-
អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតក្រុមការងារអនុវត្តច្បាប់ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩

អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី១មីនាឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយ ក្នុងការបង្កើតក្រុមការងារអនុវត្តច្បាប់ ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្រុមការងារនោះ បញ្ជាដឹកនាំដោយនាយឧត្តមសេនីយ៍ឆៃ ស៊ីណារិទ្ធ ជាប្រធាន, លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា និងលោកឧត្តមសេនីយ៍ឯក យឹម លាង ជាអនុប្រធាន និងមានសមាជិកចំនួន៤រូបទៀត។ ជាមួយគ្នានោះក្រុមការងារនៅ ក៏មានសមាសភាពក្រុមប្រតិបត្តិការដែលចេញជា៧ក្រុម ដែលក្នុងមួយក្រុមមានសមាជិកពី១២ទៅ១៣នាក់។ ក្នុងសេចក្ដីសម្រេច ក្រុមនីមួយៗមានភារកិច្ចរៀបចំត្រៀមប្រតិបត្តិការអនុវត្តច្បាប់ចំពោះមុខសញ្ញាគេចវេះពីការធ្វើចត្តាឡីស័ក ឬធ្វើមិនបានត្រឹមត្រូវតាមវិធានសុខាភិបាល មុខសញ្ញាដែលបំពានទៅនឹងវិធានសុខាភិបាលពាក់ពន្ធ័នឹងជំងឺកូវីដ-១៩។ ក្រុមប្រតិបត្តិការត្រូវប្រចាំការ២៤ម៉ោង ដោយធ្វើការបែងចែកជាវេនប្រចាំថ្ងៃ។ ត្រៀមឆ្លើយតបទាន់ពេលវេលាតាមសភាពការណ៍ជាក់ស្ដែង។ ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាដែលប្រឆាំងនឹងវិធានសុខាភិបាល៕
-
អភិបាលរាជធានីយកចិត្តទុកដាក់បំផុតចំពោះក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កំពុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅសាលារាជធានី

ភ្នំពេញ៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។ បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការកន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមាន ឯឧ ឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងឯឧ ឃួង ស្រេងបានបំពេញយ៉ាងសកម្មចាប់តាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។ គួរបញ្ជាក់ផងដែរថា៖ កាលរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ ដោយមិនគិតថា ថ្ងៃឬយប់ឡើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយបានពីការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
-
រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ចំនួន៤០ម៉ឺនដូស្តជំហានទី២ដល់កម្ពុជា

យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ថា វ៉ាក់សាំងនោះគ្រោងនឹងដឹកមកដល់កម្ពុជានៅពេណានៅឡើយទេ។ សូមជម្រាបថា ប្រទេសចិនបានប្រកាសផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាមចំនួន១លានដូស្តដល់កម្ពុជា ក្នុងនោះនៅថ្ងៃ៧កុម្ភៈឆ្នាំ២០២១ វ៉ាក់សាំងចំនួន៦០ម៉ឺនដូស្តបានដឹកមកដល់កម្ពុជា។
-
រដ្ឋបាលខណ្ឌ និងនគរបាលខណ្ឌចំការមន ទទួលម៉ាស់ដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំនួន ១ម៉ឺន ៥ពាន់ម៉ាស់

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញទទួលម៉ាស់ដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ១ម៉ឺនម៉ាស់ និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចំនួន ៥ពាន់ម៉ាស់ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន ៕
-
ម៉ាឡេស៊ីមើលឃើញមនុស្សឆ្លង Covid-19 ថ្មីៗចំនួន២,៤៣៧ករណី និងស្លាប់០៩នាក់ទៀតក្នុងថ្ងៃអាទិត្យម្សិលមិញ

ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន២ពាន់៣៧៤ករណីបន្ថែមទៀត នៅថ្ងៃអាទិត្យម្សិលមិញនេះ ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ០២ករណីប៉ុណ្ណោះ ដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់ ។ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន០៩នាក់បន្ថែទៀតផងដែរ ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន៣០ម៉ឺន៧៥២ករណី ក្នុងនោះស្លាប់១ពាន់១៣០នាក់ និងជាសះស្បើយ២៧ម៉ឺន៣ពាន់៤១៧នាក់ ឬស្មើនឹង៩០.៩% ៕ ប្រភព៖ ស៊ីនហួរ
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៧០ករណីទៀតក្នុងថ្ងៃអាទិត្យម្សិលមិញ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៧០ករណីបន្ថែមទៀត និងពុំមានករណីស្លាប់ត្រូវបានរាយការណ៍ទេ ។ មជ្ឈមណ្ឌលខាងលើនេះបានអោយដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗនេះ មាន៦២ករណី ជាករណីឆ្លងក្នុងស្រុក ខណៈ០៨ករណីផ្សេងទៀតជាករណីនាំចូល ដែលត្រូវបានរកឃើញនៅលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន២ម៉ឺន៥ពាន់៩៥១ករណី ក្នុងនោះស្លាប់៨៣នាក់ និងជាសះស្បើយចំនួន២ម៉ឺន៥ពាន់១២៨នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៤លាន៦៨ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៤ម៉ឺននាក់ និងជាសះស្បើយ៩០លាន២៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៤លាន៦៨ម៉ឺន៦ពាន់៩៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៤ម៉ឺន៣ពាន់២៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩០លាន២៤ម៉ឺន២ពាន់៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន២៥ម៉ឺន៥ពាន់៣៤៤នាក់ ស្លាប់ចំនួន៥២ម៉ឺន៥ពាន់៧៧៦នាក់ និងជាសះស្បើយចំនួន១៩លាន៦៩ម៉ឺន៤ពាន់៣០៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១១ម៉ឺន២ពាន់៥៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់១៩៥នាក់ និងជាសះស្បើយ១០លាន៧៨ម៉ឺន៤ពាន់៥៦៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៥៥ម៉ឺន១ពាន់២៥៩នាក់ ស្លាប់២៥ម៉ឺន៥ពាន់១៨នាក់ និងជាសះស្បើយ៩លាន៤១ម៉ឺន១ពាន់៣៣នាក់ ៕ ប្រភព៖ worldometers
-
អាជ្ញាធរស្រុក កោះអណ្តែតចុះផ្សព្វផ្សាយអប់រំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធបញ្ហាជំងឺកូវីដ -១៩

នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ រសៀលថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក រួមដំណើរដោយ លោក ចាន់ សំណាងអភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែត កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ក្រុមប្រឹក្សាឃុំរមេញ លោកមេភូមិ អនុភូមិរមេញខាងជើង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះទៅអប់រំផ្សព្វផ្សាយពីសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ដោយមានដាក់នូវឧបករណ៍វាស់កំដៅ ទឹកអាល់កុលលាងដៃ និងអង្គុយគំលាតឆ្ងាយពីគ្នា១ម៉ែត្រកន្លះអោយបានត្រឹមត្រូវ ដល់ម្ចាស់ដើមការដែលកម្មពិធីនេះប្រារព្ធឡើងហូបនៅគេហដ្ឋានខាងស្រីល្ងាចនេះ ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ដោយ -រ៉ាវុធ
-
រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវឱ្យប្រជាពលរដ្ឋពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ ចូលរួមមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តត្បូងខ្មុំ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់អ្នកដែលបានចូលរួមកម្មវិធីឡើងគេហដ្ឋាននៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវទៅពិនិត្យសុខភាព និងយកសំណាក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់អ្នករត់ Pass App បានចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋានខាងលើ និងបានឆ្លងកូវីដ១៩ បានឆ្លងកូវីដ១៩នហើយបានចូលរួមក្នុងកម្មវិធីខាងលើនេះ៕
-
សម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្តល់ថវិកាជាង៣ពាន់លានរៀលថែមទៀត ដល់ខេត្តនៅតាមព្រំដែនជាមួយ ថៃ និងវៀតណាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តចំនួន១២ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ និងប្រទេសវៀតណាម។ ជំនួយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងយកទៅប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ខេត្តរបស់កម្ពុជា ដែលមានព្រំដែនជាប់ប្រទេសថៃ ដែលទទួលបានជំនួយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន មានចំនួន៥ខេត្ត ក្នុងនោះមាន៖ បាត់ដំបងទទួលបាន ៨០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។ ដោយឡែក ខេត្តរបស់កម្ពុជាដែលមានព្រំដែនជាប់ប្រទេសវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល៕