-
រដ្ឋបាលខេត្តស ម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារចាស់ និងហាងថតរូប ល្អពេញចិត្ត ក្រោយរកឃើញពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី៤ឧសភា ហើយបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃទី២ឧសភា ឆ្នាំ២០២១។ ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារចាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ឧសភា តទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី១ឧសភា…
-
រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ ៦៧២នាក់ ខណៈជាសះស្បើយសរុប ៦០១៩នាក់ (មានវីដេអូ)

-
វ៉ាក់សាំងកូវីដមួយប្រភេទត្រៀមស្នើសុំចាក់ជូនកុមារ អាយុពី២ទៅ១១ឆ្នាំ

នៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយបានរំពឹងថាខ្លួននឹងអាចដាក់ពាក្យស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារក្នុងប្រទេស ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនទៅលើក្មេងៗអាយុចាប់ពី ២-១១ឆ្នាំ នៅក្នុងករណីបន្ទាន់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer បានគូសបញ្ជាក់បន្ថែមទៀតថា ការស្នើសុំឲ្យប្រើប្រាស់ពេញលេញ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា PF-07321332 សម្រាប់មនុស្សអាយុចាប់ពី ១៦-៨៥ឆ្នាំ គឺនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះតែម្តង។ ដោយឡែកការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំដោយអាជ្ញាធរ FDA អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ៕
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៧២នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៤ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៧២នាក់ ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២២៨នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៤ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន ៦ពាន់ ៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ពាន់១៩នាក់ និងនៅសល់ ១ម៉ឺន ៩៥២នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១១០នាក់ហើយ។
-
ខេត្ត៣ទៀត ត្រូវក្រសួងសុខាភិបាលកំណត់ ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ឧសភាឆ្នាំ២០២១ បានកំណត់ខេត្ត៣បន្ថែមមួយទៀតរួមមានខេត្តកំពង់ចាម តាកែវ និងខេត្តកំពង់ស្ពឺ ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ សេចក្ដីជូនដំណឹងនោះ តម្រូវឲ្យបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តទាំង៣ ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តទាំងនោះ។ ជារួមគិតត្រឹមថ្ងៃទី៣ឧសភាឆ្នាំ២០២១ រាជធានី និងខេត្តចំនួន១០ហើយ ដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តព្រៃវែង, ខេត្តសៀមរាប,ខេត្តស្វាយរៀង,ខេត្តបន្ទាយមានជ័យ,តាកែវ, កំពង់ចាម និងកំពង់ស្ពឺ។ យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា អំពើមិនអនិវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសម្រាប់បុគ្គលត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ពី២សែនរៀលទៅ១លានរៀល។
-
លោក ចូ បៃដិន ដាក់គោលដៅថ្មីចាក់វ៉ាក់សាំងដល់ប្រជាជនអោយបាន៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះបានប្រកាសពីគោលបំណងរបស់លោក ដោយចង់ឱ្យពលរដ្ឋអាមេរិកពេញវ័យ៧០ភាគរយទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក និងជម្រុញអោយយុវវ័យមានអាយុពី២០ឆ្នាំ និង៣០ឆ្នាំចូលរួមចាក់វ៉ាក់សាំង ។ជុំវិញការកំណត់គោលដៅខាងលើនេះ លោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា ឥឡូវយើងមានការផ្គត់ផ្គង់វ៉ាក់សាំងហើយ យើងនឹងផ្តោតលើការបញ្ចុះបញ្ចូលជនជាតិអាមេរិកឱ្យបង្ហាញខ្លួនច្រើនឡើង និង ទទួលវ៉ាក់សាំងដែលមានសម្រាប់ពួកគេ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើយើងទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនេះ… ជនជាតិអាមេរិកនឹងបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។សូមជម្រាមថា ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាគូ BioNTech បានបញ្ជាក់កាលពីខែមីនាកន្លងទៅថា វ៉ាក់សាំងចាក់២ដូសរបស់ខ្លួនមានប្រសិទ្ធភាព ចំពោះមនុស្សមានអាយុពី១២ ដល់១៥ឆ្នាំ នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត២,២៦០នាក់ ។ ហើយគិតត្រឹមដើមសប្ដាហ៍នេះ ប្រជាជនអាមេរិកពេញវ័យ ៣១.៩ភាគរយបានចាក់វ៉ាក់សាំង២ដូស ឬគ្រប់ដូស និង៤៤.៨ភាគរយបានចាក់វ៉ាក់សាំងដូសទី១ ៕ ប្រភព៖ CNA
-
ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនចំនួន៥ម៉ឺននាក់រស់នៅសង្កាត់ក្លងតឺយ ក្នុងទីក្រុងបាងកក

