-
អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ កែវ សុខុន និងធ្លាប់ទៅទទួលទានអាហារនៅអាហារដ្ឋាន ហាយវ៉េ ៥៥៥ ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

យោងតាមរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ឈ្មោះ កែវ សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំ ភូមិកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្លាប់បានចូលទទួលទានអាហារនៅទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២០ឧសភា ឆ្នាំ២០២១មក។ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅទទួលទានអាហារនៅទីនោះ ឬធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ-១៩រូបនោះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
ការសិក្សាថ្មីមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំងរបស់ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា

អង់គ្លេស៖ ការសិក្សាថ្មីមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បន្ទាប់ពីបានចាក់ពីរដូសពេញលេញហើយនោះ ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បញ្ជាក់ថា ការរកឃើញនេះបានធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដំណាក់កាលចុងក្រោយ នៃការបិទបញ្ចប់បំរាមនៅអង់គ្លេស ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ហើយថា ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរនេះពិតជាសំខាន់បំផុត ។សូមបញ្ជាក់ថា ការចាក់ពីរដូសនៃវ៉ាក់សាំងនីមួយៗ គឺមានកម្រិតការពារប្រហាក់ប្រហែលគ្នាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពោលគឺមានប្រសិទ្ធភាពដូចការពារវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ដែរ ។ ជាមួយគ្នានេះ ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស ដែលបានធ្វើការសិក្សាបានឲ្យដឹងថា វ៉ាក់សាំងទាំងពីរទំនងមានប្រសិទ្ធភាពកាន់តែខ្លាំង ក្នុងការការពារមិនអោយឈឺធ្ងន់ធ្ងរ និងបណ្តាលអោយបាត់បង់ជីវិត ៕ ប្រភព៖ BBC
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា វិធានការបិទប្រទេសទាំងស្រុងអាចធានាសុវត្ថិភាព ប៉ុន្តែសេដ្ឋកិច្ចប្រទេសអាចនឹងជួបវិបត្តិធ្ងន់ធ្ងរ

ម៉ាឡេស៊ី៖ វិធានការបិទប្រទេសទាំងស្រុងលើគ្រប់វិស័យទាំងអស់ ដូចដែលបានដាក់ចេញកាលពីឆ្នាំមុន អាចធានាសុវត្ថិភាពប្រជាជនពីវីរុសកូវីដ១៩បានពិតមែន តែសកម្មភាពនេះ អាចនឹងនាំអោយសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV នៅថ្ងៃអាទិត្យម្សិលមិញ ។នាឱកាសនោះដែរ លោក មូហៃយ៉ីដឌីន បានអះអាងថា យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម ។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុងផ្ទះ ជាការពិតណាស់ វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ… ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច ។នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ៥៧៩លានដុល្លារក្នុងមួយថ្ងៃ ។ កាលពីដើមខែឧសភាកន្លងទៅនេះ លោក មូហៃយ៉ីដឌីន បានប្រកាសថា ម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខ ស្របពេលប្រឈមមុខនឹងការកើនឡើងករណីឆ្លងសាជាថ្មី ៕ ប្រភព៖ Reuters
-
រដ្ឋធានី ញូវដេលី របស់ឥណ្ឌា នឹងបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ក្នុងសប្តាហ៍នេះ ក្រោយមើលឃើញករណីឆ្លងធ្លាក់ចុះ

ឥណ្ឌា៖ រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នៅក្នុងសប្តាហ៍នេះ ប្រសិនបើករណីឆ្លងថ្មីៗត្រូវបានគេមើលឃើញថា បន្តធ្លាក់ចុះនៅក្នុងទីក្រុង នេះបើតាមការអះអាងរបស់អភិបាលក្រុងញូវដេលី លោក អាវីន កេចរីវ៉ាល់ នៅថ្ងៃអាទិត្យម្សិលមិញ ។លោក កេចរីវ៉ាល់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងញូវដេលីដែលរងគ្រោះខ្លាំងជាងគេបានបិទចាប់តាំងពីថ្ងៃទី២០ ខែមេសាមក ប៉ុន្តែករណីឆ្លងថ្មីៗបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអត្រាលទ្ធផលតេស្តវិជ្ជមានបានធ្លាក់ចុះក្រោម ២,៥ភាគរយ បើធៀបទៅនឹង៣៦ភាគរយកាលពីខែមុន ។ លោកបន្ថែមថា ប្រសិនបើករណីនៅតែបន្តធ្លាក់ចុះសម្រាប់មួយសប្តាហ៍ទៀត ដូច្នេះចាប់ពីថ្ងៃទី៣១ ខែឧសភាខាងមុខនេះ យើងនឹងចាប់ផ្តើមដំណើរបន្ធូរបន្ថយការបិទខ្ទប់ ។សូមបញ្ជាក់ផងដែរថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលឥណ្ឌាបានប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃជំងឺកូវីដ១៩ ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ខ្លួន និងធ្វើឱ្យមានការផ្គត់ផ្គង់អុកស៊ីសែនខ្វះខាតធ្ងន់ធ្ងរ ។ រដ្ឋជាច្រើនក៏នៅតែស្ថិតក្នុងការបិទខ្ទប់ ដែលនាំឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចពីវីរុសដ៏កាចសាហាវមួយនេះផងដែរ ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៥៦ករណីបន្ថែមទៀតនៅថ្ងៃចន្ទនេះ

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយអ្នកជំងឺថ្មីៗទាំងនោះ ត្រូវបានរកឃើញនៅ៦ទីតាំងនៅវៀតណាមខាងជើង។ក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើនេះ ក្នុងនោះមាន៣៣ករណីត្រូវបានរកឃើញនៅក្នុងខេត្តបាក់យ៉ាង និង ៨ករណីទៀតនៅក្នុងទីក្រុងហាណូយ ។ ដោយឡែកខេត្តបាក់នីន ក៏បានរកឃើញ៧ករណីដែរ ខណៈដែលខេត្តឡាងសុនរកឃើញ៥ករណី និង២ករណីទៀតនៅខេត្តទៀនបៀន ។ជាមួយនឹងចំនួនឆ្លងថ្មីនេះ វៀតណាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩សរុប២.២២១នាក់នៅ៣០ខេត្ត-ក្រុង ចាប់តាំងពីការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីកាលពីថ្ងៃ២៧ ខែមេសាកន្លងមកនេ ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៤៨លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៧លាន៥២ម៉ឺន១ពាន់៥១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៧ម៉ឺន៨ពាន់២៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៨លាន៥៣ម៉ឺន២ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៩ម៉ឺន៦ពាន់៦៦០នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៨៧នាក់ និងជាសះស្បើយចំនួន២៧លាន៥០ម៉ឺន២ពាន់២៥៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៧៥ម៉ឺន១ពាន់៦៨១នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧៥១នាក់ និងជាសះស្បើយ២៣លាន៧២ម៉ឺន៩១៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨ម៉ឺន៣ពាន់៥៧៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៩ពាន់១៨៥នាក់ និងជាសះស្បើយ១៤លាន៤៩ម៉ឺន២ពាន់១៦៧នាក់ ៕ ប្រភព៖ worldometers
-
ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកបើករថយន្តឈ្នួលភ្នំពេញ ស្វាយរៀងម្នាក់ ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

យោងតាមរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួលនោះមានឈ្មោះ ឯក ភក្ដី រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌លឿង ស្លាកលេខ ស្វាយរៀង 2B-0159 ហៅឡានកូនតារូ នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើជិះរថយន្តឈ្នួលនោះ ឬអ្នកជំងឺកូវីដ-១៩រូបនោះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
ឯកឧត្តម សុខ ប្រសិទ្ធិ សំណូមពរដល់អាជ្ញាធរបង្កើនការយកចិត្តទុកដាក់ចំពោះជំងឺកូវីដ១៩ ខណៈរកឃើញករណីវិជ្ជមានថ្មីនៅតាមបណ្ដាខេត្តមួយចំនួនមានការកើនឡើងគួរឱ្យចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវបានសំណូមពរដល់អាជ្ញាធរបង្កើនការយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់បន្តការងារជួយជម្រុញការផ្សព្វផ្សាយតាមខិតបណ្ឌប្រដាប់បំពងសំលេងតាមភូមិឃុំនិងជួយក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងឃុំឱ្យបានជ្រាបពីការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជានិងវិធានការនានារបស់ក្រសួងសុខាភិបាលនិង៣កុំ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ខណៈរកឃើញករណីវិជ្ជមានថ្មីនៅតាមបណ្ដាខេត្តមួយចំនួនមានការកើនឡើងគួរឱ្យចាប់អារម្មណ៍។ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានមានប្រសាសន៍ក្នុងខណៈអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋព្រមទាំងបាននាំយកអំណោយនិងថវិការជួយឧបត្ថម្ភបន្ថែមជូនដល់អ្នកវិជ្ជមានកូវីដ១៩ចំនួន៥នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្ដែតខេត្តតាកែវដោយម្នាក់ៗទទួលបានអង្ករ១ប៉ាវមី២កេសទឹកសុទ្ធ២កេសត្រីខ២យួរនិងថវិការ២០ម៉ឺនរៀលព្រមទាំងបានឧបត្ថម្ភដល់សាលាស្រុក ក្រុមប្រឹក្សាឃុំនិងកម្លាំងសមត្ថកិច្ច៣លានរៀលសរុបថវិការ៥លានរៀល។ ព្រឹកថ្ងៃទី២៣ឧសភានៅឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវ។ ឯកឧត្ដមបណ្ឌិតសុខ ប្រសិទ្ធិ បានលើកឡើងថាក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ១៩ជាសកល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វែងរកជំនួយនិងបញ្ជាទិញថ្នាំវ៉ាក់សាំងពីប្រទេសនានាដែលផលិតវ៉ាក់សាំងដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ដោយឥតគិតថ្លៃទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩នៅកម្ពុជា។រហូតមកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២,២៥៣,០៤៤នាក់ (ជាង២លាននាក់ហើយ)គិតត្រឹមថ្ងៃទី២២ខែឧសភា។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូវ៉ាក់ជាបន្តបន្ទាប់ ជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃអាទិត្យទី២៣ឧសភានេះ គឺជាវ៉ាក់សាំងលើកទី៥។ នៅក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក សម្ដេចតេជោសែន បានបញ្ជាឱ្យ សាលារាជធានីភ្នំពេញ និងកងទ័ព(មានកម្លាំងបញ្ជាការដ្ឋានអង្គរក្ស)ដឹកជញ្ជូនអំណោយជាស្បៀងអាហារសង្គ្រោះបន្ទាន់យកទៅចែកជូន ដល់ប្រជាពលរដ្ឋ…
-
ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តកំពង់ធំនៅថ្ងៃ២៣ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ និងមានអ្នកជាសះស្បើយចំនួន៣នា អ្នកឆ្លងថ្មីទាំងនោះ មានម្នាក់នៅក្រុងស្ទឹងសែន, ស្រុកតាំងគោកចំនួន១៣នាក់, ស្រុកស្ទោងម្នាក់ និងស្រុកកំពង់ស្វាយម្នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនាងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃ២៣ឧសភាឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្តទៀត។ គិតមកដល់ថ្ងៃទី២៣ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនយន៥៧នាក់ នៅស្រល់១១៧នាក់កំពុងសម្រាកព្យាបាល។
-
ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង ស្រុកចំនួន៨ របស់ខេត្ត ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២០នាក់នោះ រួមមាន នៅក្នុងស្រុកពាមរក៍ ចំនួន៨នាក់, នៅក្នុងស្រុកបាភ្នំ ចំនួន១នាក់, នៅក្នុងស្រុកព្រះស្តេច ចំនួន២នាក់, នៅក្នុងស្រុកពារាំង ចំនួន២នាក់, នៅក្នុងស្រុកស្វាយអន្ទរ ចំនួន២នាក់, នៅក្នុងស្រុកកញ្ជៀច ចំនួន១នាក់, ក្នុងស្រុកស៊ីធរកណ្តាល ចំនួន៣នាក់ និងក្រុងព្រៃវែង ចំនួន១នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។