-
លោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំង២០លានដូសដែលត្រូវបានអនុម័តអោយប្រើក្នុងសហរដ្ឋអាមេរិកទៅក្រៅប្រទេសជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 ប្រមាណ២០លានដូសបន្ថែមទៀតទៅបរទេសនៅត្រឹមចុងខែមិថុនាខាងមុខ ដែលនេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកចែកចាយវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងប្រទេស ។ប្រធានាធិបតីអាមេរិករូបនេះនៅថ្ងៃចន្ទប្រកាសថា រដ្ឋបាលរបស់លោកនឹងបញ្ជូនវ៉ាក់សាំង Pfizer-BioNTech, Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ដែលលោកគ្រោងនឹងផ្តល់ទៅអោយប្រទេសផ្សេងទៀត ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា ដូចនៅក្នុងសង្គ្រាមលោកលើកទី២អញ្ចឹង អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ប្រទេសរបស់យើងនឹងក្លាយជាឃ្លាំងវ៉ាក់សាំង ។ យ៉ាងណាមិញ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើប្រទេសណា នឹងទទួលបានវ៉ាក់សាំងទាំងនេះទេ ។សូមបញ្ជាក់ថា គម្រោងចែកចាយខាងលើនេះ បានកត់សម្គាល់អំពីយុទ្ធសាស្រ្តរបស់សេតវិមាន ស្របពេលដែលរដ្ឋបាលអាមេរិកព្យាយាមប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេសជាឧបករណ៍ការទូត ។ បើតាមលោក ចូ បៃដិន នោះ គ្មានប្រទេសណាផ្សេងទៀតនឹងបញ្ជូនវ៉ាក់សាំងទៅបរទេសច្រើនជាងសហរដ្ឋអាមេរិកឡើយ ។ រហូតមកដល់ពេលនេះ អាមេរិកបានបញ្ជូនវ៉ាក់សាំង AstraZeneca ពីរបីលានដូសទៅហើយ ទៅអោយកាណាដា និងម៉ិកស៊ិក ៕ ប្រភព៖ CNA
-
រដ្ឋាភិបាលកោះតៃវ៉ាន់អះអាងថា ខ្លួនកំពុងចរចាសុំទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ពីសហរដ្ឋអាមេរិក ចំពេលផ្ទុះករណីឆ្លងក្នុងស្រុកខ្លាំង

តៃវ៉ាន់៖ កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ចំណែកនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលលោកប្រធានាធិបតី ចូ បៃដិន មានផែនការបញ្ជូនទៅក្រៅប្រទេស ខណៈកោះនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងដ៏កម្រនៃករណីឆ្លងក្នុងស្រុក នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ។ឯកអគ្គរដ្ឋទូតតៃវ៉ាន់ក្រៅផ្លូវការប្រចាំនៅសហរដ្ឋអាមេរិកលោកស្រី សៀវ ប៊ីគីម បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កោះតៃវ៉ាន់ថា យើងកំពុងចរចា និងខិតខំប្រឹងប្រែងដើម្បីវ៉ាក់សាំង ។ លោកស្រីបន្ថែមថា ទោះបីការទិញវ៉ាក់សាំង គឺជាការ ងាររបស់ក្រសួងសុខាភិបាលតៃវ៉ាន់ក៏ដោយ ក៏ប៉ុន្តែតួនាទីការិយាល័យរបស់លោកស្រី គឺត្រូវចរចាជាមួយសហរដ្ឋអាមេរិក អំពីការពន្លឿនសំណើសុំវ៉ាក់សាំងទាំងនោះ ។គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់ទើបតែទទួលបានវ៉ាក់សាំងប្រមាណ៣០ម៉ឺនដូសសម្រាប់ប្រជាជនជាង២៣លាននាក់របស់ខ្លួន ដែលភាគច្រើនជាវ៉ាក់សាំង AstraZeneca ហើយវ៉ាក់សាំងទាំងនោះប្រើអស់យ៉ាងរហ័ស ។ តៃវ៉ាន់និយាយថាខ្លួនរំពឹងនឹងទទួលបានវ៉ាក់សាំង AstraZeneca ជាង១លានដូស តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំង COVAX សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប ៕ ប្រភព៖ CNA
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីៗចំនួន២,៤៧៣ករណីនៅក្នុងថ្ងៃអង្គារនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងទទួលរងគ្រោះពីរលកទី៣ នៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ស្របពេលជាមួយគ្នានោះដែរ ថៃក៏បានរាយការណ៍ផងដែរ ពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២,៤៧៣ករណីបន្ថែមទៀត ក្នុងនោះករណីឆ្លងនៅក្នុងពន្ធនាគារមានចំនួនរហូតដល់៦៨០ករណី ។បើបូកបញ្ចូលតួលេខឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នាំអោយថៃមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់១១ម៉ឺន៣ពាន់៥៥៥ករណី ក្នុងនោះមានអ្នកជំងឺស្លាប់សរុប៦៤៩នាក់ហើយ ចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅប្រទេសថៃកាលពីឆ្នាំមុន ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៤២លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន២៧ម៉ឺន២ពាន់៥៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤០ម៉ឺន៤ពាន់២៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន៩៩ម៉ឺន១ពាន់៣៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៤ម៉ឺន៧ពាន់៤៣៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥៣៣នាក់ និងជាសះស្បើយចំនួន២៧លាន២០ម៉ឺន២ពាន់៣០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន២២ម៉ឺន៧ពាន់៩៧០នាក់ ស្លាប់២៧ម៉ឺន៨ពាន់៧៥១នាក់ និងជាសះស្បើយ២១លាន៥៩ម៉ឺន៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦៦ពាន់១ពាន់១០៦នាក់ ស្លាប់ចំនួន៤៣ម៉ឺន៦ពាន់៨៦២នាក់ និងជាសះស្បើយ១៤លាន១៥ម៉ឺន២ពាន់៤៣៣នាក់ ៕ ប្រភព៖ worldometers
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀត

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ១៧ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ ក្នុងនោះ ៤នាក់នៅក្នុងស្រុកកងមាស និងម្នាក់នៅក្រុងកំពុងចាម។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន ១៦៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំង ៥នាក់នោះ មាននៅស្រុកបាធាយម្នាក់, នៅស្រុកចំការលើម្នាក់ជាពលករមកពីថៃ, នៅក្រុងកំពង់ចាមម្នាក់ និងនៅស្រុកកំពង់សៀមចំនួន ២នាក់ជាអ្នកទៅពីរាជធានីភ្នំពេញ។ អ្នកជំងឺទាំង៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ទាំង ៥នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
-
អ្នកជំងឺកូវីដចំនួន ៤១៧នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្របានជាសះស្បើយ

យោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងថា នៅថ្ងៃទី១៧ឧសភា អ្នកជំងឺចំនួន ៤១៧នាក់ត្រូវបានក្រុមគ្រូពេទ្យអោយត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
-
កូវីដ១៩៖ ប្លុកអាស៊ានឆ្លងកើនឡើងខ្លាំង ម្សិលមិញ

ក្រុមបណ្តាប្រទេសនៅអាស៊ានមានករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងនោះ ប្លុកនេះមានឆ្លងថ្មី ២៥០០៦ករណី បើប្រៀបធៀបនឹងថ្ងៃអាទិត្យទី១៥ ឧសភា មានត្រឹម១៥៥៦៨នាក់។ កាលពីថ្ងៃទី១៦ ឧសភា ថៃឆ្លងជាងគេ ក្នុងចំណោម១០ប្រទេសនេះ គឺជិត១ម៉ឺនករណី។ បន្ទាប់មកទៀត គឺហ្វីលីពីន និងម៉ាឡេស៊ី។ រីឯករណីស្លាប់ថ្មី ម្សិលមិញដែរ មានសរុប៣៦០នាក់ ស្លាប់ច្រើនជាងគេគឺ ប្រទេសឥណ្ឌូនេស៊ី មាន២១២នាក់។ សូមអញ្ជើញអានលម្អិតក្នុងតារាងឆ្លងកូវីដនៅអាស៊ាន ដែលរៀបរៀងដោយទីភ្នាក់ងារសារព័ត៌មាន The Nation នៅខាងក្រោមនេះ៖
-
អ្នកធ្លាប់មានទំនាក់ទំនងជាមួយអ្នកធ្វើការនៅឳសថស្ថានអរុណរស្មីថ្មី ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់ ជាអ្នកធ្វើការនៅឳសថស្ថានអរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 15BE0 ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យម្ចាស់ឳសថស្ថាននានាបង្កើនការប្រុងប្រយ័ត្ន និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញថ្នាំ ឬមានទំនាក់ទំនងជាមួយអ្នកធ្វើការនៅឳសថស្ថាននោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