ថៃ៖ រដ្ឋាភិបាលថៃបានកំណត់គោលដៅបិទខ្ទប់ការរីករាលដាលនៃជំងឺ Covid-19 ឆ្លងកាត់សហគមន៍នៅក្នុងសង្កាត់ ក្លងតឺយ នៃទីក្រុងបាងកក ក្នុងរយៈពេល២សប្តាហ៍ និងដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនប្រជាជនយ៉ាងហោចណាស់៥ម៉ឺននាក់ក្នុងចំណោមប្រជាជនទាំងអស់៩ម៉ឺននាក់នៅក្នុងសង្កាត់នេះ ។អាជ្ញាធរសុខាភិបាលថៃបានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្ងៃអង្គារនេះ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនចំនួន៥ម៉ឺននាក់រស់នៅក្នុងតំបន់មាត់ទន្លេ ដែលមានមនុស្សរស់នៅយ៉ាងច្រើនក្នុងទីក្រុងបាងកក ខណៈប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងការឆ្លងវីរុស Covid-19 រលកថ្មី ។ អាជ្ញាធរថៃមានគោលបំណងចាក់វ៉ាក់សាំងប្រហែល៧០ភាគរយ ដល់ប្រជាជននៅសង្កាត់ ក្លងតឺយ ជាតំបន់ដែលមានប្រជាជនរស់នៅប្រមាណ៨ម៉ឺននាក់ បន្ទាប់ពីប្រជាជនជាង៣០០នាក់បានឆ្លងវីរុសកូវីដ១៩ នៅក្នុងការផ្ទុះរាលដាលចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅដើមខែមេសាកន្លងទៅ ។ស្របពេលជាមួយគ្នានេះដែរ អភិបាលក្រុងបាងកកលោក អាស្វីន ក្វាន់មួង បានគូសបញ្ជាក់ថា ការជំរុញចាក់ថ្នាំបង្ការជំងឺ Covid-19 នឹងមានរយៈពេលប្រហែល ២សប្តាហ៍ ហើយបុគ្គលិកសុខាភិបាលក៏មានបំណងធ្វើតេស្តមនុស្ស១ពាន់នាក់ក្នុងមួយថ្ងៃផងដែរ ៕ ប្រភព៖ Bangkok Post
-
តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៧លាននាក់ និងស្លាប់ជាង៦.៩០ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ

កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៤៧ម៉ឺន២ពាន់៣៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦ម៉ឺន៩ពាន់២១នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន១លាន៦៨ម៉ឺន៦ពាន់៣៧៣នាក់ (ស្លាប់៤ម៉ឺន៦ពាន់១៣៧នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៦ម៉ឺន៧ពាន់៨៩២នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៦២២នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២ម៉ឺន៦៣២នាក់ (ស្លាប់ ១ពាន់៥៧៤នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៥៨នាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន២ពាន់៧៨៨នាក់ (ស្លាប់ ៣០៣នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៥២នាក់…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៣២លាន៤២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៤លាន៩៧ម៉ឺន៣ពាន់៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៤ម៉ឺន១ពាន់២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣២លាន៤២ម៉ឺន៧ពាន់២៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន២៧ម៉ឺន៤ពាន់៦៥៩នាក់ ស្លាប់ចំនួន៥៩ម៉ឺន២ពាន់៤០៩នាក់ និងជាសះស្បើយចំនួន២៥លាន៩៦ម៉ឺន៦ពាន់៣៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២០លាន៦៥ម៉ឺន៨ពាន់២៣៤នាក់ ស្លាប់២២ម៉ឺន៦ពាន់១៦៩នាក់ និងជាសះស្បើយ១៦លាន៩៣ម៉ឺន៨ពាន់៤០០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៨៦ម៉ឺន៨១២នាក់ ស្លាប់ចំនួន៤១ម៉ឺន១ពាន់៨៥៤នាក់ និងជាសះស្បើយ១៣លាន៤៤ម៉ឺន២ពាន់៩៩៦នាក់ ៕ ប្រភព៖ worldometers
