-
គ្រូពេទ្យម្នាក់នៃមន្ទីរពេទ្យកាល់ម៉ែតទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ គឺមានបុរសម្នាក់ជាគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តម ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយឱ្យដឹង លោកគ្រូពេទ្យ ឈ្មោះ ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរណភាព កាលពីវេលាម៉ោង១១ម៥៥នាទី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ លោកគ្រូពេទ្យ ត្រូវបានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១៕
-
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ

-
សេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ក្នុងផ្សារអូរឫស្សី ក្រោយរកឃើញមានអ្នកឆ្លងជាង១០០នាក់

-
សេចក្តីណែនាំក្រសួងបរិស្ថានស្តីពីការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ជាបណ្តោះអាសន្ន

-
ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល៧ថ្ងៃនៃយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់

-
ក្រសួងសុខាភិបាលផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចេញផ្សព្វផ្សាយឯកសារ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ឯកសារនេះ រៀបចំឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តោតជាសំខាន់ទៅលើ ការកំណត់លក្ខខណ្ឌក្នុងការបិទទីតាំងនិងតំបន់ ក្នុងការអនុវត្តគោលការណ៍ព្យាបាលនៅតាមផ្ទះ ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំ ការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់នៅតាមគោលដៅ ដែលជាផ្នែកមួយសំខាន់នៃការគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ក្នុងគំនិតផ្តួចផ្តើមរួមមួយដ៏សំខាន់សម្រាប់ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថាការរៀបចំនីតិវិធីស្តង់ដារនេះ ត្រូវបានចំណាយពេលវេលាខ្លី ប៉ុន្តែបានប្រមូលគំនិត មតិយោបល់ ពីអ្នកជំនាញបច្ចេកទេសជាច្រើន និងផ្អែកទៅលើបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩នៅកម្ពុជា និងបទពិសោធន៍នៃបណ្តាប្រទេសជាច្រើន ដែលបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ។ ជាមួយនឹងការថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ឯកឧត្តម ម៉ម ប៊ុនហេង បានបន្ថែមថាក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ(SOPs) សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះចាប់ពីពេលនេះតទៅ៕
-
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់

ប្រេស៊ីល៖ ប្រេស៊ីលបានកត់ត្រាដំបូងពីការរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមពីប្រទេសអាហ្វ្រិកខាងត្បូង ដែលនេះជាសញ្ញាគ្រោះថ្នាក់ថ្មីមួយ សម្រាប់ប្រទេសដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតនៅលើពិភពលោក ហើយកំពុងស្វែងរកកន្លែងបញ្ចុះសព ។ ការរកឃើញនៃវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូងខាងលើនេះ បានបន្ថែមការព្រួយបារម្ភថា រលកថ្មីនៃជំងឺកូវីដ១៩ដ៏កាចសាហាវដែលកំពុងផ្ទុះឡើងនៅប្រេស៊ីល អាចនឹងរក្សាការបំបែកកំណត់ត្រាឆ្លងដ៏គួរអោយភ័យខ្លាចសម្រាប់សប្តាហ៍ក្រោយៗទៀត ។ តួយ៉ាងនៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍អំពីការស្លាប់ក្នុងមួយថ្ងៃចំនួន៤ពាន់១៩៥នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប្រេស៊ីលលោក ហ៊្សែរ បូលសូណារ៉ូ បាននិយាយថា នឹងមិនមានការបិទប្រទេសទេ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រទេសនេះបានរកឃើញចំនួនស្លាប់ដោយជំងឺកូវីដ១៩កើតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បាននិយាយការពារការប្រើថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីតក្លរ៉ូខ្វីន (Hydroxychloroquine) ដើម្បីព្យាបាលជំងឺកូវីដផងដែរ ទោះជាគ្មានការសិក្សាវិទ្យាសាស្ត្រណាមួយរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការការពារ ឬព្យាបាលវីរុសនោះទេ ៕ ប្រភព៖ CNA
-
នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ

អាមេរិក៖ ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលមានឈ្មោះសម្គាល់ថា B117 បានក្លាយជាវីរុសសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ស្របពេលដែលករណីឆ្លងថ្មីៗនៅតែបន្តកើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលកំពូលរបស់អាមេរិកម្នាក់ ។ ហើយក្រៅពីវីរុស B117 សហរដ្ឋអាមេរិកបានរកឃើញដូចគ្នានូវករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ដែលវីរុសទាំងនេះត្រូវបានគេជឿជាក់ថា ជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។ បើតាមនាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) លោកស្រី រ៉ាឈែល វ៉ាលែនស្កាយ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស បច្ចុប្បន្នបានក្លាយជាវីរុសដែលសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិក… ដូច្នេះហើយទើបតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដ ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើចត្តាឡីស័កបុគ្គលដែលបានឆ្លងវីរុសនេះ ។ ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC)រូបនេះក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ ចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ៕ ប្រភព៖ CNA
-
អ៊ីតាលី និងអង់គ្លេសស្នើអោយកំណត់អាយុប្រជាជនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

អង់គ្លេស៖ ប្រទេសអ៊ីតាលីនៅថ្ងៃពុធនេះបានស្នើឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា គួរតែប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលមានវ័យចាប់ពី៦០ឡើងទៅប៉ុណ្ណោះ ខណៈដែលចក្រភពអង់គ្លេសនិយាយថា ក្រុមមនុស្សមានវ័យក្រោម៣០ឆ្នាំគួរតែទទួលការចាក់វ៉ាក់សាំងនេះដែរ ដោយសារព្រួយបារម្ភពីសុវត្ថិភាពនៃវ៉ាក់សាំង និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ។ បើតាមនិយតករឱសថអឺរ៉ុបនោះ វាអាចមានទំនាក់ទំនងរវាងវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ដែលនេះនឹងធ្វើឲ្យសាធារណជនកាន់តែមានការព្រួយបារម្ភ ជុំវិញសុវត្ថិភាពវ៉ាក់សាំង ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រមូលផ្តុំប្រជាជនឲ្យមកចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ ។ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏បានឲ្យដឹងនៅថ្ងៃពុធនេះដែរថា បញ្ហាកំណកឈាមមិនធម្មតា ជាមួយនឹងចំនួនផ្លាកែត (platelets )ទាបគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រមួយ នៃវ៉ាក់សាំង អាស្រ្តាហ្សេណេកា ។ ប៉ុន្តែទោះយ៉ាងណាទីភ្នាក់ងារមួយនេះនៅតែសង្កត់ធ្ងន់ថាអត្ថប្រយោជន៍របស់វាមានច្រើនលើសពីហានិភ័យ ៕ ប្រភព៖ CNA
-
ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសកំពុងឆ្លងរាតត្បាតនៅទីក្រុងបាងកក

ថៃ៖ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័សនោះ គឺជាភ្នាក់ងារបង្កការចម្លងជាចង្កោម ដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក ប្រទេសថៃ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃ ។ ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) របស់ថៃ លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅឯក្រសួងសុខាភិបាលសាធារណៈថា ប្រសិនបើអាចធ្វើទៅបាន… យើងមិនគួរមានការធ្វើដំណើរ ឬចលនាណាមួយទេនាពេលឥឡូវនេះ… បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ ។ លោកវេជ្ជបណ្ឌិតក៏បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ប្រមាណថា ចំនួននៃការឆ្លងថ្មីអាចនឹងហក់ឡើងខ្ពស់ ។ ទន្ទឹមគ្នា អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕ ប្រភព៖ Bangkok Post