ម៉ឺនករណី និងមានមនុស្សស្លាប់សារុប៣១ម៉ឹន៨ ពាន់៨៩៥នាក់៕
-
អ្នកដែលបានយកឡានទៅតុបតែង និងអ្នករកស៊ីដូចគ្នានៅក្បែរនៅហាង ពន្លក ៩៩ សង្កាត់ស្រៈចក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងហាងពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១។ បុគ្គលិកវិជ្ជមានកូវីដ-១៩នោះ ត្រូវគេរាយាករណ៍ថា ក៏ធ្លាប់បានចល័តទៅធ្វើនៅកន្លែងលក់ផ្សេងទៀតនៅក្បែរទីតាំងនោះផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ចិនស្នើអោយសហរដ្ឋអាមេរិកសហការជាមួយ WHO ក្នុងការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 (មានវីដេអូ)

ស្វីស៖ ប្រទេសចិនបានអំពាវនាវអោយសហរដ្ឋអាមេរិកធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ជាបន្ទាន់ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណា ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ដូចដែលចិនបានធ្វើ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សាវ លីជៀន បានបញ្ជាក់នៅក្នុងសន្និ សីទសារព័ត៌មានថា នៅពេលអាមេរិកស្នើចិនម្តងជាពីរដងអោយចូលរួមក្នុងការស៊ើបអង្កេតអន្តរជាតិពិស្តារ ប្រកបដោយតម្លាភាព និងផ្អែកលើភស្តុតាង ដូច្នេះអាមេរិកគួរតែឆ្លើយតបនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ អំពីលទ្ធភាពផ្ទុះចេញវីរុសឆ្លងនេះពីកន្លែងពិសោធន៍រាប់រយរបស់សហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយខាងលើនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញអោយអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។ សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA