-
ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង Pizza នោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មី 480 នាក់ទៀត ជាសះស្បើយ 350 នាក់ និងស្លាប់ 05 នាក់ (មានវីដេអូ)

-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ

ការសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៥ខ្នង គឺធ្វើឡើងដោយយោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ០៩១/២១ សសរ.ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពីការសម្រេចបិទខ្ទប់នេះ និងបន្ទាប់ពីមានករណីរកឃើញវិជ្ជមានកូវីដ-19 ទៅលើបុរសម្នាក់ ឈ្មោះ ឆង ឆោម មានអាយុ៣១ឆ្នាំ ដែលទើបតែវិលត្រឡប់ពីរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែឧសភានិងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយមានទីលំនៅ នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ។បច្ចុប្បន្ននេះបុគ្គលខាងលើរូបនេះ ត្រូវបាននាំយកទៅព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អកខេត្តបាត់ដំបងរួចរាល់ហើយដែរ។ បើយោងលើសេចក្តិសម្រេចនេះ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះចំនួន៥ខ្នងដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺដើម្បីឲ្យអាជ្ញាធររដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការហ៊ុព័ទ្ធផ្ទះនិងទីតាំងទាំង៥ខ្នង។ ហាមការចេញ-ចូល នៅទីតាំងនោះ។និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ ទាំងផ្ទាល់និងប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័កនិងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕
-
វៀតណាមរកឃើញវិជ្ជមានកូវីដ១៩ រាប់សិបនាក់ទៀត នៅតំបន់បិទខ្ទប់

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៨ករណីបន្ថែមទៀត នៅតំបន់ភាគខាងជើងដែលជាតំបន់បិទខ្ទប់ គិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃចន្ទ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃអង្គារ ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨៩ករណី។ ប្រភពថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣ករណីត្រូវបានរកឃើញនៅខេត្ត Bac Ninh ភាគខាងជើង, ០៧ករណីនៅខេត្ត Vinh Phuc ភាគខាងជើង, ០៥ករណីទៀតនៅខេត្ត Bac Giangភាគខាងជើង និង ០៣ករណីទៀតនៅខេត្តផ្សេងៗ។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយចង្កោមអ្នកចម្លង នៅតាមមូលដ្ឋាន។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វៀតណាម បានកត់ត្រានូវករណី COVID-19 សរុបចំនួន ៣,៤៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ២,៦១៨នាក់៕
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨០នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១០ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៨០នាក់ ដែលក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ៤៧០នាក់ និង ១០នាក់ទៀត គឺជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១១ឧសភានេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៥០នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១១ ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ម៉ឺន ២២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨ពាន់ ១៧០នាក់ និងនៅសល់ ចំនួន ១ម៉ឺន ២ពាន់៥៣នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅថ្ងៃទី១០ ឧសភា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ថ្មីចំនួន ៥នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ១៣១នាក់ហើយ។
-
២៤ម៉ោង! ថៃមានស្លាប់ព្រោះកូវីដ ៣១នាក់ ស្លាប់ប្រចាំថ្ងៃដ៏ច្រើន

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃហៅកាត់ថា CCSA បានចេញផ្សាយនាព្រឹកថ្ងៃទី១១ ឧសភា ២០២១នេះថា ថៃមានអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន៣១នាក់បន្ថែមទៀត ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន កន្លងមក នៅប្រទេសថៃ។ ក្រៅពីនេះ អាជ្ញាធរថៃក៏បានប្រកាសពីការឆ្លងថ្មីចំនួន១៩១៩នាក់ទៀតដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកន្លងទៅនេះ។ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ជាង៨ម៉ឺន៧ពាន់នាក់ហើយ៕ ប្រភពពី The Nation
-
អង្គការសុខភាពពិភពលោក WHO ហៅវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ជាមេរោគថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចាត់ចំណាត់ថ្នាក់វីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនថា ជាវីរុសថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល ។ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO ក៏បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោកផងដែរ ខណៈការសិក្សាបឋមបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ ។បើតាមប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោក WHO លោក Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា មានព័ត៌មានខ្លះបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿន និងងាយ ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ… ដូច្នេះយើងចាត់ថ្នាក់វីរុសនេះ ជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល ៕ ប្រភព៖ Reuters


